នៅពេលដែលអ្នកប្រកបរបររត់ម៉ូតូឌុបស្ទើរតែទាំងអស់ជាបុរស អ្នកស្រី ហង់ ចន្ថា បានបង្ហាញឲ្យឃើញថា គាត់គឺជាស្ដ្រីខ្មែរម្នាក់ដែលមានភាពក្លាហាន និងមានសមត្ថភាពបំពេញការងារដែលបុរសកំពុងមានប្រៀបនោះ។
ជារៀងរាល់ថ្ងៃគេមិនពិបាកនឹងរំពៃរកអ្នកស្រីឡើយ។ គាត់តែងតែសំចតនៅជាមួយក្រុមបុរសរត់ម៉ូតូ ឌុប ដទៃទៀត នៅក្បែរជ្រុងផ្លូវមួយ ដែលស្ថិតនៅមិនឆ្ងាយពីផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អ្នកស្រី ហង់ ចន្ថា ឆ្នាំនេះ អាយុ៥៨ឆ្នាំហើយ។ សក់ស្កូវស្ទើរតែពេញក្បាល ប៉ុន្ដែគាត់ហាក់ដូចជាមិនទាន់ហត់នឿយនឹងមុខរបរជាអ្នករត់ម៉ូតូឌុប ដែលគាត់បានចាប់ផ្ដើមចាប់តាំងពី១៧ឆ្នាំកន្លងមក
ហើយនោះទេ ផ្ទុយទៅវិញវាគឺជាមុខរបរដែលអ្នកស្រីពេញចិត្តជាទីបំផុត។
«នេះជាមុខរបរដែលយើងពេញចិត្តខ្លួនឯងគិតថាមុខរបរអ្វីក៏ដោយកុំឱ្យតែយើងទៅលួចឆក់ប្លន់គេរកអីក៏ជាមុខរបរក៏ជាភាពថ្លៃថ្នូររបស់យើង នេះរកស៊ីដោយកម្លាំងញើសឈាមរបស់ខ្លួនឯងដោយឥតកេងប្រវ័ញ្ចគេ ខ្ញុំគិតថាបុរសធ្វើអ្វីបាន ខ្ញុំក៏ធ្វើនឹងបានដែរ»។
អ្នកស្រី ហង់ ចន្ថា មានមាឌធំក្រអាញ។ គាត់ច្រើនតែពាក់អាវរលុងស៊ុលឃុល និងស្លៀកខោជើងវែង នៅពេលដែលគាត់ចេញប្រកបមុខរបរនេះ។ ប្ដីរបស់គាត់ក៏ជាអ្នករត់រ៉ឺម៉កម៉ូតូ ឬដែលគេស្គាល់ថា «ទុកទុក»។
ជាម្ដាយនៃកូនប្រាំនាក់ អ្នកស្រីបានពុះពារក្នុងខ្សែជីវិតយ៉ាងតោកយ៉ាកជាមួយប្ដីកំសត់របស់គាត់។ គាត់បានធ្វើជាអ្នកលក់ត្រី លក់មាន់ និងបន្លែគ្រប់មុខ ក៏ប៉ុន្ដែមុខរបរទាំងនេះហាក់ដូចជាមិនកាក់កបទេ។
ដូច្នេះអ្នកស្រីបានបង្ខំចិត្តបោះបង់ចោលមុខរបរទាំងនោះនៅឆ្នាំ១៩៩៥។ បន្ទាប់មកអ្នកស្រីបានសម្រេចចិត្តប្រកបរបរជាអ្នករត់ម៉ូតូឌុបវិញ។ នៅពេលនោះអ្នកស្រី ហង់ ចន្ថា មានតែម៉ូតូកូរ៉េធុន ១០០ សេសេ កញ្ចាស់មួយ ហើយអ្នកស្រីត្រូវចែកវេនគ្នារត់ម៉ូតូឌុប ជាមួយប្ដីរបស់គាត់ ដែលមានអាយុបងគាត់ចំនួនបួនឆ្នាំ ពោលគឺប្តីរបស់គាត់រត់ម៉ូតូឌុបចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១០យប់ហើយអ្នកស្រីត្រូវរត់ម៉ូតូឌុបបន្ដពីម៉ោង១០យប់ដល់ម៉ោង៩ព្រឹក។ ការសម្រេចចិត្តបែបនេះដោយសារតែអ្នកស្រី ហង់ ចន្ថា មានភាពធន់ទ្រាំនឹងភាពអត់ងងុយជាងប្ដីរបស់គាត់។
