គណបក្សនរោត្តម រណឬទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច បានធ្លាក់ដល់ផ្លូវបំបែកវិញហើយ នៅថ្ងៃអង្គារនេះ បន្ទាប់ពីចាប់ដៃគ្នារលាក់បានប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅមុនពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឬទ្ធិ បានប្រកាសក្នុងសន្និសីទព័ត៌មានមួយកាលពីព្រឹកមិញក្នុងព្រះតំណាក់របស់ព្រះអង្គ ក្នុងក្រុងភ្នំពេញដោយទម្លាក់ការទទួលខុសត្រូវនេះទៅលើលោកញ៉ឹក ប៊ុនឆៃ ដែលជាប្រធានប្រតិបត្តិរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច។
«ឯកឧត្តមញ៉ឹក ប៊ុនឆៃ និងក្រុមរបស់ពួកគាត់ជាអ្នកទទួលខុសត្រូវតែមួយគត់ ចំពោះការបែកបាក់គ្នាឡើងវិញនេះ ចំពោះការពុំអាចឈានទៅរកបាននូវការបង្រួបបង្រួមផ្សះផ្សារជាតិ និងផ្សះផ្សារអ្នករាជានិយម»។
ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីមានបណ្តាញព័ត៌មានដ៏តិចតួចលើកឡើងពីការមិនទុកចិត្តថា ទ្រង់ រណឬទ្ធិ មានទំនោរទៅរកក្រុមគណបក្សជំទាស់។ ព្រះអង្គម្ចាស់ រណឬទ្ធិ បានច្រានចោលការចោទប្រកាន់នេះហើយចាត់ទុកថា នេះជាការបែកបាក់ដែលមិនអាចបិទភ្ជិតវិញបាន។
«ខ្ញុំសូមអំពាវនាវដល់អ្នករាជានិយម អ្នកសីហនុនិយមដែលនៅអង្គុយចាំខ្ញុំត្រឡប់ទៅគណបក្សហ៊្វុនស៊ិនប៉ិចវិញ សូមមេត្តាឈប់ចាំទៀត (ព្រោះ) ចាំខាតពេល។ នៅសល់តែមួយឆ្នាំទៀត យើងឈានទៅរកការបោះឆ្នោតសកលឆ្នាំ២០១៣»។
ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ ត្រូវបានទម្លាក់ពីព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចកាលពីខែតុលា ឆ្នាំ ២០០៦។ បន្ទាប់មកព្រះអង្គដែលធ្លាប់ឈ្នះឆ្នោតលើសលុបលើគណបក្សប្រជាជនកម្ពុជា កាលពីខែឧសភា ឆ្នាំ១៩៩៣ បានយាងទៅបង្កើតគណបក្សមួយដោយដាក់ព្រះនាមខ្លួនឯង គឺគណបក្សនរោត្តម រណឬទ្ធិ។
កាលនោះព្រះអង្គម្ចាស់ រណឬទ្ធិ បានចោទលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ថាបានជ្រៀតជ្រែកនិងបំបែកគណបក្សរបស់ព្រះអង្គ។ ប៉ុន្តែកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ គឺមិនដល់ពីរសប្ដាហ៍ផង មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ គណបក្សទាំងពីរបានចុះហត្ថលេខាសហការគ្នា ហើយប្តេជ្ញាថា នឹងរៀបចំផ្លូវសម្រាប់ច្របាច់បញ្ចូលគ្នាឡើងវិញ។ ពិធីចុះហត្ថលេខាក្រោមអធិបតីភាពរបស់លោក ហ៊ុន សែន។
ជាអតីតនាយករដ្ឋមន្ដ្រីទី១ និងអតីតប្រធានរដ្ឋសភាព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ មានបន្ទូលថា ព្រះអង្គបានជូនដំណឹងដល់លោកហ៊ុន សែន កាលពីសប្ដាហ៍មុនពីមូលហេតុដែលព្រះអង្គមិនអាចយាងទៅដឹកនាំគណបក្សចាស់របស់ព្រះអង្គវិញបានទេ។
ការិយាល័យអ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃនេះ ក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗផងដែរ ដោយសម្ដែងការសោកស្តាយចំពោះសេចក្ដីអះអាងរបស់ព្រះអង្គម្ចាស់រណឬទ្ធិ ពីការបញ្ចប់ការរំលាយចូលគ្នារវាងគណបក្សរាជានិយមគូជម្លោះនឹងគ្នានេះ។
លោក ញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្តិរបស់គណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍តាមទូរស័ព្ទថា លោកមិនអាចទទួលយកបានការចោទប្រកាន់ដែលថា បរាជ័យក្នុងការបង្រួបបង្រួមបក្សទាំងពីរដោយសារតែរូបលោកនោះ។
«ខ្ញុំមានឆន្ទៈពិតប្រាកដក្នុងការបង្រួបបង្រួម ប៉ុន្តែនៅមានបញ្ហាគោលជំហររបស់គណបក្សនរោត្តម រណឬទ្ធិ ដែលចង់បង្រួបបង្រួមជាមួយគណបក្សប្រឆាំង។ ដូច្នេះសុំឲ្យដោះស្រាយបញ្ហាទាំងនេះឲ្យបានជ្រះស្រឡះ ព្រោះកាលណាមិនច្បាស់លាស់ អាចមានបញ្ហាដល់យើងខ្ញុំនៅក្នុងរដ្ឋាភិបាល»។
គណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់យ៉ាងលើសលប់កាលពីថ្ងៃទី៣ ខែមិថុនា។ គណបក្សជំទាស់ពីរគឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានស្ថិតនៅលំដាប់បន្ទាប់។ រីឯគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឬទ្ធិ ទំនងជាឈ្នះអសនៈជាប្រធានក្រុមប្រឹក្សាបានតែមួយប៉ុណ្ណោះ។ នេះបើយោងតាមលទ្ធផលក្រៅផ្លូវការ។
ព្រះអង្គម្ចាស់ រណឬទ្ធិ រំពឹងថាការបង្រួបបង្រួមច្របាច់គណបក្សថមថយកម្លាំងទាំងពីរនេះបាននឹងត្រូវពឹងផ្អែកឥទ្ធិពលលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន។ ប៉ុន្តែលោកញ៉ឹក ប៊ុនឆៃ មានប្រសាសន៍ថា ការរំលាយបក្សទាំងពីរបញ្ចូលគ្នាវិញនេះ គឺស្ថិតលើជំហររបស់បក្សទាំងពីរតែប៉ុណ្ណោះ៕