បើទោះបីជាមន្ត្រីរដ្ឋាភិបាលអាមេរិកាំងបានបញ្ជាក់ថាច្បាប់អង្គការដែលកម្ពុជាកំពុងព្រាងនោះមិនមែនជាច្បាប់ចាំបាច់ហើយសម្តែងការព្រួយបារម្ភពីការរឹតត្បិតចំពោះក្រុមសង្គមស៊ីវិលក្តីតែក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជានិយាយថាច្បាប់នេះធ្វើឡើងដើម្បីការពារអង្គការក្រៅរដ្ឋាភិបាលមិនមែនក្នុងបំណងរឹតត្បិតសកម្មភាពពួកគេទេ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងថាច្បាប់ អង្គការធ្វើឡើងដើម្បីឲ្យមានច្បាប់និងដើម្បីឲ្យមានការរៀបចំរបៀបរៀបរយល្អក្នុងប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល ទប់ស្កាត់អំពើរំលោភច្បាប់ ធានាភាពរលូនដល់កិច្ចការរបស់អង្គការ។
«ម៉្យាងទៀតរដ្ឋាភិបាលធ្វើច្បាប់នេះឡើងក៏ដើម្បីទប់ស្កាត់ដល់សកម្មភាពជ្រុលនិយមណាមួយរបស់អង្គការមិនមែនរដ្ឋាភិបាលក៏ដូចជាសង្គមស៊ីវិលដែល[ធ្វើ]ក្រោមរូបភាពថាជាអង្គការមិនមែនរដ្ឋាភិបាលនោះ។ ដូច្នេះហើយខ្ញុំសូមបញ្ជាក់ថាច្បាប់នេះមិនមែនមានគោលបំណងរឹតត្បិតសេរីភាពណាមួយ របស់អង្គការនោះទេ»។
ប្រទេសកម្ពុជាមានអង្គការ សមាគមជាង៣.០០០ កំពុងប្រតិបត្តិការនៅពាសពេញប្រទេសទៅតាមវិស័យផ្សេងៗ ជាច្រើនឆ្នាំជាបន្តបន្ទាប់មកហើយក្នុងទិសដៅជួយអភិវឌ្ឍប្រទេស ដែលក្រុមមន្ត្រីរដ្ឋាភិបាលអះអាងថាកម្ពុជាត្រូវមានច្បាប់មួយដើម្បីគ្រប់គ្រងអង្គការឲ្យបានល្អ។ ក្រុមមន្ត្រីសង្គមស៊ីវិលមួយចំនួនព្រួយបារម្ភថាច្បាប់នេះធ្វើឡើងដើម្បីចាត់វិធានការចំពោះអង្គការណាមួយដែលមិនស្របជាមួយនឹងបន្ទាត់នយោបាយរបស់រដ្ឋាភិបាល។ ការថ្លែងយ៉ាងដូច្នេះភ្ជាប់ជាមួយនឹងលក្ខណៈស្មុគស្មាញក្នុងការចុះឈ្មោះជាថ្មី ការដាក់របាយការណ៍ការងារ និងផែនការសកម្មភាពនិងការត្រួតពិនិត្យផ្សេងៗទៀត។
លោក ដានីញ៉ែល ប៊ែរ (Daniel Baer) ឧបការីរងទទួលបន្ទុកកិច្ចការប្រជាធិបតេយ្យសិទ្ធិមនុស្សនិងពលកម្មនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថាច្បាប់អង្គការក្រៅរដ្ឋាភិបាលមិនជាការចាំបាច់ទេហើយលោកសម្តែងការព្រួយបារម្ភទៅលើច្បាប់នេះ។
«យើងបានបញ្ជាក់ច្បាស់ថាជំហររបស់យើងមិនឃើញថាច្បាប់នេះជាច្បាប់ដែលចាំបាច់នោះទេ»។
លោក Baer បានអះអាងយោងទៅលើអត្ថាធិប្បាយរបស់លោកស្រីរដ្ឋមន្ត្រី ហ៊ីល្លារី គ្លីនតុន(Hillary Clinton) រដ្ឋមន្ត្រីការបរទេសស.រ.អា និងនយោបាយរបស់សរអាដែលគាំទ្របរិយាកាសបើកចំហរនិងដោយសេរីសម្រាប់អង្គការសង្គមស៊ីវិល។
«យើងគិតថាសង្គមមានស្ថេរភាពប្រសើរឡើង រីកចម្រើនឡើង ខ្លាំងឡើង នៅពេលដែលអង្គការសង្គមស៊ីវិលត្រូវអនុញាតឲ្យមានការរីកលូតលាស់ឡើង»។ លោកថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារយ៉ាងដូច្នេះក្រោយពេលដែលលោកបានជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជានិងមន្ត្រីសង្គមស៊ីវិលនានាក្នុងដំណើរទស្សនកិច្ចរបស់លោកជាងមួយសប្តាហ៍ទៅកាន់តំបន់អាស៊ីមួយចំនួនរួមទាំងកម្ពុជា។
លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃពុំអាចទាក់ទងតាមទូរស័ព្ទដើម្បីសុំសេចក្តីអត្ថាធិប្បាយបានទេ ដោយអ្នកទទួលទូរស័ព្ទប្រាប់ថាលោកជាប់រវល់។
ក៏ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការ បានស្វាគមន៍ចំពោះក្តីបារម្ភរបស់មន្ត្រីស.រ.អាតែបានថ្លែងថាច្បាប់អង្គការបង្កើតឡើងដើម្បីការពារអង្គការនិងទប់ស្កាត់សកម្មភាពមិនប្រក្រតីមួយចំនួន។
«ល្អហើយជាការខ្វល់ខ្វាយ។ ក៏ប៉ុន្តែអ្វីដែលយើងចង់និយាយគ្នាពីព្រោះអ្វីដែល អង្គការក្រៅរដ្ឋាភិបាលមិនដែលទទួលបាននូវការពិសោធន៍នោះគឺគ្មានច្បាប់។អង្គការក្រៅរដ្ឋាភិបាលបានធ្វើដោយសារការគ្មានច្បាប់ ដោយសារគ្មានតម្លាភាព បញ្ជាក់ពីទិសដៅដែលខ្លួនធ្វើសកម្មភាពមិនទាន់បានពិសោធន៍និងវប្បធម៌ក្នុងការដែលហៅថាស្អីទៅតម្លាភាពរវាងអ្នកផ្តល់(ជំនួយ) រវាងអ្នកអនុវត្តន៍ ប្រតិបត្តិ ក៏ដូចជាសមាជិកសមាជិកានៃក្រុមអង្គការនោះឯង»។
លោក ផៃ ស៊ីផានបានបដិសេធការចោទប្រកាន់អំពីរឿងការរឹតត្បិតចំពោះអង្គការក្រៅរដ្ឋាភិបាលក្នុងការធ្វើច្បាប់អង្គការនេះ។ ដោយលោកបញ្ជាក់ថារដ្ឋាភិបាលធ្វើច្បាប់នេះគឺដើម្បីការពារដល់សកម្មភាពខុសឆ្គងរបស់អង្គការផងដែរ។ មន្ត្រីរដ្ឋាភិបាលខ្លះបានលើកឡើងពីសកម្មភាពរបស់អង្គការយ៉ាងតិចមួយក្នុងប្រទេសកម្ពុជាឈ្មោះ Om Al Qura ត្រូវរដ្ឋាភិបាលបិទទ្វារកាលពីឆ្នាំ២០០៣ ពីបទសង្ស័យពីការពាក់ព័ន្ធនឹងក្រុមភេរវករ Jemaah Islamiah (JI)។
លោក អ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សបានអះអាងថារដ្ឋាភិបាលមានច្បាប់គ្រប់គ្រាន់ហើយដូចជាច្បាប់ប្រឆាំងនឹងអំពើភេរវកម្ម ច្បាប់ប្រឆាំងនឹងអំពើពុករលួយ ក្រមព្រហ្មទណ្ឌ ច្បាប់ការងារជាដើម ដើម្បីដោះស្រាយបញ្ហានិងដាក់ទោសទណ្ឌដល់អង្គការ សមាគមទាំងឡាយណា ដែលប្រព្រឹត្តខុសដែលមិនគួរត្រូវការច្បាប់អង្គការទៀតទេ។
«ដូច្នេះច្បាប់នេះអត់មានអីក្រៅតែពីដោះស្រាយអំពីបញ្ហាចុះឈ្មោះ ហើយនិងពីបញ្ហាដាក់ឲ្យអង្គការក្រៅរដ្ឋាភិបាល (NGO) ស្ថិតនៅក្រោមសម្ភាធរដ្ឋាភិបាលតែប៉ុណ្ណោះទេ។ បើសិនជារដ្ឋាភិបាលផ្តល់ឱកាសឲ្យមានជម្រើសវិញគឺថាឥឡូវសមាគមមានជម្រើសចុះឈ្មោះក៏បានដោយទទួលស្គាល់ដោយរដ្ឋក៏បានឬមួយមានជម្រើសគ្រាន់តែធ្វើការក្រៅប្រព័ន្ធក៏បាន។ បញ្ហាហ្នឹងពួកយើងស្វាគមន៍ហើយពួកយើងថាជាខ្លឹមសារមួយដែលយើងថារដ្ឋាភិបាលគួរតែបញ្ចូលបើសិនជាខ្លួនមានឆន្ទៈក្នុងការអនុញាតឲ្យសង្គមស៊ីវិលមានភាពរស់រវើកនិងចូលរួមក្នុងការជំរុញឲ្យរដ្ឋាភិបាលបំពេញនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការជួយដល់ប្រជាពលរដ្ឋ ក្នុងការការពារសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋ»។
