ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះហៅ​មេធាវី​គណបក្ស​ប្រឆាំង


Hindu devotees arrive for a holy dip at Sangam, the confluence of the Rivers Ganges, Yamuna and mythical Saraswati in Allahabad, India.
Hindu devotees arrive for a holy dip at Sangam, the confluence of the Rivers Ganges, Yamuna and mythical Saraswati in Allahabad, India.

លោក​ស៊ិន ​វីរៈ ​ចៅក្រម​ស៊ើប​អង្កេត​នៃ​តុលាការ​ខេត្ត​កណ្តាល​ បាន​ថ្លែង​ប្រាប់​វីអូអេ​សម្លេង​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​លោក​ជូង ​ជូងី ​មេធាវី​ការពារ​ក្តី​គណបក្ស​ប្រឆាំង ​ឲ្យ​ចូល​មក​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​ទី​១៨​ ខែ​មករា ​ខាង​មុខ​នេះ ​ពី​បទ​ចោទ​ប្រកាន់​ថា​ បាន​ផ្តល់​មធ្យោបាយ​ឲ្យ​ជន​ជាប់​ចោទ​លោក​មាស​ ប៉េង ​ជំទប់​ទី​២ ​ឃុំ​បន្ទាយដែក​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល ​ខាង​គណបក្ស​សម​ រង្ស៊ី​ ​រត់​គេច​ខ្លួន។​

លោក​ស៊ិន ​វីរៈមិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​បន្ថែម​ទៀត​ទេ ​ដោយ​លោក​បាន​អះអាង​ថា ​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ។​

«ក្នុង​នាម​ជា​ចៅក្រម​ស៊ើបសួរ ​ខ្ញុំ​ធ្វើ​អ្វី​ទៅ​តាម​ក្រម​នីតិវិធី​ដែល​កំណត់​ជា​សំណាញ់ ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​»។​

លោក​ជូង​ ជូងី ​មេធាវី​ការពារក្តី​ខាង​គណបក្ស​ប្រឆាំង ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ រហូត​ដល់​មាន​ព័ត៌មាន​ជា​ច្រើន​អះអាង​ថា ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​បដិសេធ​ភ្លាមៗ។ ​បន្ទាប់​ពី​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ពេញ​មួយ​ថ្ងៃ​ លោក​ជូង​ ជូងី​បាន​លេច​មុន​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីស្នាក់ការ​គណបក្ស​ប្រឆាំង។​ លោក​បាន​អះអាង​ថា​ លោក​បាន​ទទួល​រង​នូវ​ការ​ប៉ុនប៉ង​ចាប់​ខ្លួន ​ក៏​ប៉ុន្តែ​លោក​បាន​គេច​ខ្លួន​រួច។​

លោក​ជូង​ ជូងី​បាន​មាន​ប្រសាសន៍​ទៀត​ថា ​លោក​បាន​ទទួល​រង​នូវ​គំនាប​ ដែល​មិន​អនុញ្ញាត​ឲ្យ​លោក​ផ្តល់​នូវ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ ​អំពី​ការ​បាត់​ខ្លួន​នោះ។ ​លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​លោក​នឹង​កោរ​សក់ ​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ស​រយៈពេល​១២​ថ្ងៃ ​ដើម្បី​ស្វែង​រក​យុត្តិធម៌​នៅ​ក្នុង​សង្គម។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​អត្ថាធិប្បាយ​ពីលោក​ជូង​ ជូងី​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​តែ​មិន​អាច​ធ្វើ​ទំនាក់​ទំនង​បាន​ទេ។

មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​រូប ​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា​ នៅ​ថ្ងៃ​ទី​៥ ​មករា​ខាង​មុខ​នេះ ​លោក​ជូង ​ជូងី​នឹង​និមន្ត​ព្រះសង្ឃ​មួយ​អង្គ​ ធ្វើ​ពិធី​កោរ​សក់​ រួច​ហើយ​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ស ​ដើម្បី​ធ្វើ​វិបស្សនា​ ឬ​ស្មឹងស្មាធ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​ថ្ងៃ។ ​

