អង្គជំនុំជម្រះសាលាដំបូងបានផ្អាកដំណើរការកាត់ទោសអតីតមេដឹកនាំខ្ពស់បំផុតខ្មែរក្រហមដែលនៅមានជីវិតចំនួនបីនាក់នៅថ្ងៃសុក្រនេះ ដោយសារតែបញ្ហាសុខភាពរបស់សាក្សីសំខាន់មួយរូប។
បន្ទាប់ការចាប់ផ្ដើមសវនាការយឺតជាងពេលគ្រោងទុកបន្ដិចមកនោះ លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងបានប្រកាសថា លោក ឡុង នរិន្ទ ដែលជាសាក្សីមួយរូបស្នើដោយជនជាប់ចោទអៀង សារី មានជំងឺ «ធ្ងន់ធ្ងរ» មិនអាចផ្ដល់សក្ខីកម្មបាន។
លោកចៅក្រមនិល ណុនបញ្ជាក់ថា ប្រសិនបើស្ថានភាពសុខភាពសាក្សីនៅតែអាក្រក់ នោះសវនាការនៅសប្ដាហ៍ក្រោយនឹងផ្អាកធ្វើការចោទសួរលើសាក្សីរូបនេះ។
«សវនាការស្ដាប់សក្ខីកម្មលោកឡុង នរិន្ទនឹងបន្ដធ្វើនៅថ្ងៃអង្គារទី១៣ ខែធ្នូ ឆ្នាំ២០១១។ ប្រសិនបើសុខភាពរបស់គាត់មិនអំណោយផលដូចថ្ងៃនេះបន្ដទៀតនោះអង្គជំនុំជម្រះនឹងបន្ដការសួរដេញដោលជនជាប់ចោទ»។
ក៏ប៉ុន្ដែលោកចៅក្រមនិល ណុនមិនបានបង្ហាញថា សាក្សីគឺលោកឡុង នរិន្ទមានជំងឺអ្វីនោះទេ។ មន្ដ្រីអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា និងលោក ឡាស អលសិន មិនអាចបញ្ជាក់ពត៌មានស្ដីពីជំងឺរបស់សាក្សីរូបនោះបានទេ។
ទោះជាយ៉ាងណា ផ្អែកតាមប្រភពផ្សេងទៀត ដែលបានស្រង់សំដីពីភរិយារបស់សាក្សី បានឲ្យដឹងថា លោកឡុង នរិន្ទមានជំងឺរលាកសួត មានការវះកាត់ចោលនូវផ្នែកនៃសរីរាង្គបន្ដពូជ និងមានជំងឺទឹកនោមផ្អែម។ ហើយគាត់បានធ្វើដំណើរទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃជាច្រើនលើក។
សាក្សីអាយុ៧៣ឆ្នាំរូបនេះធ្លាប់បានបម្រើការក្នុងក្រសួងការបរទេសខ្មែរក្រហមពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩។ កាលនោះអៀង សារីបានធ្វើជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស។ ដោយសារបញ្ហាសុខភាព លោកឡុង នរិន្ទត្រូវបានអង្គជំនុំជម្រះសាលាដំបូងយល់ព្រមឲ្យគាត់ផ្ដល់សក្ខីកម្មពីផ្ទះរបស់គាត់ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ តាមរយៈការតភ្ជាប់វីដេអូ។
ក្នុងអំឡុងពេលនៃការផ្ដល់សក្ខីកម្មរយៈពេលពីរថ្ងៃជាប់គ្នាគឺនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ លោកឡុង នរិន្ទបានស្នើសុំទៅកាន់បន្ទប់ទឹកជាញឹកញាប់ដោយមានមន្ដ្រីតុលាការជួយគ្រាផងដែរ។
លោកអាង ឧត្តម សហមេធាវីកម្ពុជារបស់អៀង សារី មានប្រសាសន៍ថា អវត្តមានរបស់សាក្សីអាចនឹងបង្កឲ្យមានចំណោទបញ្ហា។
«តើចម្លើយដែលគាត់បានធ្វើកន្លងមកហើយត្រូវយកជាការបាន ឬយ៉ាងម៉េច? ហើយក្នុងករណីដែលសាក្សី ដើមបណ្ដឹងរដ្ឋប្បវេណីឆ្លើយមួយចំនួននៅតុលាការហើយស្រាប់តែអាក់ខានទៅវិញដោយឧបទ្ទវហេតុណាមួយ តើចម្លើយដែលគាត់បានធ្វើកន្លងមកជាមួយភាគី ដែលបានសួរគាត់គិតយ៉ាងណា? ពីព្រោះអ្នកផ្សេងមិនបានសួរ?»
ថ្វីបើលោកឡុង នរិន្ទ អតីតនិស្សិតខ្មែរនៅប្រទេសឆេកូ បានស្ដាប់មិនឮ និងមិនយល់នូវសំណួរមួយចំនួន ប៉ុន្ដែគាត់បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា អៀងសារី អតីតចៅហ្វាយនាយរបស់គាត់មានអំណាចក្នុងការបញ្ជាការចាប់ខ្លួន និងរារាំងការចាប់ខ្លួនបុគ្គលិកក្នុងក្រសួងការបរទេស។
ចាប់តាំងពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមបាននាំជនជាប់ចោទអៀង សារី ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម និងនួន ជា អតីតប្រធានសភា យកមកកាត់ទោសចំពោះការចោទប្រកាន់ពួកគេពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍។ បទចោទទាំងនេះពាក់ព័ន្ធនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជា យ៉ាងតិចចំនួន១,៧លាននាក់។
មានសាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណីចំនួនបីនាក់ត្រូវបានកោះហៅឲ្យចូលរួមក្នុងដំណើរការកាត់ទោសក្នុងសប្ដាហ៍នេះ ហើយបុគ្គលទាំងបីសុទ្ធតែត្រូវបានរំខានដោយសារបញ្ហាសុខភាព អមជាមួយនឹងវ័យចំណាស់របស់ពួកគេ ហើយតុលាការលើកពេលការសាកសួរដេញដោលទៅថ្ងៃក្រោយ៕