ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិសមភាព​យេនឌ័រ​នៅតែ​មាន​កម្រិត​ខ្ពស់​នៅ​កម្ពុជា​ និង​តំបន់​អាស៊ី


​ប្រទេស​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​បញ្ហា​យែនឌ័រ ​និង​ការអប់រំ​ជា​មូលដ្ឋាន។
​ប្រទេស​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​បញ្ហា​យែនឌ័រ ​និង​ការអប់រំ​ជា​មូលដ្ឋាន។

ស្ដ្រី​នៃ​ប្រទេសកម្ពុជា​ ក៏ដូច​ជា​ស្ដ្រី​នៅ​បណ្តា​ប្រទេស​អាស៊ី​បូព៌ា ​ប៉ាស៊ីហ្វិច​ដែរ​ នៅ​តែ​មាន​ឱកាស​តិចតួច​ និង​មាន​ឥទ្ធិពល​តិច​ជាង​បុរស​នៅ​ក្នុង​សង្គម។ ​នេះ​គឺ​ជា​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

របាយ​ការណ៍​ស្ដីពី​«ឆ្ពោះទៅរក​សមភាព​យេនឌ័រ» ​ឬ​ ភាព​ស្មើគ្នា​រវាង​បុរស​ និង​ស្ដ្រី​នៅ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិច​បង្ហាញ​ថា ​កុមារី​នៅ​តំបន់​នេះ​មាន​អត្រា​ចូលរៀន​ខ្ពស់​បំផុត​ធៀប​នឹង​ចំនួន​កុមារា​នៅ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ទៀត​ក្នុង​ពិភព​លោក។ ​របាយ​ការណ៍​បន្ថែម​ថា ​ស្ដ្រី​នៅ​តំបន់​អាស៊ីបូព៌ា​ និង​ប៉ាស៊ីហ្វិច​ចំនួន​៧០​ភាគរយ​ ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ គឺ​ជា​តួលេខ​ដែល​ស្ដ្រីចូលរួម​ក្នុង​ការគ្រប់គ្រង ​និង​ធ្វើ​ជា​ម្ចាស់​ក្រុមហ៊ុន​នៅ​តំបន់​នេះ​ក៏​មាន​ចំនួន​ច្រើន​ជាង​នៅ​តំបន់​កំពុង​អភិវឌ្ឍ​ដទៃ​ទៀត​ដែរ។​

ប៉ុន្តែ​របាយ​ការណ៍​ដែល​រៀបរៀង​រួមគ្នា​ដោយ​លោក​អេនឌ្រូវ ម៉េសាន់​ (Andrew Mason) ​និង​លោកស្រី​ រីណា បាឌីយ៉ានី ​(Reena Badiani) ​បញ្ជាក់​ថា ​គម្លាតរវាង​ស្ដ្រី ​និង​បុរស​អំពី​យេនឌ័រ​ក្នុង​កាលានុវត្តភាព​សេដ្ឋកិច្ច​និង​សំឡេង ​រួម​ទាំង​ឥទ្ធិពល​នានានៅ​តែ​បន្ត​កើតមាន​ក្នុង​តំបន់​នេះ​នៅ​ឡើយ​ ជាពិសេស​ក្នុង​ការ​រស់នៅ​ក្នុង​គ្រួសារ ​ក្នុង​ផ្នែក​នយោបាយ​ និង​សង្គម​ស៊ីវិល។ រីឯការ​រកប្រាក់​ចំណូល​របស់​ស្ដ្រី​ក៏នៅ​មាន​កម្រិត​មិនទាន់​ប្រៀបធៀប​បាន​ជាមួយ​បុរស​នៅ​ឡើយ។ ​នេះ​ជា​ការ​កត់​សម្គាល់​ក្នុង​របាយ​ការណ៍​នៃ​ធនាគារ​ពិភព​លោក។​

លោក​ Andrew Mason ​អ្នក​សហការ​រៀបរៀង​របាយ​ការណ៍​ មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​សន្និសីទ​កាសែត​របស់​ធនាគារ​ពិភព​លោក​តាមវីដេអូ​ពី​ទីក្រុង​បាងកក​ឲ្យ​ថា ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិច​នៅ​តែ​ប្រឈម​នឹង​បញ្ហា​យេនឌ័រ ​និង​ការអប់រំ​ជា​មូលដ្ឋាន។​ ហើយ​ប្រទេស​កម្ពុជា​ គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​នោះ។​

