អតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលទើបត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតបាននិយាយនៅថ្ងៃច័ន្ទនេះថាខ្មែរក្រហមបានបង្កើតគោលនយោបាយសម្លាប់មនុស្សមួយរួចជាស្រេចមុននឹងខ្លួនបានឡើងកាន់កាប់អំណាចទាំងស្រុង។ ហើយ ឌុច បានអះអាងថា គោលនយោបាយនេះត្រូវបានអនុវត្តជាប្រព័ន្ធនៅក្នុងមន្ទីរសន្ដិសុខនានាឬដែលគេស្គាល់ថាគុកនោះ។
ឌុច បានគូសបញ្ជាក់យ៉ាងដូច្នេះ ក្នុងការផ្ដល់សក្ខីកម្មជាលើកដំបូងក្នុងការកាត់ទោសក្នុងសំណុំរឿង ០០២ដោយផ្តោតលើអង្គហេតុនៃរចនាសម្ព័ន្ធរដ្ឋបាលប្រព័ន្ធទំនាក់ទំនងការងារនិងតួនាទីមុខងាររបស់ជនជាប់ចោទ នួន ជា ខៀវ សំផន និង អៀង សារី។
ឌុច ពាក់ឯកសណ្ឋានអ្នកទោសបានថ្លែងនៅចំពោះមុខវត្តមានរបស់ជនជាប់ចោទពីរនាក់ក្នុងចំណោមបីនាក់គឺនួន ជា និង ខៀវ សំផន ដោយលើកករណីមន្ទីរសន្ដិសុខ ម១៣ នៅក្នុងដើមទសវត្សរ៍១៩៧០ តបទៅនឹងសំណួររបស់សហព្រះរាជអាជ្ញារងជាតិ។
«ជាគោលការណ៍របស់បក្សជំនាន់ហ្នឹង ឲ្យតែចូលតំបន់រំដោះអ្នកក្រក៏ដោយ អ្នកមានក៏ដោយ អ្នកមកទិញមាន់ក៏ដោយ ក៏គេរុញមកឲ្យថាជាគិញ។ ហើយឲ្យមកដើម្បីសួរចម្លើយ ហើយកម្ទេច។ នេះជារឿងច្បាស់លាស់។ សូមអរគុណ ដែលបានអនុញ្ញាតឲ្យខ្ញុំបានបញ្ជាក់ច្បាស់»។
ឌុច ត្រូវអង្គជំនុំជម្រះតុលាការកំពូលផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី៣ ខែកុម្ភៈ ពីបទទាក់ទងទៅនឹងការសម្លាប់អ្នកទោសជាង ១២.៣៨០ នាក់ នៅក្នុងគុកទួលស្លែង។
នេះគឺជាលើកទីមួយហើយដែលអតីតអ្នកទទួលខុសត្រូវខ្មែរក្រហមខ្ពស់បំផុតរូបនេះ បានបង្ហាញសក្ខីកម្មប្រឈមនឹងអតីតមេដឹកនាំរបស់ខ្លួន។
ឌុចក៏បានលើកឡើងថាបច្ចេកទេសសួរចម្លើយនិងធ្វើទារុណកម្មនៅមន្ទីរស ២១ ដែលខ្លួនឡើងកាន់កាប់ក្រោយពួកខ្មែរក្រហមឡើងដឹកនាំប្រទេសថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ គឺដូចគ្នាទៅនឹងការធ្វើទារុណកម្មនៅតាមគុកផ្សេងៗដទៃទៀត ក្នុងរបបខ្មែរក្រហម ដែលមានចំនួនសរុប ១៩៦ គុក។
ចូលធ្វើបដិវត្តន៍ក្នុងជួរខ្មែរក្រហមនៅខែតុលា ឆ្នាំ១៩៦៤ ឌុច ត្រូវបានចោទសួរពីសំណួរទូទៅជាច្រើននៅល្ងាចនេះ។
គាត់បានបញ្ជាក់ថា បក្សកុម្មុយនិស្ដកម្ពុជា បានបង្កើតកងឈ្លបនៅតាមជនបទនៅឆ្នាំ ១៩៦៧។ រីឯរូបគាត់ផ្ទាល់ ខ្លួនចូលចិត្តអានសៀវភៅស្ដីពីទ្រឹស្ដីម៉ៅ សេទុង អតីតប្រមុខដឹកនាំបក្សកុម្មុយនិស្ដចិន និងជាអតីតប្រមុខរដ្ឋប្រទេសចិននៃចុងទសវត្សរ៍១៩៤០ និង១៩៥០។
ការចូលផ្ដល់សក្ខីកម្មរបស់ ឌុច នៅថ្ងៃនេះ គឺលឿនជាងមួយថ្ងៃខុសពីការគ្រោងទុករបស់អង្គជំនុំជម្រះសាលាដំបូងដោយសារតែនួន ជា បានបដិសេធមិនឆ្លើយតបនឹងសំណួរនានាក្នុងការកាត់ទោសកាលពីព្រឹកម៉ិញ។ ការបដិសេធរបស់ នួន ជា ដោយសារតែខ្លួនបានដាក់សំណើចំនួនបួនដល់តុលាការដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌឆ្លើយតបទៅនឹងសំណួរនានាប្រសិនបើតុលាការឆ្លើយតបនឹងសំណើខ្លះក្នុងចំណោមសំណើទាំងនោះ។ ក៏ប៉ុន្ដែលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះ នៃសាលាដំបូងបដិសេធលើសំណើទាំងនោះដោយចាត់ទុកថានោះ គឺជាសំណើដដែលៗ។
សំណើទាំងនោះរួមមានសុំឲ្យតុលាការបន្ដការពិភាក្សាផ្នែកប្រវត្តិសាស្ដ្រនៃរបបកម្ពុជាប្រជាធិបតេយ្យឲ្យបានឲ្យទូលំទូលាយដែលលោកចាត់ នួន ជា ទុកថា មានជាប់ពាក់ព័ន្ធនិងមូលហេតុនៃការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅកម្ពុជានិងចេតនារបស់ប្រទេសវៀតណាមមកលើកម្ពុជាសំណើសុំស្ដាប់សាក្សីស្នើដោយមេធាវីរបស់ខ្លួន។
ការស្នើសុំដាក់ឯកសារភស្ដុតាងថ្មី រហូតចប់ដំណើរការក្ដីក្នុងសំណុំរឿង ០០២ និងសុំឲ្យអង្គជំនុំជម្រះផ្ដល់ចម្លើយផ្ទាល់មាត់ពីសំណើរបស់ខ្លួនកាលពីខែកុម្ភៈ៕