ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​និង​សកម្ម​ជន​ប្តេជ្ញា​ដើរតាម​គន្លង​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​គេ​បាញ់​ស្លាប់


លោក​ឈុត វុទ្ធី​ សកម្មជន​ការពារ​បរិស្ថាន​កម្ពុជា​ដ៏​ល្បី​ឈ្មោះ​
លោក​ឈុត វុទ្ធី​ សកម្មជន​ការពារ​បរិស្ថាន​កម្ពុជា​ដ៏​ល្បី​ឈ្មោះ​

សមាជិក​គ្រួសារ​និង​សកម្មជន​ការ​ពារព្រៃ​ឈើ​ប្តេជ្ញា​បន្ត​សកម្មភាព​តាម​លោក​ឈុត វុទ្ធី​តទៅ​ទៀត​ បន្ទាប់​ពី​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​បរិស្ថាន​កម្ពុជា​ដ៏​ល្បី​ឈ្មោះ​រូប​នោះ​នៅក្នុង​ខេត្ត​កោះ​កុង​ កាល​ពី​សប្តាហ៍​មុន។ ​

ខណៈ​ដែល​សព​របស់​លោក​ឈុត វុទ្ធី​ត្រូវ​បាន​បញ្ចុះ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ក្រុម​គ្រួសារ​របស់​លោក​បាន​សម្តែង​មោទនភាព​ចំពោះ​ភាព​ក្លាហាន​និង​ការ​លះបង់​របស់​លោក​ ហើយ​បាន​ប្តេជ្ញា​បន្ត​វេន​ពី​លោក​តទៅទៀត​ដើម្បី​ការពារ​ព្រៃ​ឈើ​និង​ធនធាន​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា។​

អ្នក​ស្រី​សម ចន្ធី គឺ​ជា​ប្រពន្ធ​របស់​លោក​ ឈុត វុទ្ធី។​

«ថ្វី​ត្បិត​គាត់​ស្លាប់​មែន ​ស្លាប់​ដើម្បី​ស្នេហាជាតិ​ហ្នឹង។ ​ខ្ញុំ​ត្រេក​អរ​ណាស់​ ព្រោះ​មាន​មោទនភាព​ ព្រោះ​គាត់​បាន​បំពេញ​ភារកិច្ច​ជា​កូន​ខ្មែរ​ដ៏​ល្អ។ ​ខ្ញុំ​មិន​សោក​ស្តាយ​ទេ។ ​ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​សោក​ស្តាយ​មនុស្ស​ល្អ​ដែល​រដ្ឋាភិបាល​យើង​មិន​មើល​ឃើញ»។​

លោក​ឈុត វុទ្ធី​គឺ​ជា​អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ។ ​លោក​ត្រូវ​បាន​គេ​បាញ់​ស្លាប់​ក្នុង​ពេល​ដែល​លោក​និង​អ្នក​កាសែត​ពីរ​នាក់​ទៀត​បាន​ព្យាយាម​ធ្វើ​ដំណើរចេញ​ពីក្នុង​ព្រៃ​ស្ថិត​ក្នុង​ស្រុក​មណ្ឌល​សីមា​ ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​បន្ទាប់​ពី​បាន​ថតរូប​ឈើដែល​គេ​សង្ស័យ​ថា ​ត្រូវ​បាន​គេ​កាប់​ដោយ​ខុសច្បាប់​នៅ​ទី​នោះ។​

កង​រាជ​អាវុធហត្ថ​និយាយ​ថា ​មន្ត្រី​រាជ​អាវុធ​ហត្ថ​ម្នាក់​ឈ្មោះ​អ៊ិន រតនា​បាន​បាញ់​សម្លាប់​លោក​និង​ក្រោយ​មក​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​២​គ្រាប់​ដោយ​កាំភ្លើង​AK 47។​

