ទោះបីជាស្ថិតិរបស់ក្រសួងអប់រំ និងរបាយការណ៍ជំរឿនរបស់ក្រសួងផែនការបង្ហាញថា អត្រានៃអ្នកចេះអក្សរនៅកម្ពុជាកើនឡើងក៏ដោយ ក៏អ្នកជំនាញដែលវីអូអេខ្មែរបានសម្ភាសសម្តែងការព្រួយបារម្ភថា កំណើននេះនៅយឺតនៅឡើយ ហើយអ្នកមិនចេះអក្សរក៏នៅមានច្រើនដែរ។
លទ្ធផលជំរឿនប្រជាពលរដ្ឋទូទៅឆ្នាំ២០០៩របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបង្ហាញថា អត្រាអ្នកចេះអក្សរនៅកម្ពុជាចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០០៩ មានជាង៧០ភាគរយ។ លទ្ធផលនេះឲ្យដឹងថា ចាប់ពីអាយុប្រាំពីរឆ្នាំឡើងទៅអ្នកចេះអក្សរមានប្រមាណ៧៣ភាគរយ ពោលគឺ៧៩ភាគរយក្នុងចំណោមបុរស និង៦៧ភាគរយក្នុងចំណោមស្ត្រី។ អត្រាអ្នកចេះអក្សរនេះបានកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៨ដែលមាន៦៧ភាគរយ។
ការកើនឡើងនៃអ្នកចេះអក្សរនេះក៏ត្រូវបានបង្ហាញផងដែរតាមរយៈកំណើននៃអ្នកចុះឈ្មោះចូលរៀនទូទាំងប្រទេស។ ស្ថិតិរបស់ក្រសួងអប់រំបានបញ្ជាក់ថា ការចុះឈ្មោះចូលរៀនឆ្នាំសិក្សា២០១០-២០១១ មានចំនួនប្រហែរ៣លាន២សែននាក់ដែលក្នុងនោះតំបន់ទីក្រុងមានចំនួនជាង៦សែននាក់ និងតំបន់ជនបទមានចំនួនជាង២លាន៥សែននាក់។
លោក អ៊ូ អេង អគ្គនាយកនៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់វីអូអេខ្មែរថា ឥឡូវនេះក្រសួងអប់រំបានទទួលសិស្សដែលគ្រប់អាយុចូលរៀនចំនួន៩៥ភាគរយហើយ។
«ការដែលប្រមូលបានសិស្សចូលរៀនទាំងអស់គ្នាបានន័យថា បម្រើឲ្យការចេះអាន ការចេះសរសេ។ កូនសិស្ស ឬប្រជាពលរដ្ឋកម្ពុជាត្រូវតែទទួលបានការអប់រំ ហើយការអប់រំដំបូងបំផុតគឺការចេះអានចេះសរសេរហ្នឹងហើយ»។
ក្រសួងអប់រំកម្ពុជាកំណត់យកការរៀនចប់ថ្នាក់ទី៩ជាការអប់រំកម្រិតមូលដ្ឋាន ឬចេះអក្សរដែលប្រើការបាន។ លទ្ធផលជំរឿនអក្ខរកម្មឆ្នាំ១៩៩៩បង្ហាញថា អត្រាអ្នកចេះអក្សរដែលប្រើការបានមានជាង៣៧ភាគរយ និងអត្រាអ្នកចេះអក្សរមធ្យមមានប្រហែល២៧ភាគរយ។
លោក សាន់តូស ខាទ្រី (Santos Khatri) អ្នកឯកទេសកម្មវិធីអប់រំនៃអង្គការយូណេស្កូប្រចាំកម្ពុជាបានថ្លែងថា វាលំបាកនឹងប្រាប់អំពីអត្រាអ្នកចេះអក្សរដែលប្រើការបាននៅកម្ពុជាដោយសារតែមិនទាន់មានការសិក្សាថ្មីអំពីរឿងនេះ។
«ការចេះអក្សរកម្រិតមូលដ្ឋានមានសារៈសំខាន់ណាស់ក្នុងការបង្កើតការចេះអក្សរដែលប្រើការបាន។ ការចេះអក្សរដែលប្រើការបានមានតួនាទីផ្សេងៗនៅក្នុងជីវិត។ វាពិបាកនឹងធ្វើតេស្តដើម្បីឲ្យដឹងណាស់»។