«ឧទាហរណ៍​ នៅ​ក្នុង​កម្រិត​មធ្យម​សិក្សា​ យើង​បាន​ឃើញ​ថា ​មាន​តែ​យុវនារី​ចំនួន​ ៨៥​ភាគរយ​ប៉ុណ្ណោះ​បាន​ចូលរៀន ​បើធៀប​នឹង​ចំនួន​យុវជន។ ដូច្នេះ​នៅ​មាន​គម្លាត​នៃ​ការអប់រំ​ដែល​ត្រូវ​បំពេញ។ ​ដូច​ជា​នៅ​ប្រទេស​ថៃ​ដែរ ​យើង​បាន​ឃើញ​មាន​កម្លាំង​ពលកម្ម​ស្ដ្រី​ខ្ពស់​ខ្លាំង​ក្នុង​ការងារ​នៅ​ប្រទេស​កម្ពុជា​ ហើយ​យើង​ក៏​ឃើញ​ស្រ្ដី​មាន​ចំនួន​ច្រើន​ខ្លាំង​ដែរ​ ក្នុង​ការងារ​កសិកម្ម​ប្រចាំ​គ្រួសារ​និង​ក្នុង​វិស័យ​សេដ្ឋកិច្ច​ផង​ដែរ។​ ស្ដ្រី​រក​ប្រាក់ចំណូល​បាន​៧៥​សេន​ក្នុង​មួយ​នៅ​ពេល​ដែល​បុរស​រក​បាន​មួយ​ដុល្លារ។​ ដូច្នេះ​នៅ​មាន​គម្លាត​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំណូល​ផង​ដែរ»។​

លោក​ Andrew Mason ​សង្កត់ធ្ងន់​ថា ​យេនឌ័រ​គឺ​ជា​ទ្រព្យសម្បត្តិ​ផ្នែក​សេដ្ឋកិច្ច ​និង​ផលិត​កម្ម​យ៉ាង​សំខាន់​សម្រាប់​តំបន់​នេះ។​

ជាមួយ​គ្នា​នេះ​ អ្នកស្រី​ រីណា បាឌីយ៉ានី ​(Reena Badiani)​ ​មាន​ប្រសាសន៍​ថា ​ស្ដ្រី​នៅ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​ប្រឈម​គ្រោះថ្នាក់​ច្រើន​ជាង​បុរស​ចំពោះ​អំពើ​ជួញដូរ​មនុស្ស។​

​វីអូអេ​បាន​ព្យាយាម​ទាក់ទងលោកស្រី ​អ៊ឹង កន្ថាផាវី ​រដ្ឋមន្ដ្រី​ក្រសួង​កិច្ច​ការនារី ​និង​អតីត​យុទ្ធជន ​និង​លោកស្រី​ ស៊ី ដេហ្វ៊ីន ​អនុរដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​នេះ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ​ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​រាជការ​ខ្មែរ។​

ដោយឡែក​លោកស្រី​ ហ៊ុន ផាណ្ណា ​នាយិការ​ស្ដីទី​របស់​អង្គការ​អភិវឌ្ឍន៍​ស្រ្តី​កម្ពុជា​មាន​ប្រសាសន៍​ស្រប​នឹង​របាយ​ការណ៍​នៃ​ធនាគារ​ពិភព​លោក​ដែរ។​

«ស្រ្តី​រក​ដែរ​ តែ​រក​បានប្រាក់​កំរៃ​មិន​ខ្ពស់​ដូច​បុរស។ ​តាម​ការ​ធ្វើការងារ​របស់​ខ្ញុំ​ ស្ដ្រី​រងគ្រោះ​ និង​ងាយ​រង​គ្រោះ​ជាង​បុរស។ ​គឺ​ថា ​ការ​ជួញដូរ​គឺ​ផ្តោត​លើ​ស្ដ្រី ​និង​កុមារ​ជំទង់ ​ទាំង​ផ្នែក​ជួញដូរ​ផ្លូវភេទ​ទាំង​ផ្នែក​ជួញដូរ​ពលកម្ម»។​

របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​ផ្តល់​អនុសាសន៍​ថា ​ការជំរុញ​សមភាព​យេនឌ័រ​នៅ​តែ​ជា​អាទិភាព​សម្រាប់​តំបន់​ ចាត់​វិធានការ​បង្រួម​គម្លាត​ផ្នែក​សេដ្ឋកិច្ច​នៃ​មនុស្ស​ទាំង​ពីរ​ភេទ​ ពង្រឹង​ភ្នាក់ងារ​របស់​ស្ដ្រី​ និង​ជាពិសេស​ពង្រឹង​តួនាទី​របស់​រដ្ឋបាល​សាធារណៈ​សម្រាប់​លើក​ស្ទួយស្ដ្រី៕​

XS
SM
MD
LG