អតីតអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហមមួយរូបបានបញ្ជាក់នៅថ្ងៃពុធនេះថានួន ជានិងប៉ុល ពត គឺជាមេដឹកនាំតែពីរនាក់គត់ដែលក្ដោបក្តាប់អំណាចផ្តាច់មុខនៃរបបកម្ពុជាប្រជាធិបតេយ្យ។
កាំង ហ្កេកអ៊ាវហៅឌុចអតីតប្រធានមន្ទីរស២១ ឬ គុកទួលស្លែងបានផ្ដល់សក្ខីកម្មក្នុងសវនាការរបស់អង្គជំនុំជម្រះសាលាដំបូងថាអតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងពីរបានគ្រប់គ្រងកិច្ចការរដ្ឋបាលគ្រប់បែបយ៉ាង។
«គឺបក្សកុម្មុយនិស្ដកម្ពុជាដែលដឹកនាំដោយប៉ុល ពតនួន ជា។ គឺពីរនាក់ហ្នឹងដឹកនាំដាច់ខាតមិនរាថយទៅមុខជានិច្ចគ្រប់ផ្នែក។ នគបាលក៏ដឹកនាំដោយប៉ុល ពត នួន ជា សេដ្ឋកិច្ច ពាណិជ្ជកម្ម យោធា ក៏ប៉ុល ពត នួន ជា»។
ការផ្ដល់សក្ខីកម្មរបស់ឌុច បែបនេះ បន្ទាប់ពីលោក វីលាម ស៊្មីត សហព្រះរាជអាជ្ញារងបរទេសចោទសួរ ឌុច ទាក់ទងនឹងរចនាសម្ព័ន្ធនៃបក្សកុម្មុយនិស្ដកម្ពុជា។
យ៉ាងណាក៏ដោយ នួន ជា ធ្លាប់បានឆ្លើយប្រាប់អង្គជំនុំជម្រះសាលាដំបូងថាគាត់ទទួលបន្ទុកផ្នែកអប់រំនិងមិនពាក់ព័ន្ធនឹងអំណាចយោធាឬការចាត់ចែងរបស់ ប៉ុល ពត ទេ។
ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះតុលាការកំពូលឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីខែមុន។ កាលពីថ្ងៃអង្គារ ម្សិលម៉ិញនេះ នួន ជា បានខឹងសម្បានឹងឌុច ហើយចាត់ទុក ឌុច ថាជាសាក្សីមិនបានការ។
ឆ្លើយតបទៅនឹងសំណួររបស់សហព្រះរាជអាជ្ញារងកម្ពុជា លោក សេង ប៊ុនឃាង អតីតមេគុកទួលស្លែងរូបនេះបានបញ្ជាក់បន្ថែមពីតួនាទីរបស់ នួន ជា ក្នុងការបញ្ជាឲ្យចាប់ប្រជាជនឬកម្មាភិបាលខ្មែរក្រហមដែលត្រូវសង្ស័យជាខ្មាំងឬគិញយកមកដាក់គុក។
«គ្រប់ពេលវេលា ខ្ញុំបានទទួលការណែនាំពី ស៊ុន សេន។ នេះនិយាយពីសកម្មភាពមុនថ្ងៃ១៥ សីហា ឆ្នាំ ១៩៧៧ ហើយបន្ទាប់មកគឺបងទី២ នួន ជា។ យ៉ាងម៉េចៗ សម្រេច មិនចាប់នរណា គឺគាត់គឺជាអ្នកសម្រេចពីខាងលើ។ ថាខាងលើកំណត់ហើយ ចប់។ ស ២១ ត្រូវតែអនុវត្តរង់ចាំចាប់អ្នកនេះ រង់ចាំចាប់អ្នកនោះ ខាងលើជាអ្នកសម្រេច»។
ឌុច ក៏បានរៀបរាប់ផងដែរថា ខ្មែរក្រហមបានកំណត់សត្រូវរបស់ខ្លួនតាមកាលៈទេសៈ។
«សមាសភាពដែលកំណត់ថាជាខ្មាំង ក្រោយឆ្នាំ១៩៧០ កំណត់គិញជាធំ។ ក្រោយឆ្នាំ១៩៧៥ កំណត់អតីតមន្ត្រីរាជការនិងអតីតទាហានប៉ូលិសរបស់ លន់ ណល់ ជាធំ។ ហើយដល់ឆ្នាំ ១៩៧៦ ជាពិសេស និយាយពីខែ១ ឆ្នាំ១៩៧៧ ដែលបោសសម្អាត សម្រិតសម្រាំងកម្លាំងខាងដក»។
របបកម្ពុជាប្រជាធិបតេយ្យ ពួកខ្មែរក្រហម បានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់យ៉ាងតិច ១,៧ លាននាក់ចន្លោះឆ្នាំ ១៩៧៥ និងឆ្នាំ១៩៧៩។ នួន ជា ខៀវ សំផន អៀង សារី និង អៀង ធីរិទ្ធ ប្រពន្ធរបស់គាត់ ដែលសុទ្ធសឹងជាមេដឹកនាំកំពូលខ្មែរក្រហម ដែលនៅរស់រានមានជីវិតប្រកបដោយភាពចាស់ជរា ត្រូវបាននាំខ្លួនយកមកកាត់ទោស ក្នុងសំណុំរឿង ០០២។ ប៉ុន្ដែអៀង ធីរិទ្ធ ដែលត្រូវបានរកឃើញថា មានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវដាក់ឲ្យស្ថិតក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យសិន។
ដោយឡែក ប៉ុល ពត ដែលជាមេស្ថាបនិកនៃរបបខ្មែរក្រហមបានស្លាប់នៅក្នុងព្រៃ កាលពីឆ្នាំ ១៩៩៨ ក្រោយពេលដែលក្រុមខ្មែរក្រហម ខ្លួនឯងធ្វើការកាត់ទោសលើរូបគាត់ក្នុងតំបន់ជាប់ព្រំដែនប្រទេសថៃ។ ឌុច នៅថ្ងៃនេះ បានបញ្ជាក់ថា ប៉ុល ពត គឺជាអ្នកទទួលយកមនោគមវិជ្ជាបែបកុម្មុយនិស្ដទ្រឹស្ដីម៉ាកឡេនីន នៃអតីតសហភាពសូវៀតមកអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួនបំផុត៕