ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បំភ្លឺ​អំពី​ឯកសារ​របស់​ខ្លួន


លោក​ដេវីដ ​ឆេហ្វើ​ (David Scheffer)​នៃ​អ្នក​ជំនាញ​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ និង​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​របស់​ខ្មែរក្រហម​ ​នៅ​ប្រទេស​កម្ពុជា​។
លោក​ដេវីដ ​ឆេហ្វើ​ (David Scheffer)​នៃ​អ្នក​ជំនាញ​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ និង​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​របស់​ខ្មែរក្រហម​ ​នៅ​ប្រទេស​កម្ពុជា​។

លោក​វ៉ាន់ថាន់ ​ពៅតារា​ នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បាន​បញ្ជាក់​ប្រាប់​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ឯកសារ​ដែល​ប្រមូល​យក​មក​ផ្ដុំ​ តម្កល់​ទុក​នៅ​ក្នុង​មជ្ឈមណ្ឌល​របស់​ខ្លួន​មាន​ប្រភព​ច្បាស់​លាស់​ និង​ត្រូវ​បាន​ឆ្លងកាត់​ការ​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានា​អំពី​ភាព​ត្រឹម​ត្រូវ​របស់​ឯកសារ​នីមួយៗ។

«បាន​ពិនិត្យ​ទៅ​លើ​ឯកសារ ​បាន​សួរនាំ ​បាន​កត់ត្រា​នូវ​ប្រភព​ឯកសារ​ទាំង​នេះ​យ៉ាង​ត្រឹមត្រូវ​មុន​នឹង​យើង​ធ្វើ​ការ​ទទួល​ឯកសារ​ទាំង​អស់​នេះ»។

នៅ​ក្នុង​អំឡុង​ពេល​កាត់ទោស​អតីត​ពួក​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បី​នាក់​នៅ​ក្នុង​សំណុំរឿង​០០២​ គឺ​នួន ​ជា ​ខៀវ ​សំផន​ និង​អៀង ​សារី​ កាល​ពី​សប្ដាហ៍​មុន ​ក្រុម​មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​ទាំង​បី​បាន​ប្រឆាំង​ទៅ​នឹង​ឯកសារ​ភស្ដុតាង​ជា​ច្រើន​ នៅ​ក្នុង​នោះ​មាន​ឯកសារ​មក​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ផ្ដល់​ជូន​សាលាក្ដី​ខ្មែរក្រហម​ផង​ដែរ។​ ក្រុម​មេធាវី​ជន​ជាប់​ចោទ​ក៏​បាន​ទទូច​ឲ្យ​លោក​ឆាំង​ យុគ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​ខ្មែរ​ក្រហម​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឲ្យ​ចូល​ខ្លួន​មក​ផ្ដល់​សក្ខីកម្ម​ដល់​តុលាការ​ដោយ​ផ្ទាល់។ ​ក៏ប៉ុន្ដែ​សហ​ព្រះរាជ​អាជ្ញា​បាន​លើក​ទឡ្ហីករ​ជា​ច្រើន​ប្រឆាំង​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​មេធាវី​ចុងចោទ។

នៅ​ថ្ងៃ​នេះ ​លោក​វ៉ាន់ថាន់ ​ពៅតារា​ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ចៅក្រម​ជំនុំ​ជម្រះ ​និង​សហ​ព្រះរាជ​អាជ្ញារង​បរទេស ​ដោយ​បញ្ជាក់​ថា ​ឯកសារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ត្រូវ​បាន​ប្រមូល​ពី​រដ្ឋាភិបាល ​ពី​ប្រភព​ក្រៅ​ប្រទេស​ដូច​ជា​ប្រទេស​ស៊ុយអែដ ​និង​ប្រទេស​វៀតណាម​ និង​ស្ថាប័ន​ឯកជន​ រួម​ទាំង​បុគ្គល​ផ្សេងៗ​ផង​ដែរ។

លោក​ពៅតារា​បាន​បន្ថែម​ថា​ អ្នក​ជំនាញការ​ពី​ប្រទេស​វៀតណាម​បាន​ជួយ​រៀបចំ​ចងក្រង​ឯកសារ​ដែល​នៅ​សេសសល់​ពី​របប​ខ្មែរក្រហម ​ក្រោយ​ពី​ពួក​ខ្មែរក្រហម​ដួល​រលំ​ពី​អំណាច​នៅ​ខែ​មករា​ ឆ្នាំ​១៩៧៩ ​ជា​ពិសេស​ឯកសារ​នៅ​ក្នុង​គុក​ទួលស្លែង។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដំណើរការ​ជា​លើក​ដំបូង​ក្រោម​គម្រោង​ជួយ​ឧបត្ថម្ភ​របស់​សាកល​វិទ្យាល័យ​យែល​(Yale) ​របស់​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៩៥។​
នាយក​រង​មជ្ឈមណ្ឌល​នេះ​អះអាង​ថា ​ឯកសារ​ជិត​មួយ​លាន​ច្បាប់​ត្រូវ​បាន​ប្រមូល​យក​មក​ទុក។​ មួយ​វិញ​ទៀត ​ឯកសារ​ប្រមាណ​ជា​៥០០០០០​ឯកសារ​ត្រូវ​បាន​ប្រគល់​ជូន​សាលាក្ដី​ខ្មែរក្រហម​សម្រាប់​ប្រើ​ជា​ភស្ដុតាង។

សូម​បញ្ជាក់​ថា ​ការ​ផ្ដល់​សក្ខីកម្ម​របស់​មន្ដ្រី​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ធ្វើ​ឡើង​ស្របពេល​នឹង​ដំណើរ​ទស្សនកិច្ច​របស់លោក​ដេវីដ ​ឆេហ្វើ​ (David Scheffer)​នៃ​អ្នក​ជំនាញ​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ និង​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​របស់​ខ្មែរក្រហម​ ​នៅ​ប្រទេស​កម្ពុជា​ មក​ដោះស្រាយ​បញ្ហា​មិន​ចុះសម្រុង​គ្នា​មួយ​ចំនួន​នៅ​ក្នុង​ដំណើរ​ការ​កាត់ទោស ​ជាពិសេស​សម្រាប់​ការ​តែងតាំង​សហ​ចៅក្រម​ស៊ើប​អង្កេត​ថ្មី ​លោក​ឡូរ៉ង​ កាស្ពែ ​អង់សែម៉េ​(Laurent Kasper-Ansermet)​ ​ដែល​រដ្ឋាភិបាល​ខ្មែរ​ប្រឆាំង​ជំទាស់។

នៅ​ថ្ងៃ​នេះ​លោក​ដេវីដ​ ឆេហ្វើ ​បាន​ជួប​ជាមួយ​នឹង​មន្ដ្រី​ដឹកនាំ​សាលាក្ដី​ខ្មែរក្រហម ​ហើយ​លោក​គ្រោង​នឹង​ជួប​សន្ទនា​ជាមួយ​លោក ​សុខ ​អាន ​ឧបនាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី ​ទទួល​បន្ទុក​កិច្ចការ​សាលាក្ដី​ខ្មែរក្រហម ​នៅ​ថ្ងៃ​អង្គារ៍​ស្អែក​នេះ៕

XS
SM
MD
LG