ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា​អាមេរិក​ជួបគ្នា​ខណៈ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ពី​សិទ្ធិ​មនុស្ស


លោក​ហោ ណាំ​ហុង​ រដ្ឋ​មន្ត្រី ការបទេស​កម្ពុជា​​​ជាមួយ​នឹង​លោក​ស្រី​ហ៊ីលឡារី គ្លីនតុន​​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ។
លោក​ហោ ណាំ​ហុង​ រដ្ឋ​មន្ត្រី ការបទេស​កម្ពុជា​​​ជាមួយ​នឹង​លោក​ស្រី​ហ៊ីលឡារី គ្លីនតុន​​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ។

ជំនួប​រវាងលោក​ហោ ណាំ​ហុង​ រដ្ឋ​មន្ត្រី ការបទេស​កម្ពុជា​ជាមួយ​នឹង​លោក​ស្រី​ហ៊ីលឡារី គ្លីនតុនកាលពី​ថ្ងៃ​អង្គារ​មាន​គោល​បំណង​ពង្រឹង​ទំនាក់​ទំនង​ការទូត​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ប៉ុន្តែ​មន្ត្រី​នានា​បញ្ជាក់​ថា​ប្រទេស​ទាំងពីរ​ក៏​បាន​ពិភាក្សា​បញ្ហា​ផ្សេង​ទៀត​ក្នុង​នោះ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រាក់​បំណុល​ដែលកម្ពុជា​ជំពាក់​ផង​ដែរ។

លោក​ស្រី​ហ៊ីលឡារី គ្លីនតុនបាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ឯ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថា​លោក​ស្រី​ក៏​នឹង​ត្រូវ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​របស់​អាស៊ាននៅ​ខែ​ក្រោយបន្ត​ទៀត។

«យើង​រង់ចាំ​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​របស់​អាស៊ាន​នៅ​ប្រទេស​កម្ពុជាក្នុង​ខែ​កក្កដា​ហើយ​យើង​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​ដែល​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​យើង​ទាំង​ពីរ​និង​តំបន់​ក៏​ដូច​ជា​ពិភពលោក​ផងដែរ»។ ​

សហរដ្ឋ​អាមេរិក​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​តំបន់​អាស៊ាន​និង​ប្រទេស​កម្ពុជា​បន្ទាប់​ពី​អាក់ខាន​មួយ​រយៈ​ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោកហោ​ណាំ​ហុង​មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​កម្ពុជា។ ជាផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ​លោកហោ ណាំហុង​ក៏​ត្រូវ​ធ្វើ​បទ​បង្ហាញ​ពី​ការវិវត្តន៍​នៃ​ទំនាក់​ទំនង​អាមេរិក​និង​កម្ពុជា​ព្រម​ទាំង​អនាគត​នៃ​តំបន់​អាស៊ាន​ក្រោម​ការ​ដឹកនាំ​របស់​កម្ពុជា។

លោក​ហោ ណាំ​ហុង​បាន​ប្រាប់​ក្រុម​អ្នក​ចូលរួម​ក្នុង​វេទិការ​នៅ​មជ្ឈ​មណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធ​សាស្រ្ត​និង​កិច្ច​ការ​អន្តរជាតិថា​លោកស្រី​គ្លីនតុន​បាន​សន្យា​ថា​នឹង​នាំ​ក្រុម​អ្នក​វិនិយោគ​ទុន​អាមេរិក​ទៅ​ចូលរួម​ក្នុង​ប្រជុំ​ក្នុង​ខណៈ​ពេល​ដែល​លោក​ស្រី​ទៅប្រទេស​កម្ពុជា៖

«ខ្ញុំ​សង្ឃឹមថា​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​អញ្ជើញ​ទៅ​ប្រទេស​កម្ពុជា​ក្រុម​ពាណិជ្ជ​ករ​អាមេរិកនឹង​មើល​ឃើញ ពី​សក្តានុពល​និង​វិស័យ​ដែល​មាន​ផលប្រយោជន៍​សម្រាប់​ការ​បង្កើន​សេដ្ឋកិច្ច​យើង​ទាំង​ពីរ»។ ​

ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ទំហំ​២,២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១១​ដែល​ភាគច្រើន​កម្ពុជា​នាំ​ផលិត​ផល​ចូល​មក​សហរដ្ឋ​អាមេរិក​មាន​ទំហំ​២ពាន់​លាន​ដុល្លារ។

លោក​ហោ ណាំហុង​សង្ឃឹម​ថា​ពាណិជ្ជ​កម្ម​នឹង​កើន​ឡើង។

«ប្រទេស​កម្ពុជា​សង្ឃឹមថា​ទំហំ​នៃ​ការវិនិយោគ​របស់​សហរដ្ឋ​អាមេរិក​និង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ​នឹង​កើនឡើង​ក្នុង​រយៈ​ពេល​ខាងមុខ»។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ហោ ណាំ​ហុង​ក៏​មាន​ជួប​ប្រទះ​នឹង​ការ​តវ៉ា​របស់​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំងដែល​ទាម​ទារ​ឱ្យ​មាន​ការ​ធ្វើ​ឱ្យ​ប្រសើ​រ​ឡើង​ដល់​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ បញ្ឈប់ការសម្លាប់​មនុស្ស​ខុស​ច្បាប់​ ដោះលែង​ពលរដ្ឋ​បឹងកក់​១៥​នាក់​ដែល​តុលាការ​ចាប់​ដាក់​គុក​ក្នុង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​លោក​ឧកញ៉ា ឡៅ ម៉េង​ឃីន ​និង​ទាម​ទារ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ឯករាជ្យ​មួយ។

ប្រភព​ដែល​ស្និទ្ធ​នឹង​កិច្ច​ប្រជុំ​នោះ​បាន​ប្រាប់​វីអូអេ​ថា​លោកស្រី គ្លីនតុន​និង​ប្រតិភូ​កម្ពុជា​បាន​ពិភាក្សា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រាក់​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​តាំង​ពីពេល​សង្គ្រាម​ទសវត្សរ៍​១៩៧០​ផង​ដែរ៕

XS
SM
MD
LG