យុទ្ធនាការប្រមូលបច្ច័យ១០លានដុល្លារសាងសង់វត្តខ្មែរឡូវែលនិងមជ្ឈមណ្ឌលវប្បធម៌ខ្មែរ ក្រុង Lowell រដ្ឋ Massachusetts បានចាប់ផ្តើម ជាផ្លូវការនៅថ្ងៃចូលឆ្នាំខ្មែរកន្លងទៅនេះ។ គណៈកម្មការប្រមូលបច្ច័យមានសុទិដ្ឋិនិយមថា គម្រោងនេះ នឹងជួយសម្របសម្រួលនិងរម្ងាប់ការខ្វែងគំនិតគ្នា និងទំនាស់រវាងគណៈកម្មការវត្តត្រៃរតនារាមដែលបែកជាពីរ។
គណៈកម្មការសហគមន៍ព្រះសង្ឃខ្មែរឲ្យដឹងថា យុទ្ធនាការរួមប្រមូលបច័្ចយក្នុងពេលបុណ្យចូលឆ្នាំខ្មែរនៅទីតាំងគម្រោងសាងសង់គឺជាការចាប់ផ្តើមដែលមានសន្ទុះខ្លាំងជាងក្តីរំពឹងទុក។
អ្នកស្រីម៉ែន ម៉ាយ៉ាជាសមាជិកគណៈកម្មការប្រមូលបច្ច័យដែលមានសមាជិក១៦២នាក់ ដែលមានព្រះសង្ឃ១២អង្គ។ អ្នកស្រីឲ្យដឹងថា គណៈកម្មការមានផែនការប្រមូលបច្ច័យឲ្យបាន១០លានដុល្លារក្នុងពេល៣ឆ្នាំ ឬយ៉ាងយូរក្នុងពេល៥ឆ្នាំ។ អ្នកស្រីមានប្រសាសន៍ថា៖
«ដីនេះគឺដីធំទំហំធំ ហើយអគារដែលយើងចង់សង់ធ្វើវត្តហ្នឹងគឺអស់តម្លៃច្រើន។ យើងចង់ធ្វើអ្វីដែលជាវប្បធម៌ខ្មែរ ជាមជ្ឈមណ្ឌលសហគមន៍ ជាគ្រឹះមូលដ្ឋានសាសនាយើង»។
អ្នកស្រីមានសុទិដ្ឋិនិយមថា មជ្ឈមណ្ឌលថ្មីនឹងជួយរម្ងាប់ទំនាស់ជាង១០ឆ្នាំរវាងគណៈកម្មការវត្តត្រៃរតនារាមដែលបែកបាក់គ្នាពីរ ហើយដែលខាតបង់ថវិកាច្រើនម៉ឺនដុល្លារឡើងតុលាការ។
«ឱកាសល្អ ខ្ញុំជឿជាក់ថា អ្វីដែលមានបញ្ហាពីមុនមកនឹងសាបសូន្យ។ ខ្ញុំជឿជាក់ថា សំណង់ថ្មីនេះអាចបង្រួបបង្រួមគ្នា ទី១។ ទី២ ប្រជាជនយើងមើលឃើញនូវអ្វីដែលយើងបង្កើតឡើងចង់ទុកជាមរតកសម្រាប់កូនខ្មែរយើង សម្រាប់ខ្មែរយើង សម្រាប់លោកតា លោកយាយ ដែលគាត់ចាស់ជរាទៅ គ្មានទីកន្លែងទីពឹង»។
អ្នកស្រីពន្យល់ថា ការប្តឹងផ្តល់នេះគឺជាការចំណាយថវិកាឥតន័យ។
«នេះជាសាសនា។ ស.រ.អា.គេមានច្បាប់មួយ។ រឿងសាសនា គេមិនអាចកាត់ថ្លៃ គេមិនអាចកាត់ថា យ៉ាងម៉េចទេ។ ដូច្នេះ ហើយបានជាមានបញ្ហារហូតមកដល់សព្វថ្ងៃនេះ ចា៎»។
តាមព័ត៌មានមិនផ្លូវការឲ្យដឹងថា ទំនាស់នេះនាំឲ្យវត្តត្រៃរតនារាមជារួម ខាតថវិកាជិត១លានដុល្លារ។
លោកសំខាន់ ឃឿន ជាអ្នកប្រមូលបច័្ចយដ៏សកម្មម្នាក់ទៀត។ លោកពន្យល់ថា គម្រោងអភិវឌ្ឍន៍តម្លៃ១០លានដុល្លារនេះជាកិច្ចប្រឹងប្រែងរួមនៃសហគមន៍ព្រះសង្ឃខ្មែរនៅស.រ.អា.ទាំងមូល គឺទាំងវត្តត្រៃរតនារាមលើ និងក្រោម។
«វត្តខ្មែរឡូវែលនេះត្រូវបានឧបត្ថម្ភ ឬដឹកនាំស្ថាបនាដោយសហគមន៍ព្រះខ្មែរស.រ.អា.។ យើងមានអង្គការមួយដោយផ្ទាល់ បាទ»។
ដោយសារនេះជាកិច្ចប្រឹងប្រែងរួមរបស់សហគមន៍ខ្មែរទាំងមូល ដូច្នេះលោកសំខាន់ ឃឿនសង្ឃឹមថា សមិទ្ធិផលថ្មីនេះនឹងអាចជាចំណុចចាប់ផ្តើមការផ្សះផ្សា និងពង្រឹងសាមគ្គីភាព។
