ក្រុមមន្ត្រីក្នុងប្រទេសកម្ពុជានិយាយថាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានតែងតាំងសហចៅក្រម ស៊ើបអង្កេតបរទេសពីររូបនៃតុលាការខ្មែរក្រហមរួចហើយ កាលពីសប្តាហ៍មុនដើម្បីជំនួសមុខតំណែងដែលនៅទំនេនិងបន្តនីតិវិធីសំណុំរឿង០០៣និង០០៤។
សហចៅក្រមស៊ើបអង្កេតទាំងពីរគឺម្នាក់ជាជនជាតិអាមេរិកាំងលោក Mark Harmon អតីតរដ្ឋអាជ្ញា នៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អតីតប្រទេស យូហ្គោស្លាវី និងម្នាក់ជាជនជាតិបារាំងធ្វើការជាចៅក្រមនៅសាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិកូសូវ៉ូ គឺលោកស្រី ការ៉ូលីន ស្ហាប៉ង់ត្យែ (Caroline Charpentier) ត្រូវតែងតាំងជាចៅក្រមស៊ើបអង្កេតបម្រុង។ នេះបើតាមមន្ត្រីតុលាការខ្មែរក្រហម និងអ្នកឃ្លាំមើលដែលថ្លែងក្នុងលក្ខខណ្ឌពុំឲ្យបញ្ចេញឈ្មោះ។
ក្រុមមន្ត្រីដដែលបាននិយាយថាព្រះមហាក្សត្រខ្មែរបានឡាយព្រះហស្ថលេខាតាំងពីថ្ងៃសុក្រក្រោយពី ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានសម្រេចតែងតាំង។ តែគេពុំឃើញមានការប្រកាសព័ត៌មាន ជាផ្លូវការពីសាលាក្តីខ្មែក្រហមនិងមន្ត្រីអ.ស.បទេ។
អ្នកនាំពាក្យអ.ស.ប អីរី កានីកូ (Eri Kaneko) បានថ្លែងប្រាប់វីអូអេយ៉ាងខ្លីកាលពីចុងសប្តាហ៍មុនថា៖
«អសបបានដាក់ជូនរាជរដ្ឋាភិបាលកម្ពុជានូវឈ្មោះអ្នកដែលត្រូវជ្រើសតាំងសម្រាប់មុខតំណែងជា សហចៅក្រម ស៊ើបអង្កេតរួចហើយ។ យើងកំពុងរង់ចាំឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រមធ្វើការ តែងតាំង»។
នៅពេលសួរបញ្ជាក់នៅថ្ងៃនេះអំពីការឆ្លើយតបរបស់កម្ពុជាមកអ.ស.បទាក់ទងនឹងការតែងតាំង ចៅក្រមពីរនាក់ដែលអ.ស.បបានស្នើសុំនោះ អ្នកនាំពាក្យ អ.ស.ប អីរី កានីកូបានអះអាងថា៖
«អ.ស.បមិនទាន់បានទទួលការឆ្លើយតបជាផ្លូវការណាមួយទេ»។
សហចៅក្រមស៊ើបអង្កេតទាំងពីរត្រូវតែងតាំងបន្ទាប់ពីលោក Siegfridge Blunk និង លោក Laurent Kasper Ansermet បានលាឈប់ពីមុខតំណែងបន្តបន្ទាប់តាំងពីខែតុលាចុងឆ្នាំ២០១១ ដោយសារការ ជ្រៀតជ្រែកផ្នែកនយោបាយ ក្នុងសំណុំ រឿង ០០៣ និង០០៤ដែល រដ្ឋាភិបាលកម្ពុជាបាន ជំទាស់យ៉ាង ខ្លាំង។ អសបនិងកម្ពុជាធ្លាប់មាន វិវាទរឿងការតែងតាំង សហចៅក្រមនេះដែលធ្វើកិច្ចការទាក់ទងនឹង សំណុំរឿង០០៣ និង០០៤។
លោកJames Goldston នាយកប្រតិបត្តិនៃអង្គការច្បាប់របស់សរអាមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក បានថ្លែងថាការតែងតាំងគឺជារឿងសំខាន់សម្រាប់ដំណើរការ នីតិវិធីនិងកិច្ចការ ដែលមិនទាន់ចប់។ ក៏ប៉ុន្តែលោកអះអាងថាគេមិនត្រូវភ្លេចពីការណ៍ដែលសហចៅក្រមស៊ើបអង្កេត៣នាក់ ហើយដែលមិនអាចធ្វើកិច្ចការបានហើយកាន់តែមានការលំបាកក្នុងការស៊ើបអង្កេតឲ្យបានច្បាស់ លាស់លើសំណុំរឿង០០៣និង០០៤។
«ក្តីបារម្ភដែលយើងបានបង្ហាញអំពីការជ្រៀតជ្រែកពីរដ្ឋាភិបាលកម្ពុជាកន្លងទៅក្នុងការស៊ើបអង្កេត ទាំងនោះ នៅតែមាននៅឡើយ។ យើងសង្ឃឹមថាសហចៅក្រមស៊ើបអង្កេតថ្មី ឥឡូវទី៤ ហើយ ដែលត្រូវទទួលមុខតំណែងនឹងមានសមត្ថភាពពេញលេញដើម្បីទទួលបំពេញកិច្ចការងារតាម អំណាចរបស់គេ ក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសាលាក្តីខ្មែរក្រហម និង ច្បាប់ដែលគ្រប់គ្រង សាលាក្តីនេះ»។
សាលាក្តីខ្មែរក្រហមបានចោទប្រកាន់អតីតកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាល៥នាក់ទៀតតាំង ពីឆ្នាំ២០០៨ម្ល៉េះ តែពុំមានជនសង្ស័យណាម្នាក់ត្រូវគេនាំខ្លួនពីបទចោទនោះទេ ដោយសារលោក នាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់ប្រកាសជាសាធារណៈជំទាស់ទៅនឹងការប៉ុនប៉ងនាំខ្លួនជនសង្ស័យ បន្ថែម ដែលលោកចាត់ទុកថាបំផ្លាញសន្តិភាពរបស់កម្ពុជា។
សាលាក្តីខ្មែរក្រហមកំពុងដំណើរការកាត់ទោសជនជាប់ចោទ៣នាក់ក្នុងសំណុំរឿង០០២ដែលជាប់ ចោទពីបទឧក្រិដ្ឋកម្មនានាដែលធ្វើឲ្យពលរដ្ឋខ្មែរជាង១,៧លាននាក់ស្លាប់ក្នុងទសវត្សរ៍១៩៧០៕