ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អៀង សារី​គ្មាន​បញ្ហា​ក្នុង​ការ​ប្រមូល​អារម្មណ៍​


អៀង សារី អតីត​រដ្ឋ​មន្ដ្រី​ការបរទេស​ខ្មែរក្រហម
អៀង សារី អតីត​រដ្ឋ​មន្ដ្រី​ការបរទេស​ខ្មែរក្រហម
ភ្នំពេញ៖ អៀង សារី គ្មាន​បញ្ហា​ក្នុង​ការ​ប្រមូល​អារម្មណ៍​ទេ ប៉ុន្តែ​គាត់​មាន​ស្ថានភាព​ចុះខ្សោយ​ជាង​មុន។ នេះ​គឺជា​ការសន្និដ្ឋាន​របស់​លោក​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺ​មនុស្ស​ចា​ស់ចន ខាំបល (John Campbel)។
លោក​សាស្ដ្រាចារ្យ​ខាំបល បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​សវនាការ​ស្តីពី​សុខភាព​និង​កាយ​សម្បទា​របស់​អៀង សារី របស់​អង្គជំនុំ​ជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម។
«ខ្ញុំ​មិនបាន​រកឃើញ​ភស្តុតាង​ណាមួយ​ពី​ការ​ចុះថយ​នៃ​ការ​ផ្ចង់អារម្មណ៍​នោះទេ។ ហើយ​បើតាម​អ្វីដែល​ខ្ញុំ​យល់​នោះគឺ​សវនាការ​ដំណើរការ​តែ​ក្នុង​រយៈពេល​មួយ​ម៉ោង​កន្លះ​សម្រាក​ម្តង។ ដូច្នេះ​វា​សមស្រប​នឹង​សមត្ថភាព​របស់​គាត់​ហើយ»។
លោក​វេជ្ជបណ្ឌិត​ជនជាតិ​នូវ៉ែល​ហ្សេ​ឡង់​បាន​ពិនិត្យ​សុខភាព​អៀង សារី ជា​ចុងក្រោយ​កាលពី​ថ្ងៃ​ទី៤ និង​ទី៥ ខែវិច្ឆិកា។
លោក​សាស្ដ្រាចារ្យ​ខាំបល​ឆ្លើយ​សំណួរ​របស់​ចៅក្រម​និល ណុន ប្រធាន​អង្គជំនុំជម្រះ សំណួរ​របស់​លោកស្រី​ចៅ​ក្រម ស៊ីលវៀរ ខាតរ៉ាយ និង​មេធាវី​របស់​អៀង សារី លោក​ម៉ា​យ​ឃើ​ល ខា​ណា​វ៉ាស ថា ជន​ជាប់​ចោទ​ដែល​មាន​អាយុ៨៧​ឆ្នាំ​រូបនេះ​មាន​ការ​ចុះខ្សោយ​ផ្នែក​រាងកាយ ប៉ុន្តែ​មិនមែនជា​ការ​រារាំង​ដល់​ការ​ចូល​រួម​សវនាការ​ទេ។
«គាត់​ខ្សោយ​ជាង​ពី​ពេលមុន ហើយ​បញ្ហា​នេះ​ដោយសារតែ​គាត់​អសកម្ម​ផ្នែក​រាងកាយ​ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​ឬ​ក្នុង​រយៈពេល​ប្រហាក់​ប្រហែលគ្នា​នេះ»។
លោក​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត​ដដែល​បញ្ជាក់ថា លោក​បាន​ជួប​ជាមួយ​អៀង សារី ក្នុង​រយៈពេល​មួយ​ម៉ោង ឬមួយ​ម៉ោង​ជាង អៀង សារី អាច​ឆ្លើយ​នឹង​និយាយ​តប​ទៅ​នឹង​សំណួរ​ដោយ​គ្មាន​បញ្ហា​នោះទេ។
លោក​ក៏បាន​ផ្តល់យោបល់​ថា​អៀង សារី​ មិន​ចាំ​បាច់​បន្ត​ស្នាក់​នៅ​មន្ទីរពេទ្យ​ត​ទៅ​ទៀត​នោះ​ទេ។
អៀង សារី បាន​ចូល​សម្រាក​ពេទ្យ​ចាប់តាំង​ពី​ដើម​ខែ​ក​ញ្ញា​មក​ម្លេះ ​ហើយ​ទើប​តែមាន​វត្តមាន​នៅក្នុង​ឱកាស​សវនាការ​នៅថ្ងៃនេះ។ ប៉ុន្តែ​លោក​បាន​ស្ថិតនៅ​បន្ទប់​ឃុំឃាំង​ផ្នែក​ខាងក្រោម​សាល​សវនាការ​ដើម្បី​តាមដាន​ការជម្រះ​ក្តី​អំពី​បញ្ហា​សុខភាព​របស់គាត់​តាម​ទូរទស្សន៍។
សំណុំ​រឿង​០០២​មាន​ជនជាប់​ចោទ​បួន​នាក់​គឺ​អៀង សារី អតីត​រដ្ឋ​មន្ដ្រី​ការបរទេស​ខ្មែរក្រហម ប្រពន្ធ​របស់​គាត់​អៀង ធីរិទ្ធ អតីត​រដ្ឋមន្ដ្រី​សង្គមកិច្ច នួន ជា ប្រធានសភា​និង​ខៀវ សំផន អតីត​ប្រមុខរដ្ឋ។
អៀង ធីរិទ្ធ ត្រូវ​តុលាការ​ដោះលែង​ជាមួយលក្ខខណ្ឌ​បណ្តោះអាសន្ន​បន្តិចបន្តួច​ដោយ​សំអាង​ថា​គាត់​មាន​ជំងឺ​វង្វេង​ស្មារតី​ធ្ងន់ធ្ងរ។
លោក​ខា​ណា​វ៉ាស បាន​ដេញ​សួរ​ដល់​លោ​កច​ន ខាំបលពី​បញ្ហា​ផ្ចង់​អារម្មណ៍​ដែល​អាច​បណ្តាល​មក​ពី​វ័យ​ចំណាស់ និង​សុខភាព​របស់​អៀង សារី ប៉ុន្តែ​លោ​កច​ន ខាំបល នៅ​តែ​រក្សា​ចម្លើយ​ដដែល​ថា​អៀង សារី នៅមាន​សមត្ថភាព​ចូលរួម​សវនាការ​ហើយ​លោក​ផ្តល់យោបល់​ថា អៀង សារី អាច​ចូលរួម​សវនាការ​ពី​បន្ទប់​ឃុំឃាំង​ខាងក្រោម​សាល​សវនាការ​ដែល​អាច​អនុញ្ញាត​ឲ្យ​ជនជាប់ចោទ​មាន​ភាព​ងាយ​ស្រួល​ជាង។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​មិន​ទាន់​សម្រេចសេចក្ដី​លើ​បញ្ហា​សុខភាព​របស់​អៀង សារី​នេះ​នៅ​ឡើយ៕
XS
SM
MD
LG