ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករកម្មការនី​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដើម្បី​ទាម​ទារ​លក្ខខណ្ឌ​ការ​ងារ​ប្រសើរ​ជាង​មុន


លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីប​កម្ពុជា​បានដឹកនាំ​មហាបាតុកម្ម​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ដំបូង បន្ទាប់​ពី​បានបែកបាក់​គ្នា​ជាមួយ​នឹង​លោក​ជា មុន្នី ប្រធាន​សហជីប​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា។

យ៉ាងតិច​មាន​ក្រុម​កម្មការី និង​កម្មការីនី​នៃ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​តៃណាន ប្រមាណ​ជិត​៤,០០០​នាក់​បានចូលរួម ដោយ​បានដើរ​ក្បួន​ដង្ហែ​ដោយ​ស្ងាត់ស្ងៀម​ចេញ​ពី​រោងចក្រ​របស់​ខ្លួន​ដែលមានទីតាំង​នៅ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤។

ការធ្វើ​មហាបាតុកម្ម​ដោយ​សន្តិវិធី​នេះ​ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ប្រមាណ​ជិត ១,០០០​នាក់ ប្រដាប់​ដោយ​អាវុធ ខែល និង​ដំបង់ឆក់ ព្រមទាំង​រថយន្ត​បាញ់ទឹក​បាន​រាំងខ្ទប់។

យ៉ាងតិច​មាន​ក្រុម​កម្មករ​ប្រមាណ​បួន​ទៅ​ប្រាំនាក់ បាន​រង​របួស​តិចតួច​ដោយសារ​តែ​មាន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​នៅពេល​ដែល​ពួក​គេ​ព្យាយាម​ទំលុះ​របាំង​ការពារ​របស់​ប៉ូលីស។ ក្រុម​កម្មករ​ត្រូវ​បានរាំង​ខ្ទប់​ដោយ​សមត្ថកិច្ច​រាប់សិប​នាក់​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​ដាក់ញត្តិ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ក្រសួងការងារ​ទេ ហើយ​ពួកគេ​បាន​សម្រេចចិត្ត​អង្គុយ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៤ ដើម្បី​រង់ចាំ​លទ្ធផល​ការចរចា​រវាង​ដំណាង​សហជីព​ក្រសួង​ការងារ និង​តំណាង​រោងចក្រ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ដែល​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​នេះ​បាន​បញ្ជាក់​ថា ក្រុមកម្មករ​មាន​គម្រោង​ដាក់ញត្តិ​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក និង​ក្រសួង​ការងារ​ដើម្បី​ឲ្យ​ជួយ​រកដំណោះស្រាយ​លក្ខខណ្ឌ​ការងារ​ដល់​ក្រុមកម្មករ​ចំនួន​ប្រាំចំណុច។

«យើង​ចង់​ឲ្យ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​ផ្តល់​ដំណោះស្រាយ​ជូនកម្មករ​ជា​បន្ទាន់ ហើយ​ចៀសវាង​ឲ្យ​និយោជក​ដើរទិញ គំរាមគំហែង​យកលុយ​ទៅ​បិទមាត់​កម្មករ​ទៅ​ទិញ​ប្តី​ឥតបាន ទៅ​ទិញ​ប្រពន្ធ ទៅបុករុក​ឪពុកម្តាយ​។ វា​ជា​រឿង​អាក្រក់​ណាស់»។

បន្ទាប់​ពី​មាន​ការរាំងខ្ទប់​ក្រុមកម្មករ ប៉ុន្មាន​ម៉ោងក្រោយ​មក​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងការងារ​ចំនួន​ពីរ​នាក់ បានមក​ព្យាយាម​សម្របសម្រួល​ជាមួយ​ក្រុមកម្មករ។

«សំណូមពរ​របស់​ក្រុមកម្មករ មាន​ទាំង​អស់​ចំនួន​ប្រាំ​ចំណុច ហើយ​យើង​ដឹង​ថា​ចំណុច​ទី២, ៣ និង​ទី​៤​ហ្នឹង គឺ​ថ្ងៃ​១១ យើង​ប្រជុំ។ ហើយ​យើង​បាន​ឲ្យ​តំណាង​ខាង​និយោជក​មកដោះស្រាយ​រឿង​បញ្ហា​ហ្នឹង»។

