ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូពេទ្យ​មាន​ទស្សនៈ​ចម្រុះ​អំពី​សុខភាព​ផ្លួវ​ចិត្ត​របស់​ជន​ជាប់​ចោទ​អៀង ធីរិទ្ធ​


អតីតរដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម ​អៀង ធី​រិ​ទ្ធ
អតីតរដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម ​អៀង ធី​រិ​ទ្ធ
ភ្នំពេញ៖ ក្រុមគ្រូពេទ្យ​ជំនាញ​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍​នេះ​បាន​វាយតម្លៃ​ផ្ទុយគ្នា​ដាច់ស្រឡះ ជុំវិញ​ស្ថានភាព​សុខភាព​ជនជាប់ចោទ​អៀង ធី​រិ​ទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម​ដែល​កំពុង​ស្ថិតក្នុង​មន្ទីរ​ឃុំឃាំង​ជា​បណ្តោះ​អាសន្ន។

របាយការណ៍​របស់​វេជ្ជបណ្ឌិត​ជំនាញ​ចំនួន​បី​រូប ដែល​ត្រូវ​បានបង្ហាញ​នៅ​ក្នុង​សវនាការ​លើ​សម្បទា​និង​បញ្ញា​ស្មារតី​របស់​ជនជាប់ចោទ​នៅ​ថ្ងៃ​នេះ​បញ្ជាក់​ថា ជន​ជាប់​អាយុ៧៩​ឆ្នាំ​រូបនេះ​មាន​ការ​ធ្លាក់ចុះ​ផ្នែក​សតិ​បញ្ញា ដែល​មិនមាន​ភាព​ប្រសើរ​ផ្នែក​សតិ​ស្មារតី និង​រោគ​ស​ញ្ញ​អាកប្បកិរិយា​ផ្នែក​ទំនាក់​ទំនង និង​ការ​យក​ចិត្ត​ទុក​ដាក់។ សវនាការ​នេះ​ត្រូវ​បាន​ធ្វើ​ក្នុង​គោល​បំណង​សម្រេច​ថា តើ​ជន​ជាប់ចោទ​រូបនេះ​នឹងមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ការ​កាត់ទោស​ទៅ​លើ​ខ្លួន ឬ​យ៉ាងណា។

លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វា​ហ្ស៊ែ​ល (Seena Fazel) អ្នក​ឯកទេស​ផ្នែក​វិកល​វិទ្យា​មកពី​សកល​វិទ្យាល័យ​ អក់ស្វ៊ដ (Oxford) នៃ​ប្រទេស​អង់គ្លេស​បាន​បញ្ជាក់​ថា សុខភាព​របស់​អៀង ធី​រិ​ទ្ធ មាន​ភាពទ្រុឌទ្រោម​ជាង​មុន។ ក៏​ប៉ុន្តែ​លោកស្រី ចក ធីតា វេជ្ជបណ្ឌិត​ផ្នែក​វិកល​វិទ្យា​ដែល​ទទួលបន្ទុក​ពិនិត្យ និង​ព្យាបាល​អៀង ធីរិទ្ធ រយៈពេល​មួយឆ្នាំ​កន្លះ​មក​ហើយ មិន​បាន​រកឃើញ​បញ្ហា​សុខភាព​ដូច​ក្រុម​អ្នកជំនាញ​ខាងលើ​នោះទេ។

លោកស្រី​វេជ្ជបណ្ឌិត​ដែល​ត្រូវបាន​កោះអញ្ជើញ​ឲ្យ​ធ្វើជា​សាក្សី បាន​ឆ្លើយ​ទៅនឹង​សំណួរ​របស់លោកស្រី​ដាយ​អាណា អេ​ល​លី​ស (Diana Ellis) ដែល​ជា​សហ​មេធាវី​អន្តរជាតិ​របស់​អៀង ធី​រិ​ទ្ធ។

«អ្វីដែល​បញ្ជាក់​សំខាន់​នោះ​គឺ​ថា លោកស្រី​អៀង ធី​រិ​ទ្ធ មិន​មាន​ជំងឺ​វិកលចរិត»។

ដោយឡែក​ឆ្លើយតប​នឹង​សំណួ​របស់​លោកស្រី​ចៅក្រម ស៊ីលវា ខាតរ៉ៃត៍ (Silvia Cartwright) លោកស្រី​វេជ្ជបណ្ឌិត ចក ធីតា បញ្ជាក់ថា មិនមាន​សញ្ញា​នៃ​ការ​ថមថយ​ផ្នែក​ស្មារតី​របស់​ជន​ជាប់​ចោទ​អៀង ធី​រិ​ទ្ធ ទេ ប៉ុន្តែ​ជនជាប់ចោទ​មានការ​ភ្លេចភ្លាំងខ្លះៗ ដោយសារ​វ័យ​ចំណាស់​របស់​គាត់។

«ដូច​ដែល​បាន​ជម្រាបលោកស្រី​អញ្ចឹង សភាព​ផ្លូវកាយ​របស់គាត់​មាន​ភាព​ធូរស្រាល»។

ជាមួយ​គ្នា​នេះ​លោកស្រី​វេជ្ជបណ្ឌិត ចក ធីតា អះអាងថា អៀង ធី​រិ​ទ្ធ ត្រូវការ​ទំនាក់ទំនង​ល្អជា​ចាំបាច់​ដើម្បី​ឲ្យ​គាត់​មាន​ស្មារតី និង​អារម្មណ៍ល្អ។

កាលពី​ខែវិច្ឆិកា ឆ្នាំ២០១១ អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​បាន​សម្រេច​ឲ្យ​ដោះលែង​អៀង ធី​រិ​ទ្ធ ជា​បន្ទាន់​ដោយ​ផ្អែក​តាម​របាយការណ៍​វេជ្ជបណ្ឌិត​ជំនាញ​ថា ជន​ជាប់ចោទ​មាន​ជំងឺ​បាត់បង់​ការចងចាំ​ហើយ​ធ្វើ​ឲ្យ​បាត់បង់​សម្បទា​គ្រប់គ្រាន់​សម្រាប់​ចូលរួម​សវនាការ។

ក៏ប៉ុន្តែ​ដោយមាន​ការប្តឹង​ជំទាស់​ពី​សហ​ព្រះរាជអាជ្ញា​អង្គជំនុំជម្រះ​តុលាការ​កំពូល​សម្រេចកា​លពី​ខែធ្នូ ឆ្នាំ​កន្លង​ទៅ​ឲ្យ​សាលាដំបូង​ប្រើប្រាស់​លទ្ធភាព​គ្រប់​បែប​យ៉ាង​ដើម្បី​ជន​ជាប់​ចោទ​មាន​លទ្ធភាព​ចូល​រួម​សវនាការ​បាន៕
XS
SM
MD
LG