ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ឃ្លាំ​មើល​ចង់​ឲ្យ​មាន​ការ​សម្រប​សម្រួល​សម្រាប់​លោក​សម រង្ស៊ី​ត្រឡប់​ចូល​ប្រទេស​កម្ពុជា

  • ហេង រស្មី

លោក​គុល បញ្ញា (ឆ្វេង)

លោក​គុល បញ្ញា​នាយក​អង្កការខុមហ្វ្រ៊ែល (Comfrel) បាន​និយាយ​ថា លោក​ចង់​ឲ្យ​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោ​បាយ​មុន​នឹង​បើក​ផ្លួវ​ឲ្យ​លោក​សម រង្ស៊ី​ចូល​រួម​ការ​បោះ​ឆ្នោត។​

ភ្នំពេញ៖ ក្រុម​អ្នក​តាម​ដាន​ដំណើរ​ការណ៍​បោះឆ្នោត​នៅ​កម្ពុជា​បាន​ទាម​ទារ​ឲ្យ​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោ​បាយ​ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​សម រង្ស៊ី​បាន​ចូល​រួម​បោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។
ក្រសួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃ​អង្គារ​បាន​យល់​ព្រម​ចុះ​បញ្ជី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​រវាង​គណ​បក្ស​សិទ្ឋិ​មនុស្ស​និង​គណ​បក្ស​សម រង្ស៊ី។ ​គណបក្ស​ថ្មី​នេះ​មាន​លោក​សម រង្ស៊ី​ជា​ប្រធាន​ និង​លោក​កឹម សុខា​ជា​អនុ​ប្រធាន។​
លោក​សម រង្ស៊ី​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំ​ពេញ​និង​តុលាការ​ខេត្ត​ស្វាយរៀង​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ឋនាគារ​រយៈពេល​ជិត​១០​ឆ្នាំ។ បើ​តាម​ច្បាប់​បោះ​ឆ្នោត លោក សម​ រង្ស៊ី ​មិន​អាច​ចូល​រួម​បោះឆ្នោត​និង​ឈរ​ឈ្មោះ​ឲ្យគេ​បោះ​ឆ្នោត​បាន​ទេ។​
លោក​គុល បញ្ញា​នាយក​អង្កការ​ឃ្លាំ​មើល​ដំណើរ​ការណ៍​បោះឆ្នោត​មួយ​ដែល​មាន​ឈ្មោះ​ថា​ ខុមហ្វ្រ៊ែល (Comfrel) បាន​និយាយ​ថា លោក​ចង់​ឲ្យ​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោ​បាយ​មុន​នឹង​បើក​ផ្លួវ​ឲ្យ​លោក​សម រង្ស៊ី​ចូល​រួម​ការ​បោះ​ឆ្នោត។​
លោក​បាន​មាន​ប្រសាសន៍​ថា ករណី​លោក​សម រង្ស៊ី​ក៏​ធ្លាប់​មាន​ការ​សម្រប​សម្រួល​ដែរ​ពី​លើក​មុនៗ។ ​ដូច្នេះ​ករណី​ចុង​ក្រោយ​នេះ​លោក​សម រង្ស៊ី​មិន​មែន​មាន​ទោស​ឧក្រិដ្ឋ​ទេ​គឺ​លោក​គ្រាន់​តែ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ។​
លោក​បានប្រសាសន៍​ថា សហគមន៍​អន្តរជាតិ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរការ​គោរព​លិទ្ឋិ​ប្រជា​ធិ​បតេយ្យ​នៅ​កម្ពុជា។ លោក​បានប្រសាសន៍​ថា ប្រសិន​បើ​មិន​មាន​វត្តមាន​លោក​សម រង្ស៊ី​ចូល​រួម​បោះ​ឆ្នោត​ទេ​ ដំណើរ​ការណ៍​បោះឆ្នោត​មិន​អាច​ប្រព្រិត្តិ​ទៅ​ដោយ​សេរី​និង​យុត្តិធម៌​ទេ។​
«ប្រទេស​កម្ពុជា​យើង ប្រសិន​ណា​បើ​យើង​បង្ហាញ​ការអភិវឌ្ឃ​មួយ​ថ្មី ការបោះ​ឆ្នោត​មួយ​ត្រឹម​ត្រូវ​ គោរព​សិទ្ឋិ​មនុស្ស​បាន​ល្អ ខ្ញុំ​គិត​ថា សម្រាប់​មេដឹក​នាំប្រទេស​ធំៗ​ប្រហែល​ជា​គេ​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ជួយ​គាំ​ទ្រ​ឬ​ក៏​ប្រឹង​ប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​កម្ពុជា​យើង​ក្លាយ​ទៅ​ជា​គំរូរ​នៃ​ការ​ដឹក​នាំ​របៀប​ប្រជា​ធិ​បតេយ្យ»។​
តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ លោក​សម​ រង្ស៊ី​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បាន ក៏​ប៉ុន្តែ​ច្បាប់​បោះ​ឆ្នោត​វិញ​បាន​ជំទាស់​នឹង​ករណី​ឈរ​ឈ្មោះ​នេះ​ដោយ​សារ​លោក​ជា​ទណ្ឌិត។
លោក​ទេព នីថា អគ្គលេខាធិការ​នៃ​គណ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​និយាយ​ថា តាម​ច្បាប់​បោះឆ្នោត​ទណ្ឌិត​ទូទៅ​មិន​មែន​មាន​តែ​ករណី​លោក​សម រង្ស៊ី​ទេ​គឺ​មិន​អាច​ចូល​រួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន​ទេ។​
លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​បាន​រក​ឃើញ​ថា​បុគ្គល​នោះ​ជា​ទណ្ឌិត​គ​ជ​ប​នឹង​ស្រង់​ឈ្មោះ​លុប​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​។​
«សម្រាប់​ការ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​ បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​កាល​ណា​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ពុំ​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​បាន​ទេ​ហើយ​បើ​សិន​ជា​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ហើយ​ដាក់​ពាក្យជា​បេក្ខ​ជន​ទៅ​គ​ជ​ប។ នៅ​ពេល​គ​ជ​ប​ពិនិត្យ​ថា ជា​ពិ​រុទ្ឋ​ជន​គឺ​មិន​អាច​អនុញ្ញាតឲ្យ​ឈរ​ឈ្មោះ​បាន​ទេ»។​
​លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ ​អ្នក​វិភាគ​ឯករាជ្យ​និយាយ​ថា ករណី​របស់​លោក​សម រង្ស៊ី​បើ​រឿង​សម្រប​សម្រួល​នយោ​បាយ​មិន​មាន​បញ្ហា​អ្វី​ទេ​ក៏ប៉ុន្តែ​ប្រសិន​ពាក់​ព័ន្ឋ​ខាង​ផ្លូវ​ច្បាប់​ប្រហែល​ជា​មិន​អាច​ទៅ​រួច។
លោក​បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​គួរ​តែ​ជ្រើស​រើស​បេក្ខភាព​ថ្មី​មក​ជំនួស​លោក​សម រង្ស៊ី​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។​
«តាម​ពិត​ទៅ​បើ​សិនជាខ្ញុំ​ជា​សម រង្ស៊ី​វា​សឹង​តែ​ចប់​ហើយ។ គណបក្ស​ហ្នឹង​ក៏​គួរ​តែ​រើស​អ្នក​ថ្មី​បើ​សិន​ជាឲ្យ​មេគណបក្ស​ហ្នឹង​ចូល​រួម​សកម្ម​ ទី​១​គឺ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ទី​២​គឺ​ការ​ដឹកនាំបក្ស​នៅ​ក្នុង​ប្រទេស»។​
លោក សម រង្ស៊ី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​តាម​រយៈ​Video Conference កាល​ពី​ថ្ងៃ​អង្គារ​លោក​មាន​ជំ​នឿ​ថា ករណី​របស់​លោក​នឹង​មាន​ដំណោះស្រាយ​ខាង​ផ្លូវ​នយោ​បាយ​ហើយ​លោក​សន្យា​ថា​នឹង​វិល​មកកាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បីចូល​រួម​បោះ​ឆ្នោត​មុន​ឆ្នាំ​២០១៣៕
XS
SM
MD
LG