នៅថៃ្ងព្រហស្បតិ៍នេះ តុលាការខេត្តបន្ទាយមានជ័យបានកាត់ទោសលោកមឹក តារា អតីតប្រធានទីភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់ប្រទេសកម្ពុជា ឲ្យជាប់ពន្ធនាគារមួយជីវិតអំពីបទពុករលួយទាក់ទងនឹងការជួញដូរគ្រឿងញៀន។
លោកមឹក តារា អតីតអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនត្រូវបានចាប់ខ្លួនជាមួយលោកជា ឡេង ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃនៅខែមករា ឆ្នាំ២០១១។
លោកអ៊ិត សម្ភស ប្រធានចៅក្រមជំនុំជម្រះតុលាការខេត្តបន្ទាយមានជ័យ បានប្រកាសសាលក្រមនៅចំពោះមុខជនជាប់ចោទថា ជនជាប់ចោទឈ្មោះមឹក តារា និងជា ឡេងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត ហើយឈ្មោះម៉ម ឌឿន ដែលបានរត់គេចខ្លួន ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារចំនួន២៥ឆ្នាំ។
នៅក្នុងសាលក្រមនេះ តុលាការបានបញ្ជាឲ្យលោកមឹក តារាបង់សំណងរដ្ឋប្បវេណីចំនួន២២៥៤០០ដុល្លារអាមេរិក ហើយរឹបអូសប្រាក់ចំនួន៨៧៣៨៨ដុល្លារអាមេរិកនៅក្នុងធនាគារកាណាឌីយ៉ា ប្រាក់ពុករលួយចំនួន១០០០០០ដុល្លារអាមេរិក និងដីធ្លីមួយចំនួនទៀត។ លោកជា ឡេងបង់សំណងរដ្ឋប្បវេណីជាង២០០០០ដុល្លារអាមេរិក និងត្រូវរឹបអូសដី និងលំនៅដ្ឋានក្នុងខណ្ឌដង្កោ ទីក្រុងភ្នំពេញ។ លោកម៉ម ឌឿនត្រូវបង់សំណងរដ្ឋប្បវេណីចំនួន៣៤០០០ដុល្លារអាមេរិក និងរឹបអូសដីនៅខេត្តកំពង់ចាម។
លោករ៉ាយ ប៊ុនធឿន មេធាវីការពារលោកមឹក តារា បានថែ្លងថា៖
«ខ្ញុំថា វាអយុតិ្តធម៌ហួសហេតុ ហាក់ដូចជាមានការគាបបង្ខំមកពីលើ ឬក៏មានការមិនហ៊ានរបស់ចៅក្រម។ សំខាន់វាមិនមានភស្តុតាងណាឲ្យជាក់លាក់។ ខ្ញុំនឹងប្តឹងឧទ្ធរណ៍តាមផ្លូវច្បាប់ ហើយខ្ញុំនឹងរៀបចំជាស៊ីឌីដាក់ផ្សាយទៅតាមអង្គការនានា ដែលពាក់ព័ន្ធនឹងច្បាប់នេះ ឲ្យគេជ្រាប ហើយនឹងអាចដាក់លក់ជាសាធារណៈ ដើម្បីឲ្យគេបានពិចារណាទាំងអស់គ្នា»។
លោកវ៉ាន់ បូរ៉ាត់ មេធាវីការពារលោកជា ឡេង បានបញ្ជាក់ថា កូនក្តីរបស់លោកនឹងប្តឹងឧទ្ធរណ៍ ដោយសារគាត់មិនសុខចិត្តនឹងសេចក្តីសម្រេចនេះ ព្រោះគាត់សង្ឃឹមថា គាត់នឹងទទួលបានយុត្តិធម៌ខ្លះពីតុលាការ។
«ព្រឹកមិញនេះ ខ្ញុំគិតថា ការសម្រេចសេចក្តីរបស់តុលាការហាក់ដូចជាមិនមានយុតិ្តធម៌ចំពោះកូនក្តីខ្ញុំ ពីព្រោះយើងពិនិត្យទៅលើអង្គហេតុទាំងឡាយដែលយកមកជំនុំជម្រះ ហើយយើងបានលើកយកភស្តុតាង និងសាក្សីអី្វៗយកមកបកស្រាយជូនតុលាការដែលគាត់ថា ជាភស្តុតាងសម្រាប់ដាក់បន្ទុកលើកូនក្តីយើង។ យើងយកភស្តុតាងទាំងអស់មកបកស្រាយជូនគាត់អំពីចម្លើយសាក្សីក្តី ភស្តុតាងក្តី តុលាការអត់ពិចារណាលើអី្វដែលយើងផ្តល់ជូនគាត់ហ្នឹងទេ។ គាត់ច្រានចោលបញ្ហាហ្នឹង ធើ្វឲ្យយើងអស់មានអី្វអំណះអំណាងសម្រាប់ការពារពួកគាត់»។
លោកស៊ុំ ចាន់គា មន្រ្តីសម្របសម្រួលនៃសមាគមសិទិ្ធមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ បានថែ្លងថា សេចក្តីសម្រេចនេះគឺជាសញ្ញាព្រមានដ៏ខ្លាំងមួយដល់ជនប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនថា គេមិនអាចគេចផុតពីសំណាញ់ច្បាប់បានទេ។
លោកស៊ុំ ចាន់គាបានលើកឡើងថា ការកាត់សេចក្តីនេះ ដូចជាការកាត់ក្តីរបស់សាលាក្តីខែ្មរក្រហម ដោយសារជនផ្សំគំនិតមិនត្រូវបាននាំយកមកជំនុំជម្រះទោសទេ។
លោកស៊ុំ ចាន់គាបានបន្ថែមថា សាលាក្តីខ្មែរក្រហមបានកាត់ទោសឌុច អតីតប្រធានគុកទួលស្លែងរបស់របបខ្មែរក្រហមឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ អំពីបទសម្លាប់មនុស្សជាង១២០០០នាក់នៅចុងទសវត្យរ៍១៩៧០។
«ការកាត់សេចក្តីនេះ យើងឃើញថា វាធ្ងន់ធ្ងរជាងសាលាក្តីខែ្មរក្រហម។ យើងឃើញថា សេចក្តីសម្រេចនេះធ្ងន់ធ្ងរខ្លាំងពេក។ បើសេចក្តីសម្រេចនេះប្រៀបធៀបទៅសាលាក្តីខែ្មរក្រហម គេផ្តន្ទាទោសអត់មានមួយជីវិតទេ»។
នៅក្នុងខែវិច្ឆិកា តុលាការខេត្តបន្ទាយមានជ័យបានកាត់ទោសលោកហ៊ុន ហ៊ាន អតីតប្រធាននគរបាលខេត្តឲ្យជាប់ពន្ធនាគារចំនួនបួនឆ្នាំ និងពិន័យជិត៣២០០០០ដុល្លារអាមេរិកអំពីការទទួលសំណូកពីពួកអ្នកជួញដូរគ្រឿងញៀន ហើយលោកឈាង សុន អនុប្រធាននគរបាលខេត្តឲ្យជាប់ពន្ធនាគារចំនួនបួនឆ្នាំ និងពិន័យជាប្រាក់ជាង១០០០០ដុល្លារអាមេរិក៕