ក្រុមអ្នកនិពន្ធខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនឹងជួបជុំគ្នានៅឯសាកលវិទ្យាល័យហាវឺដនៅចុងខែនេះដើម្បីផ្សព្វផ្សាយពីការលំបាកដែលអ្នកនិពន្ធខ្មែរក្នុងប្រទេសកម្ពុជាកំពុងប្រឈមមុខនិងស្វែងរកវិធីដើម្បីជួយដល់ពួកគេឱ្យមានសេរីភាពបន្ថែមទៀតក្នុងការសរសេរនិពន្ធ។
លោក ខូ តារាឫទ្ធិ អ្នកនិពន្ធខ្មែរមួយរូបនិងជាអ្នករៀបចំការប្រជុំនៅថ្ងៃទី២៤ ខែមេសាខាងមុខនេះបានបញ្ជាក់ថា៖
«យើងចង់ប្រាប់ទៅអ្នកនិពន្ធអ្នកកាសែតអ្នកបោះពុម្ភផ្សាយនៅប្រទេសកម្ពុជាថាបងប្អូនខ្មែរនៅខាងក្រៅប្រទេសមិនដែលនៅស្ងៀមហើយគិតគូរទៅដល់អ្នកនៅខាងក្នុងជានិច្ចហើយយើងរួមដៃគ្នាក្នុងការអភិវឌ្ឍវិស័យទាំងនេះ។ យើងមិនទុកឱ្យបងប្អូននៅក្នុងស្រុកឯកោទេ»។
ការប្រជុំដែលមានឈ្មោះថា "The Living Magazine” ឬ«សិទ្ធិសេរីភាពក្នុងការតែងនិពន្ធ»នឹងទាក់ទាញក្រុមអ្នកស្រាវជ្រាវនិងនិស្សិតនៃសាកលវិទ្យាល័យហាវឺដព្រមទាំងសហគមន៍ខ្មែរចូលរួមស្វែងយល់ពីស្ថានភាពលំបាកដែលអ្នកនិពន្ធក្នុងប្រទេសកម្ពុជាជួបប្រទះ។
លោកស្រី ជេន អាន់រូ (Jane Unrue) ជាអ្នកនិពន្ធនិងជាសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យហាវឺដបានបញ្ជាក់ដែរថា៖
«ព្រឹត្តិការណ៍នេះនឹងមានប្រសិទ្ធភាពតាមរបៀបផ្សេងៗមួយចំនួន។ វាជាការថ្លែងទៅទស្សនិកជនរួមដែលមានពលរដ្ឋកម្ពុជានិងអ្នកដែលមិនមែនជាកម្ពុជាហើយមិនដែលយល់ដឹងពីអក្សសាស្រ្តនិងវប្បធម៌ខ្មែរនិងបញ្ហាដែលមានក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ដូច្នេះវានឹងមានបំណងពីរគឺធ្វើជាការអប់រំនិងបង្ហាញហើយក៏ជាការនិយាយក្នុងលក្ខណៈស្និទ្ធស្នាលជាមួយអ្នកដែលយល់ដឹងច្បាស់ពីបទពិសោធរួមទាំងនេះ»។
វាគ្មិនរួមមានអ្នកស្រីកែវ ច័ន្ទបូរណ៍អ្នកនិពន្ធខ្មែរដែលរស់នៅរដ្ឋមីនីសូតា លោកប្រាជ្ញ លី តារាចម្រៀងហ៊ីបហប់និងជាអ្នកនិពន្ធ និងលោកខឿន សំខាន់។
