ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ទទូច​ឱ្យ​ថៃ​បញ្ឈប់​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ឆ្លងដែន


ទង់ជាតិ​ខ្មែរ ថៃ​​ដាក់​នៅ​ឆេរ​សមុទ្រ។
ទង់ជាតិ​ខ្មែរ ថៃ​​ដាក់​នៅ​ឆេរ​សមុទ្រ។

ភ្នំពេញ៖ ប្រទេស​កម្ពុជា​នៅថ្ងៃ​អង្គារ៍​នេះ​បាន​ផ្ញើកំណត់​ទូត​ជា​ផ្លូវការ​ទៅកាន់​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង​ភ្នំពេញ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ការពារ​ព្រំដែន​ថៃ​ឈប់​បាញ់​សម្លាប់​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​សត្វធាតុ​និង​ទាមទារ​ឲ្យ​រក​ជន​ដៃដល់​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់។

កំណត់​ទូត​របស់​ប្រទេស​កម្ពុជា​នេះ​បាន​ធ្វើ​ឡើង​ក្រោយពី​ប្រជាពលដ្ឋ​ខ្មែរ​ចុងក្រោយ​គេ​ចំនួន​ពីរនាក់​ត្រូវបាន​ទាហាន​ការពា​រព្រំដែន​ថៃ​បាញ់​សម្លាប់​នៅក្នុង​ខែធ្នូ ​ឆ្នាំ២០១០នេះ។

កាល​ពី​ថ្ងៃ​ទី២០​កន្លង​ទៅនេះ ​លោក​លុន ណុប​ អាយុ៣៧ឆ្នាំ ​និង​លោក​ស៊ីម អ៊ាន ​អាយុ១៧ឆ្នាំ​ ត្រូវបាន​ឆ្មាំ​ការពារ​ព្រំដែន​ថៃ​បាញ់​សម្លាប់​និង​ចាប់ខ្លួ​ន​ប្រជាពលរដ្ឋ​ចំនួន​បួនរូប​ផ្សេង​ទៀត​បន្ទាប់ពី​ពួកគេ​មួយក្រុម​បាន​ឆ្លងដែន​ទៅកាប់​ឈើ​នៅ​ក្នុង​ខេត្ត​ស៊ីសាកេត​ប្រទេសថៃ​ ដែល​ជាប់​ព្រំប្រទល់​ស្រុក​ត្រពំាង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ។

ការបាញ់​សម្លាប់​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីប្រទេស​កម្ពុជា​បាន​ដោះលែង​ប្រជា​ពលរដ្ឋ​ថៃ​ចំនួន​បីរូប​ឲ្យ​មាន​សេរីភាព​រួចវិ​ល​ត្រឡប់​ទៅកាន់​ប្រទេស​របស់​ខ្លួន​វិញ​ក្រោយពី​បាន​ឆ្លងដែន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​មាន​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​មក​ជាមួយ​ផង។

នៅ​ក្នុង​កំណត់​ទូត​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ផ្ញើ​ជូន​ទៅ​ស្ថានទូត​ថៃ ​ប្រទេស​កម្ពុជា​បានចាត់​ទុកថា​អំពើ​បាញ់​ប្រហារ​មកលើ​ប្រជា​ពលរដ្ឋខ្មែរ​ទាំងពីរ​រូប​នេះ​គឺជា​អំពើ​អមនុស្សធម៌​ជា​អន្តរជាតិ​ដែល​មិនគួរ​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​ដែល​មាន​អរិយធម៌​ត្រឹមត្រូវ​ទេ។

លោក​កុយ គួង ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ពលរដ្ឋខ្មែរ​បាន​ដើរ​នៅក្នុង​ព្រៃ​មិនបាន​ដឹងច្បាស់​អំពី​ខ្សែបន្ទាត់​ព្រំដែន​ទេ​ដូច្នេះ​បាន​ជា​ពួកគេ​បាន​ឆ្លងចូល​ទឹកដី​ប្រទេស​ថៃ។

លោក​កុយ គួង ​បាន​មាន​ប្រសាសន៍​ថា​អាជ្ញាធ​រថៃ​គួរតែ​មាន​វិធានការ​ទប់ស្កាត់​កុំឲ្យ​អំពើ​ឃោរឃៅ​នេះ​បាន​កើត​ឡើង​មក​លើ​ប្រជាពលរដ្ឋខ្មែរ។

«រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ​ពាក់ព័ន្ធ ​ទីមួយ​ចាត់​វិធានការ​សមស្រប​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ឃោរឃៅ​អមនុស្សធម៌​នេះ​កើត​ឡើង​ជាថ្មី​ម្តង​ទៀត។ ហើយ​ទីពីរ​ស្នើ​ឲ្យ​មាន​ការស៊ើប​អង្កេត​លម្អិត​ទៅ​លើ​ឧបទ្ទវហេតុ​ដ៏​អកុសល​នេះ»។

មន្រ្តីស្ថាន​ទូតថៃ​ប្រចាំ​ប្រទេស​កម្ពុជា​ ពុំអាច​ស្នើសុំ​សេចក្តី​អត្ថាធិប្បាយបំភ្លឺ​បានទេ។

ចំណែក​លោក​ប៉ានីថាន វឌ្ឍនាយ៉ាកន (Panitan Watanayagorn)​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បាន​ឆ្លើយ​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាមរយៈទូរស័ព្ទ​ថា​កំពុង​ជាប់​រវល់។

យោង​តាម​តួលេខ​របស់​សមាគម​សិទ្ធិមនុស្ស​ ADHOC​ បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ឆ្នាំ​២០០៩យ៉ាង​តិច​មាន​ប្រាំបួន​ករណី​ដែល​បាន​កើត​មាន​ឡើង​ដោយសារ​តែ​អាជ្ញាធរ​ថៃ​បាន​បាញ់​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ក្នុង​នោះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១១រូប​បាន​ស្លាប់​បាត់​បង់​ជីវិត​ហើយ​ឆ្នាំ២០១០​នេះ​បាន​កើត​មាន​ឡើង​ចំនួន​១១ករណី​និង​បាន​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន​១៣នាក់។

លោក​ចាន់ សាវ៉េត ​មន្រ្តី​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​ ADHOC​ បាន​និយាយថា​ការបាញ់​សម្លាប់​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រទេស​ថៃ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ក្នុង ការគោរព​សិទ្ធិ​មនុស្ស។

«ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ហើយ​សាហាវ​ឃោរឃៅ​ទៀត​ផង​រវាង​ប្រទេស​មួយ​និង​ប្រទេស។ និយាយ​ជារួម​ យើង​ប្រើប្រាស់​យន្តការ​ដូច​ប្រទេស​ខ្មែរ​យើង​អញ្ចឹង​ ចាប់​ប្រជាជន​ថៃ​យក​មក​ដាក់​ពន្ធនា គារ​នៅ​ក្នុង​ស្រុក​យើង​ ក៏​យើង​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ស្រុក​យើង​ដើម្បី​ធ្វើការ​ផ្តន្ទាទោស។ ហើយ​យើង​មាន ការជជែក​គ្នា​តាម​របៀប​ទ្វេភាគី ​ដើម្បី​ធ្វើការ​ចរចា​គ្នា ​ប៉ុន្តែ​ថៃ​ដូចជា​អត់មាន​គម្រោង​ហ្នឹងទេ»។

លោក​ចាន់ សាវ៉េត​ បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ សហប្រជា​ជាតិ​ដើម្បី​កុំឲ្យ​អាជ្ញាធរ​ថៃ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត៕

XS
SM
MD
LG