ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលក្រម​កាត់ទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ត្រូវ​អបអរសាទរ


លោក​កាំង ​ហ្កេកអ៊ាវ ​ហៅ​ឌុច ​អតីត​ប្រធាន​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង
លោក​កាំង ​ហ្កេកអ៊ាវ ​ហៅ​ឌុច ​អតីត​ប្រធាន​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង

លោក​ជុំ ​ម៉ី ​និង​លោក​ប៊ូ ​ម៉េង ​អ្នក​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ ឬ​ស-២១​ មាន​ទឹក​មុខ​ញញឹម​ញញែម ​បន្ទាប់​ពី​ការ​ស្តាប់​សាលដីកា​ជា​ស្ថាពរ​ប្រឆាំង​ជំទាស់​ទៅ​នឹង​លោក​កាំង ​ហ្កេកអ៊ាវ ​ហៅ​ឌុច ​អតីត​ប្រធាន​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង។​

លោក​គង់ ​ស៊ីម ​ប្រធាន​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​សាលដីកា​ជា​ស្ថាពរ​ឲ្យ​លោក​កាំង ហ្កេកអ៊ាវ ​ហៅ​ឌុច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​អំពើ​មនុស្ស​ឃាត​ និង​ការ​ធ្វើ​ទារុណកម្ម​ ដែល​មាន​មនុស្ស​ជាង​១២០០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង។​

លោក​កាំង​ ហ្កេកអ៊ាវ​ ហៅ​ឌុច ​អាយុ​៦៩​ឆ្នាំ​ មាន​ទឹក​មុខ​ស្ងួត​នៅ​ពី​មុខ​រង្វង់​ក្រចក​សេះ ​រួច​ហើយ​លោក​បាន​លើក​ដៃ​សំពះ​ បន្ទាប់​ពី​ការ​អាន​សាលដីកា​ចប់​ជា​ស្ថាពរ។​

សម្រាប់​លោក​ជុំ ​ម៉ី ​អ្នក​រស់រាន​មាន​ជីវិត​មួយ​រូប​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ ត្រូវ​បាន​ចោមរោម​សាកសួរ​ពី​ក្រុម​អ្នក​សារព័ត៌មាន ​បន្ទាប់​ពី​លោក​បាន​ដើរចេញ​ពី​បន្ទប់​សវនាការ។ ​លោក​ជុំ ​ម៉ី​បាន​និយាយ​ថា​ លោក​អបអរសាទរ​ចំពោះ​ការ​ប្រកាស​សាលដីកា​នេះ។​ លោក​បាន​មាន​ប្រសាសន៍​ថា ​ការ​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​អារម្មណ៍​របស់​លោក​បាន​ស្ងប់​ចិត្ត។​

«អារម្មណ៍​ខ្ញុំ​ស្ងប់​ចិត្ត​ហើយ! ​ខ្ញុំ​សប្បាយ​ចិត្ត​ សប្បាយ​ចិត្ត​មែនទែន​ចំពោះ​សំណុំ​រឿង​០០១។​ មូល​ហេតុ​គឺ​ដោយសារ​សាលាក្តី​គឺ​ថា​ មាន​យុត្តិធម៌​ត្រឹមត្រូវ​មែន។ ​គេ​កាត់​ត្រឹមត្រូវ​ណាស់»។​

ចំណែក​លោក​ប៊ូ ​ម៉េង​ អ្នក​រស់រាន​មាន​ជីវិត​មួយ​រូប​ផ្សេង​ទៀត​ ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ បាន​និយាយ​ថា​ ឌុច​សម​តែ​ទទួល​ទោស​បែប​នេះ។​

«ដំណឹង​នេះ​ គឺ​ជា​ដំណឹង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាច​អុជធូប​ ដើម្បី​បួងសួង​ជូន​ដំណឹង​នេះ​ទៅ​ឲ្យ​ប្រពន្ធ​ខ្ញុំ​ដឹង​ផង ​និង​ប្រជាជន​នៅ​ក្នុង​ពិភពលោក​ និង​ប្រទេស​កម្ពុជា​ដែល​បាន​បាត់បង់​ជីវិត​ជាង​មួយម៉ឺន​នាក់​នៅ​ក្នុង​គុក​ទួលស្លែង»។​

