ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី​គ្លីនតុន​ត្រៀម​បញ្ហា​សំខាន់ៗ​សម្រាប់​កិច្ច​ប្រជុំ​អាស៊ាន​អំពី​សន្តិសុខ​

  • Standford Steve

សរអា​ព្យាយាម​ចូលរួម​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​អាស៊ាន​ជាច្រើន​ដើម្បី​ប្រជែង​ឥទ្ធិពល​ជាមួយ​ចិន ​ទាំង​សេដ្ឋកិច្ច​និង​នយោបាយ ​តែបញ្ហា​ជម្លោះ​ព្រំដែន​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ចិន ​និង​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​ ដែល​ក្រុម​អ្នក​វិភាគជាតិ​និង​អន្តរជាតិ​មើល​ឃើញ​ថា​ ជា​ឧបសគ្គ​ ហើយ​សរអា​ត្រូវមាន​ការ​សម្រប​សម្រួល​ខ្លះ​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​នៅ​តំបន់​នេះ។ ​

តាមគោល​នយោបាយថ្មី​របស់​លោក​ប្រធានាធិបតី Barack Obama ​ក្នុង​បំណង​រិត​បន្តឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​ លោកស្រី ​ហ៊ីឡឺរី ​គ្លីន​តុន​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា​នៅខែ​កក្កដា​ នេះ​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន ​ហៅ​ថា ​ASEAN​ Regional Forum ​(ARF)​ ដែល​ផ្តោតលើ​សន្តិសុខ​ក្នុង​តំបន់​ជាច្រើន​រួមទាំង​បញ្ហា​ឧបទ្វីប​កូរ៉េ ​ បញ្ហា​ដែន​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ក្តី។​

លោក​បណ្ឌិត​ចន សូសៀរី​ (John Ciorciari) ​សាស្ត្រាចារ្យ​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ ​Gerald Ford ​School of Public​ Policy ​នៃ​រដ្ឋ​ Michigan ​បាន​ថ្លែង​ថា​ ការភ្ជាប់​ទំនាក់ទំនង​ពហុភាគី​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី អូបាម៉ា ​ជាមួយ​ប្រទេស​ក្នុង​តំបន់​នឹង​ធ្វើ​ឲ្យ​មាន​តម្លៃ​និង​ផល​ប្រយោជន៍​សម្រាប់​សរអា​កាន់តែ​មាន​ប្រសិទ្ធិភាព​ឡើង។​ ទោះ​ជាយ៉ាងណា​ក៏ដោយ ​ការ​ចូល​រួម​ក្នុង​ការ​ពិភាក្សា​រឿង​ជម្លោះ​ដែន​សមុទ្រ​ភាគ​ខាងត្បូងប្រទេស​ចិន​គឺជា​រឿង​សំខាន់ ​ហើយ​ប្រថុយ​ប្រថាន។​

«សរអា​តែ​ឯង​មាន​កម្លាំងយោធា​ដើម្បី​ធានា​សេរីភាព​ចរាចរណ៍នាវា​ក្នុង​តំបន់​អាស៊ី​ខាងកើត​ប្រកប​ដោយ​ការជឿជាក់ ​តែ​ប្រសិន​បើ​រដ្ឋាភិបាល​សរអា​ប្រើ​អំណាច​នេះ​ដោយ​មិន​ប្រយ័ត្ន ​វានឹង​លើក​ទឹក​ចិត្ត​ ឲ្យ​អ្នក​ចូលចិត្ត​កំឡាំង​យោធា​ក្នុង​ប្រទេស​ចិន​ឆ្លើយ​តប​ដូច​គ្នា​ដែរ»។​

លោក សូសៀរី​បាន​អះអាង​ថា​ ទំនាក់ទំនង​សរអា​ ដែល​កើន​ឡើង​ជា​ពិសេស​ក្នុង​តំបន់​ គឺ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជូរ​ចត់​ជា​មួយ​សរអា។ ​ប្រទេស​ទាំងនោះដែល​ត្រូវ​គេ​ដឹង​ថា​ មាន​ប្រវត្តិ​សិទ្ធិ​មនុស្ស​អន់ថយ​នោះគឺ​ប្រទេស​ភូមា ​កម្ពុជា​និង​វៀតណាម។​

«បើទោះ​បី​ជាការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ទាំង​នោះចាំ​បាច់​តម្រូវ​ឲ្យ​សរអា​មាន​ការសម្រប​សម្រួល​ក៏ដោយ​ តែ​ចំណង​ទាក់ទង​សេដ្ឋកិច្ច​ និង​ចំណង​ទាក់ទង​ខាង​នយោបាយ​ខ្លាំងក្លា​ឡើង នឹង​ផ្តល់ឲ្យ សរអា​មាន​ឥទ្ធិពល​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​កំណែ​ទម្រង់​នេះ​ ទាំង​តាម​របៀប​ផ្លូវការ​និង​ក្រៅផ្លូវ​ការ»។​

