ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​មិន​ឃុំ​ខ្លួន​លោក​ចាន់​ ចេង​ទេ​ប៉ុន្តែ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការឃ្លាំ​មើល


​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ លោក ​ចាន់ ​ចេង
​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ លោក ​ចាន់ ​ចេង

លោក ​ចាន់ ​ចេង ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ខេត្ត​កណ្តាល​បន្ទាប់​ពី​បាន​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​រឿង​ក្តីក្តាំ​ផ្តល់​មធ្យោបាយ​ដល់​ជន​ជាប់​ចោទ​ មាស​ ប៉េង ​ជំទប់​ទី​២ ​ ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល​ខាង​គណបក្ស​ សម ​រង្ស៊ី ​ឲ្យ​លួច​រត់​ចេញ​ពី​មន្ទីរ​ឃុំឃាំង។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​តុលាការ។

លោក​ស៊ិន ​វីរៈ ​ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ តុលាការ​សម្រេច​មិន​ឃុំ​ខ្លួន​លោក ​ចាន់ ​ចេង ​ទេ។​ ក៏ប៉ុន្តែ​បាន​ដាក់​លក្ខខណ្ឌ​ចំនួន​បី​ចំណុច ​ដែល​រួម​មាន​មិន​ឲ្យ​លោក ​ចាន់ ​ចេង ​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស ​ផ្លាស់​ប្តូរ​លំនៅដ្ឋាន​ត្រូវ​ផ្តល់​ដំណឹង​មក​តុលាការ ​និង​ត្រូវ​បង្ហាញ​វត្តមាន​នៅ​ពេល​ដែល​តុលាការ​កោះ​ហៅ។

លោក​ស៊ិន វីរៈ​បាន​បញ្ចាក់​ពី​មូលហេតុ​នោះ​ថា៖

«វា​មាន​មូល​ហេតុ​អី​បើ​មូលហេតុ​មាន​នៅ​ក្នុង​នីតិ​វិធី​មាត្រា​ ២០៥​ មូលហេតុ​នៃ​ការ​ឃុំ​ខ្លួន។​ ស្ថានភាព​របស់​គាត់ ​វា​ឥត​ចូល​នៅ​ក្នុង​មាត្រា​ ២០៥​។​ អញ្ចឹង​បាន​ជា​យើង​ ដាក់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ផ្លូវ​តុលាការ»។

លោក ​ចាន់ ​ចេង ​អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រដ្ឋសភា​ដក​អភ័យ​ឯកសិទ្ធិ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១១​ ដើម្បី​បើក​ផ្លូវ​ដល់​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ខេត្ត​កណ្តាល​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​មធ្យោបាយ​ដល់​ជន​ជាប់​ចោទ​ មាស ​ប៉េង ​លួច​រត់។

លោក ​មាស ​ប៉េង ​ជំទប់​ទី​២ ​ឃុំ​បន្ទាយ​ដែក ​ខាង​គណបក្ស​សម ​រង្ស៊ី ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​ទៅ​នឹង​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត​នៅ​ក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ​ជាមួយ​នឹង​លោក ​ប្រាក់ ​សាវុធ ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

បន្ទាប់​ពី​បាន​កោះហៅ​លោក ​មាស ​ប៉េង ​មក​សាកសួរ​លោក​ចៅក្រម ​លឹម ​សុគន្ថា ​បាន​សម្រេច​ឃុំ​ខ្លួន​លោក ​មាស ​ប៉េង ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល។

នៅ​ក្នុង​អំឡុង​ពេល​យក​ទៅ​ឃុំ​ខ្លួន​ពេល​នោះ ​លោក​ ជួង ​ជូងី ​មេធាវី​ការពារក្តី​បាន​បញ្ជាក់​ថា​ការ​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ដោយ​គ្មាន​ដីកា​ឃុំ​ខ្លួន។ ​រួច​ហើយ​ក៏​បាន​ស្នើ​ឲ្យ​លោក​ចាន់ ចេង​ ដឹក​លោក ​មាស ​ប៉េង ​ទៅ​កាន់​លំនៅដ្ឋាន​វិញ។

