ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ជួប​គ្នា​ដើម្បី​ការពារ​ប្រធាន


សមាជិក​សាមគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​សុក្រ​នេះ បានថ្លែង​ការពារ​លោក​ម៉ម សុណង់ដូ ថា​លោក​បាន​បង្កើត​សមាគម​មិន​មែន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ចុង​ខែ​មិថុនា បាន​ព្រមាន​ជា​សាធារណៈ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​នឹង​ចាប់​ខ្លួន​ប្រធាន​សមគម​អ្នក​ប្រជាធិបតេយ្យ​ដែល​មានបំណង​បង្កើត​រដ្ឋ​នៅ​ក្នុង​រដ្ឋ។

ដើម​ហេតុ​ដែល​នាំឲ្យ​រដ្ឋាភិបាល​ប្រកាស​តាម​ចាប់​ខ្លួន​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដោយសារ​តែ​សមាជិក​សមាគម​នេះ​ឈ្មោះ​ប៊ុន រដ្ឋា បានដឹកនាំ​សមាគម​ទៅ​តាំង​ទីលំនៅ​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​ក្រចេះ។ អាជ្ញាធរ​កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា បានចុះបង្រ្កាប​ទីតាំង​ប្រជាពលរដ្ឋ​ដែល​ដឹកនាំ​ដោយ​លោក​ប៊ុន រដ្ឋា នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

នៅ​ក្នុង​យុទ្ធនាការ​បង្រ្កាប​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​រាប់រយ​នាក់​ដោយ​បូក​បញ្ចូល​ជាមួយ​នឹង​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង​បាន​បណ្តាល​ឲ្យ​កុមារី​ម្នាក់​ឈ្មោះ​ហេង ចន្ថា អាយុ​១៤​ឆ្នាំ បាត់បង់ជីវិត​នៅ​នឹង​កន្លែង​កើត​ហេតុ។ មាន​មនុស្ស​យ៉ាងតិច​ចំនួន​ប្រាំពីរ​នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ហើយ​មួយ​ចំនួន​ផ្សេង​ទៀត​រួមទាំង​លោក​ប៊ុន រដ្ឋា អតីត​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​បានសមត្ថកិច្ច​កំពុងស្វែងរក​ចាប់​ខ្លួន​ដោយ។

លោក ជា បំរ៉ុង អនុប្រធាន​អ្នក​សមាគម​ប្រជាធិបតេយ្យ​បានថ្លែង​នៅ​ក្នុង​អង្គសន្និសីទ​ព័ត៌មាន​ដែល​រៀបចំ​ឡើង​នៅឯ​ស្ថានីយ៍​វិទ្យុ​សំបុកឃ្មុំ ថា​សកម្មភាព​របស់​លោក​ប៊ុន រដ្ឋា គឺ​ជា​រឿង​បុគ្គល​តែ​ប៉ុណ្ណោះ មិន​ជាប់ពាក់ព័ន្ធ​នឹង​លោក​ម៉ម សុណង់ដូ នោះ​ទេ។

«សូម្បី​ខ្ញុំ​បាទ! ជា បំរ៉ុង អនុប្រធាន​សមគម​អ្នក​ប្រជាធិបតេយ្យ​ផ្ទាល់​ខ្លួន ធ្លាប់​ធ្វើការ​ជាមួយ​នឹង​លោក​ប្រធាន​អ្នក​សមាគម​ប្រជាធិបតេយ្យ​ក៏គ្មាន​ដឹង​បន្តិច​ទាល់​តែ​សោះ។ នេះ​ជា​ការពិត ហេតុការណ៍​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ តំណាង​ខេត្ត​ស្រុក​ឃុំ​សមាជិក​គាំទ្រ និង​ប្រជាពលរដ្ឋ​ទាំងអស់​មាន​ការ​ភ្ងាក់​ផ្អើល​យ៉ាង​ខ្លាំង»។

សមាជិក​អ្នក​សមាគម​ប្រជាធិបតេយ្យ​ត្រូវ​បានអនុញ្ញាត​ឲ្យ​បញ្ចេញ​មតិ​ម្តង​ម្នាក់ៗ ដែល​រួមមាន​អ្នក​តំណាង​មក​ពី​ខេត្ត​ក្រចេះ ទីក្រុង​ភ្នំពេញ និង​ខេត្ត​កណ្តាល​។ ពួក​គេ​បាននិយាយ​ដូច​ៗ​គ្នា​ថា លោក​ម៉ម សុណង់ដូ ជា​មនុស្ស​ស្អាតស្អំ ហើយ​ការបង្កើត​អ្នក​សមាគម​ប្រជាធិបតេយ្យ​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តែ​ប៉ុណ្ណោះ។

សមាជិក​ទាំង​នោះ​បានអះអាង​ថា​ការបង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់ ទាល់តែ​មាន​ធនធាន និង​សម្ភារៈ​សឹក​យុទ្ធោបករណ៍​ទំនើប​ៗ ទើប​អាចផ្តួល​រំលំ​រដ្ឋាភិបាល​បាន។ ក៏ប៉ុន្តែ​សមាគម​នេះ​មាន​តែ​សមាជិក​តែ​ប៉ុណ្ណោះ ហើយ​គ្មាន​បំណង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ។

«ជា​សិទ្ធិ​របស់​ខ្លួន​យើង គាត់​មិនមែន​ជា​អ្នក​អបគមន៍​អី​ទេ។ គាត់​គ្មាន​កាំភ្លើង គាត់​គ្មាន​អាវុធ។ គាត់​គ្មាន​អី​ទាំង​អស់។ គាត់​មាន​តែ​បាទ​ដៃ​ទទេរ។ គួរ​ណាស់​តែ​ជួយពង្រឹង​សមគម​ឲ្យ​បានរឹតតែ​រីកធំ​ឡើង ដើម្បី​ជួយ​ជាតិ​ទាំង​អស់​គ្នា។​ មិនមែន​ជា​ជាតិ​របស់​បុគ្គល​ណា​ទេ ហើយ​ក៏​មិនមែន​ជា​ជាតិ​របស់​សមាគម​តែ​ម្នាក់​ឯង​ដែរ»។

លោក​ម៉ម សុណង់ដូ នាយក​វិទ្យុសំបុកឃ្មុំ និង​ជា​ប្រធាន​អ្នក​សមាគម​ប្រជាធិបតេយ្យ​គ្រោង​នឹងមក​កាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១២​ខាង​មុខ​នេះ​។ លោក​ធ្លាប់​បានប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា លោក​មិន​ខ្លាច​នឹង​ការប្រឈម​មុខ​ចំពោះ​ផ្លូវ​ច្បាប់​ទេ ដោយសារ​តែ​លោក​មិន​បានប្រព្រឹត្ត​ខុស​ដូច​មានការចោទ​ប្រកាន់​របស់​រដ្ឋាភិបាល៕

XS
SM
MD
LG