«Golden Slumbers»ជាភាពយន្តឯកសារដែលនិយាយពីវិស័យភាពយន្តនៅកម្ពុជាត្រូវបានដាក់បញ្ចាំងឲ្យទស្សនាជុំវិញរដ្ឋកាលីហ្វញ៉ាកាលពីខែមុន ប៉ុន្តែប្រហែលទីកន្លែងដែលសំខាន់ជាងគេនោះគឺនៅទីក្រុងឡងប៊ិច។
ភាពយន្តឯកសារនេះស្រាវជ្រាវជុំវិញពីការបាត់បង់នូវវិស័យភាពយន្តខ្មែរនៅទសវត្សរ៍៦០និង៧០ដោយសារសង្គ្រាម។ រឿងនេះត្រូវបានដាក់បញ្ចាំងនៅទីក្រុងឡងប៊ិចកាលពីខែឧសភាក្នុងមហោស្រពភាពយន្តអាស៊ីបាស៊ីហ្វីកនៃទីក្រុង Los Angeles។ រឿងនេះនឹងត្រូវបញ្ចាំងជុំវិញពិភពលោក ប៉ុន្តែនៅទីក្រុងឡងប៊ិចជាកន្លែងដែលមានទស្សនជនភាគច្រើនជាជនជាតិខ្មែរទស្សនាជាលើកទីមួយ។
ផលិតករលោក ជូ ដាវី ដែលធំឡើងនៅប្រទេសបារាំង ហើយមានជីតារបស់លោកជាផលិតករនៅសម័យនោះផងដែរ ចង់ស្វែងយល់អំពីខ្សែភាពយន្តខ្មែរដែលបានផ្តល់ការកម្សាន្តដល់ទស្សនិកជនតាំងពីទសវត្សរ៍៦០ដល់សម័យសង្គ្រាម។
លោកជូ ដាវី ដែលជាផលិតករ បាននិយាយថា៖
«វាពិតជាពិសេសណាស់សម្រាប់ខ្ញុំក្នុងការមកបញ្ចាំងភាពយន្តឯកសារនៅទីនេះ ពីព្រោះមានប្រជាពលរដ្ឋខ្មែរអាមេរិកាំងច្រើន ហើយពួកគេដឹងអំពីរឿងនេះ។ ដូច្នេះការទទួលខុសត្រូវគឺខុសគ្នា»។
លោក ជូ ដាវី ចាត់ទុកថា ការទទួលខុសត្រូវខាងសិល្បៈនេះជារឿងសំខាន់។ ជាក់ស្តែង តាមរយៈភាពយន្តឯកសារ លោកបានព្យាយាមយ៉ាងខ្លាំងក្នុងសិក្សាពីវិស័យភាពយន្តថា តើវាមានន័យកម្រិតណាដល់ជនជាតិខ្មែរនៅជំនាន់ដែលវិស័យនោះមានកម្រិតខ្ពស់។ តាមរយៈសាច់រឿង Golden Slumber លោកបានជួបជាមួយអ្នកចាស់ៗដែលគាំទ្រវិស័យខ្សែភាពយន្តខ្មែរពីដើម។ លោកបានជួបអ្នកដែលឥឡូវនេះរស់នៅក្នុងរោងកុនចាស់ៗ និងបានជួបផលិតករផ្ទាល់ដើម្បីឲ្យដឹង ថាតើលោកបានបាត់បង់អ្វីខ្លះ។
លោកដាវីក៏បានបង្ហាញនូវខ្សែរភាពយន្តចាស់ខ្លីៗតែផ្តោតទៅលើការអវត្តមាននៃភាពយន្តទាំងនេះ។ លោកប្រាប់ថា លោកចង់រំលឹកអ្នកទស្សនាអំពីស្នាដៃដ៏អស្ចារ្យនៃរឿងចាស់ៗ។
ជូដាវី និយាយថា៖
«ខ្ញុំចង់ដឹង ថាតើពួកគេមានអារម្មណ៍បែបណា ពេលដែលពួកគេឃើញនូវខ្សែភាពយន្តចាស់នោះតាមរយៈភាពយន្តឯកសារនេះ»។
សម្រាប់ទស្សនិកជន ដូចជាលោកយស បូវណ្ណៈ ដែលធ្លាប់ជាតួកុនសម្តែងនាទសវត្សរ៍៨០ រឿង Golden Slumbers គឺពិតជារំឭកលោកទៅដល់កាលពីសម័យដែលវិស័យភាពយន្តខ្មែរមានភាពរីកចម្រើន។
យស បូវណ្ណៈ តួកុនខ្មែរសម័យទសវត្សរ៍៨០និយាយថា
«កាលនោះឯងគឺខាងវិស័យភាពយន្តសិល្បៈទី៧គឺឡើងខ្លាំងណាស់។ ភាពយន្តមិនមែនធ្លាក់អញ្ចេះទេ។»
ចាប់តាំងពីសង្រ្គាម វិស័យភាពយន្តខ្មែរមានភាពដុនដាប ប៉ុន្តែលោកយសបូវណ្ណៈបន្តថា សម័យមាសនោះនិងនៅឋិតថេររហូតដរាបណាខ្សែរភាពយន្តទាំងនេះនៅមានរូបរាង។
យស បូវណ្ណៈ បន្តថា
«គេហៅថា ស្នាដៃអមតៈគឺយើងទទួលស្គាល់នៅក្នុងវប្បធម៌។ ដូចខ្ញុំនិយាយអញ្ចឹងថាវប្បធម៌យើងមានកម្រិតខ្ពស់បំផុតហើយ»។
Golden Slumbers និងបន្តបញ្ចាំងតាមមហោស្រពភាពយន្តជុំវិញពិភពលោក ហើយនឹងចេញលក់នៅសហរដ្ឋអាមេរិក។ លោកជូដាវីបានប្រាប់ថា លោកមានអារម្មណ៍រំភើបជាមួយនឹងការបញ្ចាំងតាមរោងកុននៅស្រុកបារាំងនាខែកញ្ញាខាងមុខនេះ៕