ជារឿយៗអ្នកនិពន្ធខ្មែរនៅខ្វះខាតអ្នកកែសម្រួលស្នាដៃដើម្បីឱ្យមានលក្ខណៈស្តង់ដាអន្តរជាតិដោយស្នាដៃខ្លះត្រូវតម្រូវតាមម្ចាស់រោងពុម្ភ ហើយខ្លះត្រូវយកទៅបោះពុម្ភដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ រីឯការនិពន្ធនៅប្រយ័ត្នប្រយែងដោយខ្លាចមានការចាប់ទោសហើយអ្នកដែលហ៊ាននិពន្ធអត្ថបទដែលបកស្រាយខុសពីទំនៀមទម្លាប់ចាស់តែងតែទទួលរងការរិះគន់ជាច្រើន។
លោកស្រី កែវ ច័ន្ទបូរណ៍ បានបញ្ជាក់ថាលោកស្រីនឹងនិយាយបកស្រាយពីការរិតត្បិតក្នុងសង្គមខ្មែរ ជាពិសេសការរើសអើងចំពោះអ្នកនិពន្ធណាដែលព្យាយាមច្នៃប្រឌិតដើម្បីជំរុញទឹកចិត្តអ្នកអាន។
«ខ្ញុំច្រើនតែសរសេរកែ។ លក្ខណៈរបស់ខ្ញុំរបៀបរបស់ខ្ញុំគឺថាខ្លួនទាបត្រូវតោងដៃខ្លីត្រូវឈោងជើងមានត្រូវដើរឡើងភ្នំ....ពេលណាខ្ញុំសរសេរគឺខ្ញុំសរសេរលក្ខណៈថាជំរុញការប្រឹងប្រែងជំរុញសមត្ថភាពជំរុញកម្លាំងចិត្តឱ្យមនុស្សប្រឹងប្រែងខំមិនឱ្យបាក់ទឹកចិត្ត»។
លោកប្រាជ្ញ លី តារាចម្រៀង Hip Hop ខ្មែរអាមេរិកាំងដ៏មានជោគជ័យម្នាក់ដែលគេស្គាល់តាមរយៈការប្រើប្រាស់តន្រ្តីសម័យដើម្បីបម្រើអារម្មណ៍និងរិះគន់សង្គមបានបញ្ជាក់ថាលោកអាចធ្វើដូច្នេះបានតែនៅសហរដ្ឋអាមេរិកទេប៉ុន្តែនៅកម្ពុជារដ្ឋាភិបាលមើលមកថាលោកជាអ្នកនាំរឿង៖
«ប៉ុន្តែនៅខាងនោះគេមិនឱ្យយើងនិយាយពាក្យពិតៗទេ។ អ្នកខ្លះថាពាក្យពិតវាគ្រោះថ្នាក់ពេកខ្លាចប្រជាជនធ្វើអញ្ចេះអញ្ចុះទៅគេអត់ចង់ឱ្យតមាត់ទេ។ គេចង់បំបិទមាត់ហ្មង»។
សម្រាប់អ្នកកំពុងរស់នៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់ទទួលស្គាល់ថាអ្នកនិពន្ធខ្មែរពិតជាមានសម្ពាធមែនប៉ុន្តែពួកគេហាក់ដូចជាខិតខំប្រយ័ត្នប្រយែងដោយខ្លួនឯងច្រើនជាងមានគេបង្ខំដោយផ្ទាល់។
លោកយូ បូ អតីតប្រធានសមាគមអ្នកនិពន្ធខ្មែរបានបញ្ជាក់ថា៖
«ពិតជាមាន។ មានខ្លះដែរអ្នកខ្លះគាត់ចង់សរសេរបញ្ហានយោបាយ ស្រាប់តែគាត់ថាគាត់មិនហ៊ានទេខ្លាចប៉ះពាល់។ ខ្លះទៀតគាត់ចង់សរសេរបញ្ហាអ្វីមួយទៀតទៅគាត់ថាខ្លាចប៉ះពាល់ ខ្លាចប៉ះពាល់អ្នកធំ អីអញ្ចឹងទៅ។ នោះជាការខ្លាចរបស់គាត់ទេ»។
នេះជាការប្រជុំលើកទីពីររបស់កម្មវិធី “The Living Magazine”។ ការប្រជុំលើកទីមួយដែលបានធ្វើកាលពីពីរឆ្នាំមុនផ្តោតលើអ្នកនិពន្ធដែលមកពីប្រទេសផ្សេងដូចជាអ៊ីរ៉ង់ ចិន និងភូមាជាដើម។