ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ដីធ្លី​តវ៉ា​នៅ​ថ្ងៃ​សិទ្ធិ​នារី​ឱ្យ​តុលាការ​ដោះលែង​អ្នកស្រី​យ៉ោម​ បុប្ផា


តុលាការ​ក្រុង​ភ្នំពេញ​​កាល​ពី​ខែធ្នូ​ឆ្នាំ​២០១២​បាន​សម្រេច​​ផ្តន្ទា​ទោស​ អ្នក​ស្រី​យ៉ោម ​បុប្ជា​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បីឆ្នាំ​។​
តុលាការ​ក្រុង​ភ្នំពេញ​​កាល​ពី​ខែធ្នូ​ឆ្នាំ​២០១២​បាន​សម្រេច​​ផ្តន្ទា​ទោស​ អ្នក​ស្រី​យ៉ោម ​បុប្ជា​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បីឆ្នាំ​។​
ភ្នំពេញ៖ អ្នក​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​ដី​ធ្លីនៅ​តំបន់​បឹងកក់​និង​តំបន់​បូរី​កីឡា​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ដើរ​ដង្ហែរ​ក្បួន​តវ៉ា​ពេញ​ទី​ក្រុង​ភ្នំពេញ​ចំថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​អ្នក​ស្រី​យ៉ោម​ បុប្ជា​និង​លើកលែង​ការ​ចោទ​ប្រកាន់​អ្នក​ភូមិបឹង​កក់ផ្សេង​ទៀត​ដែល​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឱ្យនៅ​ក្រៅឃុំបណ្តោះ​អាសន្ន។​

ក្រុម​អ្នក​តវ៉ា​បាន​ស្លៀក​សម្លៀក​បំពាក់​ជា​អ្នក​ទោស​និង​មួយ​ចំនួន​ទៀត​ពាក់​អាវពណ៌​ខ្មៅ​និងពាក់​រូប​អ្នក​ស្រី​យ៉ោម​ បុប្ជា​នៅ​លើក្បាល​ព្រមទាំង​កាន់ទង់ជាតិ​សហរដ្ឋ​អាមេរិក​ អង្គការ​សហប្រជាជាតិ​ប្រទេស​ជប៉ុន​ និង​សហគមន៍​អឺរ៉ុប។ ដោយ​ចាប់ចេញ​ដំណើរ​ពី​កន្លែង​វិវាទ​ដីធ្លី​នៅ​តំបន់​បឹងកក់​ ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ឆ្ពោះ​ទៅ​សាលា​ក្រុង​ភ្នំពេញ​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ និង​ក្រសួង​កិច្ច​ការ​នារី​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​របស់​ខ្លួន​ដែល​កំពុងជាប់​ឃុំ។​
ពួកគេ​បាន​ស្រែក​ថា៖

«ស្ត្រី​គឺជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច។ ​ស្ត្រីគឺជា​មាតា​នៃ​ពិភព​លោក​ហេតុនេះ​ត្រូវ​តែលើក​កម្ពស់​ បញ្ចប់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​មក​លើ​ស្ត្រីដែល​ជា​សកម្មជន​ដីធ្លី»។​

ការ​ដើរ​ក្បួន​តវ៉ា​របស់​អ្នក​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​ដី​ធ្លី​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​រារាំង​តែ​មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រហូត​ដល់​មាន​អំពើ​ហិង្សា​ដូច​ពេល​មុន​ៗ​ទេ។ ក្រុម​បាតុករ​បាន​ដើរ​តាម​មហា​វិថី​នានា​រហូត​ចូល​ក្នុង​តំបន់​បឹងកក់​ដើម្បី​ប្រារព្ធ​កម្មវិធី​របស់​ខ្លួន។​

អ្នក​ស្រី​ទេព វន្នី​តំណាង​អ្នក​ភូមិ​បឹង​កក់បាន​និយាយ​ថា​ការ​យក​ទិវាសិទ្ធិនារី​អន្តរ​ជាតិដើរ​ក្បួន​ដង្ហែរ​នេះ​គឺ​ដើម្បី​ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​បោះ​បង្គោល​ព្រំដី​ជាង​១២​ហិកតា​នៅ​តំបន់​បឹងកក់​ឱ្យ​បាន​ច្បាស់​លាស់​និង​ដោះ​លែង​អ្នក​ស្រី​យ៉ោម​ បុប្ជា​ដែល​កំពុង​ជាប់​ឃុំ។​
លោក​ស្រី​បញ្ជាក់​ថា៖