ក្រុមកម្មការី និង​កម្មការីនី​នៃ​រោងចក្រ​តៃណាន អតីត​រោងចក្រ​តៃយាន១ និង​តៃយាន២ និង​ខេមវែល បានធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា កន្លងមក​ម្ល៉េះ ដើម្បី​ទាមទារ​លក្ខខណ្ខ​ការងារ​ចំនួន​ប្រាំ​ចំណុច ក៏ប៉ុន្តែ​នៅ​តែ​ពុំមាន​ដំណោះស្រាយ ទើប​ក្រុមកម្មករ​បាន​សម្រេច​ប្រែក្លាយ​ពី​ការ​ធ្វើ​កូដកម្ម មក​ដើរ​ជា​ក្បួន​ដង្ហែ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែ​ម្តង។

កម្មការីនី​មួយ​រូប​ឈ្មោះ រ៉េត ឡៃ អាយុ​២៤​ឆ្នាំ ដែល​បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​កម្មករ​ផ្សេង​ទៀត​បាន​និយាយ​ថា​ក្រុមហ៊ុន​មិន​បាន​ដោះស្រាយ​ចំពោះ​ការ​ទាមទារ​របស់​ពួក​គេ​ទេ។ ក៏ប៉ុន្ត​ផ្ទុយ​ទៅវិញ​បែរ​ជា​ដើរ​ទិញ​ទឹកចិត្ត​ដល់​តំណាង​សហជីព​ដែល​ហ៊ាន​តវ៉ាប្រឆាំង។

«និយាយ​រួម​គេ​អាង​ទឹក​លុយ​យក​ដើរទិញ​ទឹកចិត្ត​កម្មករ​តាម​ផ្ទះ បង្ខិតបង្ខំ​។ ជួនកាល​ឲ្យ​មេ​ៗ យក​ឡាន​ទៅ​ដឹកកូនចៅ​ទៅ​ចូល​ក្រុង​រោងចក្រ។ ​ហើយ​ពួកខ្ញុំ​ឥត​ចង់​បាន​អញ្ចឹង​ទេ​ពួកខ្ញុំ​ចង់​បាន​យុត្តិធម៌ គឺ​ឥត​ចង់​ឲ្យ​មាន​ពុករលួយ​ទេ​ចង់​ឲ្យ​មាន​ដំណោះស្រាយ»។

តំណាង​រោងចក្រ​តៃណាន មិន​អាច​ស្នើសុំ​ដើម្បី​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក៏​ប៉ុន្តែ​លោក សាទ សមុទ្រ អនុរដ្ឋលេខាធិការ​ក្រសួងការងារ​ដែល​បានចុះ​ទៅ​សម្របសម្រួល​នៅ​កន្លែង​កើតហេតុ​បាននិយាយ​ថា ក្រសួងការងារ​កំពុងតែ​ព្យាយាម​រកដំណោះស្រាយ​រវាង​ក្រុមកម្មករ និង​រោងចក្រ។

«ថ្នាក់​ជាតិ​ហ្នឹង កំពុង​មើល​ថា​តើ​ក្រុមហ៊ុន​ហ្នឹង​គាត់​បាន​បន្លំ​ដូរ​ឈ្មោះ​រោងចក្រ​ហ្នឹង តើ​ថៅកែ​ដដែល ឬក៏​គាត់​ចង់​បំបាត់​អតីតភាព​របស់​កម្មករ។ ដូច្នេះ​យើង​នឹង​ពិនិត្យ​ជាមួយ​គ្នា​ ប៉ុន្តែ​ចង់​ឲ្យ​ខាង​ភាគី​លោក​រ៉ុង ឈុន ហ្នឹង​យោគយល់ ឥឡូវ​ធ្វើ​ដល់​ថ្នាក់ជាតិ​ហើយ»។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​របស់​ក្រុមកម្មករ​បានទាមទារ​ឲ្យ​ក្រុមហ៊ុន​នៃ​រោងចក្រ​តៃណាន​ទូទាត់​ប្រយោជន៍ចំពោះ​ការប្តូរ​ឈ្មោះ​ក្រុមហ៊ុន សុំ​សោហុយ​ធ្វើ​ដំណើរ ប្រាក់​រង្វាន់​ទៀងទាត់​ប្រចាំ​ខែ និង​កុំ​ឲ្យ​ក្រុមហ៊ុន​កាត់​មុខ​ដំណែង នៅពេល​ដែល​មាន​ថ្នាក់ដឹកនាំ​សុំ​ច្បាប់​ឈប់សម្រាក​ប្រមាណ​បី​ថ្ងៃ​ឡើង​ទៅ៕

XS
SM
MD
LG