វ៉ាស៊ីនតោន៖ តុលាការខេត្តកណ្តាលបានកោះហៅប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា លោក រ៉ុង ឈុនឲ្យចូលបំភ្លឺពីបទញុះញង់ឲ្យមានកូដកម្មខុសច្បាប់និងបទបរិហាកេរ្តិ៍ ជាសាធារណៈតាមបណ្តឹងរបស់អគ្គនាយកសហគ្រាសតៃយាន Jack Liu។
បើតាមដីការកោះរបស់លោកព្រះរាជអាជ្ញាអមតុលាការខេត្តកណ្តាល ទេព មុនិន្ទបានអញ្ជើញលោក រ៉ុង ឈុនឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១២ដើម្បីសាកសួរទាក់ទងនឹងបណ្តឹងរបស់ដើមចោទ។
លោក រ៉ុង ឈុនបញ្ជាក់ថាលោកបានទទួលដីការនៅព្រឹកថ្ងៃពុធហើយលោកថ្លែងថាបាតុកម្មរបស់កម្មកររាប់ពាន់នាក់នៃរោងចក្រតៃយាននៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីខែមិថុនានេះកើតឡើង ដើម្បីទាមទារសិទ្ធិសេរីភាព និងផលប្រយោជន៍ របស់ពួកគេ ក្រោយពេលដែលរោងចក្រ តៃយានផ្លាស់ប្តូរឈ្មោះរោងចក្រទៅជារោងចក្រតៃណាន ហើយពុំបានជូនដំណឹងដល់កម្មករនិងផ្តល់ការធានាពីអតីតភាពកាងារ និងផលប្រយោជន៍កម្មករ ផ្សេងៗទៀត ហើយក៏គ្មានដំណោះស្រាយពីរោងចក្រ និងក្រសួងការងារ។
«អីចឹងបន្ទាប់មកទៀតខ្ញុំក៏បានជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធថាបើគ្មានដំណោះស្រាយទេថ្ងៃ២៥មិថុនាហ្នឹង យើងនឹងចាប់ផ្តើមធ្វើកូដកម្មបាតុកម្ម។ អីចឹងដំណើររឿងហ្នឹងវាត្រូវទៅតាមនីតិវិធី។ ហើយអ្វីដែលនិយោជកចោទប្រកាន់ថា ធ្វើខុសច្បាប់វាជារឿងមួយអត់ត្រឹមត្រូវ»។
លោក រ៉ុង ឈុនបានអះអាងថាលោកនឹងរកមេធាវីដើម្បីចូលបំភ្លឺលើពាក្យបណ្តឹង ដែលលោកចាត់ទុកថាប្រឆាំងនឹងការប្រើប្រាស់សិទ្ធិស្របច្បាប់របស់លោកក្នុងការជួយកម្មករ។ លោកបានថ្លែងថាប្រព័ន្ធតុលាការកម្ពុជាពេលនេះកំពុងពេញនិយមក្នុងការចាត់វិធានការលើកម្មករនិងសហជីព។
«ហើយឥឡូវហ្នឹងកំពុងពេញនិយមហើយ នៅស្រុកខ្មែរឥឡូវហ្នឹង ដែលនិយោជក យកប្រព័ន្ធតុលាការមកគាបសង្កត់លើកម្មករ គាបសង្កត់លើមេដឹកនាំ សហជីព ឱ្យតែមានបាតុកម្ម កើតឡើងដឹងតែឲ្យតុលាការហ្នឹង ចេញដីការរក្សាការពារឬប្តឹងមេដឹកនាំសហជីព ប្តឹងតំណាងកម្មករដូចជា រោងចក្រតៃណាន អតីតរោងចក្រតៃយាន»។
លោក អំ សំអាត ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានអះអាងថាការតវ៉ារបស់កម្មករមិនសូវត្រូវគេយកចិត្តទុកដាក់រកដំណោះស្រាយទេក្រៅតែពីការបំបែកការតវ៉ា ការចាត់វិធានការតុលាការចាប់ខ្លួន ឃុំខ្លួនជាដើម ដែលលោកចាត់ទុកថាមិនមែនជាដំណោះស្រាយនោះ។
«យើងឃើញថាវាជាវប្បធម៌ទៅហើយ គេប្រើប្រាស់តុលាការដើម្បីធ្វើជា មធ្យោបាយ ក្នុងការគាបសង្កត់ទៅលើសហជីពឬក៏តំណាងសហជីព ឬក៏តំណាងកម្មករដែលទង្វើទាំងអស់នេះជាការណ៍មួយដែលគំរាមកំហែង ឬក៏បំបាក់ស្មារតីដល់តំណាងកម្មករផ្សេងៗទៀតដើម្បីកុំឲ្យតវ៉ា»។
លោករ៉ុង ឈុន និងលោក អំ សំអាតថ្លែងថាកំណើននៃការបង្រ្កាប តំណាង កម្មករនិងសហជីពអាចធ្វើឲ្យប៉ះពាល់ដល់អ្នកបញ្ជាទិញទំនិញដែលនៅសរអានិងអឺរ៉ុបចំពោះ ផលិតផល វាយនភណ្ឌដែលរកចំណូលជាង២ពាន់លានដុល្លារក្នុងមួយឆ្នាំៗនិង ជាវិស័យទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាដ៏សំខាន់។ ក្រុមអ្នកសង្កេតការណ៍បានសង្កេតឃើញថាមានកំណើននៃចំណាត់ការតុលាការជាច្រើនទៅលើសកម្មជននិងអ្នករិះគន់រដ្ឋាភិបាលមុនពេលបោះឆ្នោតជាសកល៕