នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា លោកវ៉ាន់ថាន់ ពៅតារា នៅតែរក្សាសេចក្តីអះអាងនៅថ្ងៃអង្គារនេះ គឺភាពគួរឲ្យជឿទុកចិត្តបាននៃឯកសារមជ្ឈមណ្ឌលឯកសាររបស់លោក។ ឯកសារទាំងនោះមានចំនួនប្រមាណជា៥០ម៉ឺន ដែលត្រូវបានសាលាក្តីខ្មែរក្រហមយកប្រើប្រាស់សម្រាប់ជាភស្តុតាង នៅក្នុងការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម។
លោក ពៅតារា មានប្រសាសន៍នៅរសៀលថ្ងៃនេះចំពោះការសួរដេញដោលរបស់សហមេធាវីកម្ពុជា លោក សុន អារុណ ការពារក្តីឲ្យជនជាប់ចោទនួន ជា អតីតប្រធានសភាខ្មែរក្រហម ថាមជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្ទៀងផ្ទាត់រួចជាស្រេចពីយថាភាពរបស់ឯកសារ ឬភាពជាក់ច្បាស់នៃឯកសារមុននឹងទទួលយក នឹងប្រមូលឯកសារទាំងនោះយកមកទុក។
«នៅក្នុងការទទួលយកឯកសារនេះ យើងបានធ្វើយថាភាពឯកសារ គឺតាមរយៈការសួរនាំដូចដែលលោកមេធាវីបានសួរនេះតែម្តង»។
លោក វ៉ាន់ថាន់ ពៅតារា គឺជាសាក្សីដែលត្រូវបានកោះហៅដោយអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម ដើម្បីថ្លែងការពារឯកសារនានារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលក្រុមមេធាវីការពារជនជាប់ចោទនៅក្នុងសំណុំរឿង០០២ បានតវ៉ាជំទាស់រួមមានមេធាវីនួន ជា ខៀវ សំផន និងមេធាវីរបស់អៀង សារី។
សហមេធាវីបរទេសរបស់នួន ជា លោក Jasper Peow បានចោទសួរផ្ទួនៗយ៉ាងរន្ថើនទៅលើលោកពៅតារា ពីការរក្សាឯកសារ និងពីការចងក្រងឯកសារនៅក្នុងគោលដៅជំរុញការចោទប្រកាន់ទៅលើកូនក្តីរបស់ផងខ្លួន។ ក៏ប៉ុន្តែលោកវ៉ាន់ថាន់ ពៅតារា បានព្យាយាមមិនបកស្រាយចំៗ ចំពោះសំណួរដែលធ្វើឲ្យលោក Jasper Peow ថ្លែងថាគាត់ពុំបានទទួលកិច្ចសហប្រតិបត្តិការពីមន្ត្រីនៃមជ្ឈមណ្ឌលឯកសារកម្ពុជានោះទេ។ ហើយលោកទទូចទាមទារឲ្យលោក ឆាំង យុ នាយកមជ្ឈមណ្ឌលនេះចូលខ្លួនមកផ្តល់សក្ខីកម្មបន្ថែមទៀត។ ដោយឡែកសហមេធាវីអន្តរជាតិការពារឲ្យអៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរក្រហមគឺលោក Michael KANAVAS បានជជីកសួរដេញដោលពីការកំណត់យថាភាពនៃឯកសារ។ ជាពិសេសទៅលើការវិភាគ ឬការវាយតម្លៃឯកសារនីមួយៗ។ ក៏ប៉ុន្តែការសួរដេញដោលនោះមិនធ្វើឲ្យនាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជាប្តូរចម្លើយនោះទេ។
ក្រុមមេធាវីការពារក្តីជនជាប់ចោទបានទទូចកាលពីសប្តាហ៍មុនថាពួកខ្លួនមិនទទួលយកឯកសារមួយចំនួន ដែលផ្តល់ដោយមជ្ឈមណ្ឌលឯកសារកម្ពុជានោះទេ ល្គឹកណានាយកមជ្ឈមណ្ឌលនេះគឺលោក ឆាំង យុ មិនត្រូវបានកោះហៅឲ្យទៅចូលបំភ្លឺនៅលើឯកសារនោះ៕