លោក ​ចាន់ ​ចេង ​សមាជិក​តំណាងរាស្ត្រ​ខាង​គណបក្ស​សម ​រង្ស៊ី ​និង​លោក ​កើត ​ឃី ​មេធាវី​ការពារក្តី​ មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ណាមួយ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​ទេ។ ​ដោយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ឲ្យ​ទៅ​សួរ​អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី។

«សុំ​ឲ្យ​ទៅ​ជួប​អ្នក​នាំពាក្យ​គណបក្ស ​មិន​អត្ថាធិប្បាយ​ទេ»។

លោក ​យឹម ​សុវណ្ណ ​អ្នក​តំណាងរាស្ត្រ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សម ​រង្ស៊ី ​បាន​បញ្ជាក់​ថា​រឿង​ក្តី​នេះ​ជា​រឿង​នយោបាយ។ ​លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​តុលាការ​គួរតែ​បញ្ចប់​ករណី​នេះ។

«អ្នក​ទាំង​ពីរ​នាក់​ហ្នឹង​គឺ​ជា​អ្នក​មេធាវី​និង​តំណាង​រាស្ត្រ​ទេ​មិនមែន​ជា​ឧក្រិដ្ឋជន​ឯណា។​ មិនមែន​ជា​ចោរប្លន់​ឯណា។ ​ការ​ដែល​ចុះ​ទៅ​ជួយ​ប្រជា​ពលរដ្ឋ​គឺ​ជា​កាតព្វកិច្ច​តំណាងរាស្រ្ត​និង​របស់​មេធាវី​ការពារក្តី។ ​នៅ​ពេល​ណា​ដែល​ឃើញ​ទង្វើ​ខុសច្បាប់​គឺ​មេធាវី​អ្នក​តំណាងរាស្ត្រ​មាន​សិទ្ធិ​ទៅ​តាម​សង្កេតការណ៍​និង​តាម​ផ្តល់​យោបល់​ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់»។

លោក ​ជួង ​ជូងី ​មេធាវី​ការពារក្តី​ឲ្យ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ ដូច​ករណី​លោក ​ចាន់ ​ចេង ​ដែរ។

លោក​ ជួង ​ជូងី ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ នៅ​ឯ​តុលាការ​ខេត្ត​កណ្តាល​ថា​ តុលាការ​គួរតែ​ទម្លាក់​ចោល​ពាក្យ​បណ្តឹង​ទាំង​ពីរ​នេះ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​បើ​ពុំ​ដូច្នេះ​ទេ​ អយ្យការ​តុលាការ​ខេត្ត​កណ្តាល ​គួរ​តែ​ចាត់​ការ​ពាក្យ​បណ្តឹង​របស់​លោក ​ដែល​បាន​ប្តឹង​ចៅក្រម ​លឹម ​សុគន្ថា ​ពី​បទ​បាន​ប្រព្រឹត្ត​ខុស​ពី​នីតិ​វិធី។

លោក​ ជួង ជូងី​បាន​បញ្ជាក់​ថា៖

«ពីព្រោះ​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១២​ នេះ ​ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​មក​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​ហ្នឹង​ចោទ​ប្រកាន់​ លឹម ​សុគន្ថា​ ពី​បទ​ក្លែង​ឯកសារ​សាធារណៈ។ ​គឺ​ខ្ញុំ​ផ្តោត​ទៅ​លើ​ដីកា ​សម្រេច​ឃុំខ្លួន​មួយ ​និង​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​មួយ​ ដែល​ឯកសារ​ទាំង​ពីរ​នេះ ​ជា​ឯកសារ​ក្លែង​សុទ្ធសាធ»។

លោក ​ស៊ិន ​វីរៈ ​ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល​បាន​និយាយ​ថា ​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​នេះ​រួច​ហើយ។ ​ហើយ​លោក​កំពុង​ពិនិត្យ​មើល​តាម​ផ្លូវ​ច្បាប់៕

XS
SM
MD
LG