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅកាត់​ថា​ អាស៊ាន​មាន​១០​ប្រទេស​ជា​តំបន់​មាន​ពលរដ្ឋ​ប្រមាណ​៦០០​លាន​នាក់​នោះ​ និង​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច ​នយោបាយ​ផងដែរ។​ ប្រទេស​កម្ពុជា​ដែល​ជិតដិត​ ជាមួយ​ចិន​នោះ​ នៅ​ឆ្នាំនេះ​ក្លាយ​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ជា​ថ្មី។​គេ​ឃើញ​មានបញ្ហា​ជាច្រើន ​ដូចជា​បញ្ហា​ជម្លោះ​ព្រំដែន​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ ដែល​សមាគម​នេះ​មិន​អាច​រក​សំឡេង​តែមួយ​ដើម្បី ចរចា​ជាមួយ​ចិន​បាន​ ទោះបី​ជា​មាន​សេចក្តី​ថ្លែង​ការណ៍រួម​ និង​កំពុង​តាក់តែង​ក្រម​ប្រតិបត្តិក្នុង​គោល​បំណង​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ក្តី។​ ប្រទេស​មួយ​ចំនួន​ដូច​ជា​ហ្វីលីពីន ​និង​ វៀតណាម​មាន​ភាព​តានតឹង​ជាមួយ​ចិន​ ដែល​ពេល​ខ្លះ​មាន​ការ​ប្រឈម​មុខ​ផ្នែក​អាវុធ​ជាមួយ​ចិន​លើដែន​ទឹក​ដែល​គេចាត់​ទុក​ថា​ ជា​តំបន់​ដឹក​ទំនិញ​ដ៏​ធំជាង​គេ​ក្នុង​ពិភព​លោក។​

លោក ​ជូស្សួ ឃឺឡែនហ្សីក​ (Joshua Kurlantzick) ​អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​សរអា​មួយ​ឈ្មោះ​ «Council on Foreign Relations (CFR)» ​គឺ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ការបរទេស​ ​សម្រាប់​កិច្ចការ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ពុំបាន​ជឿជាក់​ថា​នឹង​មាន​ដំណោះស្រាយ​ទេ ​ទោះជា​មានការ​ពិភាក្សាក្តី​ ដោយ​សារ​ថា​ ​ប្រទេស​សមាជិក​អាស៊ាន​មាន​ជំហរ​ផ្ទុយគ្នា​ ហើយ​កម្ពុជា​មាន​ទំនាក់ទំនង​យ៉ាង​ជិតដិតជាមួយ​ចិន។​

«បញ្ហាក្នុងតំបន់​អាស៊ាន​គឺ​ថា​ មាន​ប្រទេសខ្លះ​ដែល​បារម្ភ​ពី​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ចិន។​ ហើយ​ប្រទេស​ខ្លះ​ដូចជា​កម្ពុជា​បារម្ភ​តិចតួច។​ មាន​ប្រទេស​ខ្លះ​ដែល​បារម្ភពី​បញ្ហា​ទន្លេ​មេគង្គ​ ហើយ​ប្រទេស​ខ្លះ​បារម្ភតិច។​ ក៏​ប៉ុន្តែ​គំនិត​របស់​ខ្ញុំសាមញ្ញ​ទេគឺ​ថា​ លោក​ហ៊ុន​ សែន​មាន​ទំនាក់ទំនង​យ៉ាង​ស្និទ្ធស្នាល​ និង​យ៉ាងល្អ​ជាមួយ​ចិន​បច្ចុប្បន្ន​នេះ។​ ដូច្នេះ​ហើយអ្វី​ដែល​ធ្វើ​ឲ្យចិន​មិន​សប្បាយ​ចិត្ត​ លោក​ហ៊ុន សែន​នឹង​ព្យាយាម​ជៀសវៀង»។​

ក្រុម​អ្នកវិភាគ​និង​មន្ត្រីកម្ពុជា​អះអាង​ថា ​តួនាទី​របស់​សរអា​ដែល​ជា​ប្រទេស​មហា​អំណាច​លេខ១​លើពិភព​លោកខាង​ ផ្នែក​គ្រឿង​សព្វាវុធ​ អាច​ធ្វើឲ្យ​មាន​តុល្យភាព​កម្លាំង​ក្នុង​ជម្លោះ​នានា​រវាង​ប្រទេស​ក្នុង​តំបន់​ជាមួយ​ចិន​ដែល​ទើប​បាន​ទទួល​ងារ​ជា​មហាអំណាច​សេដ្ឋកិច្ច​ដ៏ធំ​ទីពី​លើ​ពិភព​លោក។​

លោកឯក​អគ្គរាជទូត​កម្ពុជា​ ហែម ហេង​ ប្រចាំក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​បាន​អះអាង​ថា​ បញ្ហា​ប្រឈម​មុខ​ក្នុងពិភពលោក​ និង​ក្នុងតំបន់​ តម្រូវឲ្យ​មាន​ការចូលរួម​ដោះស្រាយ​រួមគ្នា​ មិនមែន​មាន​ន័យ​ថា​បញ្ហា​តំបន់​គឺតំបន់​ត្រូវ​ដោះស្រាយ​ទេ។​ លោក​បាន​វាយ​តម្លៃ​ទៅ​លើ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ហ៊ីលឡារី គ្លីន​តុន​ទៅ​កាន់​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន​ដែល​ផ្តោត​លើ​សន្តិសុខ។​

«ការចូលរួមប្រជុំ​របស់​លោក​ជំទាវ​ហ៊ីលឡារី គ្លីនតុន​ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​នេះ​គឺជា​ការ​ល្អមួយ​ក្នុង​ការចូល​រួម​របស់​សរអា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់​ផង​ដែរ។​ ហើយ​ម្យ៉ាងទៀត​ជា​ការជឿ​ទុកចិត្ត​មួយ​ទៅដល់​កម្ពុជា​ដែល​ជាប្រទេស​ម្ចាស់​ផ្ទះ​ គឺ​កម្ពុជា​មាន​សន្តិភាព​ មាន​សន្តិសុខ ​មាន​សុវត្ថិភាព​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ ​នានា​ជាច្រើន។ ​ដូច្នេះ​ នេះ​ធ្វើឲ្យ​ពិភព​លោក​ជឿទុក​ចិត្ត​ដល់​កម្ពុជា​ផង​ដែរ»។​

