ក្រសួងការបរទេសបារាំងបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបំភ្លឺអំពីមូលហេតុពិតប្រាកដ អំពីការចាប់ជនជាតិបារាំងមួយរូប ដែលសង្ស័យថាជាមនុស្សស្និទ្ធនឹងភរិយារបស់លោក បូ ស៊ីឡៃ (Bo Xilai) អ្នកនយោបាយដែលមានឈ្មោះមិនល្អនៅចិន។
កាលពីថ្ងៃទី១៣ ខែមិថុនា កន្លងទៅនេះ អាជ្ញាធកម្ពុជាបានចាប់ខ្លួនលោក ប៉ាទ្រិក ដេវីល្ល័រ(Patrick Devillers) អាយុ៥២ឆ្នាំ ជនជាតិបារាំង ហើយកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅឯនាយកដ្ឋានអន្តរប្រវេសន៍នៃក្រសួងមហាផ្ទៃ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាល។
លោក បឺណាដ វ៉ាឡឺរ៉ូ (Bernard Valero) អ្នកនាំពាក្យក្រសួងការបរទេសបារាំង កាលពីថ្ងៃពុធម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍មួយពីប្រទេសបារាំងមកថា បារាំងបានទទួលដំណឹងពីអាជ្ញធរកម្ពុជាអំពីការចាប់ខ្លួនលោក ប៉ាទ្រិក ដេវីល្ល័រ ដែលកំពុងស្នាក់នៅកម្ពុជា រួចហើយបានបញ្ជូនទៅឃុំឃាំងបណ្តោះអាសន្ន។ នៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាបារាំង ហើយត្រូវបានបកប្រែក្រៅផ្លូវការបានឲ្យដឹងទៀតថា បារាំងបានតាមដានដិតដល់បំផុតចំពោះការចាប់ខ្លួននេះ ហើយយើងក៏បានធ្វើការយ៉ាងប្រុងប្រយ័ត្នផងដែរ ចំពោះការស៊ើបអង្កេតទាំងឡាយណាដែលធ្វើឡើងប្រឆាំងនឹងលោក ប៉ាទ្រិក ដេវីល្ល័រ ដោយគ្មានមូលហេតុច្បាស់លាស់នោះ។
រដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញអំពីមូលហេតុពិតប្រាកដ ដែលនាំទៅរកការចាប់ខ្លួនជនជាតិបារាំងនេះទេ។
លោកឧបកនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរសព្ទថាការចាប់ខ្លួនលោក ប៉ាទ្រិក ដេវីល្ល័រ ដោយសារតែមានការស្នើសុំពីរដ្ឋាភិបាលនៃប្រទេសចិនថាជនសង្ស័យជាប់ពាក់ព័ន្ធបទល្មើសនៅចិន។ លោក ស ខេង មិនបានបញ្ជាក់ពីបទល្មើសអ្វីខ្លះ ដែលលោក ប៉ាទ្រិក ដេវីល្ល័រ បានប្រព្រឹត្តិនៅចិននោះទេ ដោយលោកគ្រាន់តែបានបញ្ជាក់ថារដ្ឋភិបាលកម្ពុជាបាននឹងកំពុងតែធ្វើការជាមួយនឹងភាគីដែលពាក់ព័ន្ធនឹងករណីនេះ។
«ខ្ញុំគិតថាមិនបញ្ជាក់អីទៀតទេ ព្រោះខ្ញុំបានធ្វើការជាមួយនឹងទូតបារាំងអស់ហើយ។ ក្រសួងការបរទេសក៏បានធ្វើការជាមួយនឹងទូតបារាំងដែរ ព្រោះថាកម្ពុជាយើងមានអនុសញ្ញា បត្យាប័នជាមួយនឹងភាគីចិនហ្នឹង។ ធម្មតាយើងត្រូវតែគោរពតាមហ្នឹង ព្រោះយើងបានចុះហត្ថលេខាជាមួយនឹងចិនទៅហើយ។ កាលណាគេស្នើឲ្យត្រូវឃាត់ខ្លួន យើងត្រូវតែធ្វើហើយ។ ប្រសិនបើបញ្ជូនទៅណា នេះគឺជាសេចក្តីសម្រេចរបស់កម្ពុជា។ ហើយបញ្ជូនទៅ ឬមិនបញ្ជូនទៅ នេះជារឿងមួយផ្សេងទៀត ប៉ុន្តែឥឡូវកំពុងតែនៅកម្ពុជា»។
ស្ថានកុងស៊ូលបារាំងប្រចាំកម្ពុជាបានទៅពិនិត្យជាញឹកញាប់ បន្ទាប់ពីមានការចាប់ខ្លួនលោក ប៉ាទ្រិក ដេវីល្ល័រ។
កាលពីថ្ងៃពុធ ម្សិលមិញនេះ រដ្ឋាភិបាលកម្ពុជាបានស្នើសុំឲ្យរដ្ឋាភិបាលចិនផ្តល់ភស្តុងតាងន្ថែមទៀត មុននឹងសម្រេចថា តើគួរតែធ្វើបត្យាប័នជនជាតិបារាំងរូបនេះ ទៅកាត់ទោសនៅចិន ឬ ក៏យ៉ាងណា។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនបានបញ្ជាក់ថាតើមកដល់ពេលនេះកម្ពុជាបានទទួលភស្តុងអ្វីខ្លះ ពីរដ្ឋាភិបាលចិននៅឡើយទេ ដោយគ្រាន់តែបានបញ្ជាក់ថា សមត្ថកិច្ចកំពុងតែធ្វើកិច្ចកាងារទាំងនេះហើយ។
«ទុកឲ្យសមត្ថកិច្ចគេធ្វើទៅ!»
លោក ប៉ាទ្រិក ដេវីល្ល័រ ធ្លាប់បានមករស់នៅទីក្រុងភ្នំពេញ ហើយលោកក៏ជាម្ចាស់កម្មសិទ្ធិដីមួយកន្លែងនៅទីក្រុងកែប ដែលកន្លងមកលោកមិនធ្លាប់បានចោទប្រកាន់អ្វីទាំងអស់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។
លោក ប៉ាទ្រិក ដេវីល្ល័រ ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងលោកអ្នកស្រី ហ្គូ កៃឡៃ (Gu Kailai) ភរិយាលោក បូ ស៊ីឡៃ អតីតអ្នកនយោបាយប្រឆាំងនឹងរដ្ឋាភិបាលចិនមួយរូប ហើយលោកកំពុងជាប់ឃុំឃាំងពីបទធ្វើចារកម្មលើមន្ត្រីចិនជាន់ខ្ពស់ដោយខុសច្បាប់។
អ្នកស្រី ហ្គូ កៃឡៃ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីអំឡុងខែមេសា ពីបទសង្ស័យថាជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលោកណេល ហេវូដ (Neil Heywood) ពាណិជ្ជករជនជាតិអង់គ្លេស៕