ភ្នំពេញ៖ ព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមនៅថ្ងៃអង្គារនេះបានបង្ហាញរបាយការណ៍ជាផ្លូវការថាការស្លាប់របស់អៀង សារី បណ្តាលមកពីមូលហេតុធម្មជាតិពោលគឺដោយសារជំងឺប្រចាំកាយរបស់គាត់។
អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសខ្មែរក្រហមបានស្លាប់នៅអាយុ៨៧ឆ្នាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្រុងភ្នំពេញកាលពីថ្ងៃទី១៤ខែមិនានៅពេលដែលតុលាការកំពុងតែដំណើរការកាត់ទោសលើរូបគាត់និងជនជាប់ចោទពីរនាក់ទៀតគឺនួន ជា និងខៀវ សំផន។
សហព្រះរាជអាជ្ញាបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថាការស្លាប់របស់អៀង សារី គឺបណ្តាលមកពីជំងឺស្ទះសរសៃឈាមបេះដូងនិងបណ្តាលមកពីការស្ពៀតសរសៃឈាមទៅចិញ្ចឹមបេះដូងដែលជាជំងឺរ៉ាំរ៉ៃរបស់ជនជាប់ចោទចាប់តាំងពីមុនការចាប់ខ្លួនយកមកកាត់ទោសម្ល៉េះ។
សហព្រះរាជអាជ្ញាបញ្ជាក់បន្ថែមថាការសន្និដ្ឋានលើមូលហេតុស្លាប់របស់អៀង សារី ត្រូវបានស្រង់ចេញតាមរយៈរបាយការណ៍វេជ្ជសាស្ត្រ ពីក្រុមគ្រូពេទ្យ និងពីកូនស្រីរបស់អៀង សារី។
យ៉ាងណាក៏ដោយរបាយការណ៍ស្តីពីការសន្និដ្ឋានលើមូលហេតុនៃការស្លាប់របស់ជនជាប់ចោទអៀង សារី ពិស្តារត្រូវចាត់ទុកជាការ«សម្ងាត់បំផុត»។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថាគ្មានមូលហេតុបន្ថែមពីសេចក្តីបំភ្លឺក្នុងការបញ្ចេញព័ត៌មាននេះទេ។
«គ្មានអ្វីក្រៅពីការស្លាប់ដោយធម្មជាតិទេហើយសូម្បីតែក្រុមគ្រួសាររបស់គាត់ក៏បញ្ជាក់ថាការស្លាប់របស់លោកអៀង សារី ដោយសារតែជរាពាធ ក៏ដូចជាជំងឺរបស់គាត់ដែលមានជាយូរណាស់មកហើយ»។
អៀង សារី គឺជាស្ថាបនិកម្នាក់នៃរបបកម្ពុជាប្រជាធិបតេយ្យនៃពួកកុម្មុយនិស្តអាវខ្មៅខ្មែរក្រហម។ របបនេះបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់និងត្រូវបានសម្លាប់ចោលយ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
អៀង សារី គឺជាស្ថាបនិកម្នាក់នៃរបបកម្ពុជាប្រជាធិបតេយ្យនៃពួកកុម្មុយនិស្តអាវខ្មៅខ្មែរក្រហម។ របបនេះបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់និងត្រូវបានសម្លាប់ចោលយ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
ក្នុងអំឡុងពេលជាប់ឃុំឃាំងជាបណ្តោះអាសន្នជាងប្រាំឆ្នាំនិងក្នុងអំឡុងពេលសវនាការអៀង សារី ក៏ដូចជាមេដឹកនាំខ្មែរក្រហមដែលជាប់ឃុំឃាំងដទៃទៀតដែរមិនបានបង្ហាញពីមូលហេតុនៃការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជានាសម័យនោះទេ។
អៀង សារី បានបដិសេធឆ្លើយនឹងសំណួរនានានៅក្នុងសវនាការដោយទុកឲ្យសហមេធាវីរបស់ខ្លួនគឺលោកម៉ាយឃើល ខាណាវ៉ាស និងលោកអាង ឧត្តម ឆ្លើយជំនួស៕