លោក សាន់តូស បានបន្តថា ការចេះអក្សរអាចត្រួសត្រាយផ្លូវឲ្យបុគ្គល និងបន្ទាប់មកឲ្យសង្គមធ្វើដំណើរទៅមុខ ព្រមទាំងធ្វើឲ្យប្រសើរដល់ជីវភាពរស់នៅ សមត្ថភាពជំនាញ ធនធានមនុស្ស ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាសន្តិភាព និងសង្គមសុខដុម។ លោក សាន់តូស បានបន្ថែមថា កម្ពុជាបានធ្វើឲ្យមានការរីកចម្រើនដល់ការបង្កើនអត្រាអ្នកចេះអក្សរ ប៉ុន្តែក៏នៅមានការប្រឈមជាច្រើនទៀតដែរ ដូចជាកាត់បន្ថយភាពខុសគ្នានៃអត្រាអ្នកចេះអក្សរវាងបុរស និងស្រ្តី និងរវាងអ្នកនៅទីក្រុង ជនបទ និងជនជាតិដើមភាគតិច។ លោក សាន់តូស បានបញ្ជាក់ថា អត្រាអ្នកចេះអក្សរពេញវ័យនៅកម្ពុជាក្នុងឆ្នាំ២០០៨មាន៧៨ភាគរយ ប៉ុន្តែ មានភាពខុសគ្នាដ៏ធំមួយរវាងបុរសជាង៨៥ភាគរយ និងស្ត្រី៧១ភាគរយ ហើយអ្នកទីក្រុង៩០ភាគរយ និងអ្នកជនបទ៧៤ភាគរយ។
លោក កាន់ កាល់ នាយកប្រចាំកម្ពុជានៃអង្គការ Room to Read ដែលធ្វើជាមួយសហគមន៍អង្គការដៃគូ និងរដ្ឋាភិបាលដើម្បីអភិវឌ្ឍជំនាញចេះអាន និងចេះសរសេរ និងទម្លាប់នៃការអានក្នុងចំណោមសិស្សសាលាបឋមសិក្សាបានប្រាប់វីអូអេខ្មែរកាលពីថ្ងៃទី១៥ ខែសីហា យ៉ាងដូច្នេះថា៖
«យើងនៅមានការព្រួយបារម្ភអំពីគម្លាតរវាងអាត្រាអ្នកចេះអក្សរនៅជនបទ និងទីប្រជុំជន។ យើងឃើញថា អ្នកនៅជនបទក្នុងចំណោមមនុស្សចាស់ និងយុវជនដែលចេះអក្សរមានប្រមាណ ៧៤,២ភាគរយ បើប្រៀបធៀបជាមួយនឹងអ្នកនៅតំបន់ទីប្រជុំជន និងទីក្រុងដែលចេះអក្សរ មានលើសពី៩០ភាគរយ»។
លោកស្រី ណាវកូ អារាកាវា (Naoko Arakawa) អ្នកឯកទេសផ្នែកអប់រំនៃអង្គការយូរណេស្កូប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់វីអូអេខ្មែរថា ការបង្កើនអត្រានៃអ្នកចេះអក្សរត្រូវតែទទួលបានការយកចិត្តទុកដាក់បន្ថែម។
«យើងមានកង្វល់ថា ការរីកចម្រើននៃអត្រាចេះអក្សរមានសភាពយឺតឥឡូវនេះ។ យើងត្រូវការពង្រឹងដំណើរការនេះ។ ប៉ុន្តែ បើរដ្ឋាភិបាលបន្តពង្រឹងនិន្នាការនេះ ពួកគេនឹងសម្រេចដល់គោលដៅសហវត្សរ៍ ឆ្នាំ២០១៥ ការអប់រំសម្រាប់ទាំងអស់គ្នា»។
អ្នកគ្រូ រស់ ទិតម៉ាឡៃ បង្រៀននៅសាលាបឋមសិក្សាបឹងត្របែកខាងត្បូង បានថ្លែងនៅថ្ងៃទី១៨ ខែសីហា យ៉ាងដូច្នេះថា៖