«មិនត្រឹមតែអាចជួយកាត់បន្ថយឬរម្ងាប់នូវជម្លោះគ្នារវាងវត្តលើ វត្តក្រោម ថែមទាំងអាចជួយបណ្តុះបណ្តាលមនុស្សឲ្យមានចំណេះចេះដឹង យល់ដឹងថែមទៀតអំពីព្រះពុទ្ធសាសនារបស់យើង។ជាពិសេសទាក់ទងនឹង៨ម៉ឺន៤ពាន់ព្រះធម្មក្ខន្ធ។ ព្រះពុទ្ធសាសនាមិនមែនគ្រាន់តែយកចង្ហាន់ទៅប្រកេនលោកទេ គឺសិក្សា រៀនសូត្រអំពីព្រះធម្មក្ខន្ធទាំង៨ម៉ឺន៤ពាន់ហ្នឹង បាទ»។
ព្រះតេជគុណញ៉ែម គឹមតេងនិមន្តពីប្រទេសខ្មែរមកចូលរួមមហាសន្និបាតសង្ឃខ្មែរស.រ.អា. ខួបអនិច្ចធមសម្តេចព្រះមហាឃោសានន្ទ និងយុទ្ធនាការប្រមូលបច័្ចយ១០លានដុល្លារនេះ។ ព្រះអង្គបានផ្តល់គំនិត និពន្ធសៀវភៅគម្រោងសាងសង់ព្រះពុទ្ធរូប៨៤០០០អង្គនេះ។ ព្រះអង្គសម្តែងក្តីសង្ឃឹមអំពីផលប្រយោជន៍នៃគម្រោងនេះថាៈ
«សព្វថ្ងៃនេះ យើងឃើញថា នៅស.រ.អា.នេះនិយាយទៅ យើងមានបញ្ហារវាងមនុស្សចាស់និងមនុស្សក្មេង។ បើសិនយើងមានមជ្ឈមណ្ឌលវប្បធម៌ទៅ កូនក្មេងបានទទួលការអប់រំវប្បធម៌ វាអាចស្គាល់វប្បធម៌ខ្មែរ ហើយនិងសម្របសម្រួលការរស់នៅឲ្យល្អ»។
ព្រះអង្គពន្យល់ថា ក្មេងកើតនៅស្រុកអាមេរិកមិនដឹងវប្បធម៌ខ្មែរ ហើយមានផ្នត់គំនិត ផ្សេងពីឪពុកម្តាយកើតនៅស្រុកខ្មែរ ដែលនាំឲ្យមានទំនាស់ញឹកញាប់រវាងម្តាយឪពុកនិងកូនចៅ។
ព្រះតេជគុណសៅ ឃន ប្រធានសហគមន៍ព្រះសង្ឃខ្មែរមានសង្ឃដិកាថា គណៈកម្មការបានទិញដីទំហំ៥ហិចតា និងផ្ទះដែលជាទីស្នាក់ការបណ្តោះអាសន្នមានតម្លៃ១លាន២សែន៥ម៉ឺនដុល្លារ រីឯតម្លៃគូរប្លង់សំណង់ និងរចនាបថមានតម្លៃ៧សែនដុល្លារ។ ព្រះតេជគុណបន្ថែមថា គណៈកម្មការសម្រេចបើកយុទ្ធនាការប្រមូលបច័្ចយក្នុងពេលចូលឆ្នាំ និងនៅទីតាំងគម្រោងសាងសង់នេះគឺដើម្បីបង្ហាញថា នេះជាគម្រោងពិត មិនភូតកុហក់ ហើយពេលចូលឆ្នាំជាឱកាសល្អបំផុតក្នុងការទាក់ទាញអ្នកចូលបច្ច័យជាវព្រះអង្គ។
«អ្នកខ្លះមិនទាន់ដឹង។ ពេលនេះ ចូលឆ្នាំនេះជាការផ្សព្វផ្សាយជាដំបូង។ លោកមុននោះខ្សិតទេ។ នេះបើកយុទ្ធនាការពេញទីតែម្តង។ ដូច្នេះអាត្មាថា ក្រោយពីចូលឆ្នាំនឹងមានច្រើន។យើងទៅនិយាយនៅ TV (ទូរទស្សន៍)អី មានមកបណ្តើរៗតែម្តង»។
អ្នកជាវព្រះអង្គមានជំនឿថា នេះជាកុសលសម្រាប់អនាគតជាតិ ព្រោះពេលស្លាប់ទៅ មនុស្សយើងមិនអាចយកទ្រព្យសម្បត្តិទៅជាមួយបានទេ គឺមានតែកុសលនេះឯង។
លោកកៅ ច័ន្ទដារិន្ទនិយាយថា៖
«រូបញតិញោម រូបខ្ញុំព្រះករុណាក្តីជាជីវិតមិនទៀង។ ពេលយើងស្លាប់ទៅ យើងមានព្រះពុទ្ធជាទីពឹង ព្រះធម៌៨៤០០០ព្រះធម្មក្ខន្ធជាទីពឹង»។
លោកសំខាន់ ឃឿនឲ្យដឹងថា មានអ្នកចុះឈ្មោះជាវព្រះអង្គជាងមួយពាន់នាក់ហើយ ដែលក្នុងមួយអង្គស្មើនឹងបច័្ចយ១០០ដុល្លារ។ អ្នកជាវអាចបង់បច័្ចយគ្រប់ចំនួនភ្លាមៗ ឬអាចបង់តាមលទ្ធភាពបន្តិចម្តងៗរហូតគ្រប់ចំនួនក្នុងពេល៣ឆ្នាំ។ឈ្មោះរបស់សប្បុរសជននឹងឆ្លាក់លើបល្ល័ង្គព្រះអង្គដើម្បីជាសក្ខីកម្ម៕