មិនមែន​តែ​អ្នក​ដែល​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ទេ​ ដែល​បាន​ស្វាគមន៍​ការ​ប្រកាស​សាលដីកា​របស់​កាំង ​ហ្កេកអ៊ាវ​ ហៅ​ឌុច​នេះ​ ​ជន​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរក្រហម​ និង​អតីត​អ្នក​សួរ​ចម្លើយ​អ្នក​ទោស​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ ស-២១នេះ​ ​ក៏​គាំទ្រ​សេចក្តី​សម្រេច​នេះ​ដែរ។​

លោក​ប្រាក់ ​ខន ​អាយុ​៥៨​ឆ្នាំ​ មក​ពី​ខេត្ត​តាកែវ​ អតីត​អ្នក​សួរ​ចម្លើយ​មួយ​រូប​នៅ​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ បាន​និយាយ​ថា​ ឌុច​បាន​បញ្ជា​ឲ្យ​លោក​សម្លាប់​មនុស្ស​ច្រើន​ណាស់​ នៅ​ក្នុង​របប​គ្រប់គ្រង​ដោយ​ពួក​ខ្មែរក្រហម។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​មាន​អ្នក​ទោស​សារភាព​ថា​ ជា​ខ្មាំង​បង្កប់ ​និង​ភ្នាក់ងារ​របស់​វៀតណាម ​ភ្នាក់ងារ​កាស្ស៉េប៉េ ​និង​សេអ៊ីអា ​លោក​ត្រូវ​បាន​ឌុច​ ​បញ្ជា​ឲ្យ​សម្លាប់​ចោល។​

«ព្រោះ​កំហឹង​ការ​ឈឺចាប់​របស់​ខ្ញុំ ​ដែល​ខ្ញុំ​បាន​រស់​នៅ​ផ្ទាល់​ ធ្វើ​ការ​នៅ​ក្នុង​បេះដូង​ស-២១។ ​ខ្ញុំ​ដឹង​រឿងរ៉ាវ​ច្រើន​ណាស់។​ បើ​រឿង​ដាក់​អស់​មួយ​ជីវិត​ គឺ​ជា​រឿង​ត្រឹម​ត្រូវ​ហើយ។​ ហើយ​បើ​មិន​បាន​ដាក់​ដល់​ប៉ុណ្ណឹង​ទេ ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ»។​

អ្នកស្រី​គឹម​ ហួយ ​អាយុ​៦០​ឆ្នាំ ​មក​ពី​ខេត្ត​ពោធិសាត់​ ដែល​មាន​បង​ប្អូន​ចំនួន​១៩​នាក់ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​របប​ខ្មែរក្រហម ​បាន​និយាយ​ថា ​លោកស្រី​អរគុណតុលាការ​ ដែល​បាន​រក​យុត្តិធម៌​ចំពោះ​សាច់​ញាតិ​របស់​លោកស្រី​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត។​

«វា​ល្អ​ហើយ ​ខ្ញុំ​ចង់​បាន​ដែរ ​ព្រោះ​ដឹង​ថា​ យុត្តិធម៌​ វា​សម្រាប់​ខ្ញុំ​ អ្នក​រងគ្រោះ។​ ខ្ញុំ​សប្បាយ​ចិត្ត​ដែរ​ពេល​ដែល​ឃើញ​តុលាការ​បាន​ជួយ​កាត់ទោស​រកយុត្តិធម៌​ដល់​ឪពុក​ម្តាយ​ខ្ញុំ​ ដែល​បាន​ស្លាប់​ទៅ។​ ខ្ញុំ​នៅ​រស់មាន​សេចក្តី​ស្ងប់​ដែរ​ ហើយ​គាត់​អ្នក​ស្លាប់​ ក៏​មាន​សេចក្តី​ស្ងប់​ដែរ»។​

សម្រាប់​លោក​ឡុង ​បញ្ញាវុធ​ មន្ត្រី​គម្រោង​នៃ​អង្គការ​គម្រោង​យុត្តិធម៌​សេរី​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ OSJI ​បាន​ចាត់​ទុក​ថា ​វា​គឺ​ជា​ការ​សម្រេច​ដ៏​ខុស​ឆ្គង​មួយ​របស់​តុលាការ​កំពូល។​ លោក​បាន​មាន​ប្រសាសន៍​ថា​ ឌុច​បាន​ប្រព្រឹត្តការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។​ ក៏ប៉ុន្តែ​តុលាការ​បាន​រំលោភ​ទៅ​លើ​សិទ្ធិ​ជន​ជាប់​ចោទ​ នៅ​ពេល​ដែល​គេ​ឃុំឃាំង​ឌុច​រហូត​ដល់​១២​ឆ្នាំ​ គឺ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការការពារ​សិទ្ធិ​ជន​ជាប់​ចោទ។​