«ក្នុងចំណោម២៤នាក់ក្នុងមួយថ្នាក់ គ្រាន់តែអត់ចេះប្រាំមួយនាក់ ហើយថ្នាក់ទី៦ហើយហ្នឹង អត់ចេះអាន។ តាមការស្រាវជ្រាវរបស់ខ្ញុំពីគ្រូថ្នាក់ក្រោមៗមក សិស្សដែលលើសអាយុរស់នៅក្នុងស្ថានភាពក្រីក្រ បញ្ញាអន់ពីកំណើត គ្មានការជួយពង្រឹងបន្ថែមពីម្តាយឪពុកនៅផ្ទះ និងមានអំពើហិង្សាក្នុងគ្រួសារ។ បើទោះបីជា គ្រូខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏សិស្សនោះមិនចាប់បាន»។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងថា កុមារកុមារីភាគច្រើនមានតែកម្រិតថ្នាក់ ប៉ុន្តែចំណេះដឹងរបស់ពួកគាត់មិនសមាមាត្រទៅនឹងកម្រិតថ្នាក់របស់ពួកគាត់ពីព្រោះប្រព័ន្ធផ្តល់ចំណេះដឹងឲ្យពួកគាត់មិនមានប្រសិទ្ធភាព។
«ជុំវិញការអប់រំ យើងមានការកង្វល់យ៉ាងខ្លាំង ពីព្រោះយើងឃើញស្ថានភាពអប់រំនៅកម្ពុជា វាមិនបានធ្វើការកែលម្អទាំងគុណភាព ទាំងការបង្រៀន ទាំងការផ្ទេរចំណេះដឹងដល់យុវជន និងសិស្សានុសិស្ស ហើយអ្នកដែលទទួលបានការអប់រំភាគច្រើនឃើញថា មិនសូវមានគុណភាព»។
លោក ហេង ស្រ៊ាង សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងកាលពីថ្ងៃទី១៩ ខែសីហា ថានិស្សិតដែលបញ្ចប់ថ្នាក់មហាវិទ្យាល័យ មានការងារធ្វើច្បាស់លាស់តែ៣ភាគរយប៉ុណ្ណោះ ហើយភាគច្រើនគ្មានការងារធ្វើច្បាស់លាស់ទេ និងអ្នកខ្លះធ្វើការត្រឹមតែលក់ពលកម្ម។
«តាមខ្ញុំសង្កេតមើល មានសិស្សចំនួនភាគច្រើនណាស់ដែលរៀនត្រឹមតែមួយចប់ៗទៅ និងរៀនឲ្យតែបានសញ្ញាបត្រទៅ។ គាត់ហាក់បីដូចជាមិនបានគិតពីគុណភាពនៃជំនាញរបស់គាត់។ យើងមានតែចំនួនសិស្សច្រើន ប៉ុន្តែគុណភាពប្រកួតប្រជែងមែនទែនមិនសូវជាប្រាកដប្រជាទេ»។
លទ្ធផលជំរឿនប្រជាជនទូទៅឆ្នាំ២០០៨ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានបញ្ជាក់ថា កម្ពុជាមានអត្រាអ្នកចេះអក្សរពេញវ័យទាបជាងគេទី២ក្នុងចំណោមប្រទេសអាស៊ាន១០បន្ទាប់ពីប្រទេសឡាវ។ គម្លាតយ៉េនឌ័រនៃកម្រិតអ្នកចេះអក្សរនៅកម្ពុជាក៏មានភាពធំធេងណាស់ក្នុងចំណោមប្រទេសអាស៊ាន១០។
លោក អ៊ូ អេង បានបញ្ជាក់ថា ក្រសួងអប់រំកំពុងព្យាយាមបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សា។
«ក្រសួងអប់រំ យុវជន និងកីឡា ឥឡូវនេះកំពុងតែធ្វើកំណែទម្រង់នៃការរៀនអាន និងសរសេររបស់កុមារថ្នាក់ដំបូងៗ។ ឥឡូវនេះ យើងរៀបចំសៀវភៅថ្មី ដើម្បីឲ្យការរៀនអាន និងរៀនសរសេររបស់កុមារថ្នាក់ទី១ ទី២ ងាយឆាប់ចេះជាងមុន ហើយឥឡូវនេះ ក្រសួងកំពុងបោះពុម្ភសៀវភៅថ្មីហើយ»។
លោក អ៊ូ អេង បានបន្តថាក្រសួងមានគោលនយោបាយបីច្បាស់លាស់ ទី១គឺការផ្តល់សេវាប្រកបដោយសមធម៌ ទី២ការពង្រឹងគុណភាព និងទី៣ការរៀន និងការបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធិភាព៕