ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ការពារ​ជំហរ​បិទជំរំ​ជន​ភៀសខ្លួន​អ.ស.ប. 


ក្រុម​កុលសម្ព័ន្ធ​ភ្នំ​ពី​ប្រទេស​វៀតណាម ឬ Montagnard រង់​ចាំ​វេន​ចូល​ពិនិត្យ​សុខភាព​នៅ​​មន្ទីរពេទ្យ​​ក្រុង​បានលុង​ក្នុង​ខេត្ត ​រតនគីរី​​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កញ្ញា​ឆ្នាំ​២០០៤។ ប្រទេស​កម្ពុជា​ក្នុង​ពេល​ថ្មីៗ​ចង់​​បិទ​​ជំរំ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​​
ក្រុម​កុលសម្ព័ន្ធ​ភ្នំ​ពី​ប្រទេស​វៀតណាម ឬ Montagnard រង់​ចាំ​វេន​ចូល​ពិនិត្យ​សុខភាព​នៅ​​មន្ទីរពេទ្យ​​ក្រុង​បានលុង​ក្នុង​ខេត្ត ​រតនគីរី​​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កញ្ញា​ឆ្នាំ​២០០៤។ ប្រទេស​កម្ពុជា​ក្នុង​ពេល​ថ្មីៗ​ចង់​​បិទ​​ជំរំ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​​

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​អ្នក​តំណាង​រាស្រ្ត​សហ​រដ្ឋ​អាមេរិក​ដោយ​ការពារ​គោល​ជំហរ​ក្នុង​ការ​បិទ​ជំរំរបស់​អង្គការ​សហ​ប្រជាជាតិ​ថា ​ពុំ​មាន​ហេតុ​ផល​សមរម្យ​ណា​ដែល​ត្រូវ​រក្សាទុក​ជន​ភៀសខ្លួន​អ្នក​ភ្នំ​ជាតិ​ម៉ុងតាញ៉ា​ទៀត​ទេ។ ហើយ​ពួកគេ​អាច​នឹងពុំ​ទទួល​រង​ការ​ធ្វើ​ទុក្ខ​ទោស​អ្វីឡើយ​ ​បើ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ។

នៅ​ក្នុង​លិខិត​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ​ចុះ​ថ្ងៃទី​១៤ខែ​មករា​ ​ផ្ញើជូន​ទៅតំណាង​រាស្រ្ត​ទាំង​ប្រាំមួយ​នាក់​ដែល​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ទទួល​បាននៅថ្ងៃ​សុក្រ​ ​លោក ហ៊ុន សែន​បាន​បញ្ជាក់​ថា​ ​កម្ពុជា​បាន​ផ្តល់​កិច្ច​សហការ​របស់ខ្លួន​ទាក់​ទង​នឹង​ករណី​ជន​ជាតិ​ម៉ុងតាញ៉ា​នេះ​ហួស​ពី​អ្វី​ដែល​ខ្លួន​បាន​យល់​ព្រម​កាល​ពី​ជាង​ប្រាំឆ្នាំ​មុន។

លោក​ហ៊ុន សែន​បាន​រៀបរាប់​ថា​ ​ប្រទេស​កម្ពុជា​បាន​ធ្វើការ​អនុញ្ញាត​ឱ្យមាន​ការ​ពិនិត្យ​និង​ផ្តល់​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​អ្នក​ភ្នំ​ម៉ុង​តាញ៉ា​រហូត​ដល់​ទៅ​៩៣២នាក់​គឺ​លើស​ពី​ចំនួន​៧៥០​នាក់​ដែល​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​បាន​ចុះ​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​នឹង​ប្រទេស​កម្ពុជា​និង​វៀតណាម​កាល​ពីឆ្នាំ​២០០៥។ ​ហើយ​អ្នក​ទាំងនោះ​បាន​បន្តទៅ​ប្រទេស​ទី​បី ​អស់​ហើយ។

