លោកលាង សុខជឿន បុគ្គលិកអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំក្រុងភ្នំពេញត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយនៅព្រឹកថ្ងៃពុធនេះ។ ប៉ុន្ដែមន្ដ្រីអង្គការនេះចាត់ទុកថា ការឃុំខ្លួនរយៈពេលពីរឆ្នាំលើបុគ្គលិករបស់ខ្លួនគឺជារឿងយ៉ាងអយុត្តិធម៌។
លោកលាង សុខជឿន អាយុ៣០ឆ្នាំ ត្រូវដឹកចេញពីពន្ធនាគារខេត្តកណ្ដាលតាមរថយន្តដោយមានក្រុមមន្ដ្រីអង្គការលីកាដូមកពីបណ្ដាខេត្ត និងរាជធានីរង់ចាំទទួលនៅមុខខ្លោងទ្វារមន្ទីរឃុំឃាំង។
លោកសុខ ជឿន ពាក់កម្រងភួងផ្កាម្លិះ និងដៃកាន់បាច់ផ្កាស្រស់ស្អាតមួយបាច់ ពោលដោយសោកស្តាយ។
«ថ្ងៃនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដោយបានរួចចេញពីពន្ធនាគារវិញ។ ប៉ុន្ដែខ្ញុំតូចចិត្ត ដោយសារខ្ញុំមិនបានប្រព្រឹត្តទោសកំហុសអ្វីសោះ តែត្រូវតុលាការចាប់ខ្ញុំដាក់គុកដោយអយុត្តិធម៌បំផុត»។
លាង សុខជឿន ធ្លាប់ធ្វើជាបុគ្គលិករត់សំបុត្រឲ្យអង្គការលីកាដូ មុនពេលចាប់ខ្លួន។ គាត់ត្រូវចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិតដោយតុលាការខេត្តតាកែវ ដោយសំអាងថា បុគ្គលិកស្ថាប័នសិទ្ធិមនុស្សរូបនេះបានចូលរួមបាចខិត្តបណ្ណប្រឆាំងថ្ងៃ៧ មករា។ ហើយលោកត្រូវចាប់ខ្លួនកាលពីឧសភា ឆ្នាំ២០០៩ និងកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ ជាមួយនិងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមពីរនាក់ផ្សេងទៀតគឺលោកថាច់ ឡេ និងថាច់ វណ្ណៈ។ ខិតបណ្ណនោះបានចាត់ទុកថា ថ្ងៃ៧មករាជាថ្ងៃដែលប្រទេសវៀតណាមចូលឈ្លានពានប្រទេសកម្ពុជា និងជាថ្ងៃដែលវៀតណាមចូលលេបទឹកដីកម្ពុជាជាដើម។ ក្នុងនោះដែរខិត្តបណ្ណក៏បានវាយប្រហារលើមេដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងបីនាក់ គឺលោកហ៊ុន សែន លោកជា ស៊ីម និងលោកហេង សំរិន។
ហើយក្រោយមក សាលាឧទ្ធរណ៍បានចោទប្រកាន់លោកលាង សុខជឿនពីបទញុះញង់ដល់អំពើក្រិដ្ឋ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន តុលាការកំពូលបានតម្កល់សេចក្ដីសម្រេចទោសរបស់សាលាដំបូងខេត្តតាកែវ ហើយបង្គាប់ឲ្យលោកលាង សុខជឿនបង់ប្រាក់ចូលថវិការដ្ឋចំនួនពីរលានរៀល ឬស្មើនឹង៥០០ដុល្លារអាមេរិក។
យោងតាមលោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ បានឲ្យដឹងថា លោកលាង សុខជឿនបានស្គាល់ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ ព្រះនាមថាច់ កុងភួង ហើយព្រះសង្ឃអង្គនេះ បានពឹងឲ្យរូបគាត់ទៅទទួល ពេលលោកនិមន្តត្រឡប់ពីប្រទេសថៃវិញ។ ព្រះសង្ឃនេះត្រូវអាជ្ញាធរចោទថា ជាមេដឹកនាំបះបោរបាចខិត្តបណ្ណជាច្រើនដងក្នុងខេត្តតាកែវ និងត្រូវបានផ្តន្ទាទោសដោយកំបាំងមុខ។
លោកលាង សុខជឿនបានប្តេជ្ញាថា មិនបោះបង់ការងាររបស់គាត់ជាមួយអង្គការលីកាដូនោះទេ នៅពេលដែលម្តាយរបស់គាត់អ្នកស្រីតាំង ឆេង ដែលបានទៅកាន់ពន្ធនាគារខេត្តកណ្តាលដែរនោះ ចង់ឲ្យកូនរបស់គាត់សម្រាកមួយរយៈ។
លោកស្រីពង្ស ឈីវកេក ប្រធានអង្គការលីកាដូសម្តែងការរីករាយ ប៉ុន្ដែបានឆ្លៀតនិយាយបញ្ឆិតបញ្ឆៀងដល់ការផ្តន្ទាទោសបុគ្គលិករបស់ខ្លួន។
«ខ្ញុំនៅតែតូចចិត្តណាស់ ដោយសារជឿនអត់បានធ្វើខុសអ្វី ហើយជឿន ជាប់ទោសពីរឆ្នាំដោយអយុត្តិធម៌បំផុត។ ហើយខ្ញុំសង្ឃឹមថា ចាប់ពីថ្ងៃនេះទៅ យើងនឹងមិនសូវឃើញមានអយុត្តិធម៌ដូច្នេះទៀតទេ»។
កាលពីឆ្នាំ១៩៩៩ បុគ្គលិកអង្គការលីកាដូចំនួនពីរនាក់ក្នុងខេត្តព្រះសីហនុ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួនមួយខែ ដោយចោទប្រកាន់ថា បានជួយរៀបចំក្រុមប្រជាពលរដ្ឋអ្នកតវ៉ាប្រឆាំងនឹងការនាំនូវកាកសំណល់ពីបរទេសមកទម្លាក់ចោលក្នុងទីរួមខេត្ត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមពីរនាក់ខាងលើក៏ត្រូវបានដោះលែងក្នុងថ្ងៃជាមួយគ្នានេះដែរ៕