«ខ្វះខាតក្នុងជីវភាពក្រុមគ្រួសាររកមិនសូវបានយើងជួយរកគ្នាទៅ។ ម៉ូតូមួយពីរនាក់ខ្ញុំរត់យប់គាត់រត់ថ្ងៃពីព្រោះប្រុសៗ គាត់អត់ចេះអត់ងងុយស្រីៗ អាចទ្រាំបាននឹងងងុយចេះតែរត់យប់ទៅ»។
ទោះបីជាការរត់ម៉ូតូនៅពេលយប់ប្រឈមមុខនឹងគ្រោះថ្នាក់ច្រើនជាងពេលថ្ងៃក៏ដោយក៏អ្នកស្រីនៅតែមិនរួញរាដែរ។ ហើយក្នុង១ថ្ងៃទាំងពីរនាក់ប្តីប្រពន្ធរបស់អ្នកស្រី ហង់ ចន្ថា អាចរកប្រាក់បានជាមធ្យម៥ម៉ឺនរៀល បន្ទាប់ពីទូទាត់ថ្លៃចាក់សាំងហើយគឺស្មើនឹងប្រហាក់ប្រហែលនឹង១២,៥ ដុល្លារអាមេរិក។
លុះដល់រយៈពេលជិតមួយឆ្នាំកន្លងមកនេះ គាត់បានសន្សំលុយអាចទិញម៉ូតូរ៉ឺម៉កមួយ ដែលមានតម្លៃជាង១.០០០ដុល្លារ។ ជាទូទៅអ្នកស្រីតែងតែរកប្រាក់បានច្រើនជាងប្តីរបស់គាត់ដោយសារតែគាត់មានភាពរហ័សរហួន ដូចជាបុរសអ្នករត់ម៉ូតូឌុបដទៃទៀតដែរ។
«ឥឡូវលើកដៃហៅគេដូចគេដូចឯងអញ្ចឹង អត់អៀនខ្មាស់អីទេ ប្រឹងថាបានឌុបបានលុយចិញ្ចឹមកូនបើយើងមិនរកគឺអត់ជីវភាពក្សត់ខ្សោយ»។
អ្នកស្រី ហង់ ចន្ថា គឺជាអ្នកមានកំណើតក្នុងរាជធានីភ្នំពេញ។ ថ្វីបើសព្វថ្ងៃគាត់អាចរកចំណូលកើនឡើងប្រសើរជាងមុន ក៏ប៉ុន្ដែជាអកុសលពុំមានកូនរបស់គាត់ណាម្នាក់ក្នុងចំណោមកូនទាំងប្រាំបានបន្ដការសិក្សាដល់ថ្នាក់ឧត្តមសិក្សាទេ។ នេះទំនងជាអាចជាកត្តាដែលបណ្ដាលមកពីអ្នកស្រី និងស្វាមីរបស់អ្នកស្រី ដែលបានស្រូបជញ្ជក់បានចំណេះដឹងតិចតួចផងដែលធ្វើឲ្យខ្វះការជំរុញដល់កូនៗ ហើយក៏អាចបណ្ដាលពីកត្តាជីវភាព និងកូនៗរបស់គាត់ផងដែរ។
ជាអ្នករត់ម៉ូតូឌុបស្រី អ្នកស្រី ហង់ ចន្ថា ជួបបទពិសោធន៍ដូចបុរសអ្នករត់ម៉ូតូឌុប មួយចំនួនទៀតដែរ គឺអ្នកស្រីត្រូវចោរប្លន់អស់ម៉ូតូមួយកាលពីដប់ឆ្នាំមុន។ ហើយអ្នកស្រីក៏បានជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍ជាច្រើនលើកផងដែរ។