លោក ​ហែម ហេង​ថ្លែង​ដូច្នេះ​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​ឧបទ្វីប​កូរ៉េ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរប្រល័យ​លោក​ បញ្ហា​ប្រទេស​ភូមា​និង​បញ្ហា​ជម្លោះ​ព្រំដែន​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ ហើយប្រទេស​អាស៊ាន​នីមួយៗ​ ដែល​ជាភាគី​ជម្លោះ​នោះ​ ​នៅ​ប្រទាញ​ប្រទង់​គ្នា​ មិន​ព្រម​ចាញ់​ឈ្នះ​នៅឡើយ។​ ប្រទេស​ចិន ​ដែលចង់​ដោះស្រាយ​បញ្ហា​តាម​រយៈ យន្តការ​ទ្វេភាគី​នោះ​ ធ្លាប់ព្រមាន​ប្រទេស​នានា​ជាពិសេស មិនឲ្យ​សរអា​ចូល​ជ្រៀតជ្រែក​ក្នុង​ជម្លោះ​រវាង​ចិន​និង​ប្រទេស​សមាជិក​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​ទាក់ទង​នឹង​រឿង​ព្រំដែន​ទឹក​នោះ​ ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​អាស៊ាន​មាន​ជំហរ​ឯករាជ្យ។​

លោកបណ្ឌិត​សុខ ​ទូច​ នាយក​សាកល​វិទ្យាល័យ​ខេមរៈ​ក្នុង​ប្រទេស​កម្ពុជា​កត់​សម្គាល់ថា ​បើអាស៊ាន​ចង់​បាន​ដំណោះស្រាយ​មួយ​អាច​ទទួល​យក​បាន​ នៅ​ពេលសមាគម​នេះ​មិនមាន​អំណាច​ដោះសា្រយ​ជាមួយ​ចិន​ ហើយ​គ្មាន​កម្លាំង​សន្តិសុខរួម​ដូចនៅ​សហភាព​អឺរ៉ុប​នោះ ប្រទេស​ក្នុង​តំបន់​អាស៊ាន​ត្រូវ​ការ​មហាអំណាច​ឈរ​នៅ​ពីក្រោយ​រៀងៗ​ខ្លួន។ ​

«អាស៊ាន​មាន​ទេ​ឆ្អឹងខ្នង​នៃកម្លាំងយោធា?​ រាល់​កម្លាំង​យោធា​អាស៊ាន​លាក់កំបាំង​នៅក្នុង​សហគមន៍។​ ពាក្យ​ថា ​សមាគម​យើង​ត្រូវ​ផ្តោះ​ប្តូរ​ព័ត៌មាន​រៀងៗ​ខ្លួន។ ​យើង​ឃើញ​ហើយ​ថា​ វៀតណាមទិញ​អាវុធ​ផ្សេង​ ម៉ាឡេស៊ី​ទិញ​អាវុធផ្សឹង​ ហើយ​ហ្វីលីពីន​ទិញ​អាវុធ​ផ្សេង»។​

លោក អ៊ូ វីរៈ ​នាយក​អង្គការ​សិទ្ធិ​មនុស្សមួយ​ក្នុង​ប្រទេស​កម្ពុជា​បាន​យល់ស្រប​នឹង​គំនិត​ដែល​ថា​ កម្លាំង​សន្តិសុខ​អាស៊ាន​អន់ខ្សោយ​ដូច​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ។ លោក​ថ្លែង​ថា​ទោះជា​ទំនាក់​ទំនង​រវាង​សរអា​និង​កម្ពុជា​មាន​លក្ខណៈ​ប្រសើរក្តី​ តែ​សរអា​មិនគួរ​សម្រប​សម្រួល​រឿង​បញ្ហា​សិទ្ធិ​មនុស្ស​ជាមួយ​កម្ពុជា​និង​អាស៊ាន​ នោះ​ទេ។ ​

«បើសិន​ជា​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​មិន​គោរព​នូវ​គោល​ការគោរព​សិទ្ធិមនុស្ស ហើយនៅតែផ្តល់​ជំនួយ​ ផ្តល់​កិច្ច​សហការ​ផ្នែក​យោធា​ និង​កិច្ចសហការ​ផ្សេងៗ​ទៀត​ អាហ្នឹង​គឺ​ប្រទេស​ចិន​នឹង​រិះគន់​សរអា​វិញ។ ​ដូច្នេះ​សរអា​ត្រូវការ​ប្រុងប្រយ័ត្ន​មែន​ទែន​នូវ​គោល​ជំហរ​របស់​ខ្លួន​ក្នុង​ផ្នែក​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិ​មនុស្ស​នេះ»។​

ក៏ប៉ុន្តែ​លោក ​អ៊ូ វីរៈ​បានអះ​អាង​ថា ​សរអា​នៅតែ​និយាយ​ពី​ស្ថានការណ៍​ពិត​រឿង​សិទ្ធិ​មនុស្ស​សម្រាប់​ប្រទេស​កម្ពុជា​នៅឡើយ​ទេ។ ​លោក​ថ្លែងយ៉ាង​ដូច្នេះ​យោង​ទៅលើ​របាយ​ការណ៍ឆ្នាំ​២០១២​ដែល​បាន​ដាក់​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​អន់ថយ​ផ្នែក​សិទ្ធិ​មនុស្ស។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ បានអះអាង​ថា ​បញ្ហា​សិទ្ធិ​មនុស្ស​មិនមែន​ជា​ឧបសគ្គ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ទេ​ដូចជា​កិច្ចសហ​ប្រតិបត្តិការ​រវាង​សរអា​និង​ប្រទេស​ចិន​ជា​ឧទាហរណ៍​ស្រាប់។ ​

