សិល្បករតាំងពិព័រណ៍គំនូររបស់គេនៅក្នុងប្រទេសកម្ពុជាដើម្បីបង្កើនការយល់ដឹងអំពីផលវិបាកនៃការប្រើថ្នាំក្លែងក្លាយ។
សិល្បករមកពីប្រទេស៥នៅអាស៊ីអាគ្នេយ៍តាំងពិព័រណ៍គំនូររបស់គេនៅភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍បង្ហាញពីគ្រោះថ្នាក់នៃថ្នាំក្លែងក្លាយ។
គំនូរជាង៤០របស់សិល្បករ៣៤នាក់ដាក់បង្ហាញនៅវិទ្យាស្ថានបារាំង និងមណ្ឌលវប្បធម៌អាល្លឺម៉ង់Meta House នៅភ្នំពេញ។ ថ្នាំក្លែងក្លាយរីករាលដាលនៅអាស៊ីអាគ្នេយ៍ ព្រោះលក់ថោកៗតាមដងផ្លូវ និងតាមផ្សារតំបន់ជនបទ។ ថ្វីបើ Viagra ជាថ្នាំក្លែងក្លាយដ៏សម្បូរក្តី តែវាមិននាំឲ្យមានកង្វល់ច្រើនដូចថ្នាំក្លែងក្លាយសម្រាប់ជំងឺគ្រុញចាញ់ របេង និងអេដស៍ទេ។ អង្គការសុខភាពពិភពលោកឲ្យដឹងថាថ្នាំក្លែងក្លាយមានជាតិថ្នាំតិចដែលនាំឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ហើយស៊ាំថ្នាំ។
សិល្បករខ្មែរសង្ឃឹមថា គំនូររបស់គេនឹងជួយឲ្យសាធារណជនយល់ដឹងច្រើនឡើង។ អឿ សុគន្ធវី និយាយថា
«ខ្ញុំសង្ឃឹមថា រូបដែលខ្ញុំគូរនិងស្នាដៃដែលខ្ញុំបានចូលរួមនៅថ្ងៃនេះនឹងជួយឲ្យប្រជាជនគ្រប់គ្នានៅស្រុកខ្មែរនិងអ្នកគ្រប់គ្នាបានឃើញ ហើយយល់ដឹងពិតថា ថ្នាំក្លែងក្លាយ ជះឥទ្ធិពលអាក្រក់ដល់ប្រទេសខ្មែរយើង»។
ការសិក្សារបស់អង្គការសុខភាពពិភពលោករកឃើញថា ថ្នាំក្លែងក្លាយលក់អស់៦២ពាន់លានដុល្លារក្នុង១ឆ្នាំ។ របាយការណ៍នេះឲ្យដឹងថា ពេលថ្នាំពេទ្យថ្លៃ និងតម្លៃថ្នាំពិតនិងថ្នាំក្លែងក្លាយខុសគ្នាច្រើន ការរកស៊ីថ្នាំក្លែងក្លាយថោកៗកើនឡើង។ ដូច្នេះឈ្មួញលក់ថ្នាំក្លែងក្លាយច្រើន ព្រោះចំណាយទុនតិច តែចំណេញច្រើន។
អ្នកស្រីម៉ម បូរីវណ្ណ នាយិកាកម្មវិធីការិយាល័យប្រឆាំងជំងឺគ្រុញចាញ់ថ្លែងថា
«ប្រជាជនក្រីក្រគាត់អត់ដឹង អត់មានលុយទៅរកមន្ទីរពេទ្យល្អ។ គាត់តែងតែទៅរកទិញថ្នាំនៅឱសថស្ថាន។ អញ្ចឹងគាត់អត់ដឹងថា ឱសថណាក្លែងក្លាយ ឬឱសថណាល្អទេ។ ដូច្នេះការផ្សព្វផ្សាយបែបនេះអាចឲ្យគាត់មានការយល់ដឹងច្រើនពីផលវិបាកនៃឱសថក្លែងក្លាយ ហើយឲ្យគាត់ចាប់អារម្មណ៍ថា ពេលគាត់ទិញឱសថ គាត់ត្រូវមើលអី្វខ្លះ?។គាត់អាចមើលទៅលើអ្វីខ្លះ ដែលគាត់អាចទុកចិត្តបានថា ឱសថហ្នឹងជាឱសថពិត ហើយអាចព្យាបាលជំងឺគាត់បាន»
លោក Mark Hammond ជាអ្នកផ្តួចផ្តើមពិព័រណ៍នេះ។ ផលិតកម្មភាពយន្តឯកសារនេះពន្យល់ថា៖
«បីឆ្នាំមុន ខ្ញុំជាផលិតករទូរទស្សន៍អំពីបញ្ហាបណ្តាលមកពីថ្នាំពេទ្យក្លែងក្លាយនៅអាស៊ីអាគ្នេយ៍។ ខ្ញុំគិតថា តើប្រជាជនថៃ កម្ពុជា និងលាវគិតយ៉ាងណាអំពីបញ្ហាថ្នាំពេទ្យក្លែងក្លាយ? ខ្ញុំទៅជួបសិល្បករមួយចំនួន សួរគេពីរបីសំណួរ ហើយសុំឲ្យគេគូរគំនូរអំពីបញ្ហាថ្នាំពេទ្យក្លែងក្លាយនេះ»។
ពិព័រណ៍ចល័តនេះនឹងតាំងបង្ហាញនៅក្នុងប្រទេសនានានៅអាស៊ីអាគ្នេយ៍ និងនៅប្រទេសបារាំង៕