បន្ទាប់ពីបានចេញសារភាពកាលពីថ្ងៃសុក្រសប្តាហ៍មុន ហង្ស វុទ្ធី ហៅយមរាជត្រូវបានតុលាការក្រុងភ្នំពេញបានសម្រេចឃុំឃាំងភ្លាមៗនៅពន្ធនាគារព្រៃស។
ហង្ស វុទ្ធី ត្រូវបានតុលាការបានកាត់ទោសកំបាំងមុខនៅក្នុងករណីបទឧក្រិដ្ឋធំៗចំនួនបួន ដែលរួមមានរឿងក្តីចោទប្រកាន់លើករណីបាញ់សម្លាប់ចៅក្រមសុខ សេដ្ឋាមុនី ករណីបាញ់សម្លាប់លោកអ៊ំ តារាវុធ អតីតប្រធានសាខាអគ្គិសនីចក្រអង្រែ ការប៉ុនប៉ុងធ្វើឃាតលោកឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការប៉េអឹមលើផ្ទៃប្រទេស និងករណីលួចរត់ចេញពីពន្ធនាគារព្រៃស កាលពីខែមិថុនាឆ្នាំ២០០៦។
ហង្ស វុទ្ធី ឬហៅទិវា១៦ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារសរុបរយៈពេល៥១ឆ្នាំ។
លោក កៅ ស៊ូផា មេធាវីកាពារក្តីលោកហង្ស វុទ្ធី បាននិយាយថាតុលាការពុំទាន់បានផ្តល់សាលាក្រមកំបាំងមុខសម្រាប់ពិរុទ្ធជនហង្ស វុទ្ធី នៅឡើយទេ។ លោកបានមានប្រសាសន៍ថានៅពេលដែលតុលាការផ្តល់សាលក្រមកំបាំងមុខ លោកនឹងពិចារណាជាមួយកូនក្តីរបស់លោក ដើម្បីប្តឹងទាស់ទៅនឹងសាលាឧទ្ធរណ៍។
«ជាគោលការណ៍យើងឥតមានគម្រោងអីទេ។ យើងរង់ចាំតុលាការជូនដំណឹងអំពីសាលក្រមកំបាំងមុខទៅឲ្យលោកហង្ស វុទ្ធី។ ពេលហ្នឹងយើងនឹងពិចារណាថា តើប្តឹងទាស់ ឬក៏ប្តឹងឧទ្ធរណ៍ចំពោះសាលក្រមហ្នឹង»។
មន្ត្រីតុលាការក្រុងភ្នំពេញនៅថ្ងៃចន្ទនេះមិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ។
លោក សុខ រឿន ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញបាននិយាយថាលោកកំពុងជាប់រវល់ប្រជុំ។
ហង្ស វុទ្ធី បានចេញមុខសារភាពកាលពីថ្ងៃសុក្រ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដល់មជ្ឈដ្ឋានទូទៅ ជាពិសេសសមត្ថកិច្ច។
ហង្ស វុទ្ធី បានផ្តល់បទសម្ភាសន៍ជាពិសេសមួយជាមួយនឹងវីអូអេសំឡេងសហរដ្ឋអាមេរិកនៅមុនពេលចេញសារភាពថាមូលហេតុដែលគាត់សម្រេចចិត្តចេញសារភាព ដោយសារតែគាត់ចង់ឲ្យតុលាការជួយរកយុត្តិធម៌ចំពោះរឿងក្តីនេះ។ ហង្ស វុទ្ធី និយាយថាលោកមិនបានប្រព្រឹត្តខុសដូចមានការចោទប្រកាន់ទេ។
«ខ្ញុំចូលមកវិញដើម្បីឲ្យតុលាការរកយុត្តិធម៌ឲ្យខ្ញុំផង ហើយរឿងដែលគេចោទថាខ្ញុំបាញ់ចៅក្រមសុខសេដ្ឋាមុនី គឺមិនបានប្រព្រឹត្តទេ ហើយរឿងថាខ្ញុំតាមធ្វើឃាតឧត្តមសេនីយ៍សៅ សុខា ក៏ខ្ញុំឥតមានដែរ ព្រោះគាត់ជាមេរបស់ខ្ញុំ។ ហើយថាតាមធ្វើឃាតអ៊ុក សាវុធ ឥតមានទេ ហើយថាគឹម តារាវុធ ក៏ខ្ញុំឥតមានដែរ»។
លោកឧត្តមសេនីយ៍ឯក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបាននិយាយថាករណីហង្ស វុទ្ធី ត្រូវបានតុលាការសម្រេចវិនិច្ឆ័យទោសរួចហើយពាក់ព័ន្ធនឹងបទឧក្រិដ្ឋធំៗមួយចំនួន ហើយការបដិសេធរបស់ហង្ស វុទ្ធី គឺជាការមិនពិត។ លោកបានមានប្រសាសន៍ថាអ្វីដែលសមត្ថិកច្ចកំពុងតែតាមដានបន្តទៀតនេះគឺរកមូលហេតុពិតដែលនាំឲ្យហង្ស វុទ្ធី ចេញមុខសារភាពជាសាធារណៈ បន្ទាប់ពីលោកបានរត់ចេញពីពន្ធនាគារអស់រយៈពេល៦ឆ្នាំ។
«កន្លងមកយើងកំពុងតែពិចារណា ធម្មតាមនុស្សដែលរត់រួចយូរហើយ ម្តេចក៏ត្រឡប់មកវិញ។ អីញ្ចឹងយើងកំពុងតែគិតថាហេតុអ្វីបានជាគាត់ត្រឡប់មកសារភាពអីញ្ចឹង!»។
ហង្ស វុទ្ធី ហៅយមរាជ អតីតនាយរងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលកុ្រងភ្នំពេញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីឆ្នាំ២០០៦ ជាមួយនឹងមន្ត្រីប៉ូលិសចំនួនបួនរូបផ្សេងទៀត ដែលរួមមានហង្ស វុត្ថា ប្អូនប្រុសរបស់ហង្ស វុទ្ធី គង់ សុផល ហៅ អំ សំខេង និងព្រំ សោភារិទ្ធ នៅក្នុងករណីជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកសុខ សេដ្ឋាមុនី អតីតចៅក្រមនៃតុលាការក្រុងភ្នំពេញកាលពីខែមេសាឆ្នាំ២០០៣៕