«អ្វីដែល​ជា​សិទ្ធិ​មនុស្ស ​ដែលប្រទេស​ទាំងអស់​នាំគ្នា​និយាយ​ជាពិសេស​សរអា​ ខំនិយាយ​ហ្នឹង​ ​គឺ​និយាយ​ជា​ដៃគូ​ក្នុង​ការ​ពង្រឹង​ការ​រស់នៅ​នៃ​គុណភាព​របស់​ប្រជាពល​រដ្ឋ​រៀងៗ​ខ្លួន។​ អាហ្នឹង​ស្ថិត​នៅ​ក្នុង​គុណធម៌​និង​សីលធម៌»។​

​ដំណើរ​ទស្សនកិច្ច​របស់លោក​ស្រី ​ហ៊ីលឡារី គ្លីនតុន​ទៅកាន់​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​វេទិកាតំបន់​អាស៊ាន​ (ARF) ​នៅដើម​ខែកក្កដា​ខាង​មុខនេះ ​នឹងមាន​តំណាង​ក្រុម​ហ៊ុនធំៗ​ជាច្រើន​ពីសរអា​ទៅកាន់​ប្រទេស​កម្ពុជា​ដើម្បី​ត្រួត​ពិនិត្យ​មើល​ឱកាស​ធ្វើ​វិនិយោគ​ ពាណិជ្ជ​កម្មក្នុង​ប្រទេស​កម្ពុជា​នឹង​តំបន់​អាស៊ាន។​

លោក ​Anthony Nelson​ នាយករង​ផ្នែក​កិច្ចការ​ទំនាក់ទំនង​នៃ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ានក្នុង​ប្រទេស​អាមេរិក ​ហៅថា ​Asean Business ​Council​ បាន​ថ្លែងប្រាប់​វីអូអេ​ថា​ ក្នុង​ពេល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​តំណាង​ក្រុមហ៊ុន​សរអា​ ជាច្រើន​នឹង​ធ្វើ​ដំណើរ​ទៅកាន់​កម្ពុជា​ដើម្បី​ចូលរួម​កិច្ច​ប្រជុំអំពី​បញ្ហា​ពាណិជ្ជកម្ម​នានា។​

«ពួក​គេ​ពិតជា​សម្លឹងមើល​ឱកាសដើម្បី​ធ្វើការទំនាក់ទំនង​ពាណិជ្ជកម្ម​ទៅពាណិជ្ជកម្ម ​និងចូលផងដែរ​ក្នុង កិច្ចពិភាក្សា​ផ្តោះប្តូរ​យោបល់ទៅវិញ​ទៅមក​រវាងរដ្ឋាភិបាល​និងរដ្ឋាភិបាល»

លោក Nelson ​បដិសេធ​បញ្ជាក់​ពីចំនួននិង​ឈ្មោះក្រុមហ៊ុន​ ដែលធ្វើដំណើរទៅ​កម្ពុជាដោយសារថា​ដំណើរការ រៀបចំ​មិនទាន់ធ្វើ​ចប់នៅឡើយ។

លោក ឯកអគ្គរាជទូតកម្ពុជា​ ហែម ហេង​ប្រចាំក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​បានអះអាងថា​លោកស្រី គ្លីនតុន នឹងដឹកនាំ​អ្នកវិនិយោគ ​អាមេរិកាំង​ ប្រមាណ ១០០នាក់​មកពីក្រុមហ៊ុន​ជាច្រើនគ្រោងនឹងធ្វើ​ដំណើរទៅកម្ពុជា ក្នុងពេលកិច្ចប្រជុំ​អាស៊ានដែលមាន​រៀបចំ​ វេទិកាធុរៈកិច្ច ​ឬ​កិច្ចប្រជុំពាណិជ្ជកម្ម​សម្រាប់អ្នកវិនិយោគ​ពីសរអា ក្នុងតំបន់ ​និងបណ្តា​ប្រទេស​ផ្សេងៗចូលរួម​នោះ។

«ខ្ញុំជឿជាក់ថា​វេទិកានេះ​ ទីមួយអាចជួយ​ជំរុញទំនាក់ទំនង​ពាណិជ្ជកម្មក៏ដូច​ជាវិនិយោគទុន​នៅតំបន់អាស៊ាន។​ទីពី ​កម្ពុជាក៏យើងមាន​ចំណេញដែរ​ព្រោះយើងជាម្ចាស់ផ្ទះ​ ហើយគេ​ទៅកម្ពុជាដូច្នេះ​គេនឹងឃើញ​សភាពការណ៍ ជាក់ស្តែង​នៅកម្ពុជា​ហើយអាចនឹងមាន​ក្រុមហ៊ុន​គេនឹងមាន​គោលបំណង​ដើម្បីនឹងបណ្តាក់​ទុននៅស្រុក ខ្មែរដែរ»។

លោក ហែម ហេង​បានអះអាងថា​វេទិកាធុរៈកិច្ច​ដែលមាន​អ្នកវិនិយោគទុន​បរទេសអាមេរិក​និងបណ្តារ ប្រទេស នានា​ចូលរួមនេះ ​មានផលប្រយោជន៍​ដល់កម្ពុជា​និងអាស៊ានផង។​ សមាគមអាស៊ាន​គ្រោងនឹង ​ធ្វើសាមា ហរណកម្ម​សេដ្ឋកិច្ចនៅ​ ឆ្នាំ២០១៥​ខាងមុខដែល​អ្នកវិភាគសេដ្ឋកិច្ចខ្លះ​និយាយថា​អាចជាការ​ទាក់ទាញ​ក្រុម អ្នកវិនិយោគធំៗ​របស់សរអា​និងប្រទេសផ្សេងៗ​ទៀតចូល​ទៅបណ្តាក់ទុន​នៅក្នុង​តំបន់អាស៊ាន។​

