រយៈពេលមួយថ្ងៃបន្ទាប់ពីលោកជួង ជួងី មេធាវីការពារក្តីគណបក្សប្រឆាំងត្រូវបានតុលាការខេត្តកណ្តាលកោះហៅឲ្យចូលមកបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងផ្តល់មធ្យោបាយឲ្យជនជាប់ចោទមាស ប៉េង លួចរត់ តុលាការខេត្តកំពង់ចាមនៅថ្ងៃអង្គារនេះបានកោះហៅសមាជិកខាងគណបក្សសម រង្ស៊ី ចំនួនពីររូបផ្សេងទៀតឲ្យចូលខ្លួនមកបំភ្លឺនៅក្នុងតុលាការពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ។
លោក ណៃ នែប ប្រធានក្រុមប្រឹក្សា និងលោក ធឹម ធុស សមាជិកក្រុមប្រឹក្សាឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានមកបង្ហាញមុខនៅក្នុងតុលាការពីបទធ្វើឲ្យខូចដោយចេទនានូវបង្គោលព្រំដីរបស់ប្រជាពលរដ្ឋ។ តុលាការមិនបានធ្វើការចោទប្រកាន់លោកទាំងពីរភ្លាមៗទេ គ្រាន់តែបានធ្វើការសាកសួរតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសមាជិកក្រុមប្រឹក្សាឃុំផ្អាវ ខាងគណបក្សសម រង្ស៊ី។
លោក ណៃ នែប អាយុ៧០ឆ្នាំ ប្រធានក្រុមប្រឹក្សាឃុំផ្អាវ បានប្រាប់វីអូអេថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១ លោក សែម ឃីន ប្រជាពលរដ្ឋម្នាក់រស់នៅភូមិព្រៃញា ឃុំផ្អាវ ស្រុកបាធាយ បានធ្វើរបងផ្ទះដោយរំលោភចូលផ្លូវសាធារណៈជាងមួយម៉ែត។ លោកបាននិយាយថា លោកបានដឹកនាំកម្លាំងចម្រុះ ដែលរួមមានមន្ត្រីប៉ូលិស សមាជិក្រុមប្រឹក្សាឃុំ និងមានការចូលរួមពីប្រជាពលរដ្ឋ ទៅដកបង្គោលព្រំដីដែលបានសាងសង់រំលោភយកដីសាធារណៈនោះ។ បន្ទាប់មកលោកបានធ្វើរបាយការណ៍ប្រាប់អាជ្ញាធរស្រុក និងក្រុមប្រឹក្សាខេត្តដើម្បីជួយអន្តរាគមន៍។ ក៏ប៉ុន្តែអាជ្ញាធរមិនបានអន្តរាគមន៍ទេ ដោយបណ្តោយឲ្យរឿងក្តីក្តាំនេះឡើងដល់តុលាការខេត្តកំពង់ចាម។ លោក ណៃ នែប បានហៅករណីនេះ ជាចេតនានយោបាយ ដើម្បីបំបាក់សកម្មភាពគណបក្សសម រង្ស៊ី។
«បើតាមក្នុងចិត្តគឺជារឿងនយោបាយច្រើនជាង ព្រោះរឿងសម្រាប់ជាតិ សម្រាប់ប្រជាពលរដ្ឋសោះ សាលាស្រុកមិនជួយចាត់ការ។ ធ្លាប់សម្រុះសម្រួលនៅស្រុក បណ្តោយឲ្យជនល្មើសរុញទៅតុលាការ»។
កាលពីអំឡុងខែសីហា ឆ្នាំ២០១១ លោក សែម ឃីន ប្រជាពលរដ្ឋមួយរូប រស់នៅភូមិព្រៃញា បានស្នើដល់អាជ្ញាធរឃុំ ដើម្បីធ្វើរបងផ្ទះ។ ក៏ប៉ុន្តែត្រូវបានអាជ្ញាធរឃុំផ្អាវ ជំទាស់ដោយបានអះអាងថារបងផ្ទះនោះរំលោភចូលដីសារធារណៈ។ មានការបង្កើតគណៈកម្មាធិការចម្រុះមួយទៅដកបង្គោលឈើ ដើម្បីសម្គាល់ព្រំដីចំនួនប្រាំមួយដើម។ លោក សែម ឃីន បានដាក់ពាក្យបណ្តឹងមួយច្បាប់ទៅកាន់តុលាការខេត្តកំពង់ចាមប្រឆាំងជំទាស់នឹងមន្ត្រីក្រុមប្រឹក្សាឃុំចំនួនពីរនាក់គឺលោក ណៃ នែប និងលោក ធឹម ធុស ពីបទបំផ្លាញបង្គោលព្រំដីរបស់លោក។
លោក ធឹម ធុស សមាជិកក្រុមប្រឹក្សាឃុំផ្អាវ និងជាប្រធានគណៈកម្មាធិការដោះស្រាយទំនាស់បាននិយាយថា លោកពិតជាបានចូលរួមនៅក្នុងការដកបង្គោលព្រំដីនោះពិតមែន ដោយសារតែបង្គោលព្រំដីនេះចូលដីសាធារណៈនៅក្នុងភូមិ។
«ផ្ទះគាត់ របងដែលមានស្រាប់សព្វថ្ងៃនេះ គាត់ចាក់ស៊ីម៉ង់ត៍ធំៗណាស់។ ហើយគាត់ចុះប្លង់រួចជាស្រេចហើយ តែបែជាគាត់បញ្ចេញធ្វើរបងបញ្ចេញដីពីព្រំដីចាស់របស់គាត់មកប្រាំមួយតឹក ទៅប្រាំពីរតឹក»។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បាននិយាយថារដ្ឋាភិបាលតែងតែប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចាត់ការមន្ត្រីគណបក្សប្រឆាំង។ លោកបាននិយាយថា នេះបានបង្ហាញឲ្យឃើញពីការគាប់សង្កត់ទៅលើមន្ត្រីគណបក្សសម រង្ស៊ី នៅពេលដែលជិតបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
«ថ្នាក់ដឹកនាំគណបក្សគាត់ដោះស្រាយ តែបែជាគាត់ទៅជាអ្នករងគ្រោះទៅវិញ ជាករណីច្រើនមិនមានតែនៅក្នុងឃុំនេះមួយ ហើយនៅតំបន់ខ្លះទៀត យើងក៏ជួបស្ថានភាពប្រហាក់ប្រហែលនេះដែរ។ វាជាយុត្តិសាស្រ្តធ្វើឲ្យគណបក្សសម រង្ស៊ី ជួបការលំបាកខ្លាំងនៅក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលចំពោះការចោទប្រកាន់នេះ។ លោកបាននិយាយថា នេះគ្រាន់តែជាវោហាសាសន៍ ដើម្បីការពារខ្លួន ឬក៏ជាការវាយប្រហារទៅលើការការពារអំពើរបស់ខ្លួនតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា កិច្ចការរបស់តុលាការយើងត្រូវតែគោរព មិនត្រូវយករឿងគណបក្សនយោបាយយកមកសំអាងលើសកម្មភាពដើម្បីបំពានទៅលើផ្លូវច្បាប់នោះទេ៕