មន្ត្រី​ដដែលនោះ​បាន​និយាយ​ថា​ នៅ​ថ្ងៃ​បន្ទាប់​មក ​លោក​ជូង ​ជូងី​នឹង​ធ្វើ​ពិធី​ស្មឹងស្មាធ​ដូច​គ្នា​នេះ​ នៅ​មុខ​តុលាការ​ខេត្ត​កណ្តាល ​មុខ​សាលា​ឧទ្ធរណ៍ ​តុលាការ​កំពូល ​ក្រសួង​យុត្តិធម៌ ​និង​ចុង​ក្រោយ​គេ​ នៅ​មុខ​គណៈមេធាវី។ ​នៅ​ក្នុង​កម្មវិធី​នី​មួយៗ ​លោក​ជូង​ ជូងី​នឹង​កាន់​ពាក្យ​ស្លោក​ដែល​មាន​អត្តន័យ​ថា​ សុំ​ឲ្យ​ចៅក្រម ​និង​តំណាង​អយ្យការ​មាន​មនសិការ ​និង​សតិ​សម្បជញ្ញៈ​រក​យុត្តិធម៌​ជូន​សង្គម​ជាតិ។​

លោក​សុខ ​សំអឿន ​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ បាន​បញ្ជាក់​ថា​ករណី​លោក​ជូង ​ជូងី​ពាក់ព័ន្ធ​ទៅ​នឹង​បច្ចេកទេស ​និង​ការ​បកស្រាយ​តាម​ប្រព័ន្ធ​ផ្លូវ​ច្បាប់​របស់​តុលាការ។​

«តុលាការ​ស្រុក​យើង​បក​ស្រាយ​ចង្អៀត​ ​គឺ​មាន​ន័យ​ថា​ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង ​ជាប់​ឃុំ​ច្រើន​ជាង​នៅ​ក្រៅ​ឃុំ។ ​ហើយ​បើ​យើង​រក្សា​ការ​បកស្រាយ​បែប​ហ្នឹង ​និយាយ​រួម​ទៅ ​អ្នក​ទោស​អាច​ហ្នឹង​កើន​ច្រើន​ជាង​ការ​បកស្រាយ​បែប​ទូលាយ»។​

កាល​ពី​អំឡុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០១១​ តុលាការ​ខេត្ត​កណ្តាល​បាន​ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ សម្រាប់លោក​មាស ​ប៉េង ​ជំទប់​ទី​២ ​ឃុំ​បន្ទាយដែក ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល ​ខាង​គណបក្ស​ប្រឆាំង​ ក្រោម​បទ​ចោទ​ប្រកាន់​ ថា​បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​មួយ​ជាមួយ​លោក​ប្រាក់ ​សាវុធ ​មន្ត្រី​ជាន់​ខ្ពស់​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។ ​បន្ទាប់​មក​តុលាការ​បាន​នាំ​ខ្លួន​លោក​មាស ​ប៉េង ​ទៅ​ឃុំឃាំង​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល។​ នៅ​ក្នុង​ខណៈពេល​នោះ​ លោក​ជូង ​ជូងី​បាន​ឲ្យ​លោក​ចាន់ ​ចេង ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី ​នាំ​លោក​យក​មាស​ ប៉េង​ទៅ​ផ្ទះ​ដោយសារ​តែ​ការ​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​គ្មាន​ដីកា​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ត្រឹម​ត្រូវ។​

លោក​ចាន់ ​ចេង​ត្រូវ​បាន​រដ្ឋសភា​ដក​អភ័យ​ឯកសិទ្ធិ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១១​ ហើយ​បច្ចុប្បន្ន​នេះ​លោក​កំពុង​គេច​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស ​បន្ទាប់​ពី​តុលាការ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ផ្តល់​មធ្យោបាយ​ឲ្យ​លោក​មាស ​ប៉េង​ជ ន​ជាប់​ចោទ​គេចខ្លួន៕

XS
SM
MD
LG