នៅថ្ងៃអង្គារនេះ កាំង ហ្កេកអ៊ាវ ហៅឌុច សាក្សីដ៏សំខាន់មួយរូបក្នុងសំណុំរឿង០០២ បានបង្ហាញជាក់លាក់ថែមទៀតថា នួន ជា មានការទទួលខុសត្រូវក្នុងមន្ទីរ ស ២១ ឬ គុកទួលស្លែង និងការទទួលខុសត្រូវនៅក្នុងការធ្វើសេចក្ដីសម្រេចនយោបាយក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។
ឌុច បាននិយាយនៅក្នុងសវនាការដោយអង្គជំនុំជម្រះសាលាដំបូងថាជនជាប់ចោទដែលជាអតីតប្រធានសភាខ្មែរក្រហមរូបនេះបានឡើងត្រួតត្រាគុកទួលស្លែងជំនួសសុន សេន កាលពីខែសីហា ឆ្នាំ ១៩៧៧។
ឌុចបានបញ្ជាក់បន្ថែមថា៖
«ដូច្នេះ ខ្ញុំរាយការណ៍ជូនបង នួន តាំងពីពេលហ្នឹងរហូតមក។ និយាយដោយជាក់លាក់ហ្នឹងគឺចម្លើយសារភាពរបស់មនុស្សដែលជាប់នៅ ស២១។ អ្នកណាដែលខាងលើចាត់ទុកជាសំខាន់។ ជាទូទៅ ខ្ញុំត្រូវរាយការណ៍ជូនគាត់នូវអ្នកទាំងឡាយណាដែលគាត់ចាត់ទុកជាសំខាន់ហើយចម្លើយដល់ណាហើយ។ ដើម្បីសុំមតិកែប្រែ»។
ឌុច បានបន្ថែមទៀតថាគាត់តែងតែជួបដោយផ្ទាល់ជាមួយ នួន ជា ដើម្បីធ្វើសេចក្ដីរាយការណ៍ពីព័ត៌មាននៅគុកទួលស្លែងរាល់បីថ្ងៃ ឬ ប្រាំថ្ងៃម្តង។ ឌុច បានឆ្លើយទៅនឹងសំណួររបស់សហព្រះរាជអាជ្ញារងអន្ដរជាតិ លោក វីលាម ស៊្មីត ថា នួន ជា ឡើងកាន់កាប់កិច្ចការក្នុងគុកទួលស្លែងដោយសារតែ នួន ជា ចង់តាមដានចម្លើយសារភាពរបស់អ្នកទោសសំខាន់ៗ ដែលគាត់ផ្តោតទៅលើ និងដើម្បីក្តាប់សភាពការណ៍នៅក្នុងគុកនេះ។
ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះតុលាការកំពូលឲ្យជាប់ពន្ធនាគារអស់មួយជីវិតចំពោះអំពើឃោរឃៅក្នុងមន្ទីរ ស២១ ដែលនៅទីនោះអ្នកទោសយ៉ាងតិច ១២.៣៨០ នាក់ ត្រូវបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ និងសម្លាប់ចោល។
ក្នុងការផ្តល់សក្ខីកម្មប៉ុន្មានថ្ងៃមកនេះ ឌុច បាននិយាយថា នួន ជា បានដាក់បញ្ជាឲ្យចាប់ជនដែលត្រូវសង្ស័យថាជាខ្មាំងរបស់អង្គការយកមកឃុំឃាំងនៅមន្ទីរ២១ និងបញ្ជាឲ្យកម្ចេចឬសម្លាប់ចោលបញ្ជាឲ្យដកឈ្មោះជនសង្ស័យពីបញ្ជីចេញ។ ក៏ប៉ុន្ដែជនសង្ស័យនៅតែមិនអាចគេចផុតពីការចាប់ខ្លួនយកមកដាក់គុកទេក្នុងរយៈពេលក្រោយមកទៀត។
នៅរសៀលថ្ងៃនេះ ឌុច បានបញ្ជាក់ឡើងវិញថា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមអំណាចត្រូវបានប្រមូលផ្តុំផ្តាច់មុខតែលើមេដឹកនាំតែពីរនាក់គត់។
«អំណាចទាំងអស់ ត្រូវប្រមូលក្តោបក្តាប់នៅលើកណ្តាប់ដៃលេខា គឺ ប៉ុល ពត។ ក៏ប៉ុន្តែ នួន ជា នៅជាមួយនឹងគ្នា។ កាលណា ប៉ុល ពត រវល់នួន ជា ជំនួស។ កាលណា ប៉ុល ពត សម្រេច នួន ជា តាមដានការអនុវត្ត។ ដូច្នេះអំណាចមូលនៅលើ ប៉ុល ពត និង នួន ជា»។
ឌុច ក៏បានអះអាងដែរថា ប៉ុល ពត មេស្ថាបនិករបបកុម្មុយនិស្ដខ្មែរក្រហម គឺជាអ្នកដាក់ផែនការឲ្យប្រើរបបហូបរួម។ ម្យ៉ាងទៀតប្រព័ន្ធតុលាការ សភា តួនាទីប្រមុខរដ្ឋ ការបោះឆ្នោតជ្រើសតាំងសមាជិកសភាសិទ្ធិស្មើគ្នារវាងប្រជាពលរដ្ឋសិទ្ធិស្មើគ្នា រវាងបុរសនិងស្ដ្រីលទ្ធិប្រជាធិបតេយ្យមានចែងតែក្នុងធម្មនុញ្ញរបស់ពួកខ្មែរក្រហមតែប៉ុណ្ណោះ។ ប៉ុន្ដែមិនមានការអនុវត្តជាក់ស្តែងនោះទេ។
សូមបញ្ជាក់ថាសហមេធាវីការពារក្ដីរបស់នួន ជា លោក ម៉ាយឃើល ផេសម៉េន និង សហមេធាវីការពារក្ដីរបស់ជនជាប់ចោទ អៀង សារី បានធ្វើការជំទាស់ជាច្រើនលើកទៅនឹងការតាំងសំណួរមួយចំនួនរបស់សហព្រះរាជអាជ្ញារង លោក វីលាម ស៊្មីត ទៅ ឌុច ដោយសំអាងថាសំណួរទាំងនោះគឺជាសំណួរនាំមុខសម្រាប់ទាញយកចម្លើយឬជាសំណួរដែលមិនត្រូវនឹងសមត្ថភាពរបស់ ឌុច។ ក៏ប៉ុន្ដែ លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងបានចា្រនចោលប្រសិទ្ធភាពនៃការជំទាស់នោះជាបន្តបន្ទាប់៕