ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កណ្តាល​ពន្យារ​ពេល


លោក​ជួង ​ជួងី ​មេធាវី​ការពារក្តី​គណបក្ស​សម ​រង្ស៊ី​
លោក​ជួង ​ជួងី ​មេធាវី​ការពារក្តី​គណបក្ស​សម ​រង្ស៊ី​

តុលាការ​ខេត្ត​កណ្តាល​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​សម្រេច​ពន្យារ​ពេល​ជា​លើក​ទី​២​ ក្នុង​ការ​សាកសួរ​មេធាវី​ការពារក្តី​គណបក្ស​ប្រឆាំង​ពាក់ព័ន្ធ​នឹង​រឿង​ផ្តល់​មធ្យោបាយ​ដល់​ជន​ជាប់​ចោទ ​មាស ​ប៉េង ​ដែល​ជា​ជំទប់​ទី​២​ ឃុំ​បន្ទាយដែក ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល​ឲ្យ​រត់​ពី​ការ​ឃុំឃាំង។

ការ​ពន្យារ​ពេល​របស់​តុលាការ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​ពុំ​មាន​មេធាវី​ការពារក្តី​ទាំង​ប្រាំពីរ​រូប​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​គណៈមេធាវី​សម្រាប់​ការពារក្តី​លោក​ជួង ​ជួងី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេធាវី​ជួង ​ជួងី។

តុលាការ​ខេត្ត​កណ្តាល​បាន​ចេញ​បញ្ជា​ឲ្យ​លោក​ជួង ​ជួងី ​ចូល​ខ្លួន​ជា​លើក​ទី​២​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។ ​ក៏ប៉ុន្តែ​មេធាវី​ទាំង​ប្រាំពីរ​រូប​ពុំ​មាន​វត្តមាន​ទេ ​គឺ​មាន​តែ​មេធាវី​មួយ​រូប​តែ​ប៉ុណ្ណោះ ​គឺ​លោក​សុខ​ សំអឿន ​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ​ដែល​លោក​ជួង ​ជួងី ​ទើប​តែ​ជ្រើសរើស​ថែម​ម្នាក់​ទៀត​សម្រាប់​ការពារក្តី។

ការ​កោះហៅ​លោក​ជួង ​ជួងី ​ដែល​ជា​មេធាវី​ការពារក្តី​គណបក្ស​ប្រឆាំង​មក​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​មធ្យោបាយ​ឲ្យ​លួច​រត់​នេះ ​មិន​អនុញ្ញាត​ឲ្យ​អ្នកយក​ព័ត៌មាន​ចូល​ស្តាប់​នៅ​ក្នុង​បន្ទប់​សវនាការ​ទេ​ លើកលែង​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។

បន្ទាប់​ពី​បាន​បង្ហាញ​មុខ​នៅ​ក្នុង​តុលាការ​ខេត្ត​កណ្តាល ​លោក​ជួង ​ជួងី​ បាន​ថ្លែង​ប្រាក់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​អគារ​តុលាការ​ថា​ ដំណើរ​ការ​សាកសួរ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​តែ​គ្មាន​មេធាវី​គ្រប់គ្រាន់។

លោក ​ជួង ​ជួងី ​បាន​បញ្ជាក់​ទៀត​ថា លោក​មិនទាន់​ដឹង​ថា ការ​កោះហៅ​លើក​ទី​៣​នេះនឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ណា​ទេ។

«ខ្ញុំ​មិន​អាច​ផ្តល់​ចម្លើយ​បាន​ទេ​គឺ​ត្រូវ​រង់ចាំ​មេធាវី​ទាំង​ប្រាំបី​រូប​ ដែល​ប្រាំពីរ​រូប​គណៈមេធាវី​ចាត់​តាំង​ឲ្យ​ការពារ​ខ្ញុំ»។

លោក ពុធ ធាវី ​ប្រធាន​ក្រុម​មេធាវី​ទាំង​ប្រាំពីរ​រូប​ ដែល​ត្រូវ​បាន​តែងតាំង​ដោយ​សមាជិក​គណៈមេធាវី​ឲ្យ​ការពារក្តី​លោក​ជួង ​ជួងី ​បាន​មាន​ប្រសាសន៍​ថា ​លោក​មិន​អាច​ចូលរួម​ការពារក្តី​នេះ​បាន​ទេ​ដោយសារ​តែ​លោក​នៅ​មិន​ទាន់​ទទួល​បាន​ដីកាកោះ​ឲ្យ​ចូល​ការពារក្តី​លោក​ជួង ​ជួងី​ នៅ​ឡើយ។