រស់នៅក្នុងបន្ទប់ក្នុងផ្ទះល្វែងជាន់ទីមួយ ដែលមានទំហំបួនម៉ែត្រ បួនជ្រុង អ្នកស្រី ចន្ថា ត្រូវចែករំលែក ជាមួយសមាជិកគ្រួសារសរុបទាំងអស់ប្រាំនាក់ក្នុងពេលបច្ចុប្បន្ននេះ។
ជារៀងរាល់ថ្ងៃអ្នកស្រី ច្រើនតែរង់ចាំដឹកម៉ូយដែលចេញចូលក្នុងតំបន់ជុំវិញកន្លែងរស់នៅរបស់អ្នកស្រី។
ទោះបីជាស្ថិតក្នុងវ័យជិត៦០ឆ្នាំ ក៏ដោយ អ្នកស្រី ចន្ថា នៅតែបង្ហាញភាពរហ័សរហួនរបស់គាត់មិនចាញ់បុរសវ័យក្មេងៗនោះទេ។ ជាងនេះទៅទៀតអ្នកស្រីទទួលបានការរាប់អាន និងការនិយមជិះពីភ្ញៀវមួយចំនួនទៀតផង។
ថ្វីបើវ័យកាន់តែចាស់ ប៉ុន្ដែអ្នកស្រី ហង់ ចន្ថា នៅមិនចង់ផ្លាស់ប្ដូរមុខរបរសព្វថ្ងៃរបស់គាត់នៅឡើយទេ ពីព្រោះគាត់គិតថា នេះជាមុខរបរដែលត្រូវការចំណាយដើមទុនតិច ហើយមិនភ័យខ្លាចខាតដើមទៀតផង។
«អត់ចង់ដូរទេ បើរត់លែងរួចគឺឈប់តែម្តងអត់ចង់ដូរទៅលក់ដូរអីទៀតអត់ចង់ពីព្រោះម៉ូតូបើកាលណាយើងរត់ឌុបបើមានភ្ញៀវជិះយើងឆាប់បានលុយជាងបើទៅលក់បន្លែលក់ចាប់ហួយអីទាល់តែមានដើមរាប់សិបម៉ឺន ហើយបង្វិលបន្តិចបន្តួចៗ បើថាលក់បានឱ្យអស់បានលុយភ្លាមៗ គឺគ្មានមានទេ អត់ដូចម៉ូតូទេ ម៉ូតូចាក់សាំង១ លីត្រ ឬ ២លីត្រ រត់បាន៣ទៅ៤ម៉ឺនអញ្ចឹង។ខ្ញុំគិតថាមុខរបរនេះឱ្យតែមានកម្លាំងទប់ដៃចង្កូតដឹកគេរួច»។
អ្នកស្រីចន្ថា បានផ្ដល់ដំបូន្មានដល់ស្ដ្រីដទៃទៀតថា មិនគួរតែកុំពឹងផ្អែក លើប្តីតែម្នាក់សម្រាប់រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារនោះទេ។ ហើយស្ដ្រីក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរួមចំណែកទ្រទ្រង់ជីវភាពគ្រួសារដែរ។
«សូមផ្តាំដល់ស្រីទាំងអស់នារីទាំងអស់នៅក្នុងទីក្រុងភ្នំពេញ យើងនេះកុំផ្តេកផ្តួលលើកម្លាំងប្តីពេកត្រូវខំតស៊ូរកស៊ីដោយខ្លួនឯងគិតគូរពីកម្លាំងដែលខ្លួនឯងរកបានយើងត្រូវខំធ្វើ»។
ទោះជាយ៉ាងនេះក្ដី អ្នកស្រី ហង់ ចន្ថា អះអាងថា គាត់នៅតែមិនមានសង្ឃឹមថា គាត់នឹងអាចសន្សំប្រាក់សម្រាប់ទិញផ្ទះធំជាងផ្ទះ ដែលគាត់កំពុងរស់នៅសព្វថ្ងៃនោះទេ ដោយសារតែប្រាក់កាសដែលគាត់រកបានមិនអនុញ្ញាតឲ្យគាត់សន្សំទុកបានច្រើននោះទេ៕