នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ នៅថ្ងៃពុធនេះបានបង្ហាញពីរបៀបរៀបចំឯកសារខ្មែរក្រហម សម្រាប់បង្ហាញពីភាពជឿជាក់ ខណៈដែលមេធាវីការពារជនជាប់ចោទបានជំទាស់នោះ។
នៅក្នុងអំឡុងពេលសវនាការកាត់ទោសអតីតមេដឹកនាំកំពូល ខ្មែរក្រហមចំនួនបីនាក់ក្នុងសំណុំរឿង០០២ កាលពីខែមុន ក្រុមមេធាវីការពារក្តីនៃជនជាប់ចោទបានប្រឆាំងនឹងឯកសារភស្ដុតាង ជាច្រើននៅក្នុងនោះមានឯកសារដែលមជ្ឈមណ្ឌលឯកសារកម្ពុជាផ្ដល់ជូន សាលាក្ដីខ្មែរក្រហមផងដែរដោយពួកគេចោទសួរដេញដោលអំពីរបៀបប្រមូលឯកសារ វិភាគឯកសារ និងភាពគួរឲ្យជឿទុកចិត្តបានលើឯកសារទាំងនោះ។
លោក ឆាំង យុ ឆ្លើយទៅនឹងការចោទសួររបស់សហព្រះរាជអាជ្ញារងក្នុងការកាត់ក្ដីនៅថ្ងៃនេះថា មានការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើឯកសារមុននឹងទទួលយកមករក្សាទុក។
«មុនដំបូងយើងត្រួតពិនិត្យលើពណ៌ឯកសារ ហើយយើងដឹងភ្លាមថា ឯកសារនោះចាស់ឬឯកសារថ្មី ទីពីរគឺមើលលើកាលបរិច្ឆេទ ទីបីមើលលើអ្នកនិពន្ធ និងទីបួនគឺអាចមើលខ្លឹមសារ»។
អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមគ្រោងនឹងធ្វើការចោទសួរដេញដោលលើនាយកមជ្ឈមណ្ឌលឯកសារកម្ពុជារយៈពេលពីរថ្ងៃក្នុងសប្ដាហ៍នេះពាក់ព័ន្ធនឹងការប្រមូលនិងរក្សាឯកសារ ដែលជាប្រយោជន៍ដល់ការជឿទុកចិត្តលើឯកសារទាំងនោះសម្រាប់យកមកប្រើជាឯកសារភស្ដុតាងក្នុងការកាត់ទោស។
លោក ឆាំង យុ បានឆ្លើយទៅនឹងសំណួររបស់សហមេធាវីនាំមុខតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីថា បុគ្គលិកមជ្ឈមណ្ឌលរបស់លោកបានចូលរួមចំណែកក្នុងការអានផ្ទៀងផ្ទាត់ឯកសារនិមួយៗ មុននឹងយកទៅតម្កល់ទុក។
«ឯកសារទាំងនេះមិនមែនអានតែខ្ញុំម្នាក់ឯងទេ។ បុគ្គលិកទាំងអស់អាន អ្នកផ្សេងទៀតអានដែរ។ ដូច្នេះយើងមានមនុស្សច្រើនដែលបានជួយធ្វើការអះអាង ឬសំអាងថា នេះពិតជាឯកសារមកពីរបបកម្ពុជាប្រជាធិបតេយ្យមែន»។
មជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រមូលផ្ដុំនូវឯកសារដែលទាក់ទងនឹងរបប ខ្មែរក្រហមចំនួនជិតមួយលានឯកសារ។ ដោយឡែក ឯកសារប្រមាណជា៥០០.០០០ឯកសារត្រូវគេដឹងថា ត្រូវបានប្រគល់ជូនសាលាក្ដីខ្មែរក្រហមសម្រាប់ប្រើជាភស្ដុតាង។
លោក ឆាំង យុ បានបញ្ជាក់ថា ការចងក្រងឯកសារនៅក្នុងមជ្ឈមណ្ឌលរបស់លោកក្នុងបំណង «ផ្សះផ្សារអតីតកាល» ជាពិសេសគឺចង់ឲ្យមានតុលាការមួយសម្រាប់វិនិច្ឆ័យលើអតីតកាលនោះ សម្រាប់ជាកេរដំណែលដល់យុវជនជំនាន់ក្រោយប្រើប្រាស់សម្រាប់ការរៀនសូត្រ និងគឺជាការរក្សាឯកសារសម្រាប់ជួយគាំទ្រដល់ការទប់ស្កាត់អំពើប្រល័យពូជសាសន៍កើតឡើងសារជាថ្មី។ អំពើប្រល័យពូជសាសន៍ដែលលោក ឆាំង យុ ប្រាប់តុលាការថា គឺជា «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។ ក៏ប៉ុន្ដែលោកបានធានាថា គោលការណ៍ខាងលើនេះមិនបានជះឥទ្ធិពលលើយថាភាព ឬភាពជាក់ច្បាស់គួរឲ្យជឿទុកចិត្តបានរបស់ឯកសារដែលប្រមូលទុកនោះទេ៕