ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​សិទ្ធិ​មនុស្ស៖​ទម្រង់​ការ​នៅ​តុលាការ​មានការ​កែប្រែខ្លះៗ ​តែនៅ​មាន​ចំណុច​អវិជ្ជមាន​ច្រើន


តុលាការ​មួយក្នុងទីក្រុងភ្នំពេញ
តុលាការ​មួយក្នុងទីក្រុងភ្នំពេញ

ឯករាជ្យ​ភាព​និង​ភាព​មិន​លំអៀង​នៃ​តុលាការ​មាន​ការ​កើន​ឡើង​ ក៏​ប៉ុន្ដែ​ករណី​ឃុំខ្លួន​ជន​ជាប់ចោទ​លើស​នីតិ​វិធី​ដ៏​លើសលប់​ ចៅក្រម​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​ការ​កាត់ទោស​ រួម​ទាំង​ទារុណកម្ម​មួយ​ចំនួន ​នៅតែ​ជា​ការ​ព្រួយបារម្ភ​ខ្ពស់។​ នេះ​គឺ​លទ្ធផល​ នៃ​ការ​រកឃើញ​នៅ​ក្នុង​របាយការណ៍​ស្តីពី​សិទ្ធិ​ទទួល​បាន​ការ​ជំណុំជម្រះ​ដោយ​យុត្តិធម៌​នៅ​កម្ពុជា​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ ​របាយការណ៍​ ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​នេះ។

របាយការណ៍​កម្រាស់​១៣៤​ទំព័រ ​បាន​លើក​ឡើង​ថា ​មាន​ការ​កើន​ឡើង​ចំនួន​មេធាវី​ការពារក្ដី​ផ្នែក​បទ​ឧក្រិដ្ឋ​ គឺ​បទឧក្រិដ្ឋ​ស្ទើរ​តែ​ទាំង​អស់​មាន​មេធាវី​ការពារ​ ផ្ទុយ​ទៅវិញ​សម្រាប់​បទ​ល្មើស​មជ្ឈឹម​មាន​មេធាវី​តិច​តួច ​ដែល​នេះ​គឺ​ជា​បញ្ហា​ប្រឈម​សម្រាប់​ការ​ផ្ដល់​យុត្តិធម៌​ត្រឹមត្រូវ។​ ដោយឡែក​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​របស់​ក្រុម​ចៅក្រម​នៅ​ក្នុង​សវនាការ​គឺ​ជា​ការ​បើក​ឱកាស​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​ពី​ឥទ្ធិពល​ខាង​ក្រៅ​ នៅ​ក្នុង​ពេល​បើក​សវនាការ។

របាយការណ៍​ដែល​ស្រង់​ទិន្នន័យ​រយៈពេល​ប្រាំមួយ​ខែ ​គិត​ពី​ខែ​កក្កដា​រហូត​ទៅ​ដល់​ខែ​ធ្នូ​ឆ្នាំ​២០១០ ​បាន​ធ្វើ​ការ​អង្កេត​ទៅ​លើ​សវនាការ​សរុប​ចំនួន​៥៨៥​ នៅ​ក្នុង​តុលាការ​ខេត្ត​កណ្ដាល​ និង​តុលាការ​ក្រុង​ភ្នំពេញ​ ដែល​នៅ​ក្នុង​នោះ មាន​ជន​ជាប់​ចោទ​សរុប​ចំនួន​១០២៩​នាក់។

ក្រៅពីនោះ​ របាយការណ៍​ដដែល​ក៏​បាន​លើក​ឡើង​ផងដែរ​ថា ​មាន​សេចក្ដី​រាយការណ៍​ថា​ ការ​ធ្វើ​ការ​គំរាម​កំហែង ​ប្រើប្រាស់​ហិង្សា​ និង​ការ​ធ្វើ​ទារុណ​កម្ម​លើ​ជន​ជាប់​ចោទ​ពី​សំណាក់​កុ្រម​ប៉ូលិស​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​សវនាការ​ដ៏​មាន​សារៈ​សំខាន់​មួយ​ចំនួន​តូច។

កញ្ញា​ម៉ាង ​ម៉ូនីកា ​មន្រ្ដី​អង្កេត​ការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​មាន​ប្រសាសន៍​ថា​ មាន​ការ​ជូន​ដំណឹង​អំពី​ការ​បើក​សវនាការ​ និង​ទីកន្លែង​បើក​សវនាការ​តាម​ក្ដារ​ខៀន​ព័ត៌មាន​ ដែល​កើន​ឡើង​ពី​សូន្យ​រហូត​ទៅ​ដល់​៦០​ភាគរយ​ បើ​ធៀប​ទៅនឹង​រយៈពេល​ប្រាំមួយ​ខែ​ចុង​ឆ្នាំ​២០០៩​ ជាមួយ​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១០។

មន្រ្ដី​អង្គការ​សិទ្ធិ​មនុស្ស​ដដែល​បញ្ជាក់​ថា ​ការ​ឃុំ​ខ្លួន​លើស​រយៈពេល​កំណត់​បាន​ថយចុះ​ពី​៨៨​ភាគរយ​នៅ​ឆ្នាំ​២០០៩​ មក​ត្រឹម​៨០​ភាគរយ​ នៅ​ឆ្នាំ​២០១០ ​ក៏ប៉ុន្ដែ​តួលេខ​នេះ​នៅ​តែ​បង្ហាញ​ថា​ តុលាការ​មាន​កំហុស​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។