«នេះ​គ្រាន់​តែ​ជា​ការ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​ពីព្រោះ​អី ឥឡូវ​នេះ​យើង​សួរ​ថា​ តើ​ឌុច​អាច​ប្តឹង​ទៅ​តុលាការ​ជាតិ​ដែរ​ឬ​ក៏​អត់? ​ហើយ​បើ​សិន​ជា​តុលាការ​ជាតិ​ សម្រេច​ទូទាត់​សង​សំណង​ឌុច​នៅ​ពេល​ដែល​ឌុច​ឃុំ​ខ្លួន​នៅ​តុលាការ​យោធា ​និង​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​នោះ សួរថា​តើ​ទូទាត់​គ្នា​ដូច​ម្តេច?​ តើ​សាលក្រម​មួយ​ណា ​មាន​សុពលភាព​លើ​សាលក្រម​មួយ​ណា?​ ​នេះ​គឺ​ជា​ការ​មួយ​គួរ​ឲ្យ​អស់​សំណើច​ណាស់ ​ដែល​តុលាការ​កំពូល​ឥត​បាន​គោរព​ទៅ​ដល់​សិទ្ធិ​របស់​ជន​រងគ្រោះ ​និង​ជន​ជាប់​ចោទ»។​

លោក​នេត្រ ​ភត្រា​ អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​មាន​ប្រសាសន៍​ថា​តុលាការ​បាន​ពិចារណា​ទៅ​តាម​អង្គ​ហេតុ​ច្បាស់​លាស់ ​មុន​នឹង​សម្រេច​ឲ្យ​ឌុច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ​លោក​នេត្រ​ ភត្រា ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ជន​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរក្រហម ​ដែល​បាន​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ ​នឹង​ទទួល​បាន​យុត្តិធម៌ ​ហើយ​ក៏​ជា​ជោគជ័យ​មួយ​សម្រាប់​ជន​រងគ្រោះ ​នឹង​អ្នក​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ផង​ដែរ។​

«មុន​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច​លើ​ការ​ផ្តន្ទាទោស​ដាក់​គុក​អស់​មួយ​ជីវិត​នេះ​ គឺ​ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ បាន​ពិនិត្យ​យ៉ាង​ច្បាស់​លើ​បញ្ហា​ទាំង​ឡាយ​ ដែល​មាន​នៅ​ក្នុង​អង្គហេតុ​ ហើយ​ឌុច​គឺ​ត្រូវ​បាន​ចោទ​ប្រកាន់​នូវ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ហើយ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ជា​ឧក្រិដ្ឋកម្ម​ដ៏​ធំ​ ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​មនុស្ស​ចំនួន​១២៣៨០​នាក់​ នៅ​គុក​ទួលស្លែង​ និង​នៅ​បឹងជើងឯក»។​

អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ស្វាគមន៍​ការ​សម្រេច​ផ្តន្ទាទោស​លើ​បណ្តឹង​ឧទ្ធរណ៍​នេះ​ ថា​ជា​ការ​បិទ​សំណុំរឿង​០០១។ ​អង្គការ​ដដែល​បាន​ចាត់​ទុក​ថា ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់​មួយ​ ដែល​យើង​អាច​ឃើញ​ថា​ តុលាការ​នេះ​កំពុង​ចាប់​ផ្តើម​ជួយ​ប្រកាស​អាសន្ន​អំពី​យុគ​សោដនាកម្ម​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ ហើយ​យើង​ក៏ស្វាគមន៍​ដែរ​ថា ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ត្រូវ​បាន​ទទួល​ស្គាល់​បន្ថែម​ទៀត។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​សម្តែង​ការ​ខកចិត្ត​ដែរ ដោយហេតុ​ថា ​អង្គ​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​មិន​បាន​សម្រេច​លើ​សំណង​ផ្លូវ​ចិត្ត​ និង​សំណង​សមោហភាព​បន្ថែម​ទៀត។ ​តុលាការ​សាលាដំបូង​របស់​អង្គជំនុំជម្រះ​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​សម្រេច​ផ្តន្ទាទោស​ឲ្យ​ឌុច​ជាប់​ពន្ធនាគារ​អស់​រយៈពេល​៣៥​ឆ្នាំ​ ក៏ប៉ុន្តែ​ទោស​កំហុស​នេះ​ត្រូវ​បាន​សម្រេច​បន្ធូរបន្ថយ​មក​នៅ​ត្រឹម​១៩​ឆ្នាំ​វិញ៕

XS
SM
MD
LG