«គោល​ដៅ​ដែល​សំខាន់​គឺ​ពួក​ខ្ញុំទាមទារ​ឱ្យ​មាន​ការដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ជា​ដែល​ជាស្ត្រី​មួយ​រូប​និង​ជាសកម្មជន​ការពារ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​ត្រូវ​បាន​ប្រព័ន្ធ​តុលាការ​សាលា​រាជធានី​ដំបូង​បាន​ដាក់​ពន្ធនាគារ​៣​ឆ្នាំ​ដោយ​អយុត្តិធម៌។ ដោយសារ​តែ​គាត់​គ្មាន​កំហុស​ទាល់តែសោះ​ហើយ​ខ្ញុំ​សុំ​ឱ្យ​រាជរដ្ឋា​ភិបាល​ដោះលែង​អ្នក​ស្រី​ យ៉ោម បុប្ជា​ ដើម្បី​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​មាន​ការ​គោរព​សិទ្ធិស្ត្រី​ពិត​ប្រាកដ»។​

ស្ថិត​ក្នុង​សម្លៀក​បំពាក់ជាអ្នក​ទោស​និង​មាន​កាន់​ឧគ្ឃោសនស័ព្ទ​បំពង​សំឡេង​ អ្នកស្រី​ សុង ស្រីលាភ​ អាយុ​២៧​ឆ្នាំ​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​ជាមួយ​អ្នក​ភូមិ​បឹងកក់​១៣​នាក់​បាន​និយាយ​ថា​អ្នកស្រី​ពាក់​អាវ​ជាអ្នក​ទោស​នៅ​ថ្ងៃនេះ​គឺ​ចង់​បង្ហាញ​ថា​ពួកគេ​នៅ​តំបន់​បឹងកក់​បាន​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​សិទ្ធិ​ពី​អាជ្ញាធរ​និង​ប្រព័ន្ធ​តុលាការ​ដែលបាន​ប្រើប្រាស់​មក​គាប​សង្កត់ស្ត្រី​ការពារ​ផ្ទះ​ខ្លួន​ឯង។​
អ្នកស្រី​សុង ស្រី​លាភ​បាន​បន្ថែម​ថា៖

«និយាយ​រួម​ទៅស្រ្តីមាន​សិទ្ធិ​គ្រប់បែប​យ៉ាង​តែពេល​ដែល​ខ្ញុំចេញ​ប្រើ​សិទ្ធិ​របស់​ពួក​ខ្ញុំ​ត្រូវ​គេ​ចាប់ដាក់​ពន្ធនាគារ។ អីចឹង​ពួក​ខ្ញុំចង់​ពាក់​អាវ​អ្នក​ទោស​នេះ​ស​បញ្ជាក់​ថា​ពួក​ខ្ញុំប្រឆាំង​ដាច់​ខាត​និង​សុំទាម​ទារ​ឱ្យ​លុប​ការ​ចោទ​ប្រកាន់​ចំពោះ​ស្ត្រី​ហើយ​និង​សុំ​ឱ្យ​រាជរដ្ឋាភិបាល​លើក​កម្ពស់​ស្ត្រី​ដែល​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច»។​

តុលាការ​ក្រុង​ភ្នំពេញកាល​ពី​ខែធ្នូ​ឆ្នាំ​២០១២​បាន​សម្រេចផ្តន្ទា​ទោស​ អ្នក​ស្រី​យ៉ោម ​បុប្ជា​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បីឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦០​ លាន​រៀល​គឺ​ប្រមាណ​ជាង​១៦.000​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ទៅ​ឲ្យ​ជន​រង​គ្រោះ​ ពីរ​នាក់​ បន្ទាប់​ពី​តុលាការ​បាន​សម្រេច​ថា ​អ្នក​ស្រី​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១២។​

លោក ​សួស សំអាត​ ប្រធាន​ចៅ​ក្រម​ជំនុំជម្រះ​ នៅពេលនោះ​បាន​ប្រកាស​ផ្តន្ទាទោសលោក​លួស ​សាខន​ស្វាមី​អ្នកស្រីយ៉ោម បុប្ជា​ឱ្យជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​ដូចគ្នាដែរ ​ក៏ប៉ុន្តែ​ទោស​ទាំង​នោះ​ត្រូវ​ព្យួរ។​
អ្នក​ភូមិ​បូរីកីឡា​និង​តំបន់​បឹងកក់​បាន​ដាក់​ញត្តិ​ជា​បន្ត​បន្ទាប់​ទៅ​ស្ថាន​ទូត​នានា​ប្រចាំ​ប្រទេស​កម្ពុជា​ដើម្បី​ឱ្យ​អន្តរាគម​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ជា​តែ​មក​ដល់​ពេល​នេះ​មិន​មាន​ដំណោះ​ស្រាយ​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ទេ៕​
XS
SM
MD
LG