លោក អ៊ូ វីរៈព្រួយបារម្ភចំពោះដំណើរការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាប្រសិនបើរដ្ឋាភិបាលនៃគណបក្សគ្រប់គ្រងប្រទេសដែលមានអំណាចលើសលប់រាប់ទាំងនីតិប្រតិបត្តិគឺរដ្ឋាភិបាលខ្លួនឯង នីតិប្បញ្ញត្តិគឺសភា និងតុលាការជាដើមនោះ បង្កើតច្បាប់អង្គការនេះដោយពុំមានការយកមតិនិងផ្តល់សេរីភាពដល់ក្រុមសង្គមស៊ីវិល។
«ដូច្នេះប្រសិនជាតុលាការមិនឯករាជ្យ ហើយសភាត្រូវបានប្រើប្រាស់អនុម័ត ច្បាប់ដែលអាចរឹតត្បិតសេរីភាពប្រជាពលរដ្ឋនិងលំហរប្រជាធិបតេយ្យ អាហ្នឹងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានឹងប្រឈមមុខខ្លាំងនៅពេលអនាគតនេះ»។
លោក ហង្ស ឆាយា នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ បានថ្លែងថា បច្ចុប្បន្ននេះច្បាប់អង្គការ សមាគម មិនមែនជាការចាំបាច់ទេ។ ក៏ប៉ុន្តែក្នុងលក្ខណៈចាំបាច់រដ្ឋាភិបាលគួរទទួលយក អនុសាសន៍សង្គមស៊ីវិលដែលផ្តល់ជូនផងដែរមុនពេលដែលសភាខាងគណបក្សប្រជាជនដ៏មានចំនួនច្រើនលើសលប់នោះអនុម័តច្បាប់នេះ ។ លោកអះអាងថាច្បាប់នេះប្រសិនបើចេញរួចមែននិងធ្វើឲ្យប៉ះពាល់ដល់ សមាគម អង្គការតាមសហគមន៍នានា។
«នេះហើយជាការព្រួយបារម្ភ។ អង្គការមួយចំនួនទៀត អង្គការតូចតាចនោះគ្នា មិនអាចបង្កើតជាសមាគមអីបានទេព្រោះវាខ្វះគោលការណ៍ហ្នឹងផង ណាមួយ ទៀតលក្ខខណ្ឌដូចថារបាយការណ៍អីច្រើនគ្នាមិនអាចធ្វើបាន។ មានន័យ ថាអាច ខុសច្បាប់ អាចមានជាប់ទោសត្រង់ហ្នឹងយើងបារម្ភ។ហើយវាមិនការពារវាជាច្បាប់មួយដើម្បីបិទសិទ្ធិមិនឲ្យបង្កើតជាសមាគមតូចតាចនៅតាមសហគមន៍»។
ទោះជាយ៉ាងណាក៏ដោយលោក Daniel Baer ចាត់ទុកថាកម្ពុជា មានសមាគម អង្គកាក្រៅរដ្ឋាភិបាលក្នុងលក្ខណៈពិសេស។ លោកបានជំរុញឲ្យមានការជួបពិភាក្សាគ្នារវាងរដ្ឋាភិបាលនិងក្រុមអង្គការសង្គមស៊ីវិលបន្តក្នុងការធ្វើសេចក្តីព្រាងច្បាប់មួយដែលអាចឲ្យរដ្ឋាភិបាលនិងសង្គមស៊ីវិលធ្វើកិច្ចការជាមួយគ្នាបានដូចនៅក្នុងពិភពលោកហើយនឹងអាចឲ្យមានសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងបញ្ចេញយោបល់។ លោក Baer ដែលអះអាងថាស.រ.អានឹងបន្តឃ្លាំមើលរឿងច្បាប់អង្គការនេះបានទទួលការលើកទឹកចិត្តពីមន្ត្រីរដ្ឋាភិបាលអំពីបញ្ហាពិភាក្សាបន្តនេះ។
«ពួកគេចង្អុលបង្ហាញឲ្យឃើញថាពួកគេនឹងបន្តកិច្ចពិភាក្សាដែលពួកគេមានគម្រោងនឹងពិភាក្សាបន្ត។ ហើយដូចជាខ្ញុំបញ្ជាក់ថាយើងនឹងបន្តគាំទ្រដំណើរការ នោះ»។
ឆ្លើយតបនឹងការចង់ឲ្យមានការពិភាក្សាគ្នារួមនឹងការទទួលយកសំណើឬអនុសាសន៍របស់សង្គមស៊ីវិលនោះក្រុមមន្ត្រីបានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជា បានទទួលយកអនុសាសន៍យ៉ាងច្រើនដើម្បីយកមកពិចារណាតាមរយៈសិក្ខាសាលានិងកិច្ចប្រជុំជាដើម។
សេចក្តីព្រាងច្បាប់អង្គការដ៏ចម្រូងចម្រាសដែលស្ថិតនៅក្រោមការប្រទាញប្រទង់គ្នារវាងមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីសង្គមស៊ីវិលនេះនៅកំពុងបន្តតាក់តែងនៅឡើយដែលគេមិនទាន់កំណត់ថ្ងៃថានឹងដាក់ជូនបន្តទៅដល់គណៈរដ្ឋមន្ត្រី និងសភាជាតិអនុម័តនៅពេលណានោះទេ៕