«គាត់​ផ្ងើ​ដីកា​មក​ចូល​នៅ​ក្នុង​ប៉ុស្តិ៍​បឹងរាំង​ហើយ​ឲ្យ​ប៉ុស្តិ៍​បឹងរាំង​ យក​មក​ឲ្យ​គណៈមេធាវី​ខ្ញុំ​នៅ​ថ្ងៃ​សៅរ៍។ គណៈមេធាវី​ខ្ញុំ​ឥត​អាច​ទទួល​យក​បាន​ទេ។ អញ្ចឹង​ខាង​ប៉ូលីស​ប៉ុស្តិ៍ ក៏​ចារ​ទៅ​ត្រឡប់​ទៅ​ខាង​តុលាការ​វិញ។ ហើយ​ខ្ញុំ​បាន​ឲ្យ​កូន​ក្តី​ខ្ញុំ​ជួង ​ជួងី​នេះ​គឺ​យក​លិខិត​សុំ​ពន្យារពេល​ព្រឹកមិញ​នេះ។​ ដូច្នេះ​តុលាការ​ក៏​បាន​សម្រេច​តាម​ការ​ស្នើសុំ​របស់​កូនក្តី​ខ្ញុំ​ហើយ​ ដោយសារ​តែ​មិនមាន​ដីកាកោះ​អញ្ជើញ​ទទួល​ផ្ទាល់​ដៃ​របស់​គណៈមេធាវី​ទាំង​ប្រាំពីរ​រូប»។

លោក ​ស៊ិន​ វីរៈ​ ចៅក្រម​ស៊ើបសួរ​នៅ​តុលាការ​ខេត្ត​កណ្តាល​មិន​អាច​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក ​យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​បាន​ហៅ​ករណី​នេះ​ ជា​រឿង​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

«វា​ជា​រឿង​នយោបាយ​ពិត​ប្រាកដ ​ព្រោះ​មេធាវី​ អ្នក​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​ក្តី​ឲ្យ​គណបក្ស​សម​ រង្ស៊ី​ គឺ​មាន​តិចតួច​ណាស់។ ហើយ​អ្នក​ណា​ក៏ដោយ​ឲ្យ​តែ​ហ៊ាន​ចេញ​មុខ​ការពារ​ក្តី​ជូន​គណបក្ស​សម ​រង្ស៊ី ​និង​អ្នក​រងគ្រោះ​ដោយសារ​ដីធ្លី​ គឺ​ត្រូវ​តែ​បាន​គេ​ចោទ​ប្រកាន់​ឥត​ចេះចប់​ រហូត​មក​ទល់​ពេល​នេះ»។

កាល​ពី​អំឡុង​ឆ្នាំ​២០១១ ​តុលាការ​ខេត្ត​កណ្តាល​បាន​ចោទ​ប្រកាន់​លោក​មាស ​ប៉េង ​ជំទប់​ទី​២​ ឃុំ​បន្ទាយដែក​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​កាន់កាប់​អចលវត្ថុ​ដោយ​សុច្ចរិត​ នៅ​ក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ ​ជាមួយ​នឹង​លោក​ប្រាក់ ​សាវុធ​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

តុលាការ​ខេត្ត​កណ្តាល​បាន​បញ្ជា​ឲ្យ​នាំ​ខ្លួន​លោក​មាស ​ប៉េង ​យក​ទៅ​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត ក៏ប៉ុន្តែ​ត្រូវ​បាន​លោក​ជួង​ ជួងី ​បាន​ចោទ​ប្រកាន់​ថា​មិន​អនុញ្ញាត​ឲ្យ​ឃុំ​ខ្លួន​កូន​ក្តី​របស់ខ្លួន​បាន​ទេ ​រួច​ហើយ​បាន​បញ្ជា​ឲ្យ​លោក​ចាន់ ​ចេង ​នាំ​កូន​ក្តី​របស់​លោក​ទៅ​កាន់​លំនៅដ្ឋាន​វិញ។

លោក ​ចាន់ ​ចេង ​សមាជិក​សភា​តំណាងរាស្ត្រ​ខាង​គណបក្ស​សម ​រង្ស៊ី​ ត្រូវ​បាន​រដ្ឋសភា​ដក​អភ័យ​ឯកសិទ្ធិ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​ ដើម្បី​បើក​ផ្លូវ​ស៊ើបអង្គេត​របស់​តុលាការ​ខេត្ត​កណ្តាល​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​មធ្យោបាយ​ដល់​ជន​ជាប់​ចោទ​លោក ​មាស ​ប៉េង ​លួច​រត់​ដូច​លោក​ជួង​ ជួងី​ ដែរ។ លោក ​ចាន់ ​ចេង ​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ បន្ទាប់​ពី​បាន​បាត់បង់​ជា​សមាជិក​សភា​តំណាងរាស្ត្រ៕

XS
SM
MD
LG