ភ្នំពេញ៖ គណបក្សហ៊្វុន ស៊ិនប៉ិចគ្រោងនឹងធ្វើសមាជជាតិដ៏ធំមួយនៅថ្ងៃសៅរ៍ស្អែកនេះដែលគេរំពឹងថានឹងមានមនុស្សប្រមាណជាង៣.០០០នាក់ចូលរួម។នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់គណបក្ស។
សមាជថ្នាក់ជាតិដែលគ្រោងធ្វើនៅថ្ងៃស្អែកនេះមានរបៀបវារៈមួយចំនួនដែលរួមមានការកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស អនុម័តលើសមាសភាពក្រុមប្រឹក្សាជាតិគណបក្សនិងជ្រើសតាំងសម្តេចព្រះអនុជនរោត្តម អរុណរស្មី បុត្រីពៅរបស់សម្តេចឪនរោត្តមសីហនុជាប្រធានគណបក្ស។
លោកញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុន ស៊ិនប៉ិចបានប្រាប់ក្នុងអង្គសន្និសីទកាសែតនៅគេហដ្ឋានរបស់លោកថាគណបក្សនឹងមានការកែសម្រួលសមាសភាពថ្នាក់ដឹកនាំមួយចំនួនហើយគណបក្សនេះមិនមានអនុប្រធានទេគឺមានតែប្រធាននិងអគ្គលេខាធិការនិងអគ្គលេខាធិការរងតែប៉ុណ្ណោះ។
លោកញឹកប៊ុនឆៃបាននិយាយថាសមាជគណបក្សគ្រោងនឹងតែងតាំងរូបលោកជាអគ្គលេខាធិការគណបក្សតែមិនទាន់បានសម្រេច១០០%ទេដោយរង់ចាំការប្រជុំរបស់គណៈកម្មាធិការនាយករបស់គណបក្សជាមុនសិន។
«យើងមិនផ្លូវការ១០០%ទេពីព្រោះម៉ោង២នេះគណៈអចិន្ត្រៃយ៍នឹងធ្វើការប្រជុំហើយម៉ោង៤គណៈកម្មាធិការនាយកនឹងធ្វើការប្រជុំជាពិសេសត្រូវសម្រេចអំពីបេក្ខភាពសម្តេចព្រះបុត្រីក្នុងអចិន្ត្រៃយ៍ហើយបានទៅឈរឆ្លងគណៈនាយកហើយនឹងថ្នាក់ដឹកនាំដទៃទៀត»។
លោកញឹក ប៊ុនឆៃបាននិយាយថាមូលហេតុនៃការតែងតាំងព្រះអង្គម្ខាស់អរុណ រស្មី ធ្វើជាប្រធានគណបក្សហ៊្វុន ស៊ិនប៉ិចដោយសារតែព្រះអង្គជាព្រះបុត្រីពៅរបស់ សម្តេចឪនរោត្តមសីហនុ។
គណបក្សហ៊្វុនស៊ិនប៉ិចបានបង្កើតឡើងដោយសម្តេចឪនរោត្តមសីហនុកាលពីថ្ងៃទី២១ខែមិនាឆ្នាំ១៩៨១ដោយធ្វើការប្រមែប្រមូលអ្នករាជានិយមនិងអ្នកស្នេហាជាតិមករួមរួមគ្នាក្នុងដំបូលរបស់គណបក្សហ៊្វុន ស៊ិនប៉ិច។
លោកបាននិយាយថាម៉្យាងវិញទៀតគណបក្សនេះបានលើកដម្កើងស្ត្រីជាថ្នាក់ដឹកនាំដោយសារតែប្រទេសជិតខាងកម្ពុជាគឺប្រទេសថៃមាននាយករដ្ឋមន្ត្រីជាស្ត្រី។
ប្រភពពីមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុន ស៊ិនប៉ិចមួយរូបដែលស្នើសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថានៅក្នុងសមាជថ្ងៃសៅរ៍នេះគណបក្សគ្រោងនឹងតែងតាំងលោកសៅ រ៉ានីជាអគ្គលេខាធិការរងរបស់គណបក្ស ចំណែកឯលោកកែវ ពុទ្ធរស្មី ស្វាមីរបស់ព្រះអង្គម្ខាស់អរុណរស្មីគ្រោងនឹងតែងតាំងជាឧត្តមប្រឹក្សាគណបក្ស។
លោកកែវ ពុទ្ធរស្មី បច្ចុប្បន្នមានតួនាទីជាមគ្គុទេសក៏របស់គណបក្ស លោកញឹក ប៊ុនឆៃជាប្រធានប្រតិបត្តិ ចំណែកលោកលឺ ឡាយស្រេងជាប្រធានកិត្តិយស។ គណបក្សនេះមានសមាជិកគណៈកម្មាធិការនាយកចំនួនប្រមាណ២៦០នាក់។
គណបក្សហ៊្វុន ស៊ិនប៉ិចបានធ្លាក់ចុះសំឡេងឆ្នោតពី៥៨អសនៈក្នុងអណត្តិទី១កាលពីឆ្នាំ១៩៩៣មកនៅត្រឹម៤៨អសនៈក្នុងឆ្នាំ១៩៩៨។នៅក្នុងឆ្នាំ២០០៣ទទួលបានចំនួន២៦អសនៈ ហើយនៅឆ្នាំ២០០៨បានធ្លាក់ចុះមកនៅត្រឹមពីរអសនៈតែប៉ុណ្ណោះក្រោយពីគណបក្សនេះបានពុះបំបែកផ្ទៃក្នុងដ៏ធ្ងន់ធ្ងរ។
លោក ញ៉ឹក ប៊ុនឆៃបានមានសុទិដ្ឋិនិយមថានៅក្នុងឆ្នាំ២០១៣នេះគណបក្សហ៊្វុន ស៊ិនប៉ិននឹងទទួលបានសំឡេងកើនឡើងដោយសារតែគណបក្សរាជានិយមចំនួនពីរ គឺគណបក្សហ្វ៊ុនស៊ិនប៉ិចនិងគណបក្សជាតិនិយមបានរួបរួមគ្នាតែមួយឡើងវិញបន្ទាប់ពីបានបែកអស់រយៈពេលដ៏យូរ៕