លិខិត​របស់​លោក​ហ៊ុន សែន​គឺជាការ​ឆ្លើយ​តប​ទៅនឹង​លិខិត​របស់​អ្នក​តំណាងរាស្រ្ត​អាមេរិកាំង​៦នាក់​ទាក់ទង​នឹង​ការណ៍​ដែល​ប្រទេស​កម្ពុជា​សុំ​ឱ្យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន ​ហៅ UNHCR​ បិទ​ជំរំ​នៅ​ត្រឹម​ថ្ងៃទី​១៥​ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២២ ​ខែ​ធ្នូ​ ​ឆ្នាំ​២០១០​ ​អ្នក​តំណាងរាស្រ្ត​សហ​រដ្ឋ​អាមេរិក​ទាំង៦នាក់​ ដែលមាន​លោក ហ្វ្រែង អា. វូលហ្វ ​(Frank R. ​Wolf) ​លោក​ អាន់ចូស៊ីបកៅ (Anh Joseph Cao) ​លោកស្រី​ហ្សីអូ ឡូហ្វហ្គ្រិន​ (Zoe Lofgren)​ ​លោក គ្រីស្តូហ្វឺ ស្មីត (Christopher Smith) ​លោក ចូសែប ភីតស៍ (Joseph Pitts)​ និងលោកត្រិន ហ្វ្រែគស៍​ (Trent Franks) ​ដាក់​ជូន​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​តាម​រយៈ​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ថា​ ​ពួកគេ​មាន​ការ​ព្រួ​យ​បារម្ភ​ទាក់ទង​នឹង​ជោគ​វាសនា​ជន​ភៀសខ្លួន​វៀតណាម​ជាតិ​ម៉ុងតាញ៉ា​ដែល​កំពុងរស់​នៅក្នុង​ជំរំ​ជន​ភៀសខ្លួន​របស់​UNHCR​ដែល​ត្រូវ​ប្រឈមមុខ​នឹ​ងការ​បិទ​នេះ។

លោក ហែម ហេង​ ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហ​រដ្ឋ​អាមេរិក​ ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ ​ពុំមាន​ហេតុផល​ណាដែល​កម្ពុជា​ត្រូវ​រក្សាទុក​ជំរំ​ជន​ភៀសខ្លួន​អ្នក​ភ្នំ​វៀតណាម​នោះ​ឡើយ។

«ប្រទេស​វៀតណាម​ជា​ប្រទេស​មួយ​មាន​សន្តិភាព​ ​ជាប្រទេស​មួយ​ដែលសេដ្ឋកិច្ច​កំពុង​តែ​លូតលាស់។ ​ដូច្នេះ​វាអត់​មាន​បញ្ហាសង្រ្គាម​ទេ​ ​ដូច្នេះ​វាអត់​មាន​បញ្ហា​ជនភៀស​ខ្លួន​ទេ។​ ដូច​ជា​មិនចាំ​បាច់​បើក​ជំរំ​ជនភៀសខ្លួន​ទេ​ ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​សម្រេច​ថា​ ​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃទី ១ ​ខែ​មករា​ឆ្នាំ​២០១១​ ​ប៉ុន្តែ​ដោយ​សារ​មាន​សំណូម​ពរ​ពី​អង្គការ​ជន​ភៀសខ្លួន​ហ្នឹង​បាន​រាជ​រដ្ឋាភិ​បាល​បាន​លើ​ក​កាល​បរិច្ឆេទ​បិទ​ជំរំ​នេះ​ទៅដល់​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ឆ្នាំ ២០១១​នេះ​វិញ»។

វីអូអេនៅ​ពុំអាច​ទាក់​ទង​ការិយាល័យ​អ្នក​តំណាងរាស្រ្ត​ទាំងនោះ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ទាក់​ទង​នឹង​ខ្លឹមសារ​លិខិត​របស់​មេ​ដឹកនាំ​កម្ពុជា​ ​ក៏ប៉ុន្តែ​ក្នុង​លិខិត​កន្លងមក​ ​អ្នក​តំណាងរាស្រ្ត​ទាំងនោះ​បាន​រំឭក​ប្រទេស​កម្ពុជា​ថា​ ​ក្នុង​នាម​ជា​ហត្ថលេខី​នៃ​អនុសញ្ញា​និង​ពិធីសារ​អ.ស.ប.​ ​កម្ពុជា​មិន​អាច​បង្ខំ​បណ្តេញជន​ភៀសខ្លួន​ទាំងនោះ​ទៅ​ទី​កន្លែង​ដែល​ពួកគេ​អាចនឹង​ត្រូវ​ទទួល​រងការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទេ។ តួនាទីនេះ​ហាមឃាត់​កម្ពុជា​មិនឲ្យ​ធ្វើ​ដូច្នេះ។

អ្នក​តំណាង​រាស្រ្ត​ទាំងនោះ​ក៏បាន​លើក​ឧទាហរណ៍​ពី​ករណី​ជន​ជាតិចិនវីហ្គ័រ​២០នាក់​ដែលកម្ពុជា​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០០៩​ដែរ។ ​រហូតមកដល់​ពេលនេះ​មិនដឹង​ថា​ ​វាសនា​ពួកគេ​ទៅ​ជា​យ៉ាងណា​នោះ​ទេ​ ​ដោយ​សារ​តែ​រដ្ឋាភិបាល​ចិន​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​អ្វី​ទាំងអស់​ទាក់​ទង​នឹង​ជោគវាសនា​របស់​ពួកគេ។

អ្នក​តំណាងរាស្ត្រ​ទាំង​ប្រាំ​មួយនាក់​បាន​បញ្ជាក់ថា​ ​មាន​ហេតុផល​ច្រើន​ណាស់​ដែល​គេ​អាច​ជឿបាន​ថា​ ​អ្នកភ្នំ​ជាតិ​ម៉ុងតាញ៉ា​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ​បើ​សិន​ជា​ពួកគេ​ត្រឡប់​ទៅ​វៀតណាម។

ប៉ុន្តែ​លោក​ហ៊ុន សែន​បាន​អះអាង​ប្រាប់​អ្នក​តំណាងរាស្រ្ត​អាមេរិកាំង​ថា៖

«ក្រុម​ជនជាតិ​ម៉ុងតាញ៉ា​ដែល​មិនបាន​ទទួលនូវ​សិទ្ធិ​ជាជន​ភៀសខ្លួន​កន្លងមក​ ហើយ​ដែល​បាន​ធ្វើមាតុភូមិ​និវត្ត​ទៅ​ប្រទេស​វៀតណាម​វិញ​ ​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ចូលក្នុង​សង្គមវិញ​ដោយគ្មាន​ការ​កៀបសង្កត់​ និង​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ទេ»។

ក្នុង​ចំណោម​ជន​ភៀសខ្លួន​ចុងក្រោយ​ចំនួន​៧៦នាក់​ដែល​គ្រប់​គ្រងដោយ​អ.ស.ប. គឺ​មាន​៦៥នាក់​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ជា​ជនភៀសខ្លួន​ហើយ​នឹង​ត្រូវ​បញ្ជូន​បន្តឱ្យ​ទៅ​តាំង​ទី​លំនៅ​នៅ​ប្រទេស​ទីបី​ ​នេះ​បើតាម​ប្រភព​ព័ត៌មាន​គួរឱ្យ​ជឿ​ទុកចិត្ត ​ដែលបាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សៅរ៍នេះ។

លោក​ ហែម ហេង​បាន​បញ្ជាក់​ថា​ ​អ្នក​ដែល​ពុំទទួល​បាន​ឋានៈ​ជា​ជន​ភៀសខ្លួន​ពុំ​មាន​សិទ្ធិ​រស់​នៅ​ កម្ពុជា​ទេ៖

«ជន​ភៀសខ្លួន​ទាំង​ប៉ុន្មាន​ដែល​មិនបាន​ទទួលនូវ​អ្វី​ដែល​គេហៅ​ថា​ ​ឋានៈ​ជា​ជន​ភៀសខ្លួន​នោះ​ គឺ​ថា​ ​កម្ពុជា​នឹង​បញ្ជូន​ទៅ​វិញ​ ​ពីព្រោះ​គាត់​គ្មាន​ឋានៈ​ជនភៀសខ្លួន​ទេ។ ​គាត់​មិនមែន​ជា​ជន​ភៀសខ្លួន​ទៅ​តាម​លក្ខណៈ​ ជា​ជន​ភៀសខ្លួន​មែន​ទែន​នោះ​ទេ។ ​ដូច្នេះហើយ UNHCR​ គេ​មិនអាច​រក​ប្រទេស​ទី​បី ឱ្យ​គាត់​ទេ​ ​ដូច្នេះ​...​កម្ពុជា​មិន​អាច​ទទួល​យក​គាត់​បាន​ទេ»។

មាន​អ្នក​ភ្នំ​ម៉ុងតាញ៉ា​រាប់​ពាន់​នាក់​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០១។ ​អ្នក​ទាំង​នោះ​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​គ្រឹស្ត។ ​ពួកគេ​អះអាង​ថា​ ​គេ​រត់​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​ និង​សាសនា៕

XS
SM
MD
LG