ធ្លាប់មានប្រវត្តិតស៊ូជាយូរមកហើយ លោកជា សុទ្ធ មន្ត្រីជាន់ខ្ពស់ដ៏សំខាន់មួយរូបក្នុងគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ក្នុងជន្មាយុ៨៦ឆ្នាំ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា សពរបស់លោកជា សុទ្ធនឹងតម្កល់ទុកធ្វើបុណ្យនៅក្នុងគេហដ្ឋានរបស់លោកដែលមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៤ខាងមុននេះ។
នៅថ្ងៃទី២៥ វេលាម៉ោង៧ព្រឹក សពរបស់លោកនឹងត្រូវរំកិលចេញពីគេហដ្ឋានដង្ហែរឆ្ពោះទៅឈាបនដ្ឋាននៅមុខវត្តបុទមវតី កណ្តាលទីក្រុងភ្នំពេញ។
លោកចាស់ព្រឹទ្ធបុរសជា សុទ្ធ សមាជិកសភាមណ្ឌលភ្នំពេញខាងគណបក្សប្រជាជនកម្ពុជា ត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យមួយនៃប្រទេសសង្ហបុរី បន្ទាប់មកលោកបានស្លាប់បាត់បង់ជីវិតវេលាម៉ោង៥ និង១៥នាទីថ្ងៃសៅរ៍។
លោកផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានហៅការបាត់បង់ជីវិតរបស់លោកជា សុទ្ធ ថាជាការបាត់បង់ឥស្សរជនជាន់ខ្ពស់មួយរូបក្នុងជួរគណបក្សគ្រប់គ្រងអំណាច។
«គាត់បានបន្សល់នូវកិត្តិយសសម្រាប់ប្រជាជាតិ អ្វីដែលជាសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ ចាកចេញពីរបបប្រល័យពូជសាសន៍ ហើយគាត់គឺជាព្រឹទ្ធបុរសមួយដែលទទួលបានការគោរពពីគណបក្សប្រជាជន ហើយនឹងប្រជាពលរដ្ឋដទៃទៀត»។
លោកជា សុទ្ធគឺជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាអ្នកកាន់ហិរញ្ញវត្ថុដ៏សំខាន់មួយក្នុងគណបក្សប្រជាជនកម្ពុជា។
លោកមានស្រុកកំណើតនៅខេត្តព្រៃវែង។ លោកបានចាប់កំណើតកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩២៨ ក្នុងត្រកូលកសិករមួយ។
កាសែតរស្មីកម្ពុជាបានចុះផ្សាយប្រវត្តិរបស់លោកជា សុទ្ធ ដែលបានកត់ត្រានៅក្នុងសៀវភៅកូនសោរកម្ពុជារបស់លោករ៉ា អ៊ូលហ្សេណា។ សៀវភៅនេះបានឲ្យដឹងថា លោកជា សុទ្ធបានចូលរួមនៅក្នុងខ្មែរឥស្សរៈនៅក្នុងឆ្នាំ១៩៤៨ ហើយនៅក្នុងឆ្នាំ១៩៥០ លោកបានចូលរួមនៅក្នុងបក្សកុម្មុនិស្តឥណ្ឌូចិន។ នៅក្នុងឆ្នាំ១៩៥១ លោកជានាយកខុទ្ទកាល័យរបស់គណៈកម្មាធិការដើម្បីរំដោះភូមិភាគបូព៌ា ហើយចាប់តាំងពីឆ្នាំ១៩៧០ លោកបានចូលរួមនៅក្នុងសកម្មភាពរណសិរ្សរំដោះជាតិខាងភាគីកុម្មុយនិស្ត។
លោកឌី ខាំបូលី អ្នកសរសេរសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam បានឲ្យដឹងថា លោកជា សុទ្ធធ្លាប់បានទៅរៀននៅប្រទេសចិន និងធ្វើការនៅក្នុងវិទ្យុផ្សាយសម្លេងក្រុងប៉េកាំងរបស់ប្រទេសចិន។
«ពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៣ គាត់ធ្វើការនៅទីក្រុងហាណូយ។ ប៉ុន្តែធ្វើការឲ្យវិទ្យុផ្សាយសម្លេងភាសាខ្មែរពីទីក្រុងហាណូយជាផ្នែកមួយរបស់រណសិរ្សរួបរួមជាតិកម្ពុជា ដែលមានខ្មែរក្រហមនៅក្នុងហ្នឹងដែរ។ គាត់ធ្វើការជាមួយអៀង ធីរិទ្ធ នៅទីក្រុងហាណូយនៅពេលហ្នឹង»។
លោកឌី ខាំបូលីបាននិយាយទៀតថា លោកជា សុទ្ធបានរស់នៅប្រទេសវៀតណាមរហូតដល់ឆ្នាំ១៩៧៨ ហើយនៅក្នុងរបបខ្មែរក្រហមលោកគ្មានវត្តមាននៅក្នុងប្រទេសកម្ពុជាទេ។ នៅចុងឆ្នាំ១៩៧៨ លោកជា សុទ្ធបានចូលរួមជាមួយនឹងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានសហការជាមួយប្រទេសវៀតណាមមកផ្តួលរំលំរបបគ្រប់គ្រងដោយពួកខ្មែរក្រហម៕