ភ្នំពេញ៖ ប្រទេសកម្ពុជាបានព្រមានសារជាថ្មីម្ដងទៀតថា នឹងលើកយកបញ្ហាព្រំដែនទៅដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការនេះបានកើតឡើង បន្ទាប់ពីប្រទេសកម្ពុជានិងប្រទេស ថៃបានបង្កើនជម្លោះឆ្លើយឆ្លងពាក្យសំដីគ្នាឡើងវិញអំពីរឿងប្រាសាទព្រះវិហារ។
លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅថ្ងៃសុក្រនេះ បានថ្លែងប្រាប់នៅក្នុងអង្គសន្និសីទកាសែតថា ប្រទេសកម្ពុជានឹងលើកយកបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃទៅដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលខាងមុខនេះ។
«យើងត្រូវឈានទៅរកដំណោះស្រាយតាមស្ថាប័នអន្តរជាតិ អង្គការសហប្រជាជាតិក្តី គឺតុលាការទីក្រុងឡាអេក្តី មិនដឹងពេលណាទេ តែក្នុងពេលណាមួយនោះ»។
ការព្រមានរបស់ប្រទេសកម្ពុជានេះបានកើតមានឡើងក្រោយពីប្រទេសថៃបានបង្កើនការរិះគន់ជាបន្តបន្ទាប់ទៅលើបញ្ហាប្រាសាទព្រះវិហារ និងព្រមទំាងបង្កើនការដាក់ពង្រាយកងទ័ពបន្ថែមទៀត នៅតាមក្រវាត់ព្រំដែននៅជិតប្រាសាទព្រះវិហារ។ក៏ប៉ុន្តែសភាពការណ៍នៅតាមព្រំដែនមានលក្ខណៈជាធម្មតាទេ។
លោកនាយករដ្ឋមន្រ្តីថៃAbhisit Vejjajiva ត្រូវបានកាសែតក្នុងស្រុករបស់ថៃ ដកស្រង់សម្តីយកមកចុះផ្សាយពីរថ្ងៃជាប់ៗគ្នាថា បញ្ហាតានតឹងរវាងប្រទេសកម្ពុជា និងប្រទេសថៃនៅតាមក្រវាត់ព្រំដែន បានកើតមានឡើងដោយសារតែប្រាសាទព្រះវិហារ ដែលមានអាយុជាង៩០០ឆ្នាំ ត្រូវបានអង្គការUNESCO កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ បានចុះបញ្ជីទៅជាទ្រព្យសម្បត្តិរបស់បេតិកភ័ណ្ឌពិភពលោក។
លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុងបានហៅការអះអាងរបស់ប្រមុខដឹកនាំរបស់ប្រទេសថៃថា ជាការយល់សុបិន និងហួសសម័យ។
«ខ្ញុំសូមជម្រាបទៅលោកនាយករដ្ឋមន្រ្តីថៃវិញថា នេះជាការយល់សុបិន ហើយដែលមិនអាចកើតមានបានទេ។ អញ្ចឹងកុំយល់សុបិនឲ្យសោះ។ ហួសសម័យហើយ ចង់ប្រឆាំងការចូលប្រាសាទព្រះ វិហារក្នុងគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកក៏ហួសសម័យ ក្នុងការដាក់ ការសុំចុះបញ្ជីរួមរវាងកម្ពុជាក៏ហួសសម័យហើយ។ វាសុទ្ធតែជាការយល់សុបិន។ នាយករដ្ឋមន្រ្តីកុំយល់សុបិនទៀត»។
លោកហោ ណាំហុងបានមានប្រសាសន៍ទៀតថា កម្ពុជាបានត្រៀមលក្ខណៈទាំងអស់ដើម្បី ដោះស្រាយដោយសន្តិវិធី និងក្នុងនាមជាប្រទេសជិតខាងល្អ។
លោកបានមានប្រសាសន៍ថា មានតែមេដឹកនាំថៃទេដែលក្រឡិចក្រឡុច មិនគោរពទៅតាមពាក្យ សម្តីរបស់ខ្លួន។
ប្រទេសថៃបានគ្រោងបញ្ជូនលោកឧបនាយករដ្ឋមន្រ្តីថៃ ស៊ូថេប ថងស៊ូបាន មកទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីចរចារឿងជម្លោះព្រំដែន ក៏ប៉ុន្តែបានលុបចោលទៅវិញ ដោយលោកនាយករដ្ឋមន្រ្តី Abhisit Vejjajiva បានចោទប្រកាន់កម្ពុជាថា គ្មានឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រំដែន។
លោកហោ ណាំហុងបានមានប្រសាសន៍ទៀតថា តាំងពីដើមរៀងមកកម្ពុជាប្រកាន់ជំហរដោះ ស្រាយព្រំដែនតាមរយៈការចរចាទ្វេភាគី។
ភាពតានតឹងចុងក្រោយរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានកើតមានឡើងដោយសារតែអង្គការUNESCOបានទទួលយកគម្រោងអភិវឌ្ឍន៍ប្រាសាទព្រះវិហាររបស់ខ្មែរទៅដាក់នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី៣៤ ដែលបានធ្វើឡើងនៅក្នុងប្រទេសប៊្រេហ្ស៊ីល កាលពីថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី៣ ខែសីហានេះ។
ប្រទេសថៃបានជំទាស់នឹងផែនការនេះ ព្រោះខ្លួនជឿជាក់ថា វានឹងធ្វើឲ្យប៉ះពាល់ដល់ដីទំហំ៤,៦ គីឡូម៉ែត្រក្រឡា នៅតាមតំបន់ព្រំដែនដែលមានជម្លោះ ហើយប្រទេសថៃបានគំរាមដកខ្លួនចេញពី គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក៕