នៅថៃ្ងព្រហស្បតិ៍នេះ ប្រទេសកម្ពុជាបានបដិសេធសំណើរបស់ប្រទេសថៃសុំឲ្យពិចារណាការបន្ថយទោស ឬ ការលើកលែងទោសដល់ជនជាតិថៃពីរនាក់ ដែលជាក្រុមអាវលឿនកំពុងជាប់ពន្ធនាគារនៅកម្ពុជាអំពីបទចារកម្ម។
ការបដិសេធនេះបានធើ្វឡើងភ្លាមៗ បន្ទាប់ពីលោក Surapong Tovichakchaikul រដ្ឋមន្រ្តីការបរទេសថៃបានស្នើសុំឲ្យកម្ពុជាពិចារណាការបន្ថយទោស ឬ ការលើកលែងទោសដោយព្រះមហាក្សត្រដល់អ្នកទោសជនជាតិថៃពីរនាក់។
សកម្មជនអាវលឿងថៃពីរនាក់ គឺលោក Veera Somkwamkit ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៨ឆ្នាំ និងអ្នកស្រី Ratree Pipatanapaiboon ឲ្យជាប់ពន្ធនាគារ៦ឆ្នាំកាលពីថៃ្ងទី១ ខែកុម្ភៈ អំពីបទឆ្លងចូលទីតាំងកងទ័ព និងបទចារកម្ម ហើយនៅចុងខែកុម្ភៈ ជនជាប់ចោទទាំងពីរនាក់នេះបានបឹ្តងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ។ ប៉ុន្តែកាលពីថ្ងៃពុធ Veera និងRatree បានសម្រេចដកពាក្យបណ្តឹងឧទ្ធរណ៍ដោយគ្មានបញ្ជាក់មូលហេតុ។
ក្រោយកិច្ចប្រជុំ លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងប្រាប់សន្និសីទកាសែតរួមជាមួយសមភាគីថៃរបស់លោកថា តាមច្បាប់កម្ពុជា អ្នកទោសត្រូវជាប់ពន្ធនាគារចំនួន២ភាគ៣នៃទោសជាប់ពន្ធនាគារសរុប មុននឹងពិចារណាការលើកលែងទោសពីព្រះមហាក្សត្រ។
«បញ្ហាលើកលែងទោសកម្ពុជាយើងមានបញ្ហាមួយគឺច្បាប់ ទាល់តែទណ្ឌិតហ្នឹងជាប់ទោសបាន២ភាគ៣សិន ទើបព្រះមហាក្សត្រលើកលែងទោសបាន។ ប៉ុន្តែខ្ញុំបានជម្រាបឯឧត្តមសូរ៉ាពង្សថា បើភាគីថៃមានសំណូមពរផ្លាស់ប្តូរអ្នកទោសកម្ពុជា និងថៃជាកញ្ចប់ នោះរាជរដ្ឋាភិបាលកម្ពុជានឹងយកមកពិចារណា»។
លោករដ្ឋមន្រ្តីការបរទសថៃសូរ៉ាពង្សបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាចំពោះការថែទាំអ្នកទោសថៃទាំងពីរនាក់នេះយ៉ាងល្អនៅក្នុងពន្ធនាគារព្រៃស។
Veera និង Ratree ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ជាមួយជនជាតិថៃ៥នាក់ទៀត រួមមានលោក Panich Vikitsreth សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីបានឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់ ដើម្បីត្រួតពិនិត្យបង្គោលព្រំដែន នៅខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា។
ក្នុងជំនួបពិភាក្សានេះ លោករដ្ឋមន្រ្តីការបរទសទាំងពីររូបនះបានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការទេ្វភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍នៃប្រទេស និងប្រជាពលរដ្ឋទាំងពីរ។
លោករដ្ឋមន្រ្តីការបរទសថៃ សូរ៉ាពង្ស បានបញ្ជាក់ថា ភាគីទាំងពីរបានយល់ព្រមគ្នាអនុវត្តបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិកាលពីថៃ្ងទី១១ ខែកក្កដា ឆ្នាំ២០១១ ដែលតម្រូវឲ្យដកកងទ័ពកម្ពុជា និងថៃចេញពីតំបន់គ្មានកងទ័ព នៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ និងអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីចូលមកត្រួតពិនិត្យបទឈប់បាញ់នៅក្នុងតំបន់ជម្លោះនោះ។
«យើងទាំងពីរភាគីសូមអះអាងថា យើងនឹងអនុវត្តទៅតាមអី្វដែលតុលាការយុត្តិធម៌អន្តរជាតិបានកំណត់ យ៉ាងមានតម្លាភាព និងយុត្តិធម៌ ហើយអាចត្រួតពិនិត្យបាន»។
លោករដ្ឋមន្រ្តីការបរទសនៃប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តជំរុញការចរចាលើការអភិវឌ្ឍរួមនៅតំបន់ត្រួតគ្នាក្នុងឈូងសមុទ្រថៃ ដែលគេជឿថា សំបូរប្រេង និងឧស្ម័ន។