ដំណាលគ្នា​ដែលអ្នកវិនិយោគទុន​អាមេរិកធំៗ​ ធ្វើដំណើរ​ទៅកាន់កម្ពុជា​ជាមួយលោកស្រី​រដ្ឋមន្ត្រីការ បរទេសសរអា​ ហ៊ីលឡារី គ្លីនតុន​ដើម្បីចូលរួម​ក្នុងកិច្ចប្រជុំនានា​របស់សមាគម​អាសាននោះ​ ក្រុមអ្នក តាមដាន​ស្ថានការណ៍កម្ពុជា​បានអះអាងថា​នីតិរដ្ឋអន់ខ្សោយ​ក្នុងប្រទេសកម្ពុជា​ទំនងជាមិនអាច ទាក់ទាញ​ក្រុមអ្នកវិនិយោគទុន​សរអាបានទេ​ ដោយនិយាយថា​កម្ពុជាចាំបាច់​ត្រូវសើរើ​ និងពង្រឹងច្បាប់ និងការ​ អនុវត្តច្បាប់​ប្រាកដ​ប្រជា។

ក្រុមអ្នកវិភាគ​បានអះអាងថា​ច្បាប់ក្នុងប្រទេសកម្ពុជា​ស្ថិតនៅលើមាត់​អ្នកនយោបាយ ​មានការផ្លាស់ប្តូរ មិនទៀងទាត់​ ការអនុវត្ត​ច្បាប់​មានលក្ខណៈ​ធូររលុង​ អំពើរពុករលួយ​ តុលាការមិនឯករាជ្យ​ដែលមិន អាចធានា​ដល់ជំនឿ​ទុកចិត្តបាន​របស់អ្នកវិនិយោគ។

លោកបណ្ឌិត សុខ ទូច ​សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យខេមរៈ​ក្នុងប្រទេសកម្ពុជា​បានអះអាង ថាបើច្បាប់​ដែលកើតចេញ​ពីអ្នកនយោបាយ​ប្រែប្រួល​ទៅតាមមាត់​របស់អ្នកនយោបាយ​ គេមិនមក វិនិយោគទេ​សម្រាប់អ្នកវិនិយោគ​រយៈពេលវែង​ដូចជាសរអា។

«ពីព្រោះ​យើងយល់ហើយថា​អ្នកវិនិយោគ​គេអត់យក​កាំភ្លើងមក។​ គេអត់យកកងការពារ​មកទេ គេយកលុយមក​វិនិយោគ។​ អញ្ចឹងស្អីការពារគេ​មិនមែនកាំភ្លើងទេ​ មិនមែននុយក្លែអ៊ែរទេ​ គឺប្រព័ន្ធ ច្បាប់។​ អញ្ចឹងកាលណា​ច្បាប់រឹងមាំវាធ្វើឲ្យអ្នកវិនិយោគ​មានជំនឿ»

កំណើនសេដ្ឋកិច្ចកម្ពុជា​នៅឆ្នាំ២០១២​នេះកើនដល់៦.៥ ភាគរយ។​ពលរដ្ឋកម្ពុជាម្នាក់ៗ​ រកចំណូល បានតែជិត​១ពាន់ដុល្លារក្នុងមួយឆ្នាំ​បើប្រៀបធៀបនឹង​ប្រទេសសឹង្ហបូរី​ជាង៥ម៉ឺនដុល្លា​រសរអាហើយ ប្រទេស​ថៃជិត១ម៉ីនដុល្លារ​នោះ។​ ពលរដ្ឋកម្ពុជា​ត្រូវគេប៉ាន់​ប្រមាណថា​មានជាង២០ម៉ឺននាក់​ដែលធ្វើ ចំណាកស្រុក​ទៅធ្វើការ​នៅប្រទេសជិតខាង​ដោយសារកម្ពុជា​ខ្លួនឯងគ្មានការងារ​ធ្វើគ្មានទីផ្សារ ការងារនិង​ផលិតផល។​ កម្ពុជាត្រូវគេ​ចាត់ទុកថា​ជាប្រទេសក្រីក្រមួយក្នុង​ពិភពលោក។​

លោក សុខ ទូច​អះអាងថា​បើកម្ពុជាមាននីតិរដ្ឋ​ ពលរដ្ឋខ្មែរ​មិនចាំបាច់​ទៅធ្វើការ​នៅប្រទេស​ក្រៅទេ ពេលមាន​អ្នកវិនិយោគ​រយៈពេលវែង​ដូចសរអា​មកបណ្តាក់ទុន​ដូចនៅក្នុង​ប្រទេសវៀតណាម។

«វៀតណាម​ជាប្រទេសកុំម្មុយនីសទៅទៀតហេតុអ្វី​បានជាអាមេរិក​ទៅដាក់សំណង់ IT ​សំណង់គ្រឿង យន្ត​នៅក្នុងប្រទេសវៀតណាម ​ទី១ គឺស្ថិរភាព ទី២ ​គឺ ប្រព័ន្ធច្បាប់។​ វៀតណាមកាត់ទោស​ប្រហារជីវិត​ ហើយមិនរើសមុខ​ ទោះបីជាមាន​ពុករលួយដែរ​តែកម្រិតនៃ​ពុករលួយហ្នឹង​វាត្រូវតែគោរព​ប្រព័ន្ធ ច្បាប់។​ អាហ្នឹងដែលអ្នក​វិនិយោគត្រូវការ»