«វា​នៅ​តែ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ ដោយសារ​តែ​ការ​ឃុំ​លើស​ហ្នឹង​(អាជ្ញាយុកាល)។ ​វា​ជាការរំលោភ​ច្បាប់។ ​អីញ្ចឹង​បើ​ទោះ​បី​ជា​វា​ថយ​ដល់​កម្រិត​ណា ​វា​នៅ​តែ​ជា​ការ​រំលោភ​ច្បាប់​ដដែល»។

ជាមួយ​គ្នា​នេះ​ដែរ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​ និង​តុលាការ​កំពូល​ ចេញ​សេចក្ដី​ណែនាំ​ដល់​ក្រុម​ចៅក្រម​ កុំ​ឲ្យ​និយាយ​(ទូរស័ព្ទ)​ទៅ​កាន់​ភាគី​ណា​មួយ​នៅ​ក្នុង​ពេល​ប្រជុំ​សម្រេច​ក្ដី។ ​ក្រសួង​យុត្តិធម៌​គួរ​តែ​ហាម​ឃាត់​មិនឲ្យ​ភាគី​នានា​ចូល​ក្នុង​បន្ទប់​ពិភាក្សា​សម្រេច​ក្ដី​ ហើយ​ក្រសួង​យុត្តិធម៌​គួរ​ចេញ​បញ្ជា​ឲ្យ​តុលាការ​ទាំងអស់​ឈប់ប្រើ​ទូរស័ព្ទ​ដៃ​ជា​ដើម​ក្នុង​សវនាការ។

លោក​សម ​សុផល ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​មិន​ធ្វើ​ការ​បកស្រាយ​ភា្លមៗ​ ទៅ​លើ​របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នោះ​ទេ។

ដោយឡែក​ លោក​សម ​ប្រជាមានិត ​នាយក​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌​ បាន​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​អំពី​ការ​ដែល​ចៅក្រម​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​ពេល​សវានាការ។ ​លោក​និយាយ​ថា ​ក្រសួង​បាន​ដាក់​បម្រាម​នេះ​រួច​ទៅ​ហើយ។

«ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​សវនាការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ប្រើ​អី​ហ្នឹង ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ធ្លាប់​បាន​ធ្វើ​សេចក្តី​ជូន​ដំណឹង​ផ្លូវ​ការ​ណែនាំ​កុំ​ឲ្យ​ប្រើ​ហើយ ​កាល​ពី​ឆ្នាំ​កន្លង​ទៅ»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ឧត្តមសេនីយ៍​ឯក​ខៀវ ​សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ទទួល​ស្គាល់​ថា ​ការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​ជន​ជាប់​សង្ស័យ​ដោយ​ក្រុម​ប៉ូលិស​អាច​កើត​មាន ​ប៉ុន្ដែ​នោះ​ច្បាស់​ជា​មិន​មែន​ជា​ករណី​ធ្ងន់ធ្ងរ​នោះ​ទេ។

«វា​មិនមែន​ថា​មួយរយ​ភាគរយ​គឺ​សុក្រឹត្យ​ទេ។ ​យើង​មិនមាន​ធ្វើ​ទារុណកម្ម​រហូត​ទៅ​ដល់​ស្លាប់​ទេ​ ឬ​ធ្វើ​ទារុណកម្ម​រហូត​ទៅ​ដល់​បាក់​ជើង​ បាក់​ដៃ​ទេ។ ​វា​គ្មាន​ទេ។​ ប៉ុន្តែ​បើ​យើង​និយាយ​ថា ​គ្មាន​អំពើ​ទារុណកម្ម​ទាំង​អស់ ​យើង​និយាយ​អញ្ចឹង​មិន​ត្រូវ​ទេ»។

ថ្វីបើ​មាន​ការ​ឆ្លើយ​តប​តិចតួច​ពី​មន្ដ្រី​ផ្លូវ​ការ​ទាក់ទង​នឹង​របាយការណ៍​នេះ​ កញ្ញា​ ម៉ាង ​ម៉ូនីកា​មាន​ប្រសាសន៍​ថា ​នាង​បាន​ធ្វើ​ការ​សាកសួរ​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​សាលាដំបូង​រាជាធានី​ភ្នំពេញ ​និង​តុលាការ​ខេត្ត​កណ្ដាល ​ហើយ​ពួក​គាត់​បាន​បកស្រាយ​ថា​ ការ​ប្រើប្រាស់​ទូរស័ព្ទដៃ​នៅ​ក្នុង​ករណី​ខ្លះ​គឺ​ជា​ការ​ចាំបាច់​សម្រាប់​ពួក​គាត់។ ​ដោយសារ​តែ​ពួកគាត់​កាន់​រឿងក្ដី​ជា​ច្រើន​ ពួក​គាត់​ត្រូវ​ការ​ទាក់ទង​ចាត់​ការងារ​ នៅ​ក្នុង​សំណុំរឿង​ផ្សេង​ទៀត។ ​រីឯ​ការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​លើស​នីតិ​វិធី​គឺ​ដើម្បី​ធានា​ទៅ​ដល់​វត្តមាន​របស់​ជន​ជាប់ចោទ​នៅ​ក្នុង​ពេល​បើក​សវនាការ​កាត់ទោស ​និង​ដោយសារ​ខ្វះ​ធនធាន​សម្រាប់​គ្រប់គ្រង​ជន​ជាប់ចោទ៕

XS
SM
MD
LG