មន្រ្តីនៃក្រសួងសុខាភិបាលកម្ពុជា និងមន្ដ្រីអង្គការសុខភាពពិភពលោក (Who) បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមស្របពេលដែលរបាយការណ៍នានាបង្ហាញថា សញ្ញានៃការផ្ទុះឡើងនៃជំងឺនេះគួរឲ្យព្រួយបារម្ភក្នុងឆ្នាំនេះ។
ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមកាលពីថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងភ្នំពេញ លោកវេជ្ជបណ្ឌិត ច ម៉េងចួ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត សាស្រ្ត បាណកសាស្រ្ត អះអាងថា កម្ពុជាកំពុងស្ថិតក្នុងភាពប្រឈមនៃហានីភ័យខ្ពស់នៃការផ្ទុះរាតត្បាតនៃជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថាប្រជាពលរដ្ឋ និងក្រុមអាជ្ញាធរត្រូវតែរួមដៃគ្នា ទប់ស្កាត់ ជំងឺនេះចាប់ពីពេលនេះទៅ។
«ខ្ញុំសូមអំពាវនាវដោយទទូចសុំ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ មេត្តា ជួយជំរុញចលនាទាំងនេះ ដើម្បីបញ្ជ្រៀសកុមារពីគ្រោះមរណដោយគ្រុនឈាម»។
បុគ្គលិកសុខាភិបាល បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល កូនសិស្ស និងគ្រូបង្រៀនសរុប ប្រមាណជាង៥០០នាក់ បាននាំគ្នាដើរជាក្បួនដង្ហែក្នុងទិវាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមក្នុងឆ្នាំនេះ។ ដោយចេញដំណើរពីមុខសណ្ឋាគារកាំបូឌីយ៉ាណា ឆ្ពោះទៅកាន់សាលាបឋមសិក្សា ភ្នំពេញថ្មីនៅក្នុងខណ្ឌសែនសុខ ជាយទីក្រុងភ្នំពេញ។
អ្នកចូលរួមពាក់អាវយឺតពណ៌សដៃខ្លី និងពាក់មួកសដូចៗគ្នាដោយនៅលើមួក និងអាវយឺតនោះមានសសេរសារជាច្រើនដែលមានន័យថា «រួមគ្នាបំបាត់មូសខ្លា»។ មូសខ្លាដែលជាសត្វភ្នាក់ងារចម្លងមេរោគនៃជំងឺគ្រុនឈាម។
រដ្ឋាភិបាលកម្ពុជាបានគ្រោងថវិកាចំនួន ២,២លានដុល្លារអាមេរិកដើម្បីទប់ស្តាត់ការផ្ទុះជំងឺគ្រុនឈាមក្នុងឆ្នាំនេះ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត បាណកសាស្រ្តបានឲ្យដឹងថាករណី ជំងឺគ្រុនឈាមបានកើនឡើងចំនួន ៣១១ភាគ ក្នុងរយៈពេល ១៤សប្តាហ៍ នៅដើមឆ្នាំ២០១២នេះ បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំកន្លងទៅ ក្នុងនោះកុមារកើតជំងឺសរុបទូទាំងប្រទេសមានចំនួន១៣៩៣នាក់ ហើយកុមារដែលបានគ្រោះថ្នាក់ ដល់ជីវិតមានចំនួន ៨នាក់។ រីឯនៅឆ្នាំ២០១១ កុមារឆ្លងជំងឺគ្រុនឈាមមានត្រឹមតែ៣៣៩នាក់ប៉ុណ្ណោះ និងមានកុមារស្លាប់ចំនួន៤នាក់។
រហូតមកទល់នឹងថ្ងៃសុក្រនេះចំនួនកុមារដែលឆ្លងជំងឺគ្រុនឈាមបានកើនឡើងដល់ ១.៥៥០នាក់ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាក្រុងភ្នំពេញ និងខេត្តសៀមរាបដោយសប្តាហ៍មុនមានត្រឹម តែ១.០២៧នាក់ប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងរបស់ លោកសាស្រ្តាចារ្យ ហេង សុទ្ធី អនុប្រធាន មន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ។ មន្ទីរពេទ្យគន្ធរបុប្ផា គឺជាមន្ទីរពេទ្យដែលទទួលកុមារមានជំងឺគ្រុនឈាមច្រើនជាងគេនៅកម្ពុជា។
លោកវេជ្ជបណ្ឌិត ភីតធើ វ៉ាន់ ម៉ារេន ( Pieter van Maaren )តំណាងអង្គការសុខភាពពិភព លោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍នៅក្នុងឱកាសនោះដែរថាការប្រយុទ្ធនឹងជំងឺគ្រុនឈាមគឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់ៗគ្នា ហើយជំងឺនេះមិនអាចប្រយុទ្ធប្រឆាំងតែត្រឹមកម្រិតនៃការឆ្លើយតបនៃផ្នែកសេវាសុខាភិបាលបាននោះទេ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល បានជំរុញឲ្យមានការការពារ និងបង្ការ «ជាអតិបរិមា» នូវជំងឺរាតត្បាតចំពោះកុមារនេះ។
«សំខាន់ណាស់ ពីព្រោះមូសខ្លាវាសម្លាប់កូនយើង វារស់នៅជាមួយកូនយើង។ បើយើងជាមាតាបិតាអាណាព្យាបាលយល់ឃើញថាអាន្នឹង វាជាអ្នកសម្លាប់កូនយើង។ ដូច្នេះយើងត្រូវតែធ្វើដូម្តេចការពារ ឬបំបាត់ជម្រកដង្កូវទឹក ដែលបង្កមូសខ្លានេះ»។
ជំងឺគ្រុនឈាមនៅកម្ពុជា តែងតែផ្ទុះឡើងរាតត្បាតយ៉ាងខ្លាំងក្លាជាប្រចាំរវាងពី ៣ ទៅ ៥ឆ្នាំម្តង។ ដូច្នេះនៅក្នុងឆ្នាំ ២០១២នេះ គឺជាវដ្ដនៃការផ្ទុះនៃជំងឺគ្រុនឈាម។ ជំងឺនេះបានផ្ទុះឡើងខ្លាំងនាចុងក្រោយនេះនៅឆ្នាំ២០០៧ ដែលមានមនុស្សជិត ៤ម៉ឺននាក់បានកើតជំងឺនេះ ក្នុងនោះប្រហែលជា៩៥ភាគរយ ជាកុមារហើយបានធ្វើឲ្យមនុស្ស ជាង៤០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមនេះ។
រដូវវស្សាគឺជារដូវនៃការចម្លងជំងឺគ្រុនឈាមខ្លាំង ដែលមានចាប់ពីខែមិថុនារហូតដល់ខែតុលា។ ជំងឺគ្រុនឈាមភាគច្រើនកើតលើកុមារ ដែលមានអាយុតិចជាង១៥ឆ្នាំ។ ជំងឺនេះចម្លងដោយមូស ខ្លា។ មូសខ្លាដែលកើតចេញពីទឹកថ្លុក ទឹកដក់ក្នុងឧបករណ៍ផ្សេងៗ ដែលគេបោះបង់ចោលជាដើម។ មានប្រជាពលរដ្ឋកម្ពុជាចន្លោះពី ១០.០០០នាក់ ទៅ ១២.០០០នាក់ ក្នុងមួយឆ្នាំៗឆ្លងជំងឺនេះ។ ក៏ប៉ុន្ដែអត្រាស្លាប់ដោយសារជំងឺនេះមានកម្រិតក្រោមមួយភាគរយ៕