លោកថ្លែងថាកម្ពុជា​មានច្បាប់​ តែភាពរឹងម៉ាំនៃច្បាប់​ ធ្វើតាមតែ​តម្រូវការរបស់​ អ្នកនយោបាយ ដែលលោក​អះអាងថា​នេះជាបញ្ហា។ ​លោកបានថ្លែងដូច្នេះ​លើកយកឧទាហរណ៍​ចំពោះបញ្ហា​បឹងកក់ និង បូរីកីឡា​ដែលមានពលរដ្ឋ​រាប់ពាន់គ្រួសារ​រងទុក្ខទោស​ដោយសារអ្នក​នយោបាយ។

លោកសុខ ទូច​បានអះអាងថា​ការវិនិយោគ​ក្នុងប្រទេសកម្ពុជា​មានអ្នកវិនិយោគ​រយៈពេលខ្លីឬ​វិនិយោគ បែបឆក់កណ្តៀត។​ លោកសំដៅ​ទៅលើក្រុមហ៊ុនចិន​ដូចជាកំពុង​ធ្វើការជីករ៉ែ ​ឬ​ការវិនិយោគ​រយៈពេល ខ្លីរបស់ប្រទេស​ផ្សេងទៀត​ដែលទិញកោះហើយ​ លក់អាជ្ញាបណ្ណ​បន្ត​ទៀត​ជាដើម ។​ លោកពន្យល់ថា វិនិយោគ​បែបឆក់កណ្តៀត​គឺមានន័យថា​មានអ្វីជា​ឱកាស​គេ​វិនិយោគ​ភ្លាម​ ហើយដកថយភ្លាមៗ​ គឺមិន មានជាលក្ខណៈ​កសាងរោងចក្រ ​ប្រើប្រាស់​ធនធាន​មនុស្ស​ កែច្នៃផលិតផល​ដើម្បីឲ្យពលរដ្ឋ​មាន ការងារធ្វើ​ដូចជាវិនិយោគ​មកពីប្រទេសជប៉ុន​ អាមេរិក​នោះ​ទេ។​ លោកថ្លែងថា​ ស្ថិរភាពនយោបាយ ជាកត្តាសំខាន់​សម្រាប់វិនិយោគ​មែន​តែ​វា​ទាម​ទារអ្វីជាប្រព័ន្ធច្បាប់​ដែរ។

អ្នកវិនិយោគ​ប្រទេសអាមរិកធំៗ​ចំនួនជាង១០០នាក់​គ្រោងនឹងជួបប្រជុំគ្នា​ក្នុងទីក្រុង​សៀមរាប ប្រទេស​កម្ពុជា​នៅសប្តាហ៍ខាងមុខ​ដើម្បីពិភាក្សា​ពីឱកាស​វិនិយោគជាមួយដៃគូ​ ក្នុងតំបន់អាស៊ាន រួមទាំង​កម្ពុជាផង។

លោក អ៊ូ វីរៈ​ នាយកមជ្ឍមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​បានអះអាងថា​កម្ពុជាពិបាក​ក្នុងការទាក់ទាញ វិនិយោគទុនធំៗ​ពីសរអាមែនទែន​ដោយសារ​យើងអត់មាន​ប្រព័ន្ធនីតិរដ្ឋមួយ​ត្រឹមត្រូវ។​ ការទាក់ទាញ វិនិយោគ​ដែលសំខាន់ជាងគេ​នោះគឺប្រទេសកម្ពុជា​ត្រូវមាននីតិរដ្ឋ​ ហើយបញ្ហាសន្តិសុខ​និង​នយោបាយ ជាបញ្ហា​បន្ទាប់បន្សំ។

«វាអាស្រ័យធំ​ជាងគេគឺ​នីតិរដ្ឋហ្នឹងហើយ​វាអត់មានអី​ធំជាងនីតិរដ្ឋទេ។​ ហើយបើសិនជា​មាននីតិរដ្ឋ​ អ្នក វិនិយោគ ​គេហ៊ានមកវិនិយោគ​មកក្នុងប្រទេសកម្ពុជា​ច្រើនជាង។​ ដូច្នេះខ្ញុំមើលទៅ​កត្តានយោបាយក្នុង ពេលបច្ចុប្បន្ននេះ​ជាកត្តាតូចតាចជាង​សម្រាប់ការវិវត្តន៍​សេដ្ឋកិច្ចនៅក្នុង​ប្រទេសកម្ពុជា​និងក្នុងតំបន់។ ខ្ញុំមើលទៅ​ប្រទេសណា​ដែលមាននីតិរដ្ឋ​ទោះបីនៅក្នុង​តំបន់អាស៊ាន​ក៏ដោយនៅក្រៅ​តំបន់អាស៊ាន ក៏ដោយ​តែងតែមាន​ការអភិវឌ្ឍន​មួយ​ត្រឹមត្រូវ»

លោកអះអាងថា​ប្រទេសសឹង្ហបូរី​ដែលមានការ​រីកចម្រើន​លូតលាស់​ផ្នែកសេដ្ឋកិច្ចខ្លាំង​ជាឧទារហរណ៍ ស្រាប់។​ប្រទេសនេះ​មានអ្នកវិនិយោគធំៗច្រើន​ហ៊ានវិនិយោគ​ទោះបីជា ប្រទេស​សីង្ហបូរី​មិនមាន ស្ថិរភាព​ផ្នែកសន្តិសុខ ​តែមានជម្លោះ​ជាមួយប្រទេស​ម៉ាឡេស៊ី​ជាប្រវត្តិសាស្ត្រក្តី។ ​មួយទៀត​គឺប្រទេស កូរ៉េខាងត្បូង​ជាប្រទេសមួយ​ដែលពុំមាន​សន្តិសុខទេ​តែមាននីតិរដ្ឋ​យើងឃើញថា​មានការអភិវឌ្ឍ សេដ្ឋកិច្ច​ដ៏ធំ។

លោកអ៊ូ វីរៈ​បានរំលឹកឲ្យដឹងថា​ការកែប្រែ​ប្រទេស​ឲ្យនីតិរដ្ឋ ​ការគោរពច្បាប់​ត្រឹមត្រូវ​ បំបាត់អំពើ ពុករលួយ ​ការិយាធិបតេយ្យ ​កែទម្រង់​ប្រព័ន្ធតុលាការ​ប្រទេសកម្ពុជា​នឹងមានការ​វិវត្តន៍លឿន​ទៅមុខ ផ្នែកសេដ្ឋកិច្ច។

«បើសិនជា​ប្រព័ន្ធតុលាការយើង​អាចបំពេញតួនាទីមួយ​ក្នុងការធានាថា​ច្បាប់របស់យើងថា​បានអនុវត្ត ត្រឹមត្រូវ​និងយុត្តិធម៌អាហ្នឹង​គឺអ្នករកស៊ី​ក្នុងស្រុកក៏ហ៊ានវិនិយោគ​ ពីក្រៅក៏ហ៊ានវិនិយោគ​ក្នុងប្រទេស កម្ពុជា។ ​ដូច្នេះការរីកចម្រើន​សេដ្ឋកិច្ចគឺតែងតែ​រំពឹងទៅលើប្រព័ន្ធ​នីតិរដ្ឋនេះ។​ យើងមើលទៅ​ប្រទេស សឹង្ហបូរី​ប្រទេសមួយ​ចំនួនផ្សេងទៀត​បានបង្ហាញថា​នីតិរដ្ឋគឺជាគោលសំខាន់​ក្នុងការអភិវឌ្ឍ ​សេដ្ឋកិច្ច​ផងដែរ»

លោកបានថ្លែងថា​ប្រទេសអាមេរិកប្រហែលជាមិនចាប់អារម្មណ៍បណ្តាក់ទុននៅកម្ពុជាទេតែចាប់ អារម្មណ៍​ លើទីផ្សារ​៦០០លាននាក់​ជាពលរដ្ឋ​ក្នុងប្រទេស ​អាស៊ានទាំង១០ ​សម្រាប់ផលិត ផល របស់អាមេរិក​ នៅពេលអាស៊ាន​បើកចំហរទីផ្សាររួម​របស់ខ្លួនឆ្នាំ​២០១៥។​ ហើយការមកកម្ពុជា​របស់ ក្រុមអ្នកវិនិយោគ ​សរអាយ៉ាងច្រើន​ជាមួយលោកស្រី​ហ៊ីលឡារី គ្លីនតុន​លើកនេះគឺ​ដោយសារ​កម្ពុជា ជាប្រធាន​អាស៊ាន។

ទោះជាយ៉ាងណា​ក៏ដោយលោក​ហែម ហេង​ឯកអគ្គរាជទូតកម្ពុជា​ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន​បានអះអាង ថាអ្នកវិនិយោគទុនធំៗ​អាមេរិកប្រមាណ​១០០នាក់នឹង​ជួបប្រជុំគ្នាក្នុង​វេទិកាធុរកិច្ច​ជាមួយ ដៃគូរ វិនិយោគអាស៊ាន​និងកម្ពុជាក្នុង​ខេត្តសៀមរាប​នៅថ្ងៃ១៣កក្កដា​ដើម្បីពិភាក្សាគ្នា​អំពីឱកាស​វិនិយោគ។ លោក ថ្លែងថា​កម្ពុជាក៏ដូចជា​អាស៊ានដែររំពឹងថា​អាចទទួលបាន​ការទាក់ទាញ​ទឹកចិត្តពី​អ្នកវិនិយោគ សរអា។

«ខ្ញុំជឿជាក់ថា​វេទិកានេះ​ ទីមួយអាចជួយ​ជម្រុញទំនាក់ទំនង​ពាណិជ្ជកម្មក៏ដូច​ជាវិនិយោគទុន​នៅតំបន់អាស៊ាន។​ទីពី ​កម្ពុជាក៏យើងមាន​ចំណេញដែរ​ព្រោះយើងជាម្ចាស់ផ្ទះ​ ហើយគេ​ទៅកម្ពុជាដូច្នេះ​គេនឹងឃើញ​សភាពការណ៍ ជាក់ស្តែង​នៅកម្ពុជា​ហើយអាចនឹងមាន​ក្រុមហ៊ុន​គេនឹងមាន​គោលបំណង​ដើម្បីនឹងបណ្តាក់​ទុននៅស្រុក ខ្មែរដែរ»

លោក Anthony Nelson​ នាយករងផ្នែក​កិច្ចការទំនាក់ទំនង​នៃក្រុមប្រឹក្សា​ពាណិជ្ជកម្មអាស៊ាន​ ក្នុង​ប្រទេសអាមេរិក ​ហៅថា ​Asean Business Council​ បានថ្លែងប្រាប់វីអូអេថា​ក្នុងពេលកម្ពុជា​ជាម្ចាស់ផ្ទះ​តំណាងក្រុមហ៊ុន សរអា​ ជាច្រើននឹង​ធ្វើដំណើរទៅកាន់​កម្ពុជាដើម្បី​កិច្ចប្រជុំអំពី​បញ្ហាពាណិជ្ជកម្ម​នានា។

«ពួកគេពិតជា​សម្លឹងមើល​ឱកាស​ដើម្បី​ធ្វើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ហើយក៏ចូលផងដែរ​ក្នុង​កិច្ចពិភាក្សា​ផ្តោះប្តូរ​យោបល់ទៅវិញ​ទៅមក​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល»។​

លោក​ លោកបណ្ឌិត​ចន សូសៀរី​ (John Ciorciari) ​សាស្ត្រាចារ្យ​ផ្នែក​គោល​នយោបាយ​សាធារណៈ ​នៃ​សាលា ​Gerald Ford ​School of Public​ Policy នៃ​សាកលវិទ្យាល័យ Michigan ​បាន​ថ្លែង​ថា​ ប្រទេស​កម្ពុជា​ត្រូវពង្រឹង​ច្បាប់​ នីតិរដ្ឋ​ និង​ការ​តាំងចិត្ត​ប្រាកដប្រជា​មួយ​ចំនួន​ដើម្បី​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកវិនិយោគ។​

«អ្នកវិនិយោគ​ឯកជន​សំឡឹង​មើល​ជា​សំខាន់​នោះ​គឺ​ផល​ចំណេញ​ និង សុវត្ថិភាព។​ ដូច្នេះ​ បន្ថែម​ពីលើ​ការ​បង្ហាញ​ថា​ លោក​ស្រីរដ្ឋមន្ត្រី​ការ​បរទេស​សរ​អាហ៊ីលឡារី គ្លីនតុន ​និង​ពាណិជ្ជករ​សរអា​ចាប់អារម្មណ៍​អំពី​មូលដ្ឋាន​សេដ្ឋកិច្ចច្បាស់លាស់​នោះ​ ខ្ញុំគិត​ថា​ បញ្ហា​ប្រសើរ​បំផុត​ គឺ​ថា​ ប្រទេសកម្ពុជា​ និង​ប្រទេស​ជិតខាង​ក្នុង​សមាគម​អាស៊ាន​អាច​បង្ហាញ​នោះ​គឺសញ្ញា​ប្តេជ្ញា​ចិត្ត​ដ៏ពិតប្រាកដ ​ដើម្បី​អនុវត្តច្បាប់​កម្ម​សិទ្ធិ​បញ្ញា ​ដើម្បី​អនុវត្ត​កិច្ច​សន្យា​ ហើយ​ក្រៅពីនេះ​គឺត្រូវ​កសាង​ច្បាប់​ នីតិរដ្ឋ ​ដែល​ជាអំណោយ​ផល​ចំពោះ​សន្តិសុខ​ និង​ការ​វិនិយោគ​ក្នុង​តំបន់»។​

លោក ជៀម យាប​ អ្នក​តំណាងរាស្ត្រ​គណបក្សប្រជាជន​កម្ពុជា​និងជា​ប្រធាន​គណៈកម្មការសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​សភា ​បាន​អះអាង​ថា​កម្ពុជា​បាន​ធ្វើច្បាប់​ជាច្រើន​តាម​កម្រិតស្តង់ដារ​អន្តរជាតិ​ និង​អង្គការ ពាណិជ្ជកម្ម​ពិភព​លោក WTO​ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​យ៉ាង​ច្រើន​ដែល​កំពុង​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​ថ្លែង​ថា​រោង​ចក្រ​ សហគ្រាស​បរទេស​ដែល​កំពុង​ដំណើរការ​ មាន​ជាង​៥៤០ ​ដែល​ទទួល​បាន​ការជឿ​ទុកចិត្ត​ពី​កម្ពុជា​ទាក់ទង​នឹង​សន្តិភាព​ សុវត្ថិភាព។​

«កម្ពុជា​នឹង​ក្លាយ​ជានីតិរដ្ឋ​បណ្តើរៗ ​ដោយសារ​ច្បាប់​អ្វីៗ​ទាំងអស់​ដែល​មាន​ការពាក់ព័ន្ធ​ទៅ​នឹង​សង្គម​របស់កម្ពុជា​ ពាក់ព័ន្ធ​ទៅនឹង​ការ​ធ្វើ​អាជីវកម្ម​ ឬក៏​វិនិយោគ​របស់​បរទេស​ យើង​មាន​ច្បាប់​គ្រប់គ្រាន់។​ ហើយ​ទន្ទឹម​នេះ​ទៀត​ យើង​ឃើញ​ថា​ សុខ​សន្តិភាព​ពេញ​លេញ​ហ្នឹង​គឺ​ជាការ​លើក​ទឹកចិត្ត​ដល់​វិនិយោគ​គិន​ទាំងជាតិ​និងអន្តរជាតិ»។​

កម្ពុជា​ត្រូវ​គេដឹង​ថា​ នាំ​ចេញ​ផលិតផល​របស់ខ្លួន​ភាគ​ច្រើនជា​សម្លៀក​បំពាក់​ទៅកាន់​ទីផ្សារ​អាមេរិក​ជាង​២ពាន់លាន​ដុល្លារ​នៅ​ឆ្នាំ​កន្លង​ទៅ​នេះ តែ​សរអា​នាំចូល​មក​កម្ពុជា​មានតែ​ជាង​១៥០​លាន​ដុល្លារ​ប៉ុណ្ណោះ។​ ប្រទេស​ចិន​ជាប្រទេស​នាំមុខ​គេ​ក្នុង​ការធ្វើ​វិនិយោគ ​ក្នុង​ប្រទេស​កម្ពុជា។​ ប្រទេស​កូរ៉េខាងត្បូង ​និង​អឺរ៉ុប​ឈរ​ក្នុង​លំដាប់លេខ​រៀង​បន្តបន្ទាប់។

XS
SM
MD
LG