លោក​ឈុត វុទ្ធី​បាន​បន្សល់​ទុក​កូន​ប្រុស​ស្រី​ចំនួន​បីនាក់។​

អ្នកស្រី​សម ចន្ធី៖

«ខ្ញុំ​ចង់​បណ្តុះ​បណ្តាល​ឲ្យ​រៀន​ ឲ្យ​ធ្វើការ​ដូច​ឪពុក​វា​អញ្ចឹង ​ព្រោះ​កូន​ខ្ញុំ​តាំង​ចិត្ត​ថា​នឹង​ធ្វើ​ការងារ​អញ្ចឹង​ដែរ​ ព្រោះ​ការងារ​ល្អ ​ការងារ​សុច្ចរិត​ មិន​លួច​ មិនប្លន់​នរណា​គេ​ ជា​ការងារ​ដែល​ថែ​រក្សា​ទ្រព្យសម្បត្តិ​ព្រៃឈើ​ប្រទេស​ជាតិ​យើង។​ ខ្ញុំ​សប្បាយ​ចិត្ត។ ខ្ញុំ​នឹង​ឲ្យ​កូន​ខ្ញុំ​ដើរ​តាម​គន្លង​ឪ​វា​ទៀត។ ​ខ្ញុំ​មិន​ខ្លាច​ទេ»។​

កាល​នៅ​រស់ ​លោក​ឈុត វុទ្ធី​ធ្វើ​សកម្ម​ភាពយ៉ាង​សកម្ម​ប្រឆាំង​នឹង​ការកាប់​ព្រៃ​ឈើ​ខុស​ច្បាប់​ ហើយ​និង​រិះគន់​អំពើ​ពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល​ កង​កម្លាំង​ប្រដាប់​អាវុធ​និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ដែល​លោក​ដឹង​ ឬ​សង្ស័យ​ថា​ ជាប់ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។​

ជារឿយៗ​ លោក​តែងតែ​បំផុស​ស្មារតី​និង​ដឹកនាំ​សហគមន៍​ដែល​រងផល​ប៉ះពាល់​ផ្ទាល់​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ឲ្យ​នាំ​គ្នា​ងើបឡើង​តវ៉ា​និង​រួម​គ្នា​ការពារ​ធនធាន​ធម្មជាតិដ៏​មាន​តម្លៃ​នេះ​នៅ​តំបន់​ព្រៃឡង់​ និង​នៅ​តាម​ជួរ​ភ្នំក្រវាញ​ជាដើម។

អ្នក​ស្រី​វង់ ផាន​គឺជា​សកម្មជន​ការពារ​ព្រៃឡង់​ម្នាក់​មក​ពី​ខេត្ត​ស្ទឹង​ត្រែង។​

«ពី​ថ្ងៃ​នេះ​ទៅ​ សូម​ឲ្យ​រាជ​រដ្ឋា​ភិបាល​មេត្តា​រុក​រក​ឃាតករ​ដែល​សម្លាប់​គ្រូ​របស់​ខ្ញុំ​ឲ្យ​ឃើញ​ ព្រោះ​អី​គ្រូ​ខ្ញុំ​អត់​មាន​លក់​ទឹក​ដី​ លក់​ជាតិ ​លក់​មាតុភូមិ​ទេ។ ​គាត់​ការពារ​ដើម្បី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ​និង​ទូទាំង​សកល​លោក។ ​ប្រសិន​បើ​គ្មាន​ព្រៃឈើ​ទេ​ ប្រទេស​យើង​ប្រាកដ​ជា​រលាយ​សាបសូន្យ​ហើយ»។​

លោក​ឈុត វុទ្ធី​ត្រូវ​បាន​គេ​គំរាមកំហែង​សម្លាប់​ជា​ច្រើន​លើក​ច្រើន​សារ​កន្លង​មក​ហើយ​ ដោយសារ​តែ​សកម្មភាព​របស់​លោក​ក្នុងការ​ការពារ​ព្រៃឈើ​និង​ប្រឆាំង​នឹង​ឈ្មួញ​កាប់​ឈើ​ខុសច្បាប់​ ប៉ុន្តែ​លោក​បាន​ប្តេជ្ញា​មិន​ចុះ​ញម​ចំពោះ​ការ​គំរាម​កំហែង​ទាំង​នោះ​ឡើយ។​

លោក​យ៉េង វីរៈ​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។​

«ការ​សម្លាប់​លោក​ឈុត វុទ្ធី​បាន​រឹតតែ​ធ្វើ​ឲ្យ​យើង​មាន​ទឹក​ចិត្ត​រឹង​មាំ​ជាង​មុន​ ឲ្យ​យើង​មាន​ការ​តាំង​ចិត្ត​ជាង​មុន​ថា ​អ្វី​ដែល​លោក​ឈុត វុទ្ធី​គាត់​ធ្វើ​គឺ​ត្រឹម​ត្រូវ ហើយ​យើង​នឹង​បន្ត​វីរភាព​របស់​គាត់​តទៅទៀត»។

ពេល​នេះ​ សព​របស់​លោក​ឈុត វុទ្ធី​កំពុង​ត្រូវ​បាន​រៀបចំ​បញ្ចុះ​នៅ​ទី​នេះ​ ហើយ​ក្រុម​គ្រួសារ​ក៏​ដូចជា​អង្គការ​សង្គម​ស៊ីវិល​ នៅ​តែ​មិន​ទាន់​អស់​ចិត្ត​ចំពោះ​ការ​ស្លាប់​របស់​លោក​ឈុត វុទ្ធី។ ​ពួកគេ​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ ទៅ​លើ​ករណី​នៃ​ការ​ស្លាប់​នេះ​ ដោយ​ពួកគេ​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ថា ​ករណី​នេះ​គឺ​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ទុក​ជា​មុន​ មិនមែន​ជា​ការ​កើត​ឡើង​ដោយ​ចៃ​ដន្យ​នោះ​ទេ។​

ព្រះភិក្ខុ​លួន សុវាត​ក៏​ជា​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​និង​សិទ្ធិមនុស្ស​មួយ​អង្គ​ដែរ។​

«លោក​ឈុត វុទ្ធី​គឺ​ជា​ធនធាន​មនុស្ស​មួយ​ដែល​ស្ទើរ​តែ​មិន​អាច​រក​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ តែ​ទោះ​ជាយ៉ាង​នេះ​ក្តី ​ការ​បាត់​បង់​អាយុ​ជីវិត​របស់​លោក​ឈុត វុទ្ធី​តែ​មួយ​ តែ​លោកឈុត វុទ្ធី​រាប់​ពាន់​ រាប់​ម៉ឺន​រាប់​លាន​គឺ​នៅ​តែ​បន្ត​រស់រាន​នៅ​ឡើយ»។​

យ៉ាង​ណា​ក៏​ដោយ​ សាច់​ញាតិ​ បងប្អូន​ ក្រុម​អ្នក​ភូមិ ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នក​តំណាង​រាស្ត្រ​និង​អ្នក​កាសែត​ដែល​មាន​សមានចិត្ត​ចំពោះ​លោក​ឈុត វុទ្ធី នៅ​តែ​អាឡោះ​អាល័យ​រូប​លោក​ និង​វីរភាព​អង់អាច​ក្លាហាន​របស់​លោក​ក្នុង​ការថែរក្សា​និង​ការពារ​បរិស្ថាន​ជាពិសេស​គឺ​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ។​

ហើយ​ក្រុម​គ្រួសារ​នៅ​តែ​ទទូច​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លម្អិត​បន្ថែម​ទៀត​ដើម្បី​ស្វែង​រក​ការពិត​ ​ថា​តើ​ហេតុ​អ្វី​បាន​ជា​លោក​ឈុត វុទ្ធី​ត្រូវ​បាន​សម្លាប់៕​

XS
SM
MD
LG