ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មេបញ្ជាការ​ខ្មែរ​ក្រហម​ទទួច​ឲ្យ​មាន​ការ​ដោះលែង​ខៀវ សំផន


ខៀវ សំផន មេដឹកនាំ​បក្សកុម្មុយនីស្ត​របស់​ពួក​ខ្មែរក្រហម
ខៀវ សំផន មេដឹកនាំ​បក្សកុម្មុយនីស្ត​របស់​ពួក​ខ្មែរក្រហម
ភ្នំពេញ៖ អតីត​មេបញ្ជាការ​កងទ័ព​ខ្មែរក្រហម​ប្រចាំ​ភ្នំ​វ័ល្លិ៍​ដែល​កំពុង​ជាប់​ពន្ធនាគារ​អស់​មួយជីវិត​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​ទេសចរ​បរទេស​ចំនួន​បី​នាក់​កាល​ពី​១៩​ឆ្នាំ​មុន​បាន​ទទូច​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ដោះលែង​ខៀវ សំផន នៅ​ថ្ងៃ​ចន្ទ​នេះ។
ឈូក រី​ន បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​ដែល​កំពុងតែ​បើកសវនាការ​នៅ​ចំពោះ​មុខ ខៀវ សំផន ថា​អតីត​ប្រមុខ​រដ្ឋ​របស់​ពួក​កុ​ម្មុយនីស្ត​ខ្មែរក្រហម​នេះ មិនមែន​ជា​មេ​ដឹកនាំ​បក្សកុម្មុយនីស្ត​ខ្មែរ​ក្រហម​នោះ​ទេ។
«លោក​ខៀវ សំផន ហ្នឹង​ខ្ញុំ​មិន​និយាយ​អី​ទេ។ ខ្ញុំ​សុំ​ឲ្យ​តុលាការ​ដោះលែង​គាត់​ទៅ។ គាត់​មិនមែន​អ្នក​ទទួល​ខុស​ត្រូវ​កុម្មុយនីស្ត​ជាន់​ខ្ពស់​ទេ»។
ឈូក រី​ន ទទូច​ថា ប្រសិន​បើ​តុលាការ​រក​ភស្តុតាង​មិន​ឃើញ​នោះ​ទេ​ត្រូវតែ​ដោះលែង​ខៀវ សំផន។
លោក ឈូក រី​ន អាយុ៦០ឆ្នាំ​ត្រូវ​សាលាឧទ្ធរណ៍​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​កាលពី​ឆ្នាំ២០០៥ក្រោម​បទ​ចោទថា បាន​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់​ទេសចរ​បរទេស​ចំនួន​បី​នាក់​មាន​ជនជាតិ បារាំងជីន មីសែល ប្រាកេត៍ (Jean-Michel Braquet) ជនជាតិ​អូស្ត្រាលី​ ដេវីដ វីលសុន (David Wilson) និង​ជនជាតិ​អង់គ្លេស​ ម៉ាក ស្លេធរ (Mark Slater)។ ទេសចរ​ទាំងនេះ​ត្រូវ​ពួក​ខ្មែរក្រហម នៅ​តំបន់​ឈរជើង​ដ៏​រឹងមាំ​ភ្នំ​វ័ល្លិ៍​ចាប់​ជា​ចំណាប់ខ្មាំង​ក្រោយពី​ស្ទាក់​បាញ់​ប្លន់​រថភ្លើង​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត នៅ​ខែកក្កដា​ឆ្នាំ១៩៩។ ការ​វាយ​ប្រហារ​នោះ​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ចំនួន​១៣​នាក់​ស្លាប់​បាត់​បង់​ជីវិត។
លោក​ឈូក រី​ន ដែល​ពិការ​ជើង​ម្ខាង​បាន​បដិសេធ​ឆ្លើយ​នឹង​សំណួរ​ដេញដោល​របស់​សហ​ព្រះរាជអាជ្ញា​ហើយ​បាន​ស្នើ​ឲ្យ​តុលាការ​លើក​ពេល​ផ្តល់​សក្ខីកម្ម​របស់លោក​ដោយ​ទាមទារ​ឲ្យ​តុលា​ការជួយ​ព្យាបាល​រូបគាត់​ដែល​កំពុងមាន​ជំងឺ​ជាប់​ខ្លួន​ជាពិសេស​ការឈឺ​ក្បាល​ខ្លាំង​និង​ឈឺ​ក។
សហ​មេធាវី​របស់​នួន ជា គឺ​លោក​សុន អា​រុណ គាំទ្រ​ជំហរ​នេះ។ ប៉ុន្តែ​លោក ចៅក្រម​និល ណុន​ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​បាន​ច្រានចោល​សំណើ​របស់​សាក្សី​ហើយ​លោក​ទទូច​ឲ្យ​ស​ក្សី​ផ្តល់​សក្ខីកម្ម។
«ទំនង​ជា​មិនត្រូវ​ការ​ពេលវេលា​យូរ​ទៀត​ទេ​ក្នុងដំណាក់កាល​ដំបូង​នៃ​ការ​បំបែក​កិច្ចដំណើរការ​និតិ​វិធី​សំណុំ​រឿង​០០២/០១​នេះ»។
អតីត​មេទ័ព​ខ្មែរក្រហម​ប្រចាំ​ភ្នំ​វ័ល្លិ៍​ខាង​លើ​មិន​បាន​បង្ហាញ​សវតា​របស់​ខ្លួន​ច្រើន​នោះទេ។នៅ​ពេល​ដែល​គាត់​ចាប់​ផ្តើម​ប្រកែក​ផ្តល់​ចម្លើយ​ដល់​តំណាង​សហ​ព្រះរាជអាជ្ញា​ជាតិ​និង​បន្ទាប់​មក​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ។
ក៏​ប៉ុន្តែ​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​បាន​ជម្នះ​សួរ​សំណួរ​បន្ថែម​ហើយ​បន្ថែមទៀត​បើទោះជា​ឈូក រីន មិន​ព្រម​បញ្ជាក់​អំពី​សំណៅ​សក្ខីកម្ម​របស់ខ្លួន​ដែល​ប្រមូល​បាន​ដោយ​ចៅក្រម​ស៊ើបអង្កេត​ក៏ដោយ។
លុះ​ដល់​ក្រោយ​មក​ឈូក រី​ន បាន​ឆ្លើយ​កំបុតៗខ្លី​ដែល​មិនមែនជា​ចម្លើយ​ពេញលេញ​ឬ​គ្រាន់តែ​ជាការ​បដិសេធ​លើ​សក្ខីកម្ម​របស់​លោក​ជា​លាយលក្ខណ៍​អក្សរ​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​តែ​ប៉ុណ្ណោះ។
ឈូក រីន បាន​ហៅ​ជនជាប់ចោទ​នួន ជា និង​អៀង សារី ថា​ជា​មេដឹកនាំ​របស់​ខ្លួន។ ហើយ​លោក​សោកស្តាយ​ចំពោះ​ការស្លាប់​របស់​អៀង សារី។
សាក្សី​ដដែល​នេះ​បញ្ជាក់ថា​ មេដឹកនាំ​បក្សកុម្មុយនីស្ត​របស់​ពួក​ខ្មែរក្រហម​ដែល​ទទួលខុសត្រូវ​ផ្នែក​នយោបាយ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​សេស​សល់​តែ​ម្នាក់​គត់​គឺ​នួន ជា។ នួន ជា ដែលជា​អតីត​ប្រធានសភា​ខ្មែរក្រហម​ហើយ​មិនបាន​ចូលរួម​សវនាការ​ដោយ​ផ្ទាល់​ទេ​កាលពី​ព្រឹក​មិញ​នេះ​ដោយសារ​តែ​បញ្ហា​សុខភាព។
XS
SM
MD
LG