ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ថា​មិន​បាន​​បញ្ជា​ឲ្យ​រារាំង​គេហទំព័រ​ទេ


យុវជន​ខ្មែរ​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ហាង​កាហ្វេ​​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ។
យុវជន​ខ្មែរ​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ហាង​កាហ្វេ​​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​ គេ​មិន​អាច​បើក​មើល​គេហទំព័រ​មួយ​ចំនួន​ដែល​រិះគន់​រដ្ឋាភិបាល​បាន​ទេ​ ដែល​ការ​ផ្សព្វផ្សាយ​គេហទំព័រ​ទាំង​នោះ​ត្រូវ​បាន​ធ្វើតាម​រយៈ​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​មួយ​ចំនួន។ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​បដិសេធ​ថា​មិន​មាន​ការ​បញ្ជា​ពិនិត្យ​ចាប់​ពិរុទ្ធគេហទំព័រ​ក៏​ដោយ​ កំណត់​ហេតុ​ដែល​ធ្លាយ​ចេញបង្ហាញ​ថារដ្ឋាភិបាល​ពិត​ជា​បាន​បញ្ជា​ឲ្យ​កាត់​ផ្តាច់​ការ​ប្រើប្រាស់​គេហទំព័រ​ទាំង​នេះ​ដែរ។

ក្នុងស​ប្តាហ៍​នេះ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​បោះពុម្ព​ផ្សាយ​ ការ​ដកស្រង់​មួយ​ចំនួន​ ពី​កំណត់ហេតុ​ប្រជុំ​មួយ​ ដែល​នៅ​ក្នុង​អង្គ​ប្រជុំ​នោះ ​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍​បាន​សើ្ន​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​មួយ​ចំនួន​រារាំង​ការ​ចូល​មើលគេហទំព័រ​ទាំង​ឡាយ​ណា​ដែលមាន​លក្ខណៈ​រិះគន់។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ក៏​បាន​បោះពុម្ព​ផ្សាយ​ផង​ដែរ​នូវ​ការ​ដកស្រង់​ពី​សារ​អេឡិកត្រូនិក​មួយ​ ដែល​ផ្ញើ​ដោយ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​នេះ​ ដែល​បាន​អបអរសាទរ​ដល់​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ចំនួន​១០​ ដែល​បាន​ទប់​ស្កាត់​ការ​ចេញផ្សាយ​របស់​គេហទំព័រ​មួយ​ចំនួន​ ហើយ​ព្រមាន​ក្រើន​រំឭក​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​បី​ទៀត​ដែល​មិន​បាន​អនុវត្ត​សំណើ​របស់​ខ្លួន។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​ចេញផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​វាយ​តម្លៃ​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​កម្ពុជា​ បាន​ជំទាស់​នឹង​ការ​ពិនិត្យ​ចាប់​ពិរុទ្ធ​គេហទំព័រ​នេះ។

ម៉ាធូ ភែលើរីន (Mathieu Pellerin) អ្នក​ផ្តល់​ប្រឹក្សា​នៃ​អង្គការ​លីកាដូ​ និយាយ​ថា​ ការ​លេចធ្លាយ​អំពី​ការ​ពិនិត្យ​ចាប់​ពិរុទ្ធ​របស់​រដ្ឋាភិបាលនេះ​ គឺ​សំខាន់​ណាស់។ លោក​ ភែលើរីន និយាយ​ថា៖

«ការ​ចាប់​ផ្តើម​ពិនិត្យ​ចាប់​ពិរុទ្ធ​អ៊ីនធឺណិត ​ជា​មូល​ដ្ឋាន​គឺជា​ការ​កំពុង​ពិនិត្យ​ចាប់​ពិរុទ្ធ​កន្លែង​ដែល​មិន​ទាន់មាន​ការ​ត្រូតពិនិត្យ​ចុង​ក្រោយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​សម្តែង​មតិ និង​ដែល​ជា​កន្លែង​តែ​មួយ​គត់ដែល​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ដែល​មិន​អាច​រក​បាន​តាម​មធ្យោបាយ​ផ្សេង​ទៀត។ វា​ជា​ជំហាន​ដ៏​ធំ​និង​ធ្ងន់ធ្ងរ​មួយ​ក្នុង​ការ​បង្ក្រាប​ដែល​មាន​ជា​បន្តបន្ទាប់ ​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ការ​ទទួល​បាន​ព័ត៌មាន»។

តាម​លក្ខណៈ​បច្ចេកទេស​ បណ្តាញ​ព័ត៌មាន​បោះពុម្ព​មាន​សេរីភាព​ ប៉ុន្តែ​គ្រប់ស្ថានីយ៍​ទូរទស្សន៍​ និង​វិទ្យុ​ភាគច្រើន​គាំទ្រ​រដ្ឋាភិបាល។ រដ្ឋាភិបាល​ប្រើប្រាស់​ការ​គំរាម​ចោទ​ប្រកាន់ពី​បទ​ឧក្រិដ្ឋ​បរិហារ​កេរ្តិ៍​ ដើម្បី​បន្ថយ​កម្រិត​នៃ​ការ​រិះគន់។

ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ EZECOM ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីធឺណិត​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​រាប់​សប្តាហ៍​មក​ហើយថា រដ្ឋាភិបាល​មិន​បាន​ប្រាប់ខ្លួន​ឲ្យ​ទប់ស្កាត់​ការ​ផ្យព្វផ្សាយ​របស់​គេហទំព័រ​ទេ​ ហើយ​ថា​ ខ្លូន​មិន​បាន​រារាំងគេហទំព័រ​ណាមួយ​ទេ។

ប៉ុន្តែ​ក្រុម​ហ៊ុន EZECOM គឺ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោមក្រុមហ៊ុន​ផ្តល់សេវា​អ៊ីនធឺណិត​ចំនួន​១០​ ដែលសារ​អេឡិកត្រូនិក​របស់​មន្ត្រី​រដ្ឋាភិបាល​នោះ​បាន​សរសើរ​ដល់​ការ​ទប់​ស្កាត់​ការ​ចេញ​ផ្សាយ​គេហទំព័រ​មួយ​ចំនួន​ រួមមាន​គេហទំព័រ​របស់​ KI-Media ផង​ដែរ។

មន្រ្តី​ប្រតិបត្តិការ​សំខាន់​ម្នាក់​នៃ​ក្រុមហ៊ុន​ EZECOM​ មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​សេចក្តី​រាយការណ៍​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទេ។

គេហទំព័រ​ប្រាំ​ ប្រាំមួយ ​ដែល​ត្រូវ​បាន​រារាំង​ការ​ចេញផ្សាយ​ ជា​រឿយៗ​រិះគន់​គណបក្ស​កាន់​អំណាច។ ឧទាហរណ៍​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ត្រូវ​បានចុះ​ក្នុង​គេហទំព័រ​ KI-Media នៅ​ក្នុង​ទំព័រ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«មេក្បត់ជាតិ»។

គេហទំព័រ​នោះ​បង្ហាញ​លោក​សម រង្ស៊ី​ ដែល​ជា​មេ​ដឹកនាំ​ប្រឆាំង​និរទេស​ នៅ​ក្នុង​ទំព័រ​«វីរជន​ស្នេហាជាតិ»​របស់​ខ្លួន។

គេហទំព័រ​ KI-Media ជា​រឿយៗ​ផ្សាយ​អត្ថបទ​រិះគន់​គណបក្ស​គ្រប់​គ្រង​អំណាច​ និង​អ្នក​គាំទ្រ​របស់​ខ្លួន។

ម៉ាធូ ភែលើរីន​ នៃ​អង្គការ​លីកាដូ​ និយាយ​ថា​ ពីព្រោះតែ​ទី​ផ្សារ​អ៊ីនធឺណិត​កម្ពុជា​នៅ​តូច ផល​ប៉ះពាល់​នៃ​ការ​រារាំង​ការ​ទទួល​ព័ត៌មាន​ពី​គេហទំព័រ​ទាំង​នេះ​ មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ការ​គិត​ទៅ​ទៀត។

«អ្នក​មិន​មាន​គេហទំព័រ​ច្រើន​ដូច​ប្រទេស​ដទៃ​ទៀត​ទេ។ ដូច្នេះចំនួន​គេហទំព័រ​ដ៏​តិចតួច​បំផុត​នេះ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​មើល​ អ្នក​អាន​យ៉ាង​ច្រើន​ ហើយ​គេហទំព័រ​ដែល​ទទួល​រងការ​ពិនិត្យ​ចាប់​ពិរុទ្ធ​ទាំង​នេះ​ មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​សហគមន៍​កម្ពុជា»។

រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ប្រាប់​វីអូអេ​ម្តង​ទៀត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ថា​ គ្មាន​គោល​នយោបាយ​រារាំង​គេហទំព័រ​ទេ៕

ប្រែ​សម្រួល​ដោយ អ៊ឹម សុធារិទ្ធ

XS
SM
MD
LG