ក្រុមមេធាវីការពារឲ្យអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ខៀវ សំផន បានប្រឆាំងនឹងការប្រើប្រាស់ឯកសារជាមូលដ្ឋានសម្រាប់ការកាត់ទោសក្នុងសំណុំរឿង០០២។
ការជំទាស់នៅពេលដែលក្រុមមេធាវីការពារជនជាប់ចោទលើកឡើងថា ឯកសារជាច្រើនដែលស្នើដោយភាគីសហព្រះរាជអាជ្ញាមិនអាចជឿជាក់បាន និងមិនជាប់ទាក់ទងទៅនឹងបរិបទនៃការកាត់ទោសនៅដំណាក់កាលដំបូងនេះទេ។
ដំណាក់កាលដំបូងត្រូវផ្ដោតទៅលើការជម្លៀសចេញដោយបង្ខំ និងការធ្វើទុក្ខបុកម្នេញលើប្រជាជនកម្ពុជា នៅពេលដែលពួកខ្មែរក្រហមចាប់ផ្តើមកាន់អំណាច។
លោក គង់ សំអុន សហមេធាវីកម្ពុជារបស់ ខៀវ សំផន បានលើកឡើងថា ឯកសារជាច្រើនមានការជាប់ពាក់ព័ន្ធទៅនឹងការកាត់ទោសដំណាក់កាលក្រោយហើយក្រុមស្មាក្ដីរបស់ជនជាប់ចោទខៀវ សំផន នឹងមិនយកមកពិនិត្យនូវឯកសារទាំងនោះទេ។
«ដូចជាអង្គហេតុដែលជាប់ពាក់ព័ន្ធទៅនឹងសហការ អង្គហេតុពាក់ព័ន្ធទៅនឹងការដ្ឋាន ពាក់ព័ន្ធទៅនឹងមន្ទីរសន្តិសុខ កន្លែងសម្លាប់មនុស្ស ឬអង្គហេតុពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរលំនៅប្រជាពលរដ្ឋ ដែលត្រូវយកទៅដាក់នៅក្នុងដំណាក់កាលទី៣ មិនត្រូវលើកយកដេញដោលនៅក្នុងពេលជំនុំជម្រះនៅពេលដំបូងនេះទេ»។
សហមេធាវីសញ្ជាតិបារាំង លោកស្រី អង់តា ហ្គីសេ (Anta Guissé) បានច្រានចោលឯកសារជាខ្សែអាត់សំឡេង និងឈុតវីដេអូរបស់ក្រុមអ្នកជំនាញរួមទាំងឯកសារមួយចំនួនទៀត ដែលលោកស្រីគិតថាមិនមានភាពគួរឲ្យជឿជាក់បានក្នុងនោះមានទាំងឯកសារពីមជ្ឈមណ្ឌលឯកសារកម្ពុជារបស់លោក ឆាំង យុ និងឯកសារ ដែលផ្ដល់ដោយប្រទេសវៀតណាម និងប្រទេសស៊ុយអែត។
កាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះ ក្រុមមេធាវីការពាររបស់នួន ជា អតីតប្រធានសភាខ្មែរក្រហម និងមេធាវីរបស់អៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសខ្មែរក្រហមបានធ្វើការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាទៅលើការប្រើប្រាស់ឯកសារនោះដែរ។
យ៉ាងណាក៏ដោយក្រុមសហព្រះរាជអាជ្ញា បានធ្វើការការពារឯកសាររបស់ខ្លួនដោយបកស្រាយមួយចំណុចម្ដងមួយចំណុចម្ដងនូវការជំទាស់របស់ក្រុមមេធាវី នៃជនជាប់ចោទទាំងបី។
លោក វ៉េង ហួត សហព្រះរាជអាជ្ញាកម្ពុជាបានសំអាងថា ឯកសារនីមួយៗ ដែលស្នើដោយការិយាល័យសហព្រះរាជអាជ្ញាមានភាពជាប់ពាក់ព័ន្ធទៅនឹងអង្គសេចក្តីនៃការជំនុំជម្រះ នៅពេលនេះ។
«ព័ត៌មានទាំងអស់នេះ វាលើសពីគ្រប់គ្រាន់ទៅទៀត ដើម្បីកំណត់ពីភាពពាក់ព័ន្ធ ភាពជឿទុកចិត្តបាន និងយថាភាពនៃឯកសារទាំងអស់ ដែលយើងខ្ញុំបានស្នើឡើងសម្រាប់សវនាការ ក្នុងដំណាក់កាលដំបូងនេះ»។
ជាមួយគ្នានេះដែរសហព្រះរាជអាជ្ញាអន្ដរជាតិ លោក តារីក អាប់ឌុលឡាក់ (Tarik Abdulhak) បានការពារបន្ថែមលើ ឯកសាររបស់សហព្រះរាជអាជ្ញាទាក់ទងទៅនឹងរចនាសម្ព័ន្ធនៃរបបកម្ពុជាប្រជាធិបតេយ្យ តួនាទីរបស់ជនជាប់ចោទក្នុងការបង្កើតរបបនេះនិងតួនាទីរបស់ពួកគេក្នុងការដឹកនាំរដ្ឋាភិបាល វិសាលភាពនៃអំណាចរបស់ពួកគេ រួមទាំងប្រព័ន្ធទំនាក់ទំនងការងាររបស់ជនជាប់ចោទ។
កាលពីថ្ងៃច័ន្ទអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម បានបង្ហាញថា ជនជាប់ចោទអៀង សារី ខៀវ សំផន និង នួន ជា មានតួនាទីជាក់លាក់ព្រមទាំងមានការប្រាស្រ័យទាក់ទងការងារគ្នាជាប្រព័ន្ធច្បាស់លាស់ទៀតផង។
ក៏ប៉ុន្ដែជារឿយៗ ខៀវ សំផន និង នួន ជា បានបញ្ជាក់ថា ពួកខ្លួនមានតួនាទីដាច់ដោយឡែកពីគ្នាហើយមិនអាចជ្រៀតជ្រែក ឬដឹងពីការងារ នៃមេដឹកនាំខ្មែរក្រហមដទៃទៀតទេ។ រីឯ អៀង សារី បន្ដរក្សាសិទ្ធិមិនឆ្លើយតបទៅនឹងសំណួរនានាក្នុងពេលសវនាការ៕