ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​រងគ្រោះ​ដីធ្លី​ចេញ​មក​តវ៉ា​ពេល​បក្ស​នយោបាយ​ឃោសនា​បោះឆ្នោត


ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​បឹងកក់​និង​សហគមន៍​បុរី​កីឡា​បាន​ធ្វើការ​តវ៉ា​រួម​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​នៅ​ក្បែរ​ផ្នែក​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​អាជ្ញា​ដោះស្រាយ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គេ។ ​ក៏ប៉ុន្ដែ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​ណា​មួយ​នៅឡើយ​ទេ។

សហគមន៍​ក្រីក្រ​ទាំង​ពីរ​បាន​ទទួលរង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ជាបន្ត​បន្ទាប់​គ្នា​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ។​ ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​ចំនួន​ជាង ​៧០០​គ្រួសារ​ មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ដោះស្រាយ​ចំណែក​ដី​ដល់​ពួក​គេ​គ្រប់​គ្នា​នៅ​ឡើយ។ ​រីឯ​ប្រជា​ពលរដ្ឋ​សហគមន៍​បុរី​កីឡា ​ចំនួន​ជាង​ ១០០​គ្រួសារ​ទៀត​កំពុង​រង់ចាំ​ការ​ដោះស្រាយ​សមរម្យ​សម្រាប់​ពួក​គេ​ផង​ដែរ។

ការតវ៉ា​របស់​ពួក​គេ​នៅ​ថ្ងៃ​នេះ​ ធ្វើឡើង​ចំពេល​ដែល​គណបក្ស​នយោបាយ​ចំនួន​ដប់​កំពុង​ធ្វើ​ការ​ឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់។

អ្នកស្រី​យ៉ោម ​បុប្ផា ​អ្នក​តវ៉ា​ម្នាក់​នៃ​សហគមន៍​បឹងកក់​បាន​ស្ដី​បន្ទោស​លើ​គណបក្ស​កាន់​អំណាច។

«គណបក្ស​ប្រជាជន ​គាត់​ចង់​បាន​សន្លឹកឆ្នោត​ពី​ប្រជា​ពលរដ្ឋ។ ​គាត់​ចង់​ឈ្នះឆ្នោត​ហើយ។​ ឆ្នាំ​មុន​ក៏​ពួក​ខ្ញុំ​បោះឆ្នោត​ឲ្យ​ពួក​គាត់​ដែរ​គ្រប់​អាណត្តិ​ពួក​ខ្ញុំ​បោះ​ឲ្យ។ ​ដល់​ពេល​បោះ​ឲ្យ​ពួក​គាត់​ហើយ​រឿង​ដីធ្លី​ហ្នឹង​នៅ​តែ​ចម្រូង​ចម្រាស់។ ​បញ្ហា​បឹងកក់​ហ្នឹង​ប្រាំឆ្នាំ​ហើយ​អត់​ចេះ​មាន​ដំណោះស្រាយ​ចប់​សោះ»។

ដោយ​ឡែក​តំណាង​សហគមន៍​បុរី​កីឡា​បាន​ចោទ​ប្រកាន់​លើ​អំពើ​ពុករលួយ​និង​លេស​របស់​ក្រុម​អាជ្ញាធរ​ដែល​មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គេ។
«ដោះស្រាយ​ពួក​ខ្ញុំ​បុរីកីឡា​ផង។ ​កុំ​យក​លេស​ថា​ពួកខ្ញុំ​ឥត​ឯកសារ។​ ព្រោះ​ឯកសារ​ពួក​ខ្ញុំ​មិន​អាច​មាន​គ្រប់​គ្នា​ទេ​ ពួក​ខ្ញុំ​សុទ្ធ​តែ​ជនក្រីក្រ។ ​អីចឹង​ពេល​ធ្វើ​ឯកសារ​នីមួយៗ ​អាជ្ញាធរ​សុទ្ធ​តែ​ទាមទារ​លុយ​បាន​ធ្វើ​ឲ្យ​។​ អីចឹង​ពួក​ខ្ញុំ​ខ្វះខាត ​ឥត​មាន​លុយ​ធ្វើ​ឯកសារ​ទេ ​ប៉ុន្តែ​ពួក​ខ្ញុំ​មានឯកសារ​ចម្បង​បង្អស់ ​គឺ​ដី​របស់​ខ្ញុំ​ហ្នឹង​ហើយ​ជា​ឯកសារ​ខ្ញុំ ​ផ្ទះខ្ញុំ​ហ្នឹង​ហើយ​ជា​ឯកសារ​របស់​ខ្ញុំ»។

គណបក្ស​នយោបាយ​ចំនួន​ដប់​កំពុង​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក​ម្ល៉េះ​ ដើម្បី​ដណ្ដើម​អាសនៈ​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​១.៦៣៣​ ដែល​ជា​ចំនួន​ឃុំ​-សង្កាត់​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ​ការ​បោះឆ្នោត​នេះ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា។

លោក​លី ​សាវ៉េត ​នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ​បាន​កោះហៅ​តំណាង​សហគមន៍​បុរី​កីឡា​និង​សហគមន៍​បឹងកក់​ឲ្យ​ជួប​ចរចា​ដាច់​ដោយឡែក​ពី​គ្នា។ ​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ​ដដែល​បាន​លើក​ពេល​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​ទៅ​ក្រោយ​ការ​បោះឆ្នោត។

តំណាង​ប្រជា​ពលរដ្ឋ​សហគមន៍​ទាំង​នេះ​មួយ​ចំនួន​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ​លោក​លី ​សាវ៉េត ​ដែល​គេ​ដឹង​ថា​ ជា​មន្ដ្រី​របស់​គណបក្ស​ប្រជាជន​កំពុង​កាន់​អំណាច​មួយ​រូប​បាន​ប្រាប់​ឲ្យ​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​ទាំង​នេះ​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន​ជា​ថ្នូរ​ជាមួយ​នឹង​ដំណោះស្រាយ។​ ហើយ​ការ​ដោះស្រាយ​នឹង​ធ្វើ​នៅ​ក្រោយ​ពេល​បោះឆ្នោត។

លោក​លី ​សាវ៉េត ​មិន​អាច​ទាក់ទង​បាន​ទេ​ដោយសារ​ទូរស័ព្ទ​របស់​លោក​ផ្តល់​សញ្ញា​ជាប់​រវល់​រហូត។​ រីឯ​លោក​កែប ​ជុតិមា ​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ បាន​លើក​ទូរស័ព្ទ។ ក៏ប៉ុន្ដែ​លោក​និយាយ​ត្រឹម​តែ ​«អាឡូ» ​តែ​ប៉ុណ្ណោះ។

លោក​ទេព ​នីថា ​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​និង​លោក​នី ​ចរិយា​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ផ្តន្ទាទោស​ដំណោះស្រាយ​ខាង​លើ។

លោក​នី ​ចរិយា ​ចាត់​ទុក​ថា​នេះ​ជា​លក្ខខណ្ឌ​ខុស​ច្បាប់។

«ពេល​នេះ​បើ​សិន​ណា ​ជា​មាន​បញ្ហា​ហ្នឹងមែន​ គួរតែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវតែ​មាន​វិធានការ​ទៅ​លើ​អាជ្ញាធរ​ដែនដី​ណា​ ដែល​ធ្វើ​ការ​គាបសង្កត់​យក​សំឡេងឆ្នោត​ដោយ​ការ​បង្ខំ​របៀប​នេះ។ ​ដោយ​យក​ជា​ថ្នូរ ​ទៅ​នឹង​អ្វី​ដែល​ជា​កាត្វកិច្ច​របស់​ខ្លួន​ ក្នុង​នាម​ខ្លួន​ជា​មន្ត្រី​សាធារណៈ»។

លោក​ទេព ​នីថា ​មាន​ប្រសាសន៍​ដូច​គ្នា​ថា ​ប្រសិន​បើ​នេះ​ជា​ការណ៍​ពិត​នោះ​ ការ​ប្រព្រឹត្តិ​របស់​មន្ដ្រី​ខាង​លើ​បាន​បំពាន​លើ​ច្បាប់​បោះឆ្នោត។ ​ក៏ប៉ុន្ដែ​លោក​បញ្ជាក់​ថា​ គជប ​មិន​ទាន់​មាន​គម្រោង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ​ទេ៕

XS
SM
MD
LG