ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបានព្រមានចំៗថា នឹងប្តឹងវិទ្យុអាស៊ីសេរី ដែលជាវិទ្យុឯងរាជ្យមួយផ្សាយជាខេមរភាសាគាំទ្រដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក ប្រសិនណាបើវិទ្យុនេះនៅតែធ្វើសេចក្តីរាយការណ៍ទាក់ទិននឹងបញ្ហាព្រំដែនកម្ពុជា និងប្រទេសថៃ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយនៅក្នុងអង្គសន្និសីទកាសែតដែលបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីថា ការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីអំពីបញ្ហាព្រំដែនជាយុទ្ធនាការមួយដើម្បីវាយប្រហារមកលើរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា បញ្ហាព្រំដែនគឺជាបញ្ហាសន្តិសុខជាតិ មិនមែនជាសេរីភាពសម្រាប់បញ្ចេញយោបល់នោះទេ ហើយនឹងប្រើប្រាស់ប្រព័ន្ធតុលាការដោយសារតែយើងធ្វើនេះមិនមែនចម្លែកជាងសហរដ្ឋអាមេរិកឬបណ្តាអ្នកកាន់លិទ្ធិប្រជាធិបតេយ្យប្រទេសផ្សេងៗនោះទេ។
លោកបាននិយាយថា បញ្ហាសន្តិសុខជាតិគឺជាកត្តាមួយដែលយើងត្រូវតែប្រុងប្រយ័ត្នទាំងរូបភាពនិងសម្លេង មិនមែនជាសេរីភាពបញ្ចេញមតិតាមអ្វីដែលខ្លួនចង់ធ្វើនោះទេ។
«ប្រកាសជាផ្លូវការម្តងទៀតសុំឲ្យវិទ្យុអាស៊ីសេរី... យើងនៅតែធ្វើការជានិច្ចជាកាលជាមួយ បើសិនជាមានការរំលោភផ្ទួនៗ យើងនឹងចាត់វិធានការជាបន្ទាន់ដើម្បីការពារសន្តិសុខជាតិនិងអធិបតេយ្យភាពគឺមិនមែនសិទ្ធិនៃការបញ្ចេញយោបល់ទេ។ ការបញ្ចេញយោបល់ជារឿងមួយរបស់ខ្លួន តែប្រកបដោយការទទួលខុសត្រូវ»។
កាលថ្ងៃពុធម្សិលម៉ិញនេះ វិទ្យុអាស៊ីសេរីផ្នែកខេមរភាសាបានផ្សព្វផ្សាយនៅក្នុងអត្ថបទរបស់ខ្លួនដោយដាក់ចំណងជើងថា «ពលរដ្ឋតាមព្រំដែន ចោទទាហានថៃថា រំលោភយកទឹកដីខ្មែរ»។
នៅក្នុងខ្លឹមសារនៃអត្ថបទរបស់ខ្លួន អ្នករាយការណ៍បានដកស្រង់សម្តីពលរដ្ឋម្នាក់ជាអតីតកងទ័ពខ្មែរក្រហមរស់នៅស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានអះអាងថា ប្រទេសថៃបានរំកិលយកព្រំដែនខ្មែរប្រមាណ១០គីឡូម៉ែត្រ។
អតីតកងទ័ពខ្មែរក្រហមរូបនោះបាននិយាយថា ដីខ្មែរមួយភាគធំនៅតាមក្រវ៉ាត់ព្រំដែន ដែលគ្រប់គ្រងដោយអតីតកងទ័ពខ្មែរក្រហមតាំងពីឆ្នាំ១៩៩៦មក បច្ចុប្បន្នត្រូវថៃកាន់កាប់ស្ទើរតែទាំងស្រុង។
លោកពៅ ពន្លក អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា បានបដិសេធមិនឆ្លើយតបទៅនឹងការព្រមានពីមន្ត្រីរដ្ឋាភិបាលទេ។
លោកពុយ គា សមាជិកគណៈនាយករបស់ក្រុមប្រឹក្សាសីលធម៌អ្នកសារព័ត៌មានកម្ពុជា បាននិយាយថា រដ្ឋាភិបាលគួរចាត់វិធានការតាមច្បាប់សារព័ត៌មានជាជាងការប្រើប្រាស់ប្រព័ន្ធតុលាការប្រឆាំងនឹងអ្នកសារព័ត៌មាន។
លោកបាននិយាយថា ប្រសិនណាបើរដ្ឋាភិបាលមើលឃើញថា ការផ្សព្វផ្សាយនេះខុស គួរតែសុំឲ្យមានការកែតម្រូវជាមុន មុននឹងសម្រេចចិត្តប្តឹងតាមផ្លូវតុលាការ។
«ការផ្សព្វផ្សាយហ្នឹងខុសអញ្ចឹងសុំឲ្យមានការកែតម្រូវហើយស្រាយបំភ្លឺមកក្នុងនាមជាអ្នកនាំពាក្យរដ្ឋាភិបាលក៏ដោយឬក៏អ្នកនាំពាក្យក្រសួងការពារជាតិឬក៏ផ្នែកដែលទទួលបន្ទុកខាងផ្នែកព្រំដែន។ លោកបញ្ជាក់ឲ្យច្បាស់ថា ការផ្សព្វផ្សាយហ្នឹងមិនត្រឹមត្រូវទេ។ វាចំណុចនេះមានការខុសឆ្គង ហើយអញ្ចឹងយើងបំភ្លឺ»។
លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធថា មិនមានផ្ទៃដីកម្ពុជាមួយមីលីម៉ែត្រត្រូវបានបាត់បង់ទេ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
«កងយោធពលខេមរភូមិន្ទសូមបដិសេធទាំងស្រុង ហើយធ្វើការបកស្រាយថា មកដល់ថ្ងៃនេះថា ព្រំដែនកម្ពុជាថៃក៏ដូចជាព្រំដែនយើងទាំងអស់នៅទូទាំងប្រទេស មិនមានការបាត់បង់សូម្បីតែមួយមីលីម៉ែត្រណាមួយទេ»។
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការទូទៅនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បាននិយាយថា ដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃបានបន្សល់ទុកតាំងពីសម័យអាណានិគមន៍បារាំង។ លោកស្រីបាននិយាយថា ប្រទេសថៃនិងកម្ពុជាមានបង្គោលព្រំដែនគោកចំនួន៧៣បង្គោល ហើយយើងទើបតែបោះបាន៤៨បង្គោលតែប៉ុណ្ណោះគឺនៅសេសសល់ចំនួន